ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ១)

ប្រពៃណីទំនៀមទម្លាប់ដក់ជាប់លើគំនូរ (ភាគ១)

គំនូរដែលលើកមកនិយាយក្នុងពេលនេះ គឺសំដៅលើ​គំនូរ​នៅតាមវត្ត ដែល​ច្រើន​សង្កេត​ឃើញ​គូរនៅក្នុងព្រះវិហារ​ សាលា​ឆាន់ ឬកុដិ​ព្រះសង្ឃ​គង់នៅ​ជាដើម។ តាមរយៈការសិក្សាលើគំនូរ​កន្លងមកគេ​ឃើញយ៉ាងច្បាស់ថា ទោះបីជាសាច់រឿងនៅក្នុងគំនូរទាំងនោះដកស្រង់ចេញពីពុទ្ធប្រវត្តិ និងរឿងជាតកដូចជា ទសជាតក ឬមហាវេស្សន្តរជាតក   ក៏ជាងគំនូរ តែងប្រើសិល្បៈនិងទេពកោសល្យ​បញ្ជ្រាបគូរបញ្ចូលនូវទិដ្ឋភាពប្រពៃណី និងទំនៀម​ទម្លាប់​នៃ​សង្គម​ខ្មែរ​ ទៅក្នុង​សាច់​រឿង​ពាក់​ព័ន្ធនឹង​ព្រះពុទ្ធសាសនា។ ទិដ្ឋភាពជា  រឿយៗ​ដែលគេ​ធ្លាប់ប្រទះឃើញមានដូចជា ទំនៀម​ក្នុងពិធីមង្គលការ ពិធីបុណ្យប្រពៃណី ទម្រង់ភ្លេង ការ​លេង​​ល្បែងរបាំកម្សាន្ត សម្លៀកបំពាក់ ​និងទម្រង់​សំណង់​លំនៅដ្ឋាន​​របស់ជនជាតិខ្មែរទៅ​តាម​អន្លើ​នីមួយៗ។ ទាំង​នេះក៏អាចជាសក្ខីកម្មបង្ហាញថា វត្តអារាម​គឺជាមជ្ឈ​មណ្ឌល​​នៃការថែរក្សាអត្តសញ្ញាណជាតិ និងជា​ចំណែ​ក​នៃក​​ញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរតាមសម័យកាល ហើយ​ខ្ញុំសូម​លើក​បង្ហាញអន្លើខ្លះដោយត្រួសៗដូចខាងក្រោម​។

ក.ទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល

ជាការពិត នៅក្នុងសាច់រឿងពុទ្ធប្រវត្តិបានលើកឡើងថា នាគ្រាមួយនោះ​​ព្រះ​បាទ​ស្រីសុទ្ធោទន៍​ ដែលជា​ព្រះរាជបិតារបស់​​ព្រះសិទ្ធត្ថ (អនាគតព្រះសម្មាសម្ពុទ្ធ) ទ្រង់​យាង​ចេញ​ច្រត់ព្រះនង្គ័ល​ក្នុង​ព្រះបរមនាមជា​ស្តេចផែនដីនៃនគរ​កបិលពស្តុ។ ក្នុងព្រះរាជ​ពិធី​នោះព្រះអង្គបាននាំព្រះសិទ្ធត្ថ​ទៅចូលរួម ហើយទុកឱ្យ​ព្រះសិទ្ធត្ថគង់នៅក្រោមម្លប់ឈើ។ ខណៈនោះ សិទ្ធត្ថ​កុមារ​គង់នៅ​តែម្នាក់ឯង បានសម្រេចចិត្តគង់ភ្នែន ហើយចម្រើនសមាធិ​​ពិចារណា​អំពី​សត្វ​គោ​ដែលប្រឹង​ប្រែង​អូស​នង្គ័ល​យ៉ាងហត់នឿយ។ ដោយ​តេជានុភាពដ៏​អស្ចារ្យ ម្លប់ឈើមិនឃ្លាត​ជ្រេទេរទៅទិសខាងណាសោះ ពោល​គឺ​នៅតែបាំងត្រង់ចំពីលើព្រះ​កាយព្រះសិទ្ធត្ថ ដោយ​មិនរំកិលទៅតាមពន្លឺព្រះអាទិត្យឡើយ។

 គំនូរនៅ​ត្រង់​អន្លើនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ​មិនមាន​គូរទូទៅគ្រប់វត្តឡើយ តែគំនូរ​នៅ​ព្រះវិហារ​​​វត្ត​​ព្រះស៊ីសុវត្ថិរតនារាម ក្នុងស្រុក​កោះធំ ខេត្ត​កណ្តាល គេគូរ​​ជាទម្រង់គំនូរបុរាណដោយ​បញ្ជាក់​សំណេរ​ពីរ​បន្ទាត់ខាងក្រោមរូបថា “កាល​ព្រះបាទ​ស្រី​សទ្ធោទន(សុទ្ធោ​ទន៍)​ទៅច្រតព្រះនង្គ័ល​ យក​ព្រះ​ពោធិ​សត្រ(ព្រះពោធិសត្វ)​​ទៅ​ផង អោយ​មេនំមេនាង​យក​ទៅ​អោយ​ផ្ទុំ​ក្រោមដើម​ព្រីង”។ ទិដ្ឋភាពក្នុងគំនូរនេះ​គេឃើញថា ​ព្រះរាជា​ទ្រង់យាងច្រត់ព្រះនង្គ័ល​ដោយ​ផ្ទាល់ នៅទីព្រះស្រែ មាន​​​មន្រ្តីតូចធំ​ហែហម​មុខក្រោយ ហើយនៅម្ខាង​មានរៀបភាជន៍​​៣​ ដែល​ទំនងជា​ភាជន៍​អាហារ​​សម្រាប់ផ្សងគោឧសភរាជ និង​​នៅ​ឆ្ងាយ​ពីទីព្រះស្រែ គឺ​មាន​​ព្រះ​សិទ្ធត្ថ​គង់​​​​ក្រោម​ម្លប់ឈើ។ សូមបញ្ជាក់ថា ព្រះវិហារ​នេះបានកសាងឡើងក្រោមព្រះរាជូបត្ថម្ភ​របស់ ព្រះករុណាព្រះបាទ​សម្តេចព្រះ  ស៊ីសុវត្ថិ​ “ព្រះរាជានុកោដ្ឋ” ក្នុង​ឆ្នាំ​១៩០៥ ដោយឧកញ៉ាទេពនិម្មិត ម៉ក់ តែគំនូរខ្លះជួសជុលឡើងវិញក្នុងទសវត្សរ៍ទី​៩០។

ចំណែកឯគំនូរបង្ហាញទំនៀមច្រត់ព្រះនង្គ័លមួយផ្សេងទៀត គូរនៅវត្តទន្លាប់​រង្សី ក្នុងស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ។ ជាងគំនូរបាន​គូរ​​ព្រះបាទស្រី​សុទ្ធោទន៍​​ ទ្រង់​​យាង​ច្រត់​ព្រះនង្គ័ល​នៅ​ទីព្រះស្រែខាងមុខទីធ្លា​ប្រាសាទ​​ ដោយមានមហាជន​ចូលរួមត្រៀប​ត្រា អ្នកខ្លះភ្លូកភ្លឹកមើល​ក្បួន​ច្រត់ព្រះនង្គ័ល ឯខ្លះទៀតក៏ងាកមកចាប់អារម្មណ៍​​ព្រះសិទ្ធត្ថគង់​សមាធិ​ក្រោម​ដើម​ឈើមួយព្រះ​អង្គឯង។ ផ្អែក​​​តាម​សំណេរ​លើ​​​ជញ្ជាំង​​​​ខាង​​កើត​ព្រះវិហារ​វត្ត​នេះ​​ចារ​​​ថា “កសាង​ពីឆ្នាំឆ្លូវកាល​ពុទ្ធសករាជ​២៤៩២” ដែល​កាល​បរិច្ឆេទ​នេះ ត្រូវ​នឹង​រវាង​ឆ្នាំ​១៩៤៩។

ប្រហែលហេតុដូច​មានបង្ហាញមកខាងដើមនេះ ​ទើប​មានឯកសារខ្លះលើក​ឡើង​ថា​ ទំនៀម​ច្រត់ព្រះនង្គ័ល​ក្នុង​សង្គម​ខ្មែរ​ ដែល​ព្រះរាជា​តែង​តែប្រារព្ធឡើងជា​រៀងរាល់ឆ្នាំ​ ​ក៏មាន​ឫសគល់​ពីក្នុងរឿង​ពុទ្ធប្រវត្តិ។ សូមបញ្ជាក់ថា នៅក្នុងសម័យ​សង្គមរាស្រ្តនិយម ព្រះករុណា​ព្រះបរម​រតន​កោដ្ឋ ទ្រង់​ធ្លាប់យាង​ជាព្រះរាជាធិបតីក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល​ប្រារព្ធនៅ​ព្រះលាន​ជល់​ដំរី ក្នុងអតីតក្រុងអង្គរធំ ខេត្ត​សៀមរាប។ ក្រោយ​ព្រះអង្គសោយព្រះទិវង្គត ព្រះរាជពិធី​ច្រត់​ព្រះនង្គ័លក៏ធ្លាប់ប្រារព្ធធ្វើនៅមុខប្រាសាទក្នុងបរិវេណ​ព្រះលាន​ជល់ដំរីម្តងទៀតក្នុង​ឆ្នាំ​២០១៦។

ខ.ទំនៀមពិធីអាពាហ៍ពិពាហ៍ (មង្គលការ)

នៅក្នុងគំនូរតាមវត្ត ពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីអភិសេក ភាគច្រើន​គូរ​បង្ហាញនៅក្នុងឈុតរៀបអភិសេកព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា។ គំនូរភាគច្រើនតែងគូរតួអង្គទាំងពីរអង្គគង់លើបល្ល័ង្កលើកហត្ថាប្រណម ដូចមានគំនូរបុរាណ​វត្ត​កំពង់ត្រឡាចលើ ដែល​កសាងឡើង​នៅដើម​សតវត្សរ៍​ទី​២០ជាដើម។ ក្នុងពិធីនោះ គំនូរ​នៅវត្ត​ខ្លះ​គេតែង​សង្កេតឃើញមានតួអង្គព្រាហ្មណ៍ច្រូចទឹកប្រោះ​ព្រំ​សិរីសួស្តី មា​ន​អ្នកហែហម ភ្លេង​ និង​របាំកំដរ​ផង។ ទំនៀមដដែលនេះ​ នៅសាលា​ឆាន់​វត្ត​អង្គ​សិម្ពលី ក្នុងខេត្ត​កណ្តាល គេ​គូរ​កូន​កំលោះ​ និង​កូនក្រមុំ​ក្រាប​សំពះផ្ទឹម​ ហើយ​​លោក​អាចារ្យ​​​ជាអ្នក​ឱ្យ​ពរ។

ដោយឡែកគំនូរ​នៅតាមវត្ត​ខ្លះ នៅត្រង់ពិធីរៀបអភិសេក​ គេគូរបង្ហាញកូនកំលោះកូនក្រមុំ​ ពោល​គឺ​ព្រះសិទ្ធត្ថនិងព្រះនាង​ពិម្ពា​ យាង​ទន្ទឹមគ្នា​ចុះតាម​ជណ្តើរមានអ្នកបាំង​​ក្លស់ជាដើម​។ មិនតែប៉ុណ្ណោះ បើនៅវត្តអង្គរខាងជើង ក្នុងខេត្ត​សៀមរាប គេ​គូរបង្ហាញទិដ្ឋភាពពិធីរៀបអភិសេកព្រះរាមនិងព្រះនាងសីតា ដែលមានលំនាំដូចការរៀបអភិសេក​ព្រះសិទ្ធត្ថនិងព្រះនាងពិម្ពាដែររ។ ប៉ុន្តែនៅ​វត្តព្រះស៊ីសុវត្ថិរតនារាម ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល គេបានគូរទិដ្ឋភាពអាពាហ៍ពិពាហ៍​មួយដ៏គួរឱ្យ​ចាប់​អារម្មណ៍។ ក្នុងគំនូរបង្ហាញរបៀបបែបអ្នកស្រុក មានភ្លេង និងមាន​អ្នករាំផង​។

ទោះយ៉ាងណាក្តី ប្រសិនបើពិនិត្យលម្អិត​លើសិល្បៈគំនូរត្រង់ពិធីរៀបអភិសេកដូចរៀបរាប់ត្រួសៗ​មក​ពីខាងដើម គេឃើញភាគច្រើន​គូរបង្ហាញត្រង់កិច្ចសំពះផ្ទឹម។ ប៉ុន្តែអ្វីដែលគួរសង្កេត គឺជា​ទូទៅ​ឃើញ​មាន​ដាវ​នៅ​លើ​ដៃកូន​កំលោះ​កូនក្រមុំ​ជា​និច្ច តែតួអង្គកូន​កំលោះជួនកាល​អង្គុយសំពះខាងឆ្វេងដៃកូនក្រមុំ ហើយ​ជួន​កាល​អង្គុយ​​នៅស្តាំដៃកូន​ក្រមុំ។ ទំនៀមត្រង់​កិច្ចនេះ បើមើលនៅក្នុងក្បួន​ទម្រង់ការ​ចាស់ទុំ​តែង​បង្គាប់​កូនកំលោះអង្គុយផ្ទឹម​ស្តាំដៃ ហើយសព្វថ្ងៃក៏ឃើញប្រតិបត្តិបែបនេះតមកដែរ ដូចមានក្នុង​រូបថត  ឯកសារ​ដែលក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ បានរៀបចំ​ភ្ជាប់ជូនក្នុងឯកសារ​ស្នើ​សុំ​ចុះ​ពិធីអាពាហ៍ពិពាហ៍ខ្មែរ នៅ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ​ជា​ភស្តុងតាង​។

ជាសង្ខេបមក គំនូរនៅតាមវត្តអារាមនានានៅក្នុងសង្គមខ្មែរ មិនត្រឹមតែជាការឆ្លុះ ពីសាច់រឿងពុទ្ធប្រវត្តិ និងរឿងជាតកប៉ុណ្ណោះទេ តែក៏ជាផ្នែក​ដ៏សំខាន់មួយក្នុងការបង្ហាញ និងថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរផងដែរ។ តាមរយៈស្នាដៃនិងទេពកោសល្យរបស់ជាងគំនូរ ទិដ្ឋភាពនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល និងកិច្ចសំពះផ្ទឹមក្នុងពិធីអាពាហ៍ពិពាហ៍ បានបញ្ចូលទៅក្នុងសាច់រឿងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដែលទម្រង់ទំនៀមទម្លាប់ទាំងនេះនៅតែត្រូវបានប្រតិបត្តិ និងរក្សាតម្លៃរហូតមកដល់សព្វថ្ងៃ។​ក្នុងអត្ថបទភាគបន្ត ខ្ញុំនឹងលើកយកទិដ្ឋភាពប្រពៃណី ទំនៀមទម្លាប់ផ្សេងទៀត ដែលសង្កេត​ឃើញ​មានគូរបញ្ចូលក្នុងរឿងពុទ្ធប្រវត្តិ បន្ថែមលើ​ទំនៀមទាំងពីរនេះ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img