នៅក្នុងសង្គមខ្មែរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានកំណត់ជាពិធីបុណ្យជាតិ ដែលជានិមិត្តរូបនៃការចាប់ផ្តើមរដូវវស្សា និងការបង្កបង្កើនផលកសិកម្ម ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ឬព្រះរាជតំណាង ជាអ្នកភ្ជួរស្រែ ដើម្បីឱ្យមានគន្លងមុនគេ ដ្បិតក្នុងជំនឿខ្មែរគោរពព្រះមហាក្សត្រជាស្តេចផែនដី គ្រប់គ្រងថែរក្សាព្រះនគរ។ ក្នុងព្រះរាជពិធីជាប្រពៃណីនេះ “ព្រះគោ” ឬ “គោឧសភរាជ” ជារាជពាហនៈបានដើរតួនាទីជាតួអង្គសំខាន់ ដែលមិនត្រឹមតែបង្ហាញពីកម្លាំងអូសទាញបង្កបង្កើនផលប៉ុណ្ណោះទេ តែថែមទាំងបានឱ្យយើងដឹងអំពីប្រផ្នូលផលកសិកម្មដំណាំផ្សេងៗក្នុងរដូវដាំដុះថ្មី តាមរយៈការផ្សងអាហារ៧មុខ ដែលព្រះគោបរិភោគ។ ទិដ្ឋភាពជាអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្លានៃការផ្សងគោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ក៏ធ្លាប់បោះពុម្ពនៅលើក្រដាសប្រាក់មួយរយរៀល ចរាចរប្រើប្រាស់នាចុងទសវត្សរ៍ទី៥០ផងដែរ។
ដែលជួនកាលប្រារព្ធនៅទីវាលព្រះមេរុក្នុងរាជធានីភ្នំពេញ ឬជួនកាលប្រារព្ធនៅទីព្រះស្រែតាមបណ្តាខេត្ត។ ពីថ្ងៃ១រោច ដល់ថ្ងៃ៣រោច ព្រាហ្មណ៍តែងធ្វើកិច្ចតាមទំនៀមនៅទីព្រះស្រែ ហើយនៅថ្ងៃ៤រោច ព្រះមហាក្សត្រទ្រង់តាំងមន្រ្តីជាន់ខ្ពស់ណាម្នាក់ឱ្យធ្វើជាស្តេចមាឃ រីឯភរិយាមន្រ្តីរូបនោះចាត់តាំងឱ្យធ្វើជាមេហួ ចេញច្រត់ព្រះនង្គ័លក្នុងនាមជាព្រះរាជតំណាង។ នៅក្នុងវេលានោះ ស្តេចមាឃតែងស្លៀកសំឡុយសារបាប់ ពាក់អាវផាយ រីឯមេហួក៏ស្លៀកសំឡុយសារបាប់ ពាក់អាវរឹបរាង ពាក់ស្បៃឆៀងគ្របពីលើ និងពាក់ខ្សែឆៀង។
ដោយឡែកបើត្រឡប់មកនិយាយអំពីព្រះគោឬគោឧសភរាជ ជារាជពាហនៈរបស់ព្រះមហាក្សត្រ មានព្រះលក្ខណៈល្អបំផុត ពោលគឺជាស្តេចគោឈ្មោះ “ឧសភ” មានកម្លាំងលើសលុបគោសាមញ្ញ អាចអូសរទេះចំនួន៥០០ ផ្ទុកពេញដោយរបស់ទ្រព្យ។ គោឧសភរាជនេះ កើតមានក្នុងលោកតែមួយដងមួយកាល ហើយមានតែក្នុងទីខ្លះ មិនមានទូទៅគ្រប់ស្រុកគ្រប់ប្រទេសឡើយ។ តាមជំនឿបុរាណលោកជឿថា គោឧសភរាជ ជាព្រះទីនាំងនៃព្រះឥសូរ ហើយជាព្រះគោដែលមានសម្បុរសផង។ ប្រហែលគំនិតដូច្នេះហើយទើបគេសង្កេតឃើញគំនូរតាមវត្តខ្លះ ដែលគូរត្រង់អន្លើព្រះបាទសុទ្ធោទន៍ជាស្តេចផែនដីទ្រង់យាងចេញច្រត់ព្រះនង្គ័ល ក៏ឃើញគូរព្រះគោនោះមានសម្បុរស។ ព្រះគោសម្បុរសដូច្នោះ ក៏ធ្លាប់ឃើញក្នុងរាជ្យ ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលទ្រង់ចេញច្រត់ព្រះនង្គ័លផ្ទាល់ព្រះអង្គដែរ។ ប៉ុន្តែចំណេរតមក គោឧសភរាជក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លតែងសង្កេតឃើញសម្បុរខ្មៅដល់សព្វថ្ងៃ។
ក្នុងទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល គេឃើញលក្ខណៈសម្គាល់ផ្សេងទៀតរបស់គោឧសភរាជមានដូចជា សម្បុរខ្មៅ ស្នែងរាងជ្រពាស់ឈ្នក់ ឬប្រក់នាគ គឺស្នែងកោងខុបទៅមុខបន្តិច ហើយវាត់ចុងឡើងបន្តិច។ ប៉ុន្តែគោពីរនឹមផ្សេងទៀត សម្រាប់ហែមុខហែក្រោយក្នុងពេលភ្ជួរច្រត់ព្រះនង្គ័លនោះ ពុំឃើញមានកំណត់លក្ខណៈអ្វីឡើយ តើបើតាមធ្លាប់សង្កេតមកច្រើនតែមានសម្បុរក្រហម។ រីឯព្រះគោនោះ វេលាទឹមច្រត់ព្រះនង្គ័លគេ តុបតែងប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។ ចំណែកនង្គ័លទាំង៣នោះ គេលាបពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ តែចន្ទោលគឺធ្វើជារូបនាគ លាបពណ៌លឿង (ពណ៌មាស) នៅត្រង់កនាគមានភូធ្វើពីរោមសត្វ។
ដូចពោលមកពីខាងដើម ក្រៅពីព្រះលក្ខណៈវិសេសនៃគោឧសភរាជដែលបុរាណចាត់ទុកថាប្រសើរលើសគោសាមញ្ញធម្មតា តួនាទីជានិមិត្តរូបមួយនៃគោឧសភរាជ គឺការផ្សងប្រផ្នូលអំពីផលដំណាំដាំដុះក្នុងរដូវខាងមុខ និងបញ្ហាសង្គមផ្សេងៗ។ ជាធម្មតាបាគូជាអ្នកដឹកនាំក្បួនច្រត់ព្រះនង្គ័ល ដែលមានស្តេចមេឃច្រត់ព្រះនង្គ័លកណ្តាល និងមេហួដើរតាមក្រោយព្រះនង្គ័លទាំងបីព្រាចគ្រាប់ពូជផ្សេងៗ តាមទិសទក្ខិណាព័ទ្ធ (ព័ទ្ធស្តាំ) ក្នុងបរិវេណព្រះស្រែ។ លុះច្រត់ព្រះនង្គ័លគ្រប់បីជុំហើយ គេលែងគោឧសភរាជឱ្យព្រាហ្មណ៍ប្រោះព្រំ និងផ្សងអំពីផលដំណាំផ្សេងៗសម្រាប់រដូវកាលធ្វើកសិកម្មថ្មី។ វត្ថុដែលយកទៅផ្សងមានប្រាំពីរមុខគឺ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។
តាមជំនឿទំនាយ ប្រសិនបើគោឧសភរាជបរិភោគគ្រាប់ពូជណាមួយក្នុងចំណោមអាហារទាំង៧មុខដូចរៀបរាប់ខាងលើ គេជឿថាដំណាំនោះនឹងបានផលល្អ ហើយបើគោឧសភរាជបរិភោគទឹក ទំនាញថានឹងមានភ្លៀងធ្លាក់បរិបូរណ៍។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើគោឧសភរាជបរិភោគស្មៅស្រស់ ទំនាយថាសត្វពាហនៈនឹងកើតជំងឺដង្កាត់ផ្សេងៗ។ បើគោឧសភរាជបរិភោគស្រា ទំនាយថាស្រុកទេសនឹងកើតមានមនុស្សពាល ចោរលួចឆក់ប្លន់ អសន្តិសុខក្នុងសង្គម។ ខ្លឹមសារនៃប្រផ្នូលនេះ គឺក្រុមព្រហ្មណ៍ជាអ្នកសង្កេតកត់ត្រា រួចទូលថ្វាយចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រក្នុងវេលានោះឯង។
សូមរំលឹកថា ក្រោយប្រទេសមានសន្តិភាព ព្រះរាជពិធីច្រត់ព្រះនង្គ័លក៏ចាប់ផ្តើមប្រារព្ធក្នុងឆ្នាំ១៩៩៣ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ហើយចាប់ពីឆ្នាំ១៩៩៤ រហូតមក ប្រារព្ធនៅវាលព្រះមេរុក្បែរព្រះបរមរាជវាំង (ឆ្នាំ២០១០ ប្រារព្ធនៅសៀមរាប)។ ប៉ុន្តែចាប់ពីក្រោយ ព្រះករុណាព្រះបាទ នរោត្តម សីហនុ សោយព្រះទិវង្គត (ឆ្នាំ២០១២) ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងប្រារព្ធតាមបណ្តាខេត្តដូចជា ខេត្តកំពង់ចាម (ឆ្នាំ២០១៣) ខេត្តកណ្តាល (ឆ្នាំ២០១៤) ខេត្តបាត់ដំបង (ឆ្នាំ២០១៥) ខេត្តសៀមរាប (ឆ្នាំ២០១៦) ខេត្តព្រៃវែង (ឆ្នាំ២០១៧) ខេត្តស្វាយរៀង (ឆ្នាំ២០១៨) និងខេត្តតាកែវ (ឆ្នាំ២០១៩)។ ចាប់ពីឆ្នាំ២០២០ មកព្រះរាជពិធីនេះត្រូវបានផ្អាកដោយសារវិបត្តិកូវីដ-១៩ និងបានបន្តប្រារព្ធឡើងវិញនៅខេត្តកំពង់ធំ (ឆ្នាំ២០២៣) ខេត្តកំពង់ស្ពឺ (ឆ្នាំ២០២៤) ខេត្តកំពង់ឆ្នាំង (ឆ្នាំ២០២៥) ហើយក្នុងឆ្នាំ២០២៦ គ្រោងប្រារព្ធធ្វើនៅខេត្តព្រៃវែង។
ជារួមមក ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃ ដែលជានិមិត្តរូបនៃការចាប់ផ្តើមរដូវបង្កបង្កើនផល និងបង្ហាញពីការយកព្រះទ័យទុកដាក់ខ្ពស់របស់ព្រះមហាក្សត្រចំពោះវិស័យកសិកម្ម។ ក្នុងនោះដែរ “គោឧសភរាជ” មិនត្រឹមតែជារាជពាហនៈមានលក្ខណៈវិសេសខុសពីគោធម្មតាទេ តែបានដើរតួជាអ្នកនាំសារប្រផ្នូលតាមរយៈការផ្សងអាហារទាំង៧មុខ ដើម្បីជម្រាបជូនដល់ប្រជានុរាស្ត្រអំពីទិន្នផលដំណាំ អំពីភ្លៀង ក៏ដូចជាសុខសន្តិភាពសង្គមក្នុងរដូវកាលថ្មី។ ការរក្សាបាននូវភាពហ្មត់ចត់នៃទំនៀមទម្លាប់ ចាប់តាំងពីការរៀបចំក្បួនខ្នាត គ្រឿងតុបតែង រហូតដល់ការប្រារព្ធពិធីនៅតាមបណ្តាខេត្តនានាជារៀងរាល់ឆ្នាំ ជាសក្ខីភាពបញ្ជាក់ពីអត្តសញ្ញាណជាតិដ៏រឹងមាំ និងជាកម្លាំងចលករក្នុងការលើកទឹកចិត្តដល់កសិករខ្មែរឱ្យបន្តខិតខំប្រឹងប្រែងបង្កបង្កើនផល ដើម្បីភាពសម្បូរសប្បាយរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា៕














អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





