ទួលស្រះព្រះធាតុ មានទីតាំងស្ថិតនៅភូមិម្រាលធំ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ៥០០ម៉ែត្រ ប៉ែកពាយព្យវត្តពោធិម្រាល។ ទួលស្រះព្រះធាតុ គឺជាទីតាំងប្រាសាទបុរាណនៅសម័យមុនអង្គរ ដែលមានប្រាង្គឥដ្ឋចំនួនពីរ តែបានបាក់បែកទាំងស្រុង។ បច្ចុប្បន្ន នៅទីនេះមានតែគ្រឹះប្រាសាទ សំណល់ឥដ្ឋរាយប៉ាយ បំណែកមេទ្វារ និងជើងទម្រថ្មភក់ ប៉ុន្តែ ទីនេះជាកន្លែងរកឃើញប្រតិមាព្រះវិស្ណុសម័យមុនអង្គរមួយអង្គដ៏គួរឱ្យចាប់អារម្មណ៍។ តើប្រតិមាព្រះវិស្ណុរកឃើញនៅទួលស្រះព្រះធាតុនេះ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ព្រះវិស្ណុ គឺជាទេពដ៏សំខាន់មួយក្នុងចំណោមទេពធំៗទាំងបីនៅក្នុងព្រហ្មញ្ញសាសនា ដែលមានតួនាទីគ្រប់គ្រង ថែរក្សាលោក ហើយបុព្វបុរសខ្មែរបានគោរពប្រតិបត្តិយ៉ាងជ្រាលជ្រៅតាំងពីបុរាណកាលមកម្ល៉េះ ពោល គឺយ៉ាងហោចណាស់ក៏ចុងសម័យហ្វូណន នាស.វ.ទី៥ ឬទី៦ដែរ។ ប្រតិមាព្រះវិស្ណុដែលរកឃើញនៅទួលស្រះព្រះធាតុនេះ បានផ្សព្វផ្សាយដំបូងគេបង្អស់ដោយអ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Robert Dalet។ លោកបានទៅដល់ទីនោះជាមួយលោក Henri Parmentier នៅក្នុងឆ្នាំ១៩៣៣ ហើយបានបោះពុម្ពផ្សាយជាអត្ថបទនៅក្នុងឆ្នាំ១៩៣៥ ដែលមានចំណងជើងថា “Dix-huit mois de recherches archéologiques au Cambodge” ក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ាប្រទេស លេខ៣៥, ទំព័រ ១១៧ ដល់ ១៤៥។ រីឯ លោក Henri Parmentier ក៏បានចេញផ្សាយអត្ថបទនៅក្នុងឆ្នាំ១៩៣៥ ដូចគ្នាដែរ ដែលមានចំណងជើងថា “Complément a l’art Khmèr Primitif” ផ្សាយដោយសាលាបារាំងចុងបូព៌ាប្រទេស។ តាមរយៈការរៀបរាប់និងរូបភាពនៅក្នុងអត្ថបទ បានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ១៩៣៣ ប្រតិមាព្រះវិស្ណុនេះគេបានដាក់ផ្អែកទៅនឹងសសរឈើរោងឬសាឡុំមួយ ដែលស្ថិតនៅទីតាំងដើម ហើយស្ថានភាពនៅពេលនោះ គឺបាក់បែកឬបាត់បង់នៅចុងព្រះបាទ និងបាក់ប្រអប់ព្រះហស្តខាងក្រោមទាំងពីរ រីឯផ្នែកខាងលើទាំងព្រះសិរទាំងមូល និងព្រះហស្តខាងលើទាំងពីរ រួមជាមួយកេតនភណ្ឌ គឺនៅសភាពល្អប្រសើរនៅឡើយ។ ប៉ុន្តែ រំលងក្រោយពេលលោកទាំងពីរទៅឃើញបន្តិច ក៏មានក្រុមជនទុច្ចរឹតលួចកាត់ព្រះសិរប្រតិមាព្រះវិស្ណុនេះយកទៅលក់ដូរនៅរាជធានីភ្នំពេញ។ ពេលនោះ អាជ្ញាធរបារាំងនិងខ្មែរ បានបើកយុទ្ធនាការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់នៅរវាងពាក់កណ្តាលទសវត្សរ៍១៩៣០។ នៅក្នុងពេលនោះហើយ ដែលគេបានដឹកជញ្ជូនដងខ្លួនប្រតិមាយកមករក្សាទុកនៅសារមន្ទីរ Albert Sarraut (សារមន្ទីរជាតិកម្ពុជា) ដែលពេលនោះលោក George Groslier ជានាយកសារមន្ទីរ។ នៅឯសារមន្ទីរ គេបានផ្គុំព្រះសិរជាមួយដងខ្លួនប្រតិមាឡើងវិញ ប៉ុន្តែព្រះហស្តខាងលើទាំងពីរ រួមជាមួយកេតនភណ្ឌ គឺខ្យងស័ង្ខខាងឆ្វេង និងកងចក្រខាងស្តាំ បានបាត់បង់អស់ទៅហើយ។ ប្រតិមាព្រះវិស្ណុរកឃើញនៅទួលស្រះព្រះធាតុ ខេត្តកំពង់ស្ពឺ មួយអង្គនេះ បានរក្សាទុកនិងដាក់តាំងបង្ហាញជូនសាធារណជននៅសារមន្ទីរជាតិកម្ពុជា ចាប់តាំងពីរវាងពាក់កណ្តាលទសវត្សរ៍ ១៩៣០ រហូតមកដល់ចុងទសវត្សរ៍ ២០០០ ទើបគេបន្តបញ្ជូនប្រតិមានេះទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិអង្គរខេត្តសៀមរាបវិញម្តងរហូតមកទល់បច្ចុប្បន្ន (សារមន្ទីរជាតិអង្គរបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧)។
ប្រតិមាព្រះវិស្ណុនេះ មានកម្ពស់ ០,៩៨ម៉ែត្រ សាងឡើងអំពីថ្មភក់ មានលេខបញ្ជី ក.1784 ឬ B.340 ជាសិល្បៈខ្មែរ នាដើមរចនាបថសំបូរព្រៃគុក រវាងពាក់កណ្តាលទី១ នៃស.វ.ទី៧។ ប្រតិមានេះពាក់មកុដរាងស៊ីឡាំងខ្ពស់ ព្រះភក្រ្តរាងជ្រុងច្រើន (មិនសូវមូល) ក្នុងទម្រង់ញញឹមស្ងប់ ថ្ងាសទាប ច្រមុះធំមានខ្ទង់ ព្រះនេត្រស្របវែង ចិញ្ចឹមកោងវែង បបូរមាត់ក្រាស់ (តែរាងខ្លី) ចង្កាស្រួច និងស្លឹកត្រចៀកវែង។ នៅចំហៀងនៃព្រះសិរ បង្ហាញឱ្យឃើញនូវស្នាមបែកនៃធ្នូ ឬជន្ទល់សិល្បករឆ្លាក់ភ្ជាប់ទៅនឹងកងចក្រ និងខ្យងស័ង្ខនៃព្រះហស្តលើទាំងពីរ ដើម្បីជាលំនឹងនៃរូប ហើយវាជាលក្ខណៈទូទៅនៃប្រតិមាសម័យមុនអង្គរ។ ព្រះអង្គឈរត្រង់ ក្នុងទម្រង់ជា “សមបាទស្ថានក” ដែលបង្ហាញរូបរាងព្រះកាយមើលទៅហាក់ដូចជារឹងមាំខ្លាំង (កធំ ស្មាបើក ទ្រូងពើង ខ្នងរាបស្មើ ពោះប៉ោងបែបធម្មជាតិព្រះហស្តមានកម្លាំង) ហើយព្រះហស្តខាងលើទាំងពីរបាក់អស់ និងព្រះហស្តខាងក្រោមទាំងពីរបាក់ផ្នែកខាងចុង ពោល គឺពុំមាននៅសល់កេតនភណ្ឌទាំងបួនឡើយ (កងចក្រ ខ្យងស័ង្ខ ដុំមូល ដំបង)។ ប្រតិមានេះ ស្លៀកសំពត់វែងលាត គ្មានភ្លី មានខ្សែក្រវ៉ាត់ចង្កេះ (ត្រង់កណ្តាលបង្ហាញក្បាលខ្សែក្រវ៉ាត់ចង្កេះ) និងមានជាយធ្លាក់ចំកណ្តាលវែងធ្លាក់ទៅក្រោម ហើយលក្ខណៈសំពត់វែងបែបនេះ គេឃើញច្រើនណាស់នៅសម័យមុនអង្គរ ឧទាហរណ៍ ប្រតិមាព្រះវិស្ណុរកឃើញនៅកំពង់ចាមកៅ ព្រះវិស្ណុរកឃើញនៅទួលជុក ជាដើម។ ចំណែកព្រះបាទវិញ មិនបង្ហាញឱ្យឃើញទេដោយសារតែសំពត់វែងបានបាំងជិតទៅហើយ លើកលែងតែប្រអប់ព្រះបាទខាងក្រោមដែលបានបាក់បែក។ ទម្រង់ជាទូទៅបែបនេះ នាំឱ្យលោក Nadine Dalsheimer យល់ថា ប្រតិមាព្រះវិស្ណុរកឃើញនៅទួលស្រះព្រះធាតុ ខេត្តកំពង់ស្ពឺ មានទម្រង់ប្រហាក់ប្រហែលប្រតិមាព្រះវិស្ណុដែលរកឃើញនៅទួលកំណប់ ខេត្តកណ្តាល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដូចទៅនឹងសិល្បៈឥណ្ឌា នាសម័យគុប្ត ជាពិសេស គឺព្រះនេត្រដែលមានរាងស្ទើរតែដូចគ្រាប់អាម៉ុន ច្រមុះមានរាងកោង និងបបូរមាត់ខ្លី។
សរុបជារួមមក ប្រតិមាព្រះវិស្ណុរកឃើញនៅទួលស្រះព្រះធាតុ ខេត្តកំពង់ស្ពឺ ជាបុរាណវត្ថុដ៏មានតម្លៃសិល្បៈខ្ពស់ក្នុងសម័យមុនអង្គរ (ដើមរចនាបថសំបូរព្រៃគុក នាពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៧) និងជាភស្តុតាងដ៏រស់រវើកបង្ហាញពីការគោរពប្រណិប័តន៍យ៉ាងជ្រាលជ្រៅចំពោះព្រហ្មញ្ញសាសនា និកាយវៃស្នវ និងទំនាក់ទំនងឥទ្ធិពលសិល្បៈឥណ្ឌាសម័យគុប្តរួមបញ្ចូលជាមួយសិល្បៈខ្មែរក្នុងតំបន់។ ទោះបីជាប្រតិមានេះធ្លាប់មានការលួច និងការបំផ្លាញពីក្រុមជនទុច្ចរឹតក្នុងសម័យអតីតកាលយ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងអភិរក្ស ការជួសជុលតម្លើងឡើងវិញដោយអ្នកជំនាញ នៃអាជ្ញាធរបារាំងនិងខ្មែរ បានរក្សាប្រតិមាដ៏មានតម្លៃនេះ សម្រាប់ដាក់តាំងបង្ហាញជូនសាធារណជនឱ្យបានយល់ដឹង។






This paper examines the pre-Angkorean statue of Viṣṇu discovered at Tuol Srah Prah Theat, located in Mreal Thom Village, Pou Mreal Commune, Baset District, Kampong Speu Province. Situated approximately 500 metres north-west of Wat Pou Mreal, the site originally comprised two brick towers that have now entirely collapsed, leaving behind only foundational traces, scattered brickwork, doorframe fragments, and sandstone pedestals. First documented by the French scholars Robert Dalet and Henri Parmentier in 1933 and subsequently published in 1935, the statue represents a significant masterpiece of early pre-Angkorean Khmer art, dated to the early Sambor Prei Kuk style (first half of the seventh century CE). Standing 0.98 metres in height and carved from sandstone (Inventory No. K.1784 / B.340), the icon exhibits classic iconographic characteristics, including a tall cylindrical mitre, a slightly angular face with almond-shaped eyes, and a rigid samabāṅgasthānaka (upright standing) posture. The paper also traces the history of the sculpture following its discovery, detailing its decapitation by art looters shortly after 1933, the subsequent recovery of the head, and its eventual integration into the collection of the Albert Sarraut Museum (now the National Museum of Cambodia) in the mid-1930s. Since 2007, the statue has been conserved and exhibited at the Angkor National Museum in Siem Reap. Stylistically, the piece displays notable affinities with the Indian Gupta tradition, thereby providing vital evidence of early trans-regional artistic influences and the deep-seated veneration of Vaishnavism in early Cambodian civilisation.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





