ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាផូស៊ីលឈើ វែងជាងគេនៅប្រទេស​កម្ពុជា​រកឃើញនៅស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ផូស៊ីលឈើ វែងជាងគេនៅប្រទេស​កម្ពុជា​រកឃើញនៅស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ដើមឈើ​ដែលបានក្លាយទៅជាថ្ម​ គេហៅថា​ផូស៊ីលឈើ ឬឈើក្លាយទៅជាថ្ម។​ ជាធម្មតា​ដើមឈើ​ភាគច្រើន​ត្រូវ​បាន​ងាប់ និង​ពុក​ផុយ​ទៅ​វិញ​លក្ខណៈ​ធម្មជាតិ​។ តែ​មាន​លក្ខខណ្ឌមួយ​ចំនួនបាន​ធ្វើ​អោយ​ដើមឈើ​ខ្លះ​បាន​ក្លាយ​ជាថ្ម ដែល​ទាម​ទា​រ​ឱ្យ​ដើម​ឈើ​ទាំង​នោះ​កប់​ក្នុង​ស្រទាប់​ដី​ ឬ​ភក់​ក្នុង​លក្ខណៈ​រហ័ស​ ព្រម​ទាំង​កប់ជិត ធ្វើ​អុកស៊ីសែន​ពុំ​អាច​ឆ្លង​កាត់​បាន​ ការ​ផ្លាស់​ផ្តូរសារធាតុគីមីនៅ​ក្នុងឈើ​ តាមរយៈទឹក​ក្រោមដី រយៈ​ពេល​រាប់ពាន់ ម៉ឺន​ឬ​លានឆ្នាំ​ ដើមឈើ​ទាំង​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ថ្ម​។​ ផូស៊ីលដើមឈើ​ទាំង​ឡាយ​ដែល​បាន​រក​ឃើញ​គឺមានអាយុកាល​មិន​ដូច​គ្នា​ទេ​ ដូចជា​នៅ​ឆ្នាំ​២០១៩​-២០២០ ក្រុម​ការងារ​នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ ធ្លាប់​បាន​ធ្វើកំណាយ​ផូស៊ីល​ដើម​ឈើ​មួយ​នៅ​ខេត្ត​រតនគិរីដែល​ជា​ក្រុម​រុក្ខជាតិស្រល់(Conifer) ដែល​កើត​ឡើង​នៅ​ស័កមេសូសូអ៊ីក (Mesozoic) សម័យ​កាល​ជូរ៉ាស៊ីក(Jurassic) អាយុកាល​ប្រហែល (២០១-១៤៣​លានឆ្នាំ​)។​ ការវិវត្តនៃ​រុក្ខជាតិ​នៅ​លើ​ផែន​ដី​ ចាប់ផ្តើម ពីក្នុង​ទឹក ឡើង​ទៅកាន់​ដី​គោក​ដោយ​ឆ្លង​កាត់ពេល​វេលា​រាប់​លាន​ឆ្នាំ​។ ការវិវត្តន៍នៃ​រុក្ខជាតិ​មាន​៣​ដំណាក់​កាល​ធំៗ ដំណាក់​កាល​ទី១​នៅ​ស័ក​ប៉ាឡេអូស្យូអ៊ីក​ (Paleozoic) អាយុ​ប្រហែល (៥៣៩-២៥២លាន​ឆ្នាំ​) ដំណាក់កាលទី​២​នៅ​ស័កមេសូស្យូអ៊ីក​ (Mesozoic) អាយុ​ប្រហែល (២៥២-៦៦លានឆ្នាំ​) ដំណាក់​កាល​ទី​៣នៅស័កសេណូស្យូអ៊ីក​ (Cenozoic)​ អា​យុកាល​ប្រហែល​ (៦៦លានឆ្នាំ​-បច្ចុប្បន្ន​) ដែល​ដំណាក់​ទី៣​នេះ​ជា​គឺ​ជា​ការ​វិវត្តន៍​នៃ​រុក្ខជាតិ​បច្ចុប្បន្ន។​

វត្ត​មាន​នៃ​ផូស៊ីលឈើ​បាន​រក​ឃើញជាច្រើនទីតាំង​និង​ជា​បន្ត​បន្ទាប់ ដូច​ជា​ទីតាំង ​ផូស៊ីលឈើ​ នៅ​ភូមិកាតូត​ ឃុំកំផុន  ស្រុក​សេសាន​ ខេត្ត​ស្ទឹង​ត្រែង​ នៅ​ឆ្នាំ​២០២៤ តាម​រយៈ​ការ​ផ្តល់ព័ត៌មាន​ពី​លោក​ប្រធាន​សារមន្ទីរជាតិ​ អំពីការ​ផ្សាយ​នៃ​ទូរទស្សន៍ហង្សមាស​ យើង​បាន​ធ្វើទំនាក់​ទំនង​ជា​មួយ​លោក​អភិបាល​ស្រុក​សេសាន​ និង​បាន​បន្តរហូត​ដល់​ការងារ​សិក្សា​ស្រាវជ្រាវ និង​កំណាយ​ផូស៊ីលឈើនៅ​តំបន់​នោះ​ក្នុង​ឆ្នាំ​២០២៥។​ នៅក្នុងឆ្នាំ២០២៥ក្រោមគម្រោងរបស់នាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថាន គាំទ្រ​ដោយអង្គការយូណេស្កូ (UNESCO) បានចុះទៅពិនិត្យមើលទីតាំងម្តងទៀត​ ដោយមានការចូលរួមស្រាវជ្រាវពីអ្នកជំនាញជាតិ និងអន្តរជាតិរួមមាន៖ លោក លឹម វណ្ណច័ន្ទ (មន្ត្រីជំនាញក្រសួងបរិស្ថាន) Prof. Eric Buffetaut (អ្នកជំនាញឆ្អឹងដាយណូស័រ និង​បក្សី) Prof. Haiyan Tong (អ្នកជំនាញអណ្ដើក) Prof. Marc Phillippe (អ្នកជំនាញផូស៊ីលឈើ ក្រពើ​) និង Prof. Narreerat Boonchai (អ្នកជំនាញផូស៊ីលឈើ)។ មូលហេតុ​ដែលនាំ​ឱ្យមាន​ការ​រកឃើញ​ផូស៊ីលឈើ​នេះ​គឺ​ ក្រុមអ្នកធ្វើ​ផ្លូវគ្រួសក្រហម​នៅ​តំបន់​នោះបានកាយ​យក​គ្រួស​ក្រហម​ដើម្បី​ចាក់​ផ្លូវ​បាន​ជួយ​ប្រទះ​​ដែល​លេចចេញ​ប្រ​វែង​ប្រហែល​៧​ម៉ែត្រ​ ក្នុង​ជម្រៅ​ដី​ប្រហែល​​៦​ម៉ែត្រ។​

ស្ថានភាព​ភូគព្ភសាស្ត្រ​នៃ​ភូមិកាតូត តាមរយៈផែនទីភូគព្ភសាស្ត្រ​ ចំណុចទីតាំង​នៃ​តំបន់​នេះ​ មាន​និមិត្ត​សញ្ញា​សំគាល់ Qs (ដីចាក់បង្គរនៅ​សម័យ​កាលក្វាធ័រណារី​ Quaternary ដែលមានអាយុកាល​ចន្លោះ២លានឆ្នាំ​មក​បច្ចុប្បន្ន​)។ តំបន់នេះស្ថិតនៅ​ប្រមាណ​២០គីឡូម៉ែត្រ​ខាងកើតទន្លេមេគង្គ។ ស្រទាប់​ដី​ដែល​បាន​រក​ឃើញ​ផូស៊ីល​ឈើនេះ​ ជាប្រភេទដីឥដ្ឋ​ លាយឡំថ្មបាយក្រៀម និង​មានស្រទាប់គ្រួសអាចមន៍​ផ្កាយ​ជាច្រើន​ស្រទាប់ ដែល​បង្ហាញ​ពី​វត្ត​មាន​នៃ​ការ​ហូរ​ចាក់​នៃ​កម្លាំងទឹក​ដែល​មានចរន្តទឹក​ខ្លាំង​ ទៅតាម​ទំហំ​នៃ ថ្ម​គ្រួស​​​អាចម៍​ផ្កាយ​នោះ​។ ទីតាំង​នោះ​ជា​កូន​ភ្នំ​ ដែល​មាន​លក្ខណៈ​ជា​ខ្ពង់​រាប​ មាន​ដី​ក្រហម​ថ្ម​បាយ​ក្រៀម​ និង​ដី​ឥដ្ឋ​ វត្ត​នៃ​បំណែក​ថ្ម​ភក់​តូច​ៗ​ផង​ដែរ​។​

ការ​ធ្វើ​កំណាយ​ផូស៊ីលឈើ​នៅ​ភូមិកាតូត នៅ​ខែសីហា ឆ្នាំ​២០២៥​ ជា​ការធ្វើ​កំណាយ​​​លើកទី១​ ផូស៊ីលឈើ​បាន​លេច​ចេញ​ប្រវែង​ប្រហែល​៧​ម៉ែត្រ​។ ដំណាក់​កាល​​ដំ​បូង​ក្រុមការងារ​បាន​បែង​ចែក​ ជា​ប្លង់​ការេ​ ដោយ​កំណាយ​តាមលក្ខណៈ​ស្រប​ទៅ​តាមផូស៊ីល​ដើម​ឈើ​ ពី​ចំណុច​​ខាង​ត្បូង ឆៀងខាងលិច​ ទៅ​ផ្នែក​ខាង​ចុង​ ខាងជើង​ឆៀងខាង​កើត​ ដោយ​មានអ្នក​ចូលរួមកំណាយ​ប្រមាណ​២០នាក់ ។ ការធ្វើកំណាយ​បាន​ប្រវែង​១៧​ម៉ែត្រ និងមានមុខកាត់ជិត១ម៉ែត្រ ដែល​ជា​ផូស៊ីល​ឈើ​ផ្នែកខាង​ចុង មាន​ស្នាក​ស្នាម​នៃ​មែក​ឈើ​ និង​ពក​ឈើ​ផង​ដែរ។ ក្នុងនោះ​ក៏​បាន​រក​ឃើញ​ ផ្នែក​ផ្សេងទៀត​ដែល​ប្រហែលជា​ដើម​ផ្សេង​ ដែល​ក្រុមការងារ​បាន​កំណាយ​ចេញ​តែ​១ផ្នែក​។ ក្រោយការ​ធ្វើ​កំណាយ​ដោយ​ដៃ​ បាន​ប្រវែង​១៧ម៉ែត្រ និង​បាន​រក​ផ្នែក​ដែល​បាត់​ ដែល​ប្រជាជនបាន​កាយ​យក​ទៅ​រក្សទុកនៅ​ផ្ទះ​គាត់ ក្រុមការងារ​បានសុំ​និង​យក​មក​រក្សា​ទុក​នៅ​ទីតាំង​កំណាយ​ ដើម្បី​ភ្ជាប់​នៅ​ពេល​ក្រោយ​ យើង​ក៏​បាន​ធ្វើ​កំណាយ​ដោយ​ប្រើ​ប្រាស់​ឡាន​អេស្កា​ ដើម្បី​ការ​ទៅ​រក​ផ្នែកល​ខាង​គល់​នៃ ដើម​ឈើ​ ដែល​ផ្នែក​ខ្លះ​មាន​ជម្រៅ​ដល់​ទៅ​៨​ម៉ែត្រ​នៅ​ក្នុង​ដី ក្រោយមក​ បាន​លេច​ចេញ​ផ្នែក​ខាង​គល់​ ដែល​មិនទាន់​បាន​សម្អាត​ដោយ​ការធ្វើ​កំណាយ​ដោយ​ដៃ ដែល​នឹង​បន្ត​នៅ​ឆ្នាំ​២០២៦​ ដោយ​សរុប​ជា​បឋម​អាច​មាន​ប្រវែង​លើសពី​៤០​ម៉ែត្រ និង​ជា​ផូស៊ីលដែល​វែង​ជាង​គេក្នុង​ប្រទេសកម្ពុជា។

ផូស៊ីលឈើ​ដែល​ត្រូវបានក្រុមការងារ​ធ្វើ​កំ​ណាយ​ផូស៊ីលឈើ​នៅ​ភូមិកាតូត​ បាន​យក​ផ្នែក​មួយ​មក​កាត់ និង​ថត​ក្នុង​មីក្រូទស្សន៍ ជាលទ្ធផល​អត្តសញ្ញាណនៃ​​រុក្ខជាតិនេះ ជា​ប្រ​ភេទ​រុក្ខជាតិ​មាន​ផ្កា​ផ្លែ​ (Dicot)​។ រុក្ខជាតិឌីកូទីលេដូន (Dicotyledons ឬ Dicot / រុក្ខជាតិដែលមានផ្កាផ្លែ និងមានកូនស្លឹកពីរ) មានការវិវត្តយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រផែនដី ដែលធ្វើឱ្យពួកវាក្លាយជារុក្ខជាតិគ្របដណ្តប់លើផ្ទៃដីភាគច្រើននាពេលបច្ចុប្បន្ន។ ដើមកំណើត និងកាលប្បវត្តិប្រមាណជា​(១៤០-១៣០លានឆ្នាំមុន) ក្នុង​សម័យកាល​Cretaceous រុក្ខជាតិមានផ្កាដំបូងបង្អស់ (Angiosperms) បានលេចឡើងនៅលើផែនដី ដោយក្នុងនោះក្រុម Dicot គឺជាក្រុមរុក្ខជាតិផ្កាដំបូងគេដែលបានបំបែកខ្លួន និងអភិវឌ្ឍ។ការរីកចម្រើនយ៉ាងរហ័ស នៅពាក់កណ្តាលសម័យកាល​ Cretaceous ពួកវាបានរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធបន្តពូជកាន់តែប្រសើរ ដែលធ្វើឱ្យពួកវារីកដុះដាលយ៉ាងឆាប់រហ័សនិងជំនួសទីតាំងដើមរបស់រុក្ខជាតិអត់ផ្កា  (Gymnosperms)  ដូចជាដើមស្រល់  និងដើមបៃតងបុរាណៗ។ កូនស្លឹកពីរ (Two Cotyledons) នៅពេលគ្រាប់ពន្លកដុះ វាមកជាមួយស្លឹកដំបូងពីរ ដែលជួយស្តុក និងផ្គត់ផ្គង់សារធាតុចិញ្ចឹមបានល្អជាងមុន។ ប្រព័ន្ធសរសៃនាំ និងបណ្តូល (Vascular System & Cambium): មានប្រព័ន្ធសរសៃនាំទឹក និងខនិច​ (Xylem និង Phloem) រៀបចំជារង្វង់មានស្រទាប់ Cambium ដែលអនុញ្ញាតឱ្យដើមរុក្ខជាតិអាចរីកធំធាត់ទៅខាង (Secondary Growth) បង្កើតជាដើមឈើធំៗ និងរឹងមាំ។ ទ្រនុងស្លឹកមានទ្រនុងខ្វាត់ខ្វែងដូចបណ្តាញ ជួយសម្រួលដល់ការដឹកជញ្ជូនទឹក និងការធ្វើរស្មីសំយោគកាន់តែមានប្រសិទ្ធភាព។ ប្រព័ន្ធឫសកែវ (Taproot System) មានឫសកែវធំមួយចោះជ្រៅទៅក្នុងដី ដែលជួយទប់លំនឹង និងបូមទឹកពីស្រទាប់ដីជ្រៅបានយ៉ាងល្អ។ ការវិវត្តនៃផ្កា និងផ្លែ: ផ្កា (Flowers): ផ្កាភាគច្រើនមានស្រទាប់ ឬកញ្ចុំចំនួន ៤ ឬ ៥ (ឬពហុគុណនៃ ៤, ៥) ដែលទាក់ទាញសត្វល្អិត (ដូចជាឃ្មុំ) ឱ្យជួយបកប្រកាសលម្អង។ ផ្លែ (Fruits): គ្រាប់ត្រូវបានការពារយ៉ាងល្អនៅក្នុងផ្លែ ដែលជួយការពារគ្រាប់ និងសម្រួលដល់ការសាយភាយគ្រាប់តាមរយៈសត្វ ឬខ្យល់។ ការសម្របខ្លួន និងទំនាក់ទំនងជាមួយជីវិតផ្សេងទៀត ៖ Co-evolution (ការវិវត្តរួមគ្នាជាមួយសត្វ): Dicot បានវិវត្តរចនាសម្ព័ន្ធផ្កា និងទឹកផ្កាស្របពេលដែលសត្វល្អិត បក្សី និងសត្វថនិកសត្វតូចៗវិវត្តខ្លួន។ ការផ្លាស់ប្តូរលម្អងតាមរយៈសត្វល្អិតនេះមានប្រសិទ្ធភាពខ្ពស់ជាងការរងចាំខ្យល់បក់។ ភាពចម្រុះនៃប្រវត្តិរូប: Dicot បានអភិវឌ្ឍទម្រង់ជីវិតយ៉ាងសម្បូរបែប ចាប់ពីស្មៅតូចៗ រុក្ខជាតិតោង រហូតដល់ដើមឈើព្រៃធំៗ។ បច្ចុប្បន្នផ្អែកលើការសិក្សា DNA អ្នកវិទ្យាសាស្ត្របានបែងចែកក្រុម Dicot បុរាណនេះទៅជា Eudicots (Dicot ពិតប្រាកដ) ដែលគ្របដណ្តប់លើ ៧៥% នៃរុក្ខជាតិមានផ្កាទាំងអស់នៅលើពិភពលោក (ដូចជា ដើមស្វាយ សណ្តែក កាហ្វេ និងកុលាបជាដើម)។

លោកអ្នកអាចអញ្ជើញទៅទស្សនា​ ដើម​ឈើ​ក្លាយ​ជា​ថ្ម​ ដែល​ប្រភេទ​ រុក្ខជាតិ​មាន​ផ្កា​ ផ្លែ មាន​ប្រ​វែហ​ប្រមាណ​ ៤០​ម៉ែត្រ និង​អាយុកាល​ ចន្លោះ ២លាន​ឆ្នាំ​ មក​៨០០០០ឆ្នាំ អាចរកទីតាំង​តាមរយៈ QR Code ​)​។​

អត្ថបទដោយ៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img