អ្នកស្រាវជ្រាវយល់ថា “កោរជុក” ឬ “កោរកំប៉ោយ” ជាពិធីឆ្លងវ័យក្នុងដំណើរជីវិត មនុស្សខ្មែរ ពោលគឺឆ្លងពីវ័យកុមារភាពត្រៀមខ្លួនចូលភាពពេញវ័យ។ បើតាមចំណាំគេច្រើនធ្វើពិធីឱ្យក្មេងទាំងប្រុសទាំងស្រីអាយុចាប់ពី៩ឆ្នាំ ឬ១១ឆ្នាំ ដល់១៣ឆ្នាំ។ មកដល់សព្វថ្ងៃ ទំនៀមនេះនៅសង្កេតឃើញបន្តប្រារព្ធតាមភូមិមួយចំនួន ស្ថិតនៅតំបន់អង្គរ ខេត្តសៀមរាប ធ្វើក្នុងរវាងខែមាឃ និងខែផល្គុន (កុម្ភៈ-មីនា)។ សោតឯដំណើរនៃពិធី មានការរៀបចំកិច្ចតូចធំ និងមានរណ្តាប់ច្រើនប្រការដែរ រាប់តាំងពីធ្វើនំ សង់រោងពិធី ចាក់ចេកតុបតែង ធ្វើរានកោរសក់ឬរានម៉ា ធ្វើបាយសី និងគ្រឿងសក្ការបូជាផ្សេងៗ។ ក្នុងចំណោមនោះ អង្កររាបក៏ជារណ្តាប់យ៉ាងសំខាន់ ដែលរៀបចំជាពិសេសសម្រាប់សាមីពិធីហៅថា “កិច្ចដេកអង្កររាប”។ តាមការសង្កេត គេឃើញក្នុងអង្កររាបតែងមានកប់រុក្ខជាតិ ឬហៅថាថ្នាំច្រើនមុខ ហើយក្នុងអត្ថបទនេះខ្ញុំសូមលើកករណីពិធីកោរជុក នៅភូមិត្នោតជ្រុំ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប មករៀបរាប់ដូចខាងក្រោម។
តាមសម្គាល់នៅក្នុងពិធីកោរជុក គេតែងរៀបចំធ្វើកិច្ចដេកអង្កររាបនៅវេលាស្ទើរតែពាក់កណ្តាលអាធ្រាត្រ ដោយភ្ជាប់ទៅនឹងកិច្ចហៅព្រលឹងសក់ឱ្យសាមីពិធី។ ប៉ុន្តែមុននឹងរៀបរាប់អំពីថ្នាំដែលកប់ក្នុងអង្កររាបនោះ ខ្ញុំសូមបញ្ជាក់ថាអង្កររាប គឺជាកញ្ចប់អង្ករខ្ចប់នឹងសំពត់ស ហើយបរិមាណអង្ករនោះត្រូវវាល់ច្រើនបែបយ៉ាង មានក្បួនច្បាប់ ឬទម្លាប់រង្វាស់រង្វាល់ខុសគ្នាពីអាចារ្យម្នាក់ទៅម្នាក់ដែរដូចជា តក់ នាឡិ ក្តាប់ ចិប ច្បិច ថ្ពិត និងផ្ទាត់ជាដើម។ មុននឹងវាល់អង្ករតាមក្បួនខ្នាតខាងលើ លោកអាចារ្យត្រូវរាយស្លឹកឈូកលើសំពត់សជាមុនសិន។ បើពិនិត្យជាក់ស្តែង គេឃើញស្លឹកឈូកខ្លះពេញរូបរាង ស្លឹកឈូកខ្លះហែកត្រឹមពាក់កណ្តាល ហើយបើរាប់ចំនួនឃើញមានប្រហែលជាង១០សន្លឹកប៉ុណ្ណោះ តែបើយកការសិក្សារបស់អ្នកស្រាវជ្រាវមកបញ្ជាក់ គឺស្លឹកឈូកនោះគេត្រូវរៀបចំនួន២១សន្លឹក ដែលតំណាងឱ្យគុណឪពុក។
បន្ទាប់ពីលោកអាចារ្យក្រាលសំពត់ស និងរៀបស្លឹកឈូករួចរាល់ហើយ ទើបចាប់ផ្តើមវាល់អង្ករដាក់លើស្លឹកឈូកតាមក្បួនខ្នាតដូចរៀបរាប់ខាងលើគឺ ចំនួន១២តំណាងឱ្យ គុណម្តាយ ៩តំណាងគុណគ្រូ ៧តំណាងគុណបង និងចំនួនតាមអាយុសាមីខ្លួនកោរជុកនោះ។ សូមបញ្ជាក់ថាជាទូទៅក្មេងមានអាយុ១០ឆ្នាំឡើងទើបលោកអាចារ្យឱ្យដេកអង្កររាប។ ដូច្នេះក្រោយវាល់អង្ករតាមក្បួនខ្នាតគ្រប់ចំនួនហើយ លោកអាចារ្យក៏យកត្រល់មួយមានចងស្លឹកឈូក និងចិញ្ចៀនទៅកប់ក្នុងអង្ករនោះ។ ចិញ្ចៀនចងភ្ជាប់នឹងត្រល់នេះ មានការពន្យល់ថាតំណាងឱ្យភោគផល ពោលគឺតំណាងឱ្យការភពប្រសព្វគ្នារវាងភេទស្រី (ចិញ្ចៀន) និងភេទប្រុស (ត្រល់)។ ម្យ៉ាងទៀតមានការបកស្រាយខ្លះបញ្ជាក់ថា កិច្ចដេកអង្កររាប គឺធ្វើឱ្យសាមីពិធីទទួលបាននូវកម្លាំងពលំ និងសេចក្តីសុខដែលកើតពីគ្រឿងមង្គលទាំងឡាយកប់ក្នុងអង្ករ។ ដោយឡែកចំពោះឈ្មោះរុក្ខជាតិ ឬថ្នាំប្រើសម្រាប់កប់ក្នុងអង្កររាបនោះ យ៉ាងហោចមាន៩មុខ ហើយខ្លះឃើញសរសេរឈ្មោះភ្ជាប់ជាមួយផង។ ប៉ុន្តែមុននឹងរាយថ្នាំទាំងអស់ អាចារ្យគូរបែងក្រឡាលើអង្ករម្តងជាពីរដង រួចទើបយកថ្នាំដាក់រាយតាមប្រឡោះទិសនីមួយៗ ដែលមានកំណាត់ដើមស្បូវភ្លាំងខណ្ឌចែក។ នៅទិសខាងកើតដាក់ក្រវាញ ទិសអាគ្នេយ៍ដាក់ក្លាំពូ ទិសខាងត្បូងដាក់ដីប្លី ទិសនិរតីដាក់សម្បួរវែង ទិសខាងលិចដាក់សណ្តែកមាស ទិសពាយ័ព្យដាក់ដំបែរ ទិសខាងជើងដាក់ស្លាត្រក ទិសឦសានដាក់ម្រេច ហើយនៅកណ្តាលដាក់ផ្កាចន្ទន៍។ សូមបញ្ជាក់ថាអង្កររាបនេះ បើនៅតំបន់អង្គរមានប្រើក្នុងពិធីផ្សេងទៀតដែរដូចជា បួសនាគ អាពាហ៍ពិពាហ៍ និងចម្រើនអាយុជាដើម ហើយរបៀបរៀបចំក៏អាចប្លែកគ្នាខ្លះ។
ក្រោយពេលរៀបចំវេចខ្ចប់អង្កររាបរួចស្រេច ដាក់នៅកណ្តាលទីប្រារព្ធកិច្ចហើយ លោកអាចារ្យ និងចាស់ទុំចាប់ផ្តើមបង្វិលពពិល។ ប៉ុន្តែមុននឹងបង្វិលពពិល លោកអាចារ្យដឹកនាំនមស្ការសង្ខេប ដោយមានសាមីពិធីចូលរួមផង។ បន្ទាប់មកទើបអុជទៀនបិទភ្ជាប់នឹងពពិល បង្វិល៣ជុំតាមទិសប្រទក្សិណជុំវិញអង្កររាប និងក្មេងៗសាមីពិធី។ បើនិយាយហួសទៅបន្តិចអត្ថន័យពពិលនិងទៀន ក៏ពុំខុសពីត្រល់និងចិញ្ចៀន ដូចរៀបរាប់ខាងលើដែរ ដ្បិតកិច្ចធ្វើក្នុងន័យជានិមិត្តរូបរីកចម្រើនដុះដាលលូតលាស់ជាមង្គល បុរាណតែងមានវត្ថុពិសិដ្ឋជានិមិត្តរូបដូច្នេះ។ លុះបង្វិលពពិលគ្រប់៣ជុំហើយ សាមីពិធីត្រូវដេកលើអង្កររាបនោះ ចំណែកចាស់ទុំបន្តកិច្ចហៅព្រលឹងសក់ ហើយក្មេងៗជាសាមីពិធីដេកលង់លក់កើយអង្កររាបរហូតដល់ភ្លឺ។
ពាក់ព័ន្ធនឹងថ្នាំកប់ក្នុងអង្កររាប បើមកមើលសេចក្តីក្នុងក្រាំង និងវានបុរាណប្រើសម្រាប់រៀបចំកិច្ចជាមង្គលខ្មែរ ដែលមាននិយាយដល់ថ្នាំកប់អង្កររាបនោះដែរ គេឃើញរៀបរាប់ឈ្មោះរុក្ខជាតិប្រហែលជិត២០មុខ។ រុក្ខជាតិខ្លះឈ្មោះដូចរុក្ខជាតិជាថ្នាំរបស់អ្នកស្រុកនៅតំបន់អង្គរប្រើ តែរុក្ខជាតិខ្លះមានឈ្មោះខុសគ្នាដូចជា ក្រវាញ ក្លាំពូ ទេពទារូ សម្បុរល្វែង ដីប្លី ស្រូវគង់ សណ្តែកមាស ម្រេច ខ្ទឹម ដំបែ ស្លឹកឈូក ស្លឹកចារ ស្លឹកព្នៅ ស្លឹកខ្លែងគង់ ស្លឹកល្វា ស្លឹកឫស្សី ស្លឹកបន្លាស្អិត ស្លឹកកំពូលបាយ និងស្លឹកសំបួរមាស។ ចំពោះរុក្ខជាតិមួយចំនួនក្នុងចំណោមរុក្ខជាតិដូចរាប់មកខាងលើ ខ្លះក៏ឃើញមានដុះលូតលាស់សព្វថ្ងៃ ខ្លះប្រទះឃើញដោយកម្រ តែខ្លះពុំដែលប្រទះឃើញផង។
ជារួមមក ក្នុងបណ្តារុក្ខជាតិទាំងឡាយដូចរៀបរាប់មកខាងលើ គេឃើញរុក្ខជាតិខ្លះប្រើផ្សំគ្នាជាថ្នាំបុរាណកបនឹងជំងឺផ្សេងៗដូចជា សម្បកទេពទារូមានក្លិនប្រហើរ ប្រើផ្សំជាមួយសម្បុរល្វែងប្រើជាថ្នាំក្តៅ។ ចំណែកឯផ្លែដីប្លី គឺជារុក្ខជាតិកម្រប្រទះឃើញសព្វថ្ងៃ តែផ្លែដីប្លីទុំគេអាចហាលឱ្យស្ងួតសម្រាប់ស្រ្តីមានគភ៌ដាំទឹកទទួលទាន។ លើសពីនោះទៅទៀត ចំពោះស្លឹកព្នៅសព្វថ្ងៃឃើញប្រើក្នុងទំនៀមក្សត្រ ដែលព្រះករុណាជាអម្ចាស់ ទ្រង់តែងសៀតព្រះកាណ៌ យាងជាព្រះរាជាធិបតីនៅក្នុងព្រះរាជពិធីសំខាន់ៗផងដែរ៕
















