ព្រះអគ្និ ឬហៅម្យ៉ាងទៀតថា “ព្រះអគ្គី” ជាទេពដ៏សំខាន់មួយនៅសម័យវេទ ដែលគេចាត់ទុកថាជា ព្រះតំណាងឱ្យភ្លើង និងជាលោកបាលប្រចាំនៅទិសអាគ្នេយ៍។ ព្រះអង្គ ជាអ្នកតភ្ជាប់ (ទូត) រវាងពិភពមនុស្សនិងអាទិទេព តាមរយៈអណ្តាតភ្លើងនៃកិច្ចបូជាយញ្ញ។ ព្រះអង្គ ជាអ្នកនាំយកតង្វាយពីមនុស្សថ្វាយទៅដល់ព្រះហស្តរបស់របស់អាទិទេពដទៃទៀត និងជាសាក្សីនៃអំពើរបស់មនុស្ស។ ព្រមជាមួយគ្នានេះ ព្រះអគ្និ ជាអ្នកបណ្តេញភាពងងឹត និងភាពភ័យខ្លាចនៅក្នុងពេលរាត្រី។ នៅក្នុងសង្គមខ្មែរ ទេពអង្គនេះចាប់ផ្តើមមានអ្នកប្រណិប័តន៍ និងមានឥទ្ធិពលដំបូងតាំងពីរវាងចុងសម័យហ្វូណន ឬដើមសម័យចេនឡា (ដើមស.វ.ទី៧)។ តាមរយៈឥទ្ធិពលនេះ បុព្វបុរសខ្មែរបានបង្កើតឱ្យមានរូបភាពសិល្បៈជា “ព្រះអគ្និ” តាមរយៈចម្លាក់ផង និងប្រតិមាផង។ តើប្រតិមាព្រះអគ្និ (ព្រះអគ្គី) នៅក្នុងសិល្បៈខ្មែរនាសម័យបុរាណ មានលក្ខណៈដូចម្តេចខ្លះ?
នៅក្នុងព្រហ្មញ្ញសាសនា ព្រះអគ្និ ជាបុត្ររបស់មហាឫសីកស្យប និងព្រះនាងអទិតិ ដែលគេស្គាល់ថាជាព្រះមាតារបស់ទេវតាទាំងឡាយ។ យោងតាមគម្ពីរផ្សេងទៀត គេបានចាត់ទុកព្រះអង្គជាបុត្ររបស់ព្រះព្រហ្ម (ទេពបង្កើតលោក) ឬគម្ពីរខ្លះទៀតរៀបរាប់ថា ព្រះអង្គកើតចេញពីកិច្ចប្រឹងប្រែងនៃធាតុទាំងបី ហើយគម្ពីរខ្លះទៀតរៀបរាប់ប្រៀបធៀបថា ព្រះអង្គកើតចេញពីមាតាចំនួន ១០ (តំណាងឱ្យម្រាមដៃទាំង១០ របស់អ្នកធ្វើយញ្ញបូជា)។ ព្រះអង្គមានព្រះនេត្របី ព្រះហស្តបួន មានចំណីអាហារជាខ្លាញ់និងភ្លើងចម្រុះ ហើយមានយានជំនិះជាសត្វចៀម ពពែ និងជួនកាលជាសត្វរមាស។ មហេសីរបស់ព្រះអគ្និ មានព្រះនាមថា ព្រះនាងស្វាហៈ ដែលជាបុត្រីរបស់ព្រះប្រជាបតី ហើយគេស្គាល់ថាជាទេវនារីដែលគេតែងហៅឈ្មោះនៅពេលធ្វើកិច្ចបួងសួង ឬហោមពិធីនៅក្នុងពេលបញ្ជូនតង្វាយទៅដល់ព្រះអគ្និ ពោល គឺគេតែងសូត្រថា “ស្វាហៈ”។ ព្រមជាមួយគ្នានេះ គេដឹងថាព្រះស្កន្ទជាបុត្ររបស់ព្រះសិវ តែគម្ពីរខ្លះបាននិយាយថា ព្រះស្កន្ទ ក៏ជាបុត្ររបស់ព្រះអគ្និផងដែរ។ ក្រៅអំពីនេះ ទ្រង់មានបុត្រតំណាងឱ្យទម្រង់ភ្លើងផ្សេងៗទៀត ដូចជា ព្រះបាវក ព្រះសុចិ និងព្រះបវមាន។
នៅសម័យបុរាណ គេគោរពប្រតិបត្តិចំពោះព្រះអគ្និខ្លាំងណាស់ ដោយសារតែទ្រង់ប្រៀបដូចជារាជទូត ឬអ្នកនាំសាររបស់មនុស្សថ្វាយចំពោះទេព ឬជាសាក្សីរបស់អំពើរបស់មនុស្ស។ ក្នុងនោះ សិលាចារឹកមួយផ្ទាំងនៅក្នុងរាជ្យព្រះបាទស្រីជ័យវរ្ម័នទី៧ បានបញ្ជាក់ឱ្យដឹងថា ព្រះអគ្និគង់នៅលើសត្វរមាស ដែលប្លែកពីវប្បធម៌ដទៃទៀតដែលភាគច្រើនបង្ហាញព្រះអង្គគង់នៅលើសត្វចៀម ឬពពែតែប៉ុណ្ណោះ។ វត្តមានរបស់ព្រះអគ្និ ភាគច្រើនបង្ហាញនៅលើចម្លាក់ប៉ុណ្ណោះ ហើយមានតិចណាស់ដែលគេប្រតិស្ឋានរូបព្រះអគ្និជាប្រតិមាទោល។ ជាក់ស្តែង មានចម្លាក់ព្រះអគ្និជាច្រើននៅលើចម្លាក់ផ្ទាំងថ្មទេពប្រាំបួន (ខ្លះហៅថាទេពនព្វគ្រោះ) ដែលភាគច្រើនគេបង្ហាញព្រះអង្គគង់នៅលេខរៀងទី៧ ជាប់នឹងរាហូ។ ក្នុងនោះ ចម្លាក់ព្រះអង្គគង់នៅលើសត្វរមាសនៃចម្លាក់ទេពប្រាំបួន រកឃើញតែមួយប៉ុណ្ណោះ គឺនៅប្រាសាទនាងខ្មៅ រីឯរូបផ្សេងទៀតបង្ហាញព្រះអង្គគង់នៅលើសត្វពពែ ដូចជា ប្រាសាទលលៃ ប្រាសាទគុករកា ។ល។ រីឯ ចម្លាក់ព្រះអគ្និគង់នៅលើសត្វរមាសបង្ហាញនៅលើជញ្ជាំងប្រាសាទ ឃើញនៅប្រាសាទអង្គរវត្ត និងប្រាសាទបឹងមាលា។ នៅលើចម្លាក់ទេពប្រាំបួន គេច្រើនបង្ហាញព្រះអគ្និកាន់ដំបង និងកូនកាំបិតខ្លី។
ដោយឡែក ការបង្ហាញព្រះអគ្និជាទម្រង់ប្រតិមាទោល មានភាពកម្រខ្លាំងណាស់។ ក្នុងនោះ នៅសម័យដំបូង (រវាងស.វ.ទី៧) គេប្រទះឃើញប្រតិមាព្រះអគ្និតែមួយអង្គប៉ុណ្ណោះ (ធ្វើអំពីថ្មភក់) ដែលរកឃើញតាមរយៈបេសកកម្មរបស់លោក Étienne Aymonier ក្នុងឆ្នាំ១៨៨២-១៨៨៣ ពោល គឺលោកបានប្រទះឃើញនៅវត្តមួយក្នុងស្រុកអង្គរបុរី ខេត្តតាកែវ (អតីតកាលជាស្រុកព្រៃកប្បាស)។ នៅក្នុងឆ្នាំ១៨៩០ លោក Aymonier បានបញ្ជូនប្រតិមានេះមកកាន់សារមន្ទីរជាតិហ្គីមេត ប្រទេសបារាំង។ នៅពេលរកឃើញដំបូង គេមិនស្គាល់ថាប្រតិមានេះជាព្រះអគ្និនោះឡើយ ហើយលោក Aymonier គ្រាន់តែហៅរូបនេះថា “ទេវតាគង់នៅលើសត្វជ្រូក” តែប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៣១ គេបានយកប្រតិមានេះទៅដាក់តាំងពិព័រណ៍ តែគេបែរជាហៅប្រតិមានេះថា “ព្រះសិវគង់នៅលើសត្វគោនន្ទិ” ទៅវិញ ទោះបីជាសត្វជាយានជំនិះនៅខាងក្រោមទេពមិនដូចសត្វគោនន្ទិក៏ដោយក្តី។ អ្នកស្រាវជ្រាវក្រោយមកទៀត យល់ឃើញថា សត្វដែលព្រះអង្គគង់នៅលើនោះ មិនមែនជាសត្វគោទេ ព្រោះរូបរាងវាចម្លែក មានច្រមុះធំ និងមានកម្រាលកែបអង្កាញ់នៅលើខ្នង។ ក្រោយមកទៀត លោក Pierre Baptiste និងលោក Thierry Zéphir យល់ឃើញថា ប្រតិមាទេវរូបនេះ គឺជាព្រះអគ្និគង់នៅលើសត្វរមាស ដោយបានសិក្សាប្រៀបធៀប ជាមួយចម្លាក់សត្វរមាសដែលរកឃើញនៅលើបល្ល័ង្កតង្វាយប្រភេទបលិបីថនៅក្នុងសិល្បៈចាម្ប៉ា ដែលរក្សាទុកនៅសារមន្ទីរខេត្ត Thừa Thiên Huế និងមកពី Vân Trạch Hòa។ ប្រតិមាព្រះអគ្និមួយអង្គនេះ មានកម្ពស់ ៣៨ស.ម. ទទឹង ១៩ស.ម. ដែលបង្ហាញក្នុងទម្រង់ជាទេវរូបវ័យក្មេងកំពុងអង្គុយស្រដៀងទម្រង់មហារាជលីលសន ក្នុងព្រះភក្រ្តញញឹមស្ងប់ តែព្រះហស្តស្តាំបានបាក់បែកមួយកំណាត់ ព្រះហស្តឆ្វេងដាក់នៅលើក្បាលជង្គង់ និងគ្មានគ្រឿងអលង្ការសម្គាល់ច្បាស់លាស់ឡើយ។ ព្រះកេសប្រតិមានេះ រចនាឡើងយ៉ាងប្លែក ដោយប្រមូលផ្តុំជាកួចរួញរាងអឌ្ឍគោលលើព្រះសិរ ដែលមានលក្ខណៈស្រដៀងនឹងពួកអសុរ ឬយក្ស។ លោក Pierre Baptiste និងលោក Thierry Zéphir យល់ឃើញថា សាច់ដុំដ៏រឹងមាំ ខ្លីៗ និងព្រះហស្តធាត់ៗដែលបង្ហាញនៅលើប្រតិមាអង្គនេះ គឺមានលក្ខណៈស្រដៀងស្នាដៃសិល្បៈមួយចំនួនដែលរកឃើញនៅតំបន់ដីសណ្តទន្លេមេគង្គ និងជាប់ពាក់ព័ន្ធជាមួយវប្បធម៌អូរកែវ ហើយភាគច្រើនប្រតិមាទាំងនោះជារូបព្រះវិស្ណុ។ ទន្ទឹមនេះ សមាមាត្រនៃព្រះសិរប្រតិមាអង្គនេះ មានលក្ខណៈដូចគ្នាច្រើនទៅនឹងសិល្បៈរចនាបថភ្នំដា (ចុងស.វ.ទី៦ ឬដើមស.វ.ទី៧)។ លើសពីនេះទៅទៀត ប្រតិមានេះមានលក្ខណៈសិល្បៈជាច្រើនស្រដៀងសិល្បៈចាម្ប៉ា នៅក្នុងរចនាបថ My Son E1 ដូចជា៖ (១). ព្រះភក្រ្តស្រដៀងចម្លាក់រូបមនុស្សនៅតំបន់ My Son E1, (២). ព្រះកេសរួញៗរាងទូលាយនិងមានស្នាមឆ្លាក់បញ្ឈរ ស្រដៀងព្រះកេសចម្លាក់នៅចាម្ប៉ា និង (៣). ចម្លាក់សត្វរមាសដែលជាយានជំនិះព្រះអគ្និ ស្រដៀងសត្វរមាសនៅលើបល្ល័ង្កតង្វាយប្រភេទបលិបីថ មកពីខេត្ត Thừa Thiên Huế និង Vân Trạch។
មកដល់សម័យអង្គរ ព្រះអគ្និបង្ហាញជាទម្រង់ប្រតិមាទោល ក៏កម្រមានដូចគ្នា ជាពិសេស គឺប្រតិមាព្រះអគ្និធ្វើអំពីថ្មភក់ តែចម្លាក់មានច្រើនណាស់ ដូចបានរៀបរាប់ខាងលើ។ ទោះជាយ៉ាងនេះក្តី គេបានប្រទះឃើញប្រតិមាព្រះអគ្និមួយអង្គសាងអំពីសំរឹទ្ធ ដែលទំនងសាងឡើងនៅសម័យអង្គរ។ ប្រតិមានេះ កំពុងដាក់តាំងបង្ហាញក្នុងទូកញ្ចក់នៅសារមន្ទីរជាតិកម្ពុជា ដែលមានកម្ពស់ ១៧,៥ស.ម., ទទឹង ៧ស.ម., កម្រាស់ ៨,៨ស.ម. និងទម្ងន់ ០,៦៧គ.ក. ហើយបង្ហាញឡើងក្នុងទម្រង់អង្គុយនៅលើសត្វពពែជាយានជំនិះ (ខាងក្រោមសត្វពពែទ្រដោយជើងទម្ររាងមូល)។ គេអាចមើលប្រតិមានេះស្គាល់ថាជាព្រះអគ្និ ក៏ដោយសារតែសត្វពពែជាយានជំនិះនេះតែម្តង ដែលលក្ខណៈរបៀបនេះគេធ្លាប់ឃើញច្រើននៅតាមផ្ទាំងចម្លាក់ទេពប្រាំបួន (លេខរៀងទី៧)។ សរុបជារួមមក ប្រតិមាព្រះអគ្និ (ព្រះអគ្គី) ការបង្ហាញព្រះអគ្គិជាទម្រង់ប្រតិមាទោលមានភាពកម្រណាស់ ប៉ុន្តែបុព្វបុរសខ្មែរបានបន្សល់ទុកនូវវត្ថុតាងដ៏មានតម្លៃ ដូចជាប្រតិមាថ្មភក់សម័យមុនអង្គររកឃើញនៅស្រុកអង្គរបុរី ខេត្តតាកែវ និងប្រតិមាសំរឹទ្ធសម័យអង្គរ(មិនស្គាល់ប្រភព) ដែលតម្កល់នៅសារមន្ទីរជាតិកម្ពុជា។ វត្តមាននៃប្រតិមាព្រះអគ្និទាំងនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីជំនឿសាសនា និងការទទួលយកឥទ្ធិពលវប្បធម៌ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពច្នៃប្រតិដ្ឋដ៏សម្បូណ៌បែបនៃសិល្បៈខ្មែរ ក្នុងការបង្កើតរូបភាពតំណាងឱ្យទេព ដោយភ្ជាប់ទាំងសត្វជាយានជំនិះ ពោល គឺមានទាំងសត្វរមាស និងពពែ។





————-
This study examines the iconographical and historical evolution of representations of Agni, the Vedic deity of fire and guardian of the southeast direction (dikpāla), within ancient Khmer art. Revered as the divine intermediary between mortals and deities through sacrificial rituals, Agni’s worship gained prominence in Cambodia from the late Funan or early Zhenla period (7th century CE). While frequently depicted in relief panels, such as the nine-deity panels (navadevas) where Agni typically occupies the seventh position mounted on a rhinoceros or a goat, standalone statues of the deity are exceptionally rare. Notable surviving artifacts include a 7th-century pre-Angkorian sandstone sculpture from Angkor Borei (Kampong Cham/Takéo) housed in the Musée Guimet, initially misidentified before being correctly attributed as Agni on a rhinoceros, and an Angkorian bronze statuette at the National Museum of Cambodia. These sculptural representations not only reflect the deep integration of Brahmanical religious traditions and Indian cultural influences into early Khmer society but also demonstrate the distinctive artistic creativity and localised iconographical evolution of ancient Cambodia.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





