ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផូស៊ីលពពួកខ្យង Worthenia នៅភ្នំបាក់ ខេត្តបន្ទាយមានជ័យ

ផូស៊ីលពពួកខ្យង Worthenia នៅភ្នំបាក់ ខេត្តបន្ទាយមានជ័យ

អត្ថបទស្រាវជ្រាវមួយនេះនឹងបង្ហាញអំពីវត្តមានផូស៊ីលពពួកខ្យង Worthenia (Class[1] Gastropoda[2]) ដែលរកឃើញ​នៅភ្នំបាក់ ខេត្តបន្ទាយមានជ័យ។ ផូស៊ីលពពួកខ្យង Worthenia ជាផូស៊ីល​ខ្យង​មួយប្រភេទ នៅក្នុងចំណោមផូស៊ីលជាច្រើនទៀតដែលបានរកឃើញនៅស្ថានីយភ្នំបាក់​។​ ខ្យង​ Worthenia ជាពពួកខ្យងរស់នៅទឹកប្រៃ មានរូបរាងថ្នាក់ៗដូចកោដ្ឋ ឬហៅថា «turban-shaped shell»។

ខ្យង Worthenia ត្រូវបានរកឃើញនៅស្ថានីយមួយចំនួនក្នុងខេត្តបន្ទាយមានជ័យមានដូចជា ភ្នំដូងព្រះ ភ្នំកន្ទួត និងភ្នំបាក់ជាដើម។ ពិតណាស់ថាផូស៊ីលប្រភេទនេះពុំមែនជាផូស៊ីលដែលទើបនឹងរកឃើញដំបូងគេនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចឱ្យយើងសិក្សាស្វែងយល់អំពីអាយុកាល និងបរិស្ថាននៅជុំវិញទីតាំងដែលបានរកឃើញដូចជា៖ តើពីអតីតកាលទីតាំងនោះជាដីគោក ឬក្នុងទឹក (ទឹកសាប ឬទឹកប្រៃជាដើម) តាមរយៈសំណាកផូស៊ីលដែលបានរកឃើញ។ តើពពួកខ្យង Worthenia នៅភ្នំបាក់មានរូបរាងដូចម្ដេច មានអាយុកាលចាប់ពីពេលណាមក? នៅបន្តរស់រហូតមកដល់សព្វថ្ងៃដែរឬទេ? ដូច្នេះដើម្បីអាចឆ្លើយទៅនឹងសំណួរខាងលើបាន ខ្ញុំសូមលើកយកផូស៊ីល ខ្យង Worthenia នៅភ្នំបាក់មកបង្ហាញដូចតទៅនេះ។

ស្ថានីយផូស៊ីលសត្វសមុទ្រភ្នំបាក់ មានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចម្ងាយប្រហែល ៣៦៥ គ.ម. ភាគពាយ័ព្យពីទីក្រុងភ្នំពេញ (រូបលេខ២-៥)។ ស្ថានីយភ្នំបាក់ជាប្រភេទភ្នំថ្មកំបោរដែលក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានចុះទៅសិក្សាកាលពីឆ្នាំ២០១៩ ហើយបានប្រទះឃើញសំណាកផូស៊ីលជាច្រើនប្រភេទដូចជាពពួក Brachiopods, ផ្កាថ្ម (Coral), ពពួកផ្កាសមុទ្រ (Crinoids ឬ Sea Lilies), ពពួកខ្យង (Gastropods), ពពួកគ្រំ (Bivalvia), ពពួកមឹក (Cephalopods), ពពួកកាំប្រម៉ាសមុទ្រ (Echinodermata), ពពួក Bryozoa និងផូស៊ីលឈើ (Fossil Wood) ជាដើម ដែលអម្បូរសត្វទាំងនេះសុទ្ធសឹងតែជាសត្វរស់នៅក្នុងទឹកសមុទ្រ។ បើយោងទៅតាមផែនទីភូគព្ភសាស្ត្រប្រទេសកម្ពុជាបានបង្ហាញថា ភ្នំបាក់មានលេខកូដ PLS (Permian Lime Stone) ស្ថិតនៅស័ក Paleozoic ក្នុងសម័យកាល Permian  ដែលមានអាយុកាលចន្លោះពី ២៩៩ ២៥១ លានឆ្នាំមុន។ នៅក្នុងកំណត់ត្រាផូស៊ីល ខ្យង Worthenia មានវត្តមានចាប់តាំងពីសម័យកាល Devonian អាយុកាលប្រហែល ៤១៦លានឆ្នាំមុន និងបានផុតពូជនៅសម័យកាល Triassic អាយុកាលប្រហែល ២០០លានឆ្នាំមុ អម្បូរខ្យងប្រភេទនេះដែលធ្លាប់បានរកឃើញនៅភ្នំបាក់មានទំហំជាធម្យមចន្លោះពី 2.5 cm ដល់ 11.5 cm ដូចបានបង្ហាញនៅក្នុងតារាងបែកចែកចំណាត់ថ្នាក់ខាងក្រោម។

តារាងបែងចែកចំណាត់ថ្នាក់នៃពពួកខ្យង Worthenia នៅភ្នំបាក់ (រូបលេខ៧)

បរិយាយ៖

  • ទំហំ    ៖ សំណាក A1-A3: (11.5×9.7×11.5) cm, សំណាក B1-B3: (2.5×2.2×2.8) cm
  • ពណ៌នា៖ សំណាកខ្យងទាំងពីរនេះប្រហែលជាពូជតែមួយដ្បិតបើសិនជាពិនិត្យមើលទៅលើរូបរាងរបស់វាទាំងពីរយើងឃើញថាមានលក្ខណៈដូចគ្នាខ្លាំងត្រង់ថាមានរង្វង់ព័ទ្ធមកស្ដាំចំនួន៥គន្លាក់ដូចគ្នា ខុសគ្នាតែទំហំប៉ុណ្ណោះ ប៉ុន្តែនេះក៏អាចដោយហេតុថាមួយចាស់មួយក្មេងក៏អាចថាបាន។

ថ្វីដ្បិតថាខ្យងWortheniaបានផុតពូជទៅហើយ ប៉ុន្តែប្រសិនបើយើងសង្កេតមើលទៅលើរូបរាងខ្យងសមុទ្របច្ចុប្បន្នមួយចំនួនឃើញថាមានលក្ខណៈស្រដៀងគ្នាច្រើនជាពិសេសត្រង់សំបកដែលមានរាងថ្នាក់ៗដូចកោដ្ឋនេះតែម្ដង ខុសគ្នាបន្តិចតែប៉ុណ្ណោះត្រង់ខ្យងថ្មីនេះមានមាត់សំបកវែងជាងខ្យង Worthenia (រូបលេខ៨)។ តាមរយៈលក្ខណៈដូចគ្នារវាងខ្យងទាំងពីរ យើងអាចសាកល្បងពិចារណាជាបឋមថា ខ្យង Wortheniaអាចទំនងជាផុតពូជ តែក្រោយមកក៏បានវិវត្តទៅជាខ្យងថ្មីមួយទៀតដូចក្នុងរូបលេខ៨។

ជារួមមក ភ្នំបាក់ជាអតីតទីតាំងមួយដែលទឹកសមុទ្រធ្លាប់បានវាតទីទៅដល់ ហើយបានបន្សល់ទុកនូវភស្តុតាងសំណាកផូស៊ីលសត្វសមុទ្រជាច្រើនប្រភេទដូចបានរៀបរាប់ពីខាងលើ រួមទាំងផូស៊ីលពពួកខ្យង Worthenia ផងដែរដែលស្ថិតនៅក្នុងសម័យកាល Permian មានអាយុកាលចន្លោះពី ២៩៩ – ២៥១ លានឆ្នាំមុន។ ងាកចេញពីប្រទេសកម្ពុជាយើង នៅក្នុងកំណត់ត្រាផូស៊ីលបានបង្ហាញថា Worthenia ជាខ្យងសមុទ្រមួយប្រភេទដែលធ្លាប់មានជីវិតតាំងពីសម័យកាល Devonian (ប្រហែល៤១៦លានឆ្នាំមុន) និងបានផុតពូជនៅសម័យកាល Triassic (ប្រហែល២០០លានឆ្នាំមុន) ហើយទំនងជាអាចវិវត្តចេញទៅជាខ្យងថ្មីមួយប្រភេទទៀតដែលមានរូបរាងប្រហាក់ប្រហែលនឹងខ្យងWortheniaខ្លះៗ និងបន្តរស់នៅក្នុងទឹកសមុទ្ររហូតដល់បច្ចុប្បន្ន។

អត្ថបទដោយ៖ លឹម វណ្ណច័ន្ទ, រ៉ាង សុខយ៉ុង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img