ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿដើមចារនៅក្នុងជំនឿជីវចល (ករណីសិក្សាតំបន់កោះកេរ)

ដើមចារនៅក្នុងជំនឿជីវចល (ករណីសិក្សាតំបន់កោះកេរ)

នៅក្នុងសង្គមខ្មែរ “ដើមចារ” ជារុក្ខជាតិមួយប្រភេទដែលផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់អ្នកស្រុក ទាំងការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ឱសថព្យាបាលរោគ វេចនំ (រូបលេខ១) ខ្ចប់ប្រហុក (រូបលេខ២) និងខាងជំនឿបែបជីវចល (កិច្ចពិធីផ្សេងៗ)។ គួរឱ្យកត់សម្គាល់ អ្នកស្រុករស់នៅតំបន់កោះកេរ (ខេត្តព្រះវិហារ) តែងនិយមយករុក្ខជាតិមួយប្រភេទនេះប្រើប្រាស់យ៉ាងសកម្មនៅក្នុងកិច្ចពិធីបែបជីវចលផ្សេងៗ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់លាស់នៃប្រព័ន្ធជំនឿមួយដ៏ពេញលេញ។ តើដើមចារ មានជាប់ពាក់ព័ន្ធអ្វីខ្លះនៅក្នុងជំនឿជីវចលរបស់អ្នកស្រុកនៅតំបន់កោះកេរ? 

យោងទៅតាមវចនានុក្រមខ្មែរ បានពន្យល់ថា “ចារ” គឺជាឈ្មោះឈើមួយប្រភេទមានផ្កាសម្បុរក្រហម និងក្លិនឆ្អាប។ ដើមចារ ជារុក្ខជាតិស្ថិតនៅក្នុងអំបូរ Leguminosae និងមានឈ្មោះជាវិទ្យាសាស្រ្តថា “Butea frondosa Roxb” ឬហៅម្យ៉ាងទៀតថា “Flame of the forest” ដែលអាចប្រែជាភាសាខ្មែរថា “អណ្តាតភ្លើងនៃព្រៃ” ហើយបានជាគេហៅដូច្នេះ គឺដោយសារតែ ពេលគេមើលពីចម្ងាយ ត្រង់ពេលចាំងកម្តៅថ្ងៃ គេតែងតែឃើញដើមនេះមានពណ៌ក្រហមដុំៗ និងហាក់ដូចជា    អណ្តាតភ្លើងដូច្នោះដែរ។ ជាទូទៅ ដើមចារមានកម្ពស់ចន្លោះពី ៨ ទៅ ១០ ម៉ែត្រ មានមែកមិនសូវត្រង់ ហើយច្រើនដុះនៅតំបន់វាលទំនាប មាត់ស្ទឹង វាលស្រែ ឬទីវាលជិតផ្ទះ (រូបលេខ៣-៤)។

គួរកត់សម្គាល់ នៅក្នុងភាសាសំស្ក្រឹត ដើមចារ គេស្គាល់ឈ្មោះថា “បលាស” (Palāśa) ដែលមានន័យថាស្លឹក”ដើមឈើពិសិដ្ឋ”។ នៅក្នុងគម្ពីរបទ្មបុរាណ នៃជំនឿហិណ្ឌូសាសនា គេបានចាត់ទុកដើមចារ (បលាស) ជារុក្ខជាតិដ៏ពិសិដ្ឋតំណាងឱ្យ “ព្រះអគ្គី” (ព្រះនៃភ្លើង) ហើយជានិច្ចកាលគេតែងយករុក្ខជាតិនេះធ្វើជាអុស សម្រាប់ប្រើប្រាស់ជាប្រចាំនៅក្នុងកិច្ចបូជាយញ្ញ (បូជាព្រះភ្លើង) ដ្បិត ផ្ការបស់វាមានពណ៌ដូចអណ្តាតភ្លើង ដែលករណីនេះមានន័យស្របគ្នាជាមួយឈ្មោះជាភាសាអង់គ្លេសខាងលើ (អណ្តាតភ្លើងនៃព្រៃ)។ ក្រៅអំពីនេះ ផ្កាពណ៌ក្រហមឆ្អៅនៃដើមចារ គេប្រើសម្រាប់ថ្វាយព្រះ ដូចជា ព្រះនាងសរស្វតី (មហេសីព្រះព្រហ្ម) ព្រះនាងកាលី (មហេសីព្រះសិវ) និងព្រះសិវ ជាពិសេស គឺក្នុងពិធីមហាសិវរាត្រី។ បើនៅក្នុងគម្ពីរវាយុបុរាណ គេបានពោលថា ដើមចារ គឺដុះចេញពីចំហៀងខាងស្តាំនៃព្រះយមរាជ (ព្រះនៃសេចក្តីស្លាប់) និងត្រូវបានចាត់ទុកថាជា “ឃ្លាំងទ្រព្យរបស់ទេវតា”

មិនត្រឹមតែជំនឿនៅក្នុងហិណ្ឌូសាសនាប៉ុណ្ណោះទេ នៅតំបន់កោះកេរ (ខេត្តព្រះវិហារ) ជំនឿពាក់ព័ន្ធជាមួយដើមចារ បានចាក់ឫសយ៉ាងរឹងមាំដូចនៅស្រុកឥណ្ឌាដែរ។ ជាក់ស្តែង នៅចន្លោះខែមករា ដល់ខែកុម្ភៈ ដែលត្រូវនឹងខែមាឃ (រាប់តាមចន្ទគតិ) និងស្របពេលដែលផ្កាចារចេញផ្កាផងនោះ អ្នកស្រុកនៅជុំវិញតំបន់កោះកេរ តែងហៅភ្ជាប់ថា “ខែមាឃផ្កាចារ”។ ទេសកាលនៃខែមាឃផ្កាចារ គឺជាពេលវេលាមួយដែលប្រជាកសិករក្នុងភូមិកោះកេរទំនេរពីស្រែចម្ការ និងជាពេលដែលគេប្រារព្ធពិធីបែបជីវចលមួយចំនួន ដូចជា ពិធីឡើងអ្នកតា ពិធីលេងមេមត់ ពិធីលេងគជេន្ទ្រ ពិធីបញ្ចូលឱ្យស៊ី ឬពិធីលាបំណន់ ជាដើម។ ក្នុងឱកាសនោះ វត្តមានផ្កាចារ គឺមិនអាចខ្វះបានឡើយនៅក្នុងពិធីឡើងអ្នកតា ពិធីលេងមេមត់ និងពិធីលេងគជេន្ទ្រ ព្រោះអ្នកស្រុកជឿថា ប្រសិនបើក្នុងករណីដែលគ្មានផ្កាចារនោះទេ អមនុស្សក៏ពុំអាចចូលសណ្ឋិតក្នុងខ្លួនរូបស្នងបានឡើយ (រូបលេខ៥)។ មិនមែនមានតែនៅតំបន់កោះកេរនោះទេ ដែលវត្តមានផ្កាចារត្រូវបានគេប្រើប្រាស់នៅក្នុងកិច្ចពិធីផ្សេងៗ ជាក់ស្តែង នៅក្នុងកិច្ចពូនភ្នំស្រូវមួយក្នុងខេត្តសៀមរាប គេបានយកផ្កាចារមកធ្វើជាគ្រឿងរណ្តាប់ដើម្បី​បន្ថែមសោភ័ណភាព (សូមមើល អាំង ជូលាន, ២០០៦)។ យ៉ាងណាមិញ នៅតំបន់កោះកេរ គំនិតនៃការប្រើផ្កាចារនៅក្នុងកិច្ចពិធី គឺអាចលើសពីសោភ័ណភាពទៅទៀត ព្រោះមានផ្កាផ្សេងៗជាច្រើនដែលអាចយកលម្អជំនួសផ្កាចារបាន ប៉ុន្តែអ្នកស្រុកពុំដែលយកផ្កាផ្សេងទៀតមកជំនួសផ្កាចារនោះឡើយ។

ករណីខាងលើនេះ យើងអាចសន្និដ្ឋានថា ការដែលផ្កាចារឥតអាចខ្វះបាននៅក្នុងកិច្ចមួយចំនួននៅតំបន់កោះកេរនេះ គឺដោយសារតែផ្ការបស់វាមានពណ៌ក្រហមឆើត ដូចទៅនឹងអណ្តាតភ្លើង ហើយប្រហែលគេប្រៀបប្រដូចអណ្តាតភ្លើងនៃផ្កាចារនេះ ដូចទៅនឹង “ពន្លឺទាន” ដែលអាចអនុញ្ញាតឱ្យអមនុស្សចូលសណ្ឋិតនៅក្នុងខ្លួនរូបស្នងបាន។ ការសនិ្នដ្ឋាននេះ ក៏ពុំមែនគ្មានមូលដ្ឋានពន្យល់ជាអំណះអំណាងនោះដែរ។ ជាក់ស្តែង លោក ស្រេង ជីវន្ត (២០២៥, ទំ. ២៥-២៦) បានពន្យល់ថា វិធីសាស្រ្តធ្វើឱ្យអមនុស្សចូលសណ្ឋិតក្នុងរូបស្នងបាន គឺអាចធ្វើឡើងតាមរយៈរបៀបផ្សេងៗ ដូចជា តាមរយៈការលេបទេព (ផឹកស្រា), តាមរយៈក្លិនទឹកអប់ឬធូប, តាមរយៈការយករបស់របរដែលអមនុស្សចូលចិត្តទៅអន្ទង,​ តាមរយៈការយកក្រមាទាក់ករូបស្នងដើម្បីឱ្យអមនុស្សចូល និងចុងក្រោយតាមរយៈភ្នែក។ វិធីចូលសណ្ឋិតតាមរយៈភ្នែកនេះហើយ ដែលជាប់ពាក់ព័ន្ធជាមួយជំនឿផ្កាចារដែលគេប្រើប្រាស់នៅតំបន់កោះកេរ ដ្បិតគេតម្រូវឱ្យរូបស្នងអង្គុយយកដៃកាន់តោក និងប្រើខ្សែភ្នែកសម្លឹងទៅកាន់ពន្លឺទាន រួចស្មឹងស្មាធិ៍មួយសន្ទុះដើម្បីឱ្យអមនុស្សចូលមកសណ្ឋិត ពោល គេជឿថា ពន្លឺអាចភ្ជាប់ទំនាក់ទំនងគ្នារវាងមនុស្ស និងអមនុស្សបាន (រូបលេខ៦)។

ហេតុដូច្នេះហើយ វាក៏អាចទៅរួចដែរថា ផ្កាចារ គឺជាប់ពាក់ព័ន្ធនឹងពន្លឺ (ពណ៌) ទើបបានជាគេចងផ្កាចារពាសពេញរោងមេមត់។ ចំណុចនេះ មិនសូវខុសគ្នាប៉ុន្មានជាមួយជំនឿបែបហិណ្ឌូសាសនានៅស្រុកឥណ្ឌា ដែលគេយកដើមចារ (បលាស) ប្រើប្រាស់នៅក្នុងកិច្ចបូជាព្រះភ្លើង ហើយក៏មិនខុសពីការហៅជាភាសាអង់គ្លេសថា “អណ្តាតភ្លើងនៃព្រៃ” នោះដែរ។ ចំណុចមួយទៀត ដែលគួរឱ្យកត់សម្គាល់ផងដែរ អ្នកស្រុកនៅភូមិគូ (គោកមន, បន្ទាយអំពិល, ឧត្តរមានជ័យ) គេមានជំនឿ និងត្រណមថា “ហាមបេះផ្កាចារយកចូលស្រុក ព្រោះអាចបណ្តាលឱ្យមានភ្លើងឆេះផ្ទះ” ដែលជំនឿនេះមិនមានអ្វីឆ្ងាយពី “ពន្លឺភ្លើង” នោះឡើយ។ មកដល់ចំណុចនេះ យើងអាចសំយោគឱ្យឃើញភាពរួមគ្នារវាងជំនឿហិណ្ឌូសាសនានៅក្នុងវប្បធម៌ឥណ្ឌា និងជំនឿជីវចលនៅក្នុងវប្បធម៌ខ្មែរ គឺមានគំនិតដូចគ្នាតែមួយ ពោល​ គឺជាប់ពាក់ព័ន្ធជាមួយនឹង “ពន្លឺ” ឬ “ព្រះភ្លើង”។

ជារួមមក ដើមចារ មិនត្រឹមតែជារុក្ខជាតិដែលមានប្រយោជន៍សម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកនៅតំបន់កោះកេរនោះទេ ប៉ុន្តែរុក្ខជាតិមួយប្រភេទនេះ​បានដើរតួជាធាតុផ្សំដ៏ពិសិដ្ឋ និងមិនអាចខ្វះបាននៅក្នុងប្រព័ន្ធជំនឿជីវចល។ តាមរយៈការវិភាគលើតួនាទីរបស់ផ្កាចារក្នុងពិធីលេងមេមត់ និងការសង្កេតឃើញពីទំនាក់ទំនងរវាង​ “ពន្លឺ” និង “អមនុស្ស” យើងអាចសន្និដ្ឋានបានថា ដើមចារ គឺជាស្ពានតភ្ជាប់រវាងពិភពមនុស្ស និងពិភពអមនុស្ស។ ជាងនេះទៅទៀត ការសិក្សានេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការវិវឌ្ឍ និងការសំយោគគ្នាយ៉ាងរលូនរវាងជំនឿហិណ្ឌូសាសនាដែលមានឥទ្ធិពលមកពីឥណ្ឌា ជាមួយនឹងជំនឿជីវចលដើមរបស់ខ្មែរ ដែលបានបង្កប់នូវអត្ថន័យជ្រាលជ្រៅអំពីគំនិតពាក់ព័ន្ធជាមួយ “ព្រះភ្លើង” និង“ពន្លឺ”។ ម្ល៉ោះហើយ ការបន្តថែរក្សាទំនៀមទម្លាប់នៃការប្រើប្រាស់ផ្កាចារក្នុងកិច្ចពិធី គឺមិនត្រឹមតែជាការគោរពទៅតាមទំនៀមបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពីអត្តសញ្ញាណ និងប្រព័ន្ធជំនឿដ៏រឹងមាំរបស់អ្នកស្រុកតំបន់កោះកេរ ដែលនៅតែបន្តរក្សាបាននូវប្រពៃណីវប្បធម៌ និងភាពសក្តិសិទ្ធិនៃជំនឿបែបជីវចលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។

———–

This study explores the profound cultural and spiritual significance of the Char tree (Butea frondosa) within the animistic belief systems of the Koh Ker region, Preah Vihear province, Cambodia. While the Char tree is widely recognized for its utilitarian value in daily life, this research highlights its indispensable role in localised animistic rituals, including spirit possession ceremonies (Me Mot) and ancestral worship. By synthesising ethnographic observations with broader Hindu-influenced traditions, the study argues that the Char flower functions as a symbolic nexus between the human and spiritual realms, specifically through its association with “light” and “divine fire.” The findings suggest that the reliance on the Char flower in ritual contexts transcends aesthetic appeal; it serves as a critical medium for bridging the gap between physical and metaphysical existence, reflecting a unique intersection between Khmer animism and Indic spiritual heritage.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img