អ្នកស្រុកខ្មែរចេះត្បាញកន្ទេលសម្រាប់ប្រើប្រាស់ច្រើនបែបយ៉ាងណាស់ ពោលគឺអាស្រ័យដោយចំណេះប្រាជ្ញ រៀនបន្តពីម្តាយឪពុកឬចាស់ទុំក្នុងភូមិ និងបរិស្ថានដែលគេអាស្រ័យនៅ។ សោតឯអម្បាលកន្ទេលទាំងនោះ ក៏មានឈ្មោះផ្សេងៗហៅតាមវត្ថុធាតុយកមកត្បាញដែរដូចជា កន្ទេលរុនត្បាញពីដើមរុន កន្ទេលចចូតត្បាញពីដើមចចូត កន្ទេលផ្ទាវត្បាញពីធាងផ្អាវ កន្ទេលផ្តៅត្បាញពីចម្រៀកផ្តៅ កន្ទេលជ្រែត្បាញពីស្លឹកជ្រែ កន្ទេលស្លឹកត្នោតត្បាញពីស្លឹកត្នោត និងកន្ទេលក្រហមគឺត្បាញកក់ជ្រលក់ពណ៌ជាដើម។ លើសពីចំណេះត្បាញឱ្យកើតជាកន្ទេលផង គេឃើញការប្រើប្រាស់កន្ទេលក្នុងសង្គមខ្មែរក៏មានបែបផែនផ្សេងគ្នាដែរ ដូចជាកន្ទេលសម្រាប់ក្រាលទទួលភ្ញៀវនិងប្រើក្នុងពិធីមង្គលការឬពិធីបុណ្យទាន កន្ទេលជាទេយ្យវត្ថុប្រគេនព្រះសង្ឃនៅតាមវត្តអារាម កន្ទេលដេក កន្ទេលហាលស្រូវ និងហាលអ្វីៗទៀតជាច្រើន។
បើលើកមកនិយាយដាច់ដោយឡែកចំពោះតែកន្ទេលក្រហម គេសម្គាល់ឃើញថាហាក់ដូចជាមានលក្ខណៈវិសេសទាំងការត្បាញ និងការប្រើប្រាស់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ខ្មែរហៅថា “កន្ទេលក្រហម” ដ្បិតដោយសារគេនិយមប្រើពណ៌ក្រហមជាគោល ត្បាញលាយនឹងពណ៌ផ្សេង។ ការត្បាញកន្ទេលនេះ ជាចំណេះប្រពៃណីចេះតពីដូនតានៅក្នុងតំបន់មួយចំនួនដូចជា ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម (ខេត្តកណ្តាល) ស្រុកពារាំង (ខេត្តព្រៃវែង) ស្រុកកងមាស (ខេត្តកំពង់ចាម) និងស្រុកកំពង់ត្រឡាច (ខេត្តកំពង់ឆ្នាំង) ។ល។ ចំពោះវត្ថុធាតុសំខាន់សម្រាប់ត្បាញកន្ទេលក្រហមគឺ កក់មូល ក្រចៅ និងល័ក្ត។ ចំណែកឯកក់ គឺជាពពួករុក្ខជាតិប្រភេទជាស្មៅ មានឈ្មោះឡាតាំងថា Mariscus compactus មានកក់ដើមមូល(កក់មូល) និងកក់ដើមជ្រុង(កក់ជ្រុង) ហើយភាគច្រើនដុះដោយធម្មជាតិ។ ប៉ុន្តែសព្វថ្ងៃអ្នកត្បាញកន្ទេលក្រហមត្រូវដាំកក់មូល ដោយព្រោះគ្រាប់ រួចដកកូនកក់ទៅស្ទូង ដូចស្ទូងស្រូវនៅតាមមាត់ទឹក ឬមាត់ទន្លេ ប្រហែលដោយការប្រើកក់ជាវត្ថុធាតុចម្បង ទើបខ្លះហៅកន្ទេលក្រហមថា “កន្ទេលកក់” ដែរ។
កក់ស្ទូងរួចប្រហែល៣ខែ កម្ពស់ប្រហែល១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ គេត្រូវច្រូតយកតែដើមណាល្អ មិនគ្រេចឬមិនបាក់ដើមតែប៉ុណ្ណោះ។ កក់មួយដើម គេច្រៀកបានបីទៅបួនចម្រៀក ដើម្បីទៅច្រៀកយកបណ្តូលចេញ រួចហាលឱ្យស្ងួត ប្រមូលចងបាច់ទុកក្នុងផ្ទះសម្រាប់ប្រើត្បាញកន្ទេល។ ការដាំដុះច្រូតកាត់ប្រមូលផលកក់នេះ អ្នកស្រុកតាមដងទន្លេច្រើនធ្វើនៅរដូវទឹកស្រក។ លុះដល់រដូវវស្សា ក្រៅពីការងារចិញ្ចឹមជីវិតធ្វើស្រែចម្ការ ឬរបរនេសាទ គេអាចយកកក់ដែលហាលស្ងួតនោះមកត្បាញកន្ទេលប្រើប្រាស់ ឬលក់ដូរបន្ថែមចំណូលក្នុងគ្រួសារ។ ដូចគ្នានេះដែរ ចំពោះក្រចៅដែលប្រើជាវត្ថុធាតុក្នុងការងារត្បាញកន្ទេលនេះដែរ ក៏ត្រូវដាំដុះ និងប្រមូលផលយកទៅសកយកសំបកហាលថ្ងៃរក្សាទុកជាមុនដូចកក់ដែរ។ ក្រចៅនេះបន្ទាប់ពីស្ងួតហើយ គេត្រូវវេញវាឱ្យកើតជាខ្សែវែងជាប់គ្នា ហើយមូរជារបុំដូចអំបោះហុង។
ឧបករណ៍ប្រើប្រាស់សម្រាប់ត្បាញកន្ទេលមានច្រើនគួរសមដែរ តែបើរាប់ត្រួសៗមានដូចជា កីធ្វើពីឈើនិងឫស្សី ស្និត បន្ទាត់វែង(ឬឈើចាក់ ឬឈើដាម) បង្គោលទល់រាល បន្ទះក្ដារ និងរាល។ វត្ថុទាំងអម្បាលម៉ាននេះ ច្រើនតែអ្នកត្បាញធ្វើដោយដៃឯង ឬពឹងពររកអ្នកភូមិផងធ្វើឱ្យ។ ចំណែកវត្ថុធាតុសម្រាប់យកមកត្បាញមានដូចជា សរសៃកក់ស្ងួត ក្រចៅ និងល័ក្ដ។ ចំពោះល័ក្ត ដែលប្រើសម្រាប់ជ្រលក់កក់ ពីដើមឡើយប្រើល័ក្ដធម្មជាតិ តែសព្វថ្ងៃគេនិយមប្រើល័ក្ដគីមី (ខ្លះហៅល័ក្តផ្សារ)។
តាមការសង្កេត កន្ទេលក្រហមដែលត្បាញពីកក់មូលនេះមានពីរប្រភេទ គឺប្រភេទកន្ទេលសម្រាប់ប្រើប្រាស់ក្នុងគ្រួរសារ មានបណ្ដោយជាមធ្យម២ម៉ែត្រ ទទឹងអាចខុសៗគ្នាអាស្រ័យលើធ្មេញឈើ ដែលអាចមានប្រវែងពី០,៨០ម៉ែត្រ រហូតដល់១,៥០ម៉ែត្រ។ ប៉ុន្តែប្រសិនចង់បានទទឹងធំរហូតដល់១,៦០ ឬ១,៨០ម៉ែត្រ គេត្រូវត្បាញតគ្នា ពោលគឺយកកក់ខ្លីត្បាញភ្ជល់មុខ ដែលគេហៅថាកន្ទេលត។ ចំណែកកន្ទេលមួយប្រភេទទៀតហៅថា “កន្ទេលខ្សែ” ដែលយើងតែងសង្កេតឃើញប្រើនៅតាមវត្ត ក្រាលសម្រាប់ព្រះសង្ឃគង់ឆាន់ចង្ហាន់ ឬសម្រាប់ពុទ្ធបរិស័ទអង្គុយ។ កន្ទេលនេះមានទទឹងប្រហែល០,៨០ម៉ែត្រ ទៅ១ម៉ែត្រ ហើយអាចមានបណ្ដោយប្រវែងពី៥ម៉ែត្រ ឬរហូតដល់១០ម៉ែត្រ អាស្រ័យតាមការចង់បាន។ ចំពោះការត្បាញកន្ទេលក្រហម ត្រូវចាប់ផ្តើមដោយអន្ទងខ្សែក្រចៅជាមុនសិន ហើយកិច្ចការត្បាញនេះ យ៉ាងហោចត្រូវមានមនុស្ស២ ទៅ៣នាក់ ដោយម្នាក់កាន់ធ្មេញដំកក់ និងម្នាក់ទៀតចាំកាន់ឈើចាក់ស៊កកក់ចូលក្នុងខ្សែក្រចៅ។ ជាធម្មតាមួយថ្ងៃគេអាចត្បាញកន្ទេលធម្មតាបាន១ ឬ២ រីឯកន្ទេលខ្សែត្រូវចំណាយពេលប្រហែល២ថ្ងៃ ទៅ ៥ថ្ងៃ។ សូមបញ្ជាក់ថាមុននឹងយកសរសៃកក់ដែលហាលស្ងួតនោះទៅត្បាញ គេត្រូវយកវាទៅជ្រលក់ពណ៌ រួចហាលឱ្យស្ងួតជាមុនសិន។
ចំពោះក្រឡាឬគោម(ឬខ្លះហៅថាក្បាច់)នៅលើកន្ទេលក្រហមមានច្រើនបែបយ៉ាងដែរ អាស្រ័យលើគំនិតច្នៃប្រឌិត។ ក្រឡាឬគោមទាំងនោះកើតពីការត្បាញដោយឆ្លាស់គ្នារវាងសរសៃកក់ពណ៌ផ្សេងៗដូចជា ក្រឡាសារ៉ុង ក្រឡាដុំឥដ្ឋ ក្រឡាកន្សែងព័ទ្ធ ក្រឡាស្រកាលិញ(តូច-ធំ) ក្រឡាដុំអាចម៍ជ្វា ក្រឡាខ្វែង ក្រឡារូបផ្កាយ និងក្រឡាចម្រុះជាដើម។ បើតាមឯកសារស្រាវជ្រាវដើមទសវត្សទី៤០ ក្រឡាកន្ទេលក្រហមមួយបែបរបស់អ្នកស្រុកកំពង់ត្រឡាច ត្រូវអ្នកស្រុកព្រែកតាមាក់ ខេត្តកណ្តាលនិយមរាប់អានធ្វើតាមក៏គេហៅជាប់ឈ្មោះថា “ក្រឡាកំពង់ត្រឡាច” ដែរ។
ដោយឡែក ចំពោះការប្រើប្រាស់កន្ទេលក្រហម (ឬកន្ទេលកក់)ក្នុងទិដ្ឋភាពខ្លះនៃវប្បធម៌ខ្មែរ យើងមើលឃើញថាក្នុងពិធីសំពះផ្ទឹមរៀបអាពាហ៍ពិពាហ៍ គេច្រើននិយមប្រើកន្ទេលក្រហមទុកជាកន្ទេលមង្គលសម្រាប់រៀបចំឱ្យកូនក្រមុំ និងកូនកំលោះអង្គុយសំពះផ្ទឹមក្រាបក្បាលដល់កន្ទេលមុខចាស់ទុំ។ ចំណែកក្នុងទំនៀមដង្ហែអង្គកឋិនទានផង ក៏តែងសម្គាល់ឃើញមានកន្ទេលក្រហម ធ្វើជាទេយ្យវត្ថុសំខាន់ដង្ហែប្រគេនព្រះសង្ឃដែរ។ ប៉ុន្តែត្រង់ប្រការខាងលើ គួរមានការសិក្សាស្រាវជ្រាវបន្ថែមអំពីខ្លឹមសារ និងអត្ថន័យកន្ទេលក្រហមក្នុងពិធីប្រពៃណីបន្ថែមទៀត ដ្បិតគេឃើញមានប្រើក្រាលព្រះសង្ឃគង់ ក្រាលទទួលភ្ញៀវ រហូតដល់ប្រើជាវត្ថុមង្គលនៅក្នុងកិច្ចឡើងផ្ទះថ្មីទៀតផង។
សរុបសេចក្តីមក ការត្បាញកន្ទេលក្រហម មិនត្រឹមតែជាសិប្បកម្មប្រពៃណីដែលបានបន្សល់ទុកពីបុរាណ ជាប់នឹងចំណេះដឹងប្រពៃណីដាំដុះកក់ ជ្រលក់ពណ៌ និងត្បាញយ៉ាងផ្ចិតផ្ចង់ទេ តែកិច្ចការនេះក៏ជាផ្នែកមួយយ៉ាងសំខាន់នៃអត្តសញ្ញាណវប្បធម៌ និងជីវភាពសង្គមខ្មែរផងដែរ។ ថ្វីបើកន្ទេលបានប្រើប្រាស់ទូទៅក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់ទទួលភ្ញៀវ ឬលក់ដូរបង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារក៏ដោយ តែវត្ថុនេះមានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជំនឿ និងពិធីបុណ្យប្រពៃណី ដូចជាការប្រើជាវត្ថុមង្គលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងក្នុងពិធីកឋិនទានជាដើម។ ដូច្នេះការបន្តសិក្សាស្រាវជ្រាវ ការលើកកម្ពស់ និងការថែរក្សាមរតកសិប្បកម្មកន្ទេលក្រហម គឺជាកាតព្វកិច្ចដ៏ចាំបាច់ដើម្បីធានាថាចំណេះដឹងត្បាញតាមបែបប្រពៃណីរបស់ដូនតាខ្មែរនៅតែមានអត្ថិភាព និងរីកចម្រើនក្នុងសង្គមសម័យទំនើប៕










អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





