នៅក្នុងអត្ថបទភាគ១ ខ្ញុំបានរៀបរាប់អំពីទំនៀមទម្លាប់ ដែលសង្កេតឃើញមានគូរ ជាប់លើគំនូរនៅតាមវត្ត ហើយបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃដូចជា ទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល និងទំនៀមអាពាហ៍ពិពាហ៍ ឬមង្គលការ។ នៅក្នុងអត្ថបទបញ្ចប់ភាគ២នេះ ខ្ញុំសូមរៀបរាប់យ៉ាងសង្ខេបនូវសិល្បៈទំនៀមទម្លាប់មួយចំនួនទៀត ដែលវិចិត្រករបានគូរបញ្ចូលទៅក្នុងទិដ្ឋភាពខ្លះនៃគំនូរតាមវត្តដូចជា ពិធីក្នុងទំនៀមទម្លាប់ខ្មែរ និងសិល្បៈភ្លេងប្រពៃណីផ្សេងៗដូចខាងក្រោម។
គ.ពិធីកោរជុក កោរជុក ជាពិធីដែលអ្នកស្រាវជ្រាវយល់ថា គឺជាផ្នែកមួយនៃដំណាក់កាលឆ្លងវ័យរបស់មនុស្សខ្មែរ។ ពាក្យថា “ជុក” នេះគឺនិយាយតាមពាក្យថាជាទូទៅ ឯអ្នកស្រុកនៅតំបន់ខាងជើង និងពាយព្យនៃប្រទេសកម្ពុជាច្រើនហៅថា “កំប៉ោយ” ឬ “កំប៉ោច” ហើយបើគេចង់និយាយពីកិច្ចពិធីកាត់កំប៉ោចជាស្ថាពរនោះ គេច្រើននិយាយសាមញ្ញថា “កោរសក់”។ បច្ចុប្បន្ន គេឃើញទំនៀមនេះបន្តប្រារព្ធតាមភូមិមួយចំនួននៅតំបន់អង្គរ។ ប៉ុន្តែកាលដើមសតវត្សទី២០ គេដឹងថាមានបុណ្យកោរជុកដ៏អធិកអមមួយបានប្រារព្ធថ្វាយ ព្រះអង្គម្ចាស់ចន្ទលេខា (ហៅម្ចាស់តូ) ដែលត្រូវជាព្រះរាជបុត្ររបស់ ព្រះបាទ នរោត្តម ដែរ។ ពាក់ព័ន្ធពិធីខាងលើ គេឃើញមាននៅក្នុងគំនូររឿងរាមកេរ្តិ៍ គូរនៅលើជញ្ជាំងព្រះវិហារវត្តរាជបូព៌ ខេត្តសៀមរាប។ ក្នុងគំនូរនោះមានរូបពាលីពរអង្គទទៅឱ្យតាបសប្ញសីកោរជុក ហើយបើប្រៀបមកសព្វថ្ងៃ គឺឃើញដូចតួអង្គព្រះសង្ឃឧបកិច្ចធ្វើជាកោរឱ្យក្មេងៗជាសាមីពិធី ។ ប្រការនេះពុំប្លែកអ្វីឡើយ ដ្បិតត្រូវយល់ថាពុទ្ធបរិស័ទតែងភ្ជាប់កិច្ចជាច្រើនក្នុងទំនៀមប្រពៃណី ទៅនឹងព្រះសង្ឃព្រះពុទ្ធសាសនាជាធម្មតាក្នុងនាមជាពុទ្ធសាសនិក។
ឃ.ពិធីបំបួសនាគ តាមព្រះពុទ្ធសាសនាគេជឿថា “បួស” ឬ “បំបួស” បានអានិសង្សបុណ្យដ៏ប្រសើរតទៅជាតិមុខ ហើយក្នុងបរិបទវប្បធម៌ខ្មែរ អ្នកស្រាវជ្រាវក៏ចាត់ទុកការបួសជាផ្នែកមួយនៃទំនៀមក្នុងដំណើរឆ្លងវ័យរបស់មនុស្សដែរ។ ជារឿយៗព្រះសង្ឃតែងតែទេសនាបង្ហាញប្រវត្តិពាក់ព័ន្ធនឹងការបួសដូចជា រឿងយសកុលបុត្រ ដូចគំនូរវត្តស្វាយសាច់ភ្នំ និងរឿងសុបិនកុមារ ដែលតែងឃើញគូរតាមព្រះវិហារ និងសាលាឆាន់ជាដើម។ ចំពោះការបួសក្នុងសង្គមខ្មែរមានច្រើនយ៉ាងដូចជា បួសមុខភ្លើង បួសលាបំណន់ បួសសងគុណ និងបួសរៀនវែងឆ្ងាយតាមផ្លូវសាសនាជាដើម។ បុរសដែលរបានបួសរៀនច្រើនវស្សា លុះចាកសិក្ខាបទវិញបុរាណលោកឱ្យតម្លៃថាអ្នកនោះបានរៀនចេះដឹងច្រើន និងមានចរិយាមារយាទល្អផង។ ទំនៀមបួសក្នុងសំណាក់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ក៏មានប្រារព្ធជាប្រក្រតីក្នុងព្រះបរមរាជវាំង។ តាមឯកសារព្រះរាជពិធីទ្វាទសមាស ព្រះរាជពិធីនេះតែងប្រារព្ធនៅថ្ងៃ១៤-១៥ កើតខែអាសាឍ ហៅថា “បួសនាគហ្លួង”។ ចំណែករាស្រ្តសាមញ្ញធម្មតា ច្រើនកំណត់ថ្ងៃបួសជាទំនៀមមកក្នុងវេលាពិសាខបូជា ឬចូលព្រះវស្សា ដោយជាប់នូវជំនឿអានិសង្សដូចរៀបរាប់ខាងលើ។
ង.វង់ភ្លេងពិណពាទ្យ និងសិល្បៈឆៃយ៉ាំ
ក្រៅអំពីពិធីជាទំនៀមប្រពៃណីដែលប្រារព្ធប្រតិបត្តិក្នុងសង្គម ហើយជាប់ពាក់ព័ន្ធនឹងគំនូរដូចរៀបរាប់ខាងលើ គេឃើញអន្លើខ្លះនៅក្នុងរឿងពុទ្ធប្រវត្តិ ឬរឿងជាតកក៏មានគូរបញ្ចូលវង់ភ្លេងសិល្បៈខ្មែរ ជាពិសេសគឺវង់ភ្លេងពិណពាទ្យ និងឆៃយ៉ាំ។ គំនូរនៅព្រះវិហារវត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង ដើមសតវត្សរ៍ទី២០ គេគូរបង្ហាញវង់ភ្លេងពិណពាទ្យវង់ធំ ប្រគំក្នុងព្រះរាជពិធីអភិសេកព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា។ ឧបករណ៍ភ្លេងមានដូចជា គងវង់តូច១ គងវង់ធំ១ រនាតឯក១ រនាតធុង១ រនាតដែក១ ស្គរធំ១គូ ស្រឡៃ១ សម្ភោរ១ និងឈិង១គូ។ ចំណែកឯគំនូរនៅវត្តព្រះធាតុបាស្រី ស្ថិតក្នុងខេត្តត្បូងឃ្មុំ គូរក្នុងរវាងទសវត្សរ៍ទី៥០ ក៏មានបង្ហាញឧបករណ៍ភ្លេងស្រដៀងគំនូរវត្តកំពង់ត្រឡាចលើ ហើយថែមទាំងសរសេរបញ្ជាក់ថាជា “ភ្លេងព្រះរាជទ្រព្យ” ផង។ បច្ចុប្បន្នវង់ភ្លេងនេះប្រើឧបករណ៍ភ្លេងស្ទើរដូចនឹងគំនូរដែរ ហើយជាទូទៅប្រគំកំដររបាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនស្បែក និងពិធីបុណ្យបែបសាសនាទាំងសម្រាប់ព្រះមហាក្សត្រ និងប្រជារាស្រ្ត។ ចំណែកឯសិល្បៈឆៃយ៉ាំ ដែលគេសម្គាល់ឃើញគូរនៅលើគំនូរតាមវត្ត ភាគច្រើនគូរបញ្ចូលក្នុងរឿងព្រះនរជីវកថិនជាតក និងនៅត្រង់រឿងនាងវិសាខាមានចិត្តសទ្ធាដង្ហែកថិនដូចជានៅព្រះវិហារវត្តព្រែកបង្កង និងគូរនៅព្រះវិហារវត្តសុវណ្ណសាគរ ស្ថិតក្នុងខេត្តកណ្តាលជាដើម។ ក្នុងវប្បធម៌ខ្មែរ សិល្បៈនេះមានប្រជាប្រិយណាស់ ជាពិសេសគឺតែងដង្ហែពិធីតូចធំផ្សេងៗឱ្យមានភាពសប្បាយរីករាយដូចជា កថិន បុណ្យផ្កា បំបួសនាគ ហែក្បួន និងទទួលស្វាគមន៍ភ្ញៀវ ។ល។ សិល្បករច្រើនតែគូរមុខ ឬពាក់មុខត្លុកកំប្លុកកំប្លែងដូចឃើញក្នុងគំនូរតាមវត្តទាំងនោះស្រាប់។
ច.ល្បែងរបាំផ្សេងទៀត ដោយឡែកចំពោះល្បែងរបាំផ្សេងទៀត ដែលតែងឃើញគូរភ្ជាប់នឹងគំនូរតាមវត្តគឺច្រើនតែស្ថិតក្នុងសកម្មភាពសម្តែងកំដរពិធីផ្សេងៗ ជាពិសេសគឺក្នុងពិធីរាជាភិសេកដូចវង់ភ្លេងពិណពាទ្យដែរ ហើយមានដូចជាល្បែងចំបាប់ និងសិល្បៈប្រើរាងកាយ (ឬហៅតាមនិយមថា“សៀក” ឬ “ប៉ាហ៊ី”)។ គំនូរក្នុងព្រះវិហារវត្តកំពង់ត្រឡាចលើដដែលនោះ បង្ហាញឱ្យឃើញមានល្បែងផ្សេងៗដូចជា យោលទោង សួព្រ័ត្រ គុនដំបង (ឬលំពែង) និងការបង្ហាញទេពកោសល្យពត់ខ្លួន ដេកលើដែកគោល ឬដាំក្បាលចុះក្រោមនៅលើបង្គោលខ្ពស់ និងទម្លាក់ខ្លួនតាមប្រឡោះកងជាដើម។ គួរកត់សម្គាល់ថា គំនូរដែលមានបញ្ចូលនូវទិដ្ឋភាពល្បែងរបាំចម្រុះច្រើនបែបច្រើនយ៉ាងដូច្នេះ គេច្រើនឃើញតែក្នុងសិល្បៈគំនូរបុរាណតែប៉ុណ្ណោះ។
សព្វថ្ងៃល្បែងចំបាប់ដូចនៅក្នុងគំនូរខាងលើ ក៏ឃើញធ្លាប់ឃើញសម្តែងក្នុងសម័យបារាំងនៅមុខប្រាសាទអង្គរវត្ត ហើយបច្ចុប្បន្នអ្នកភូមិខ្លះចំណុះជើងវត្តតែងលេងជារឿយៗក្នុងវេលាមានបុណ្យទានដូចជា នៅវត្តដំរិល ខេត្តត្បូងឃ្មុំ និងនៅវត្តស៊ីធរ ខេត្តកណ្តាល តែងលេងចំបាប់ក្នុងថ្ងៃភ្ជុំធំ។ ចំណែកឯសិល្បៈប្រើរាងកាយ(សៀក)ដទៃទៀត ឃើញមានបង្ហាត់បង្រៀននៅតាមសាលាសិល្បៈផងដែរ។ ទន្ទឹមនេះអ្វីជាមោទនភាពបំផុត គឺក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនប្រពៃណីឃើញមានភស្តុតាងលើជញ្ជាំងប្រាសាទបុរាណ និងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាំងពីឆ្នាំ២០២២។
សរុបសេចក្តីមក គំនូរតាមជញ្ជាំងវត្តអារាម មិនត្រឹមតែជាការគូរបង្ហាញរឿងរ៉ាវពាក់ព័ន្ធនឹងសាសនាប៉ុណ្ណោះទេ តែគឺជាបណ្ណសារដ៏សំខាន់ដែលបានបញ្ចូលនូវប្រពៃណី ទំនៀមទម្លាប់ កិច្ចពិធី សិល្បៈតន្ត្រី និងល្បែងរបាំខ្មែរតាំងពីបុរាណ។ ការភ្ជាប់ទិដ្ឋភាពប្រតិបត្តិជាក់ស្តែងក្នុងសង្គមទៅក្នុងសិល្បៈគំនូរនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភស្តុតាងដ៏មានតម្លៃនៃសម័យកាលនីមួយៗទេ តែបង្ហាញកាន់តែច្បាស់ពីតួនាទីវត្តអារាមជាឃ្លាំងចំណេះដឹង និងជាកន្លែងសិក្សាស្វែងយល់រៀនសូត្រ។ មិនតែប៉ុណ្ណោះសោត គំនូរទាំងនោះស្តែងពីទេពកោសល្យសិល្បករ ច្នៃបញ្ចូលនូវទេសភាពវប្បធម៌ទៅក្នុងជំនឿពុទ្ធប្រវត្តិ និងរឿងជាតក។















អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





