ជាទូទៅ បើគេរាប់អំពីប្រាសាទបុរាណមានអាយុកាលស្ថិតនៅក្នុងរចនាបថព្រៃក្មេងដែលស្ថិតនៅស្ថានភាពល្អប្រសើរ គឺមិនសូវមានច្រើនប៉ុន្មានឡើយ។ ភាគច្រើនប្រាសាទទាំងនោះបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ ឧទាហរណ៍ ប្រាសាទព្រៃក្មេង ជាដើម។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រាសាទមួយដែលអាចចាត់បញ្ចូលជាសិល្បៈរចនាបថព្រៃក្មេង (គ.ស.៦៣៥ ដល់៧០០) ដែលមានឈ្មោះថា “ប្រាសាទបុសរាម”។ ប្រាសាទនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលស្ថិតនៅខាងជើងក្រុមប្រាសាទសំបូរ ចម្ងាយប្រមាណ ៧០០ ម៉ែត្រ។ តើប្រាសាទបុសរាម មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
យោងតាមរយៈអត្ថបទស្រាវជ្រាវដែលមានចំណងជើងថា “L’art Khmer Primitif” (សិល្បៈខ្មែរសម័យដំបូង) របស់លោក Henri Parmentier លោកបានចុះបញ្ជីប្រាសាទនេះដោយតាងដោយ “ប្រាង្គ N24” ពោល គឺលោកមិនបានកត់ត្រាឈ្មោះ “បុសរាម” ដែលអ្នកស្រុកកំពុងហៅបច្ចុប្បន្ននេះឡើយ។ យើងមិនដឹងច្បាស់លាស់ថាការដែលអ្នកស្រុកហៅឈ្មោះប្រាសាទថាបែបនេះ មានចាប់តាំងពីពេលណាមកនោះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងយកឈ្មោះនេះមកបកស្រាយអំពីប្រភព និងអត្ថន័យដើម ក៏មិនមែនជាការងាយស្រួលនោះដែរ។ ពាក្យ “បុស” អាចជាភាសាខ្មែរ ឬជាពាក្យក្លាយមកពីភាសាសំស្រ្កឹត។ ប្រសិនជាខ្មែរ “បុស” សំដៅដល់ចំការចាស់ដែលគេទុកចោលមួយឆ្នាំ ឬពីរឆ្នាំ ហើយទីនោះនឹងមានលាស់ល្បាស់ឈើថ្មីឡើងវិញ ហើយបើទីនោះស្រឡះអស់គេលែងហៅ “បុស” ហើយ គេនឹងហៅ “ចំការ” ជំនួសវិញ។ ប្រសិនបើពាក្យនេះជាភាសាសំស្រ្កឹត គឺត្រូវនឹងពាក្យថា “បុស្ប” (ខ្មែរអានថា “បុស” ដោយសារខ្មែរមិនអានស្រះខ្លី) ដែលមានន័យថា “ផ្កា”។ រីឯពាក្យ “រាម” ក៏អាចជាពាក្យក្នុងភាសាខ្មែរ និងសំស្រ្កឹតដូចគ្នាដែរ ពោល បើជាខ្មែរមានន័យថា កូនឈើតូចៗ ឬឈើដែលងាប់ ដែលជាទូទៅខ្មែរតែងនិយាយភ្ជាប់ថា “រាមឈើ” (ឧទាហរណ៍៖ “ប្រមូលរាមឈើយកទៅដុត” ឬ “កាប់រាមឈើធ្វើទ្រើងត្រឡាច”។ លើសពីនេះ រាម ក៏ជាអាចនាមសព្ទសំដៅដល់ “រនាម” ដែលមានន័យថា ព្រៃស្នាប់ក្នុងទំនាបបឹង ដងស្ទឹង ដងអូរជាដើម (ឧទាហរណ៍៖ ព្រៃរនាម ឬ ឈើរនាម)។ បើជាភាសាសំស្រ្កឹតវិញ ពាក្យ “រាម” ជានាមសព្ទមានន័យថា “ស្លឹកឈើអែម” និងជាគុណនាមមានន័យថា “ពណ៌ខ្មៅ”។ ម្ល៉ោះហើយ ឈ្មោះថា “បុសរាម” យើងពិបាកកំណត់ន័យដើមណាស់ ពោល គឺបើជាភាសាខ្មែរអាចសំដៅដល់ “បុស ឬចំការដែលមានឈើតូចៗ” ឬ បុសដែលមានព្រៃដុះមាត់អូរ (ប្រាសាទនេះនៅមិនឆ្ងាយពីអូរគ្រូកែ)។ ម្យ៉ាងវិញទៀត ប្រសិនបើឈ្មោះនេះក្លាយមកពីភាសាសំស្រ្កឹត វាអាចមានន័យថា “ផ្កាឈើអែម” ឬ “ផ្កាខ្មៅ”។
លោក Henri Parmentier បានលើកឡើងថា ប្រាសាទបុសរាម ជាសំណង់ទោលកសាងឡើងអំពីឥដ្ឋដែលនៅរូបរាងល្អ និងមានលក្ខណៈស្ថាបត្យកម្មប្លែកពីសំណង់ផ្សេងទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ លោកយល់ដូច្នេះមកពីសំណង់នេះមានទ្វារបញ្ឆោតប្លែកពីប្រាសាទផ្សេងៗទៀតក្នុងក្រុមខាងជើងជាមួយគ្នា។ ប្រាសាទបុសរាម មានរាងបួនជ្រុងទ្រវែង បែរមុខនិងមានទ្វារចូលនៅទិសខាងកើត ព្រមទាំងជញ្ជាំងបីទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត។ តាមរយៈការថតរូបពីលើអាកាស (LIDA) និងស្លាកស្នាមបច្ចុប្បន្ន សំណង់នេះហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម ប៉ុន្តែ កំពែងថ្មបាយក្រៀមនេះបានដួលរាបដល់ដី ហើយកន្លែងខ្លះពំនូកដីចាក់បង្គរមើលលែងយល់ទៅហើយ។ កាន់តែគួរឱ្យចាប់អារម្មណ៍ នៅជ្រុងឦសានខាងក្រៅកំពែងថ្មបាយក្រៀម មានស្រះទឹកតូចមួយដែលមានរៀបថ្មបាយក្រៀមជុំវិញ។ លក្ខណៈបែបនេះ គឺមានភាពដូចគ្នាជាមួយក្រុមប្រាសាទតោ (ក្រុមកណ្តាល)។
នៅផ្នែកខាងក្នុងប្រាសាទ សិល្បកររៀបជាបន្ទប់សក្ការបូជា (គភ៌គ្ឫហ) មានរាងបួនជ្រុងទ្រវែងដូចប្រាសាទផ្សេងៗទៀតដែរ។ ប៉ុន្តែ នៅតាមក្បាលជញ្ជាំងមិនមានរៀបថ្មភក់ធ្វើជាពិតាន និងមិនមានស្លាកស្នាមទបង្ហូរទឹកមន្តទៅទិសខាងជើង (សោមសូត្រ) ដូចប្រាសាទផ្សេងៗនៅក្រុមខាងជើងឡើយ។ តាមរយៈកំណាយរបស់អាជ្ញាធរជាតិសំបូរព្រៃគុកនៅពេលថ្មីៗនេះ នៅខាងក្នុងគភ៌គ្ឫហប្រាសាទ គេមិនបានរកឃើញស្លាកស្នាមឬបំណែកជើងទណាមួយឡើយ។ បន្ថែមពីនេះ បូកផ្សំជាមួយប្រាសាទនេះពុំមានបន្សល់ទុកសិលាចារឹក និងមិនមានភស្តុតាងផ្នែកបុរាណវិទ្យាណាមួយបញ្ជាក់ យើងមិនដឹងច្បាស់ថា កាលដើមឡើយនៅខាងក្នុងប្រាសាទបុសរាមគេតម្កល់អាទិទេពណាមួយនោះឡើយ។
ក្រឡេកមកមើលផ្នែកខាងក្រៅប្រាសាទវិញ ផ្នែកដំបូលមួយភាគធំបានបាក់បែកស្ទើរអស់ទៅហើយ។ ប៉ុន្តែ ផ្នែកដែលនៅសល់តិចតួចនៅទ្វារបញ្ឆោតខាងជើង ខាងត្បូង និងខាងលិច ជាពិសេសថ្នាក់ក្រោមបង្អស់នៃដំបូលប្រាសាទបុសរាម គឺ់បង្ហាញឱ្យឃើញថា ផ្នែកដំបូលប្រាសាទនេះមានលក្ខណៈស្រដៀងគ្នាច្រើនជាមួយផ្នែកដំបូលនៃប្រាសាទជ្រៃ (ប្រាង្គ N18) ពោល គឺជាប្រភេទដំបូលដែលមានក្បាច់លម្អជាវិមានតូចៗ (Vimāna) ចំនួន ៣ តម្រៀបគ្នា (វិមានកណ្តាលធំជាងគេភ្ជាប់ពីក្បាច់ទ្វារបញ្ឆោត) ជាថ្នាក់ៗចំនួន ៣ ជាន់ ដែលគេស្គាល់ជាទូទៅថាជាប៉មដំបូលមានឥទ្ធិពលពីសិល្បៈឥណ្ឌាខាងត្បូងឈ្មោះថា “រចនាបថដ្រាវិដ” (Dravida style)។ ជាទូទៅ ក្បាច់ដំបូលដែលមានឆ្លាក់រូបវិមានបែបនេះ គឺបង្ហាញឱ្យឃើញអំពីចម្លាក់គុឌុ (Kuḍu) នៅតាមវិមានដែលមានចម្លាក់មុខមនុស្សឬទេពនៅខាងក្នុង ។ ជាក់ស្តែង ចម្លាក់គុឌុដែលអាចមើលឃើញនៅប្រាសាទបុសរាម យើងឃើញនៅសល់តាមក្បាលជញ្ជាំងប៉ុណ្ណោះ។ ក្បាលជញ្ជាំងប្រាសាទទៀតសោត មានលម្អបន្ថែមដោយក្បាច់តម្រៀបគ្នាជាជួរចំនួន ៣ ថ្នាក់ ពោល គឺថ្នាក់ខាងក្រោមលម្អជាក្បាច់បង្កាន់ដៃ (balustres) ឬហៅតាមឥណ្ឌាថា “កុម្ភស្តម្ភ” (Kumbha-Stambha) ថ្នាក់កណ្តាលជាក្បាច់ត្របកឈូក និងខាងលើបង្អស់ជាចម្លាក់សត្វហង្សកំពុងត្រដាងស្លាប។
រីឯផ្នែកខឿនរបស់ប្រាសាទ (ខាងក្រោម) យើងពុំដឹងថាមានក្បាច់លម្អបែបណានោះទេ ព្រោះសព្វថ្ងៃខឿនប្រាសាទនេះកប់ដោយគំនរឥដ្ឋ និងពំនូកដីអស់ទៅហើយ។ អ្វីដែលគួរចាប់អារម្មណ៍ជាងគេនៃប្រាសាទបុសរាម គឺការលម្អនៅតាមទ្វារបញ្ឆោត។ ចំពោះទ្វារបញ្ឆោតខាងជើងសព្វថ្ងៃ គឺហ៊ុមព័ទ្ធដោយឫសដើមជ្រៃបាំងជិតទៅហើយ ម្ល៉ោះហើយយើងមិនអាចមើលក្បាច់លម្អបានទេ។ ប៉ុន្តែ ក្បាច់លម្អនៅទ្វារបញ្ឆោតដែលនៅល្អច្រើនជាងគេ គឺទ្វារបញ្ឆោតខាងលិច។ ទ្វារបញ្ឆោតបែបនេះ មិនដូចទ្វារបញ្ឆោតប្រាសាទផ្សេងទៀតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ ពោល គឺគ្រាន់តែស្រដៀងច្រើនជាមួយទ្វារបញ្ឆោតប្រាសាទជ្រៃ តែមិនដូចទាំងស្រុង។ ពោល គឺផ្ទៃជញ្ជាំងទាំងមូលខណ្ឌចែកដោយក្បាច់សសរផ្អោបចំនួន ៤ ដើម ហើយនៅចន្លោះសសរផ្អោបកណ្តាល សិល្បករបន្ថែមសសរផ្អោបពីរទៀតទ្រក្បាច់ខាងលើជារបៀបទ្វារបញ្ឆោត។ តាមការរៀបរាប់របស់លោក Henri Parmentier ចម្លាក់នៅទ្វារបញ្ឆោតខាងលិច មានលម្អរូបមនុស្សនិងសត្វនៅក្បែរគ្នា ប៉ុន្តែសព្វថ្ងៃរលុបអស់ពាក់កណ្តាលហើយ (រលុបផ្នែកខាងលើ)។
ដូចពោលមកខាងលើ ប្រាសាទនេះមិនមានសិលាចារឹកបន្សល់ទុកទេ។ ប៉ុន្តែ ហេតុដែលយើងហ៊ានសន្និដ្ឋានខាងលើថា ប្រាសាទនេះមានអាយុកាលស្ថិតនៅក្នុងរចនាបថព្រៃក្មេង (គ.ស. ៦៣៥ ដល់ ៧០០) មកពីក្បាច់លម្អប្រាសាទបុសរាមជាច្រើន មានលក្ខណៈស្រដៀងខ្លាំងជាមួយក្បាច់លម្អប្រាសាទជ្រៃ (ប្រាង្គ N24)។ កាលដែលគេដឹងថាប្រាសាទជ្រៃ មានអាយុកាលស្ថិតនៅក្នុងរចនាបថព្រៃក្មេង គឺគេយោងទៅលើប្រភពសិលាចារឹកដែលចារឹកនៅលើមេទ្វារប្រាសាទ (ចុះបញ្ជីលេខ K.149) ដែលរៀបរាប់អំពីអំណោយរបស់អាចារ្យម្នាក់ (គោរម្យងារ “ម្រតាញ”) ទទួលបានព្រះរាជទានពីអង្គព្រះមហាក្សត្រចំនួន ៣ អង្គ គឺព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្រ្ទវរ្ម័ន និងព្រះបាទឦសានវរ្ម័នទី១ ថ្វាយដល់អាទិទេពព្រះនាម “ព្រះកម្រតាងអញស្រីរត្នេស្វរ”។ ត្រង់ន័យនេះ មានន័យថា អាយុកាលនៃប្រាសាទជ្រៃ អាចស្ថិតនៅចុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ឬអាចនៅដើមរជ្ជកាលព្រះបាទភវវរ្ម័នទី២ ដែលយើងអាចចាត់ចូលជាសិល្បៈរចនាបថព្រៃក្មេង ព្រោះវាមានលក្ខណៈខុសគ្នាច្រើនពីសិល្បៈរចនាបថសំបូរព្រៃគុក។
ជារួមមក តាមការរៀបរាប់ខាងលើនេះ ប្រាសាទបុសរាម គឺអាចចាត់ទុកថាជាសំណង់ទោលមួយដែលស្ថិតនៅដោយឡែកពីក្រុមប្រាសាទសំខាន់ៗទាំងបី នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលទំនងកសាងឡើងនៅស.វ.ទី៧ និងអាចចាត់ថ្នាក់ជារចនាបថព្រៃក្មេង ក្នុងចន្លោះចុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬដើមរជ្ជកាលព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ដោយសារកង្វះព័ត៌មានសិលាចារឹក យើងមិនដឹងថាប្រាង្គដ៏សំខាន់នេះតម្កល់អាទិទេពណាមួយឡើយ។ ប៉ុន្តែ ដោយយោងទៅលើសំណង់ជាច្រើននៅតំបន់នេះ ភាគច្រើនជាសំណង់ព្រហ្មញ្ញសាសនា ប្រាសាទនេះប្រហែលតម្កល់ព្រះសិវលិង្គ ឬអាទិទេពណាមួយនៃលទ្ធិសៃវនិយម ក្នុងនិកាយបាសុបត ឬនិកាយសៃវ។












———–
Prasat Bos Ream
The architectural design of Prasat Bos Ream situated within the Sambor Prei Kuk temple complex in Kampong Thom province (Sambor village, Sambor commune, Prasat Sambor district), is notable for its single brick tower, which is configured in a rectangular plan and surrounded by a laterite enclosure. Based on art historical evidence from the temple, the initial construction of this shrine is attributed to the 7th century, a period encompassing the reigns of King Ishanavarman I (616 – 637) or King Bhavarman II (637 – 657 CE), Prei Kmeng style, during the prevalence of Saivism within Hinduism.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី