ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿវិសាខបូជានិងសិល្បៈគំនូរតាមវត្ត៖ ប្រសូត ត្រាស់ដឹង បរិនិព្វាន

វិសាខបូជានិងសិល្បៈគំនូរតាមវត្ត៖ ប្រសូត ត្រាស់ដឹង បរិនិព្វាន

វិសាខបូជា គឺជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ។ ទន្ទឹមនឹងនេះ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ​។ ក្នុងប្រទេសកម្ពុជា វិសាខបូជា​ត្រូវ​បាន​រាជរដ្ឋាភិបាល ​កំណត់ជា​ថ្ងៃបុណ្យ​ជាតិប្រចាំឆ្នាំ​ នៅក្នុងប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្រ្តីរាជការ និយោជិត និងកម្មករ​។

នៅកម្ពុជា ជាទូទៅរាជរដ្ឋាភិបាលតែង​រៀបចំ​ប្រារព្ធ​ធ្វើ​បុណ្យវិសាខបូជា នៅចំ​ថ្ងៃ១៥កើតខែពិសាខ នៅ​បរិវេណព្រះសក្យមុនីចេតិយកណ្តាល​រាជធានី​ភ្នំពេញ​ ត្រង់​មុខ​ស្ថានីយ​រាជ​អយស្ម័យយាន ឃើញតាំងពីក្នុង​រាជ្យ​ព្រះបាទបរមរតនកោដ្ឋ​ រហូតលុះ​​សាងបាន​​ព្រះសក្យ​មុនី​ចេតិយ​ថ្មី​លើ​ភ្នំព្រះរាជទ្រព្យ​​ តែង​មានការ​និមន្ត​ចូលរួម​ពីព្រះសង្ឃគ្រប់ជាន់ថ្នាក់ និងមានការ​​អញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ និង​មន្ត្រីរាជការ​ ប្រារព្ធបុណ្យ​វិសាខ​បូជាយ៉ាងអធិកអធម​ក្រៃលែង​​។ ដោយឡែកនៅតាមបណ្តាវត្តអារាម​នានា​ទូទាំងប្រទេស ក៏តែ​​​បានរៀបចំពិធីបុណ្យវិសាខបូជា​ព្រមៗគ្នា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថាព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ​។

ជាការពិត ​​ក្នុង​គម្ពីរ​បឋមសម្ពោធិបាន​​ចែង​សម្តែង​ថា ​បុរាណាចារ្យ​លោក​​តាក់តែង​បុណ្យ​វិសាខ​បូជា​ ដើម្បី​រំលឹក​ដល់អភិមង្គលនៃ​ថ្ងៃព្រះអង្គទ្រង់​ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន។ នក្ខត្តសម័យទាំងបីដូចពោលខាងលើ ត្រូវ​​គ្នា​គ្រប់​ប្រការ​​​​ ចំ​នៅ​ថ្ងៃ​១៥កើត ​ពេញបូរមី ​ខែ​ពិសាខ​​ទាំងអស់ ដោយខុសតែឆ្នាំ។ មិន​តែប៉ុណ្ណោះ បើ​រាប់​ពី​ថ្ងៃ​​១៥​កើត​ពេញបូរមី​ ខែ​មាឃ​ ​ដល់​ថ្ងៃ​១៥​កើត​ ពេញ​បូរមី​ ខែ​ពិសាខ​ ​គឺ​​រយៈ​ពេល​បី​ខែ​គត់​ ដូច​ព្រះពុទ្ធអង្គ​បាន​ប្រកាសចំពោះ​ភិក្ខុ​​ទាំង​១២៥០អង្គ ​ក្នុង​ចតុរុង្គ​សន្និ​បាត ថា​ព្រះអង្គនឹង​​រំលត់​ខន្ធ​ចូល​​កាន់​បរម​និព្វាន​ក្នុង​បីខែ​ទៀត។

យោងតាម​ឯកសារ​ព្រះរាជពិធីទ្វាទសមាសបញ្ជាក់ដូចគ្នាថា វិសាខ​បូជា​ គឺជា​មហា​មង្គល​របស់​ព្រះសម្មាសម្ពុទ្ធ​ព្រះបរម​គ្រូ​ទ្រង់​ប្រសូត​ចាក​ព្រះមាតុទរ ទ្រង់ត្រាស់ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រំលត់ខន្ធចូល​កាន់​ព្រះបរមនិព្វាន។ ឯកសារ​ដដែល​​ក៏​បាន​បង្ហាញដែរ​ថា វិសាខបូជាប្រារព្ធឡើងដំបូង​នៅ​ប្រទេស​ឥណ្ឌា ហើយនៅកម្ពុជា​បាន​ផ្គង​ធ្វើ​​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេចព្រះហរិរ័ក្ស (ព្រះអង្គដួង) ដែលគង់នៅ​ក្រុង​ឧត្តុង្គឆ្នាំ​១៨៥៤។ ក្នុង​ថ្ងៃ​​ពិសាខ​​បូជា​នេះដែរ ជា​ទូទៅ​ពុទ្ធ​​សាសនិក​​តែង​នាំ​​គ្នា​ទៅ​កាន់​ទី​​​អារាម​នានា ថ្វាយ​គ្រឿង​​បូជា​​ផ្សេងៗ​ លំឱន​ការ​គោរព​ចំពោះ​គុណ​ព្រះ​ពុទ្ធ​អង្គ​​​​ដូច​ជា​​​ ​​ទៀន​ ធូប​ ផ្កា​ភ្ញី និង​ប្រទីប​ជ្វាលា​​ជា​ដើម​​។ វេលា​រាត្រី​ ពុទ្ធ​បរិស័ទ​ជួប​​ជុំ​នមស្ការ​សមាទាន​​សីល និង​ជា​ពិសេស​គឺ​ស្តាប់​ការ​សម្តែង​ធម្មទេស​នា​អំពី​ពុទ្ធ​​ប្រវត្តិ​​។ តាមគន្លងប្រពៃណី ការប្រារព្ធពិធីបុណ្យ​វិសាខ​​បូជា​ មានការ​សម្តែង​ខ្សែររឿង​ពុទ្ធប្រវត្តិ​តាំងពីដើម​ដល់ចប់។ ការសម្តែង​នោះ​ ជា​គ្រឿង​បណ្តុះ​សទ្ធា​ដល់ពុទ្ធបរិស័ទ​​ឱ្យ​កើត​សេចក្តី​ជ្រះថ្លា​ក្នុងព្រះរតនត្រៃយ៍។

ដោយឡែក​ បើក្រឡេក​មើលគំនូរ​ដែល​តែង​គូរ​​តាម​វត្ត​ បង្ហាញ​ត្រង់ព្រះ​អង្គ​ទ្រង់ប្រសូត ទ្រង់​ត្រាស់ដឹង និង​ទ្រង់​ចូលកាន់​ព្រះបរម​និព្វាន ដែល​កំណត់​ជា​ហេតុ​នៃបុណ្យ​វិសាខ​បូជានោះ គេសង្កេតឃើញគំនូរ​ទាំង​បីអន្លើ​មានលក្ខណៈ​សិល្បៈ​យ៉ាង​ល្អប្លែកគួរ​ឱ្យ​ពិចារណា។​​​ គំនូរ​ទ្រង់ប្រសូតនិងបរិព្វាន​​ ច្រើន​គូរនៅលើ​ជញ្ជាំង​ព្រះវិហារ​​​ ដែល​គេយល់ថា​ជា​ចំណុច​ចាប់ផ្តើម (ប្រសូត) និង​បញ្ចប់សាច់រឿង (បរិនិព្វាន)។ អន្លើទាំងពីរ​គេ​ច្រើន​​គូរ​​បញ្ចូល​ទិដ្ឋភាព​ពាក់ព័ន្ធនឹង​សង្គមមនុស្សខ្មែរ​ជាក់ស្តែងដូចជា នៅឧទ្យាន ឬប្រាសាទ​បុរាណ មាន​ព្រះឆាយាលក្ខណ៍​ព្រះមហាក្សត្រខ្មែរ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ឬព្រះសង្ឃ​ជា​ធំក្នុងវត្ត​ ឬរូបតួអង្គម្ចាស់សទ្ធាជាដើម។ ប៉ុន្តែសិល្បៈគំនូរនៅត្រង់​ព្រះអង្គត្រាស់ដឹង​​ច្រើន​គូរ​នៅ​ជ្រុង​និរតី ឬជញ្ជាំងខាងលិច ហើយមានអន្លើពាក់ព័ន្ធក្បែរៗនោះដូចជា​ ទ្រង់​ទទួល​ចង្ហាន់​នាងសុជាតា និង​ទ្រង់​ទទួល​ស្បូវភ្លាំង​ពីសោត្ថីយព្រាហ្មណ៍។​

តាមពុទ្ធប្រវត្តិ​ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត​នៅក្នុង​ឧទ្យាន​លុម្ពិនី ជា​ព្រំដែន​នៃនគរ​កបិលភស្តុនិង​នគរទេវទហ ដែលមាន​ឧទ្យាន​ដើមឈើត្រឈឹងត្រឈៃ ផ្ការីកស្គុះស្គាយគួរ​ជាទី​មនោរម្យ​។ សម័យ​ថ្ងៃ​មួយ ព្រះនាង​សិរិមហាមាយា​ដែល​មាន​ព្រះគភ៌គ្រប់ខែ​​បាន​យាង​​ឆ្លងកាត់​​​​ទៅ​សម្រាក​ព្រះកាយ​ក្រោម​ដើម​សាលព្រឹក្ស​ (រាំងប្រសូត) ហើយ​ឈោង​ព្រះហស្ថ​ស្តាំកាន់មែកសាលព្រឹក្ស (គំនូរវត្តខ្លះកាន់ទងផ្កា)។ ភ្លាមនោះ​ព្រះរាជកុមារ​ក៏ប្រសូត​ចាក​ព្រះឧទរ​ព្រះនាង​សិរិមហាមាយា ហើយ​ឈាន​​​៧​ជំហាន ​មាន​​ផ្កាឈូក​ផុស​ទ្រព្រះបាទផង។

ចំពោះ​សិល្បៈគំនូរក្នុងទិដ្ឋភាពព្រះអង្គទ្រង់ប្រសូត ដែល​ជា​ហេតុ​​ទី១ នៃ​បុណ្យ​​​វិសាខបូជា តែងឃើញមាន​ព្រះឥន្រ្ទ​ ព្រះព្រហ្ម និង​ទេពនិករ​ផ្សេងៗ​យាងសាទរ។ សោតឯទិដ្ឋភាពមួយផ្នែកទៀត គំនូរ​វត្ត​ខ្លះគេគូ​រ​ព្រះ​ភ័ក្រ្តអង្គក្សត្រ​ដូចព្រះភ័ក្រ្ត​ព្រះបាទបរមរតនកោដ្ឋ​ក្នុងចំណោម​មនុស្ស​ម្នា​ និង​បរិវា​ផង​ទាំង​ឡាយ ឬវត្ត​ខ្លះគូរឧទ្យាន​នោះ​នៅខាងមុខប្រាសាទអង្គរ។

ចំណែកសិល្បៈគំនូរ​គូរបង្ហាញ​ត្រង់​ព្រះអង្គ​ត្រាស់ដឹង ​​ជាហេតុ​ទី២​នៃ​​បុណ្យ​វិសាខ​បូជា គេច្រើនគូរព្រះសម្មាសម្ពុទ្ធគង់សមាធិលើ​បល្ល័ង្កខ្ពស់មួយក្រោមដើមពោធិ។ គំនូរ​វត្តខ្លះគូរនាងសុជាតាថ្វាយ​ចង្ហាន់ រួច​ហើយ​សោត្ថីយ៍ព្រាហ្មណ៍ថ្វាយស្បូវភ្លាំង ឬព្រះ​អង្គ​ផ្សងភាជន៍​មាស​ក៏រាប់ថាពាក់​ព័ន្ធនឹង​ព្រះអង្គ​បាន​ត្រាស់ ហើយគំនូរវត្ត​ខ្លះទៀត​គូរបង្ហាញអស់ទេវតាយាងចុះមកថ្វាយព្រះពរពេលព្រះអង្គ​បាន​ត្រាស់​​។

រីឯសិល្បៈគំនូរ​ត្រង់ព្រះសម្មាសម្ពុទ្ធចូល​​ព្រះ​និព្វាននៅ​ក្រុង​កុសិនារា ជា​ហេតុ​ទី​៣ នៃ​បុណ្យ​វិសាខ​បូជា​ គេ​​គូរព្រះសម្មាសម្ពុទ្ធ​គង់ផ្តេកព្រះកាយចន្លោះ​ដើម​សាលព្រឹក្សមួយគូមាន​ផ្ការីក​ស្គះ​ស្គាយ។ ក្នុងពុទ្ធប្រវត្តិបញ្ជាក់ថា ព្រះអានន្ទ​រៀបចំ​ឱ្យ​ព្រះ​ពុទ្ធ​អង្គ​ទ្រង់គង់​ដាក់ព្រះសិរទៅទិសខាងជើង ព្រះបាទ​​ទៅទិស​ខាង​ត្បូង ហើយក្នុងគំនូរតាមព្រះវិហារ​ភាគច្រើនគូរលើជញ្ជាំង​ខាងកើត ព្រះសិរបែរទៅទិស​ខាងជើង​ ព្រះបាទទៅទិសខាងត្បូងដែរ។ ប៉ុន្តែក៏មានព្រះវិហារ​ខ្លះ គូរព្រះ​សិរ​ទៅទិស​ខាងត្បូង ព្រះបាទទៅ​ទិសខាងជើង ឬគូរនៅលើ​ជញ្ជាំង​លិចក៏សឹងមាន (ករណី​វត្តចុងជាច​)។

ក្នុងពុទ្ធប្រវត្តិ​រៀបរាប់ថា ពួក​មល្លក្សត្រ​និង​អ្នកក្រុង​កុសិនារា កើតទុក្ខ​យំ​សោក​បោក​ខ្លួន​ស្តាយ​ព្រះពុទ្ធ​អង្គ​​ជា​ពន់ពេកមក​ថ្វាយ​បង្គំ​ព្រះសាស្តា​ក្នុងវេលាចុង​ក្រោយ​យ៉ាង​ច្រើន​កុះករ។ ទិដ្ឋភាពត្រង់នេះ នៅតាម​ព្រះវិហារ​​សម័យ​សង្គមរាស្រ្ត​និយមខ្លះ​​គេច្រើនគូរ​បញ្ចូល​ព្រះវត្តមាន​ព្រះឆាយាលក្ខណ៍​ព្រះមហាក្សត្រ​ខ្មែរ​ ជាពិសេស​ព្រះវត្តមាន​ ព្រះបរមរតនកោដ្ឋ និង​រាជបរិវា​​មួយ​អន្លើ ព្រម​ទាំងព្រះភិក្ខុសង្ឃមួយក្រុមគង់ខាងមុខ​សោកសៅ​​ស្តាយ​ស្រណោះ​ព្រះពុទ្ធអង្គ។ ប៉ុន្តែ​ក្នុងចំណោម​នោះមានព្រះភិក្ខុមួយព្រះអង្គ​គង់សមាធិ​ដោយ​ស្ងៀមស្ងាត់។​​ ក្នុងគំនូរព្រះវិហារវត្តពុទ្ធា គេគូរ​ទិដ្ឋភាព​ព្រះពុទ្ធបរិនិព្វាន​នៅឧទ្យាន​ មុខ​ប្រាសាទ​អង្គវត្ត ហើយ​គូរ​ព្រះឆាយាលក្ខណ៍​ ព្រះបាទ នរោត្ដម សុរាម្រឹតនិង ព្រះមហាក្សត្រីយានីព្រមទាំង​ ព្រះបរមរតនកោដ្ឋ​​ គង់នៅក្រោយ​ព្រះសព​ព្រះសម្មាសម្ពុទ្ធ។ ព្រះឆាយាលក្ខណ៍ ព្រះបរមរតនកោដ្ឋ ​​គេ​​​គូរជា​ពីរ​អង្គ ពោលគឺមួយបែបទ្រង់អាវធំ​របៀបផ្លូវការបែប​អឺរ៉ុប និងមួយទៀត​ទ្រង់​ព្រះភូសាកុតកពណ៌ស។​

ជារួមមក វិសាខបូជាជាបុណ្យដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាអន្តរជាតិ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិជារៀង​រាល់ឆ្នាំ។ ទន្ទឹមនឹងការប្រារព្ធពិធីសាសនាតាមវត្ត គេអាច​សន្និដ្ឋានបានថាសិល្បៈគំនូរ​តាមព្រះវិហារបង្ហាញពីពុទ្ធប្រវត្តិទាំងបីអន្លើ បាន​ឆ្លុះបញ្ចាំងពីការវិវត្តនៃសិល្បៈខ្មែរ ដោយបានបញ្ចូលនូវតថភាពសង្គមជាក់ស្តែងដូចជា រូបប្រាសាទបុរាណ ឧទ្យាន និងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រទៅក្នុងសាច់រឿង។ ការបញ្ជ្រាបអត្តសញ្ញាណជាតិទៅក្នុងសិល្បៈពុទ្ធសាសនាបែបនេះ មិនត្រឹមតែជួយបណ្តុះសទ្ធាជ្រះថ្លាដល់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបង្ហាញពីការផ្សារភ្ជាប់​គ្នាយ៉ាងស្អិតរមួតរវាងសាសនា ព្រះមហាក្សត្រ និងវប្បធម៌ខ្មែរតាំងពីបុរាណរហូតមក​ដល់បច្ចុប្បន្ន៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img