ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ព្រះឥសូរជិះតោ

ចម្លាក់ព្រះឥសូរជិះតោ

ព្រះឥសូរ ជាអាទិទេពធំជាងគេបង្អស់នៅក្នុងព្រហ្មញ្ញសាសនា មានតួនាទីជាអ្នកបំផ្លាញលោក និងបង្កើតលោកថ្មី ដែលជាទូទៅជាទេពមានព្រះនេត្របី មានចំណិតព្រះចន្រ្ទនៅលើផ្នួងសក់ ព្រះហស្តពីរ បួន ប្រាំបី និងដប់។ ជាទូទៅ ទ្រង់មានយានជំនិះចម្បងជាសត្វគោនន្ទិ ដែលមានបង្ហាញតិចតួចបំផុតនៅក្នុងសិល្បៈខ្មែរនាសម័យមុនអង្គរ (ស.វ.ទី៧) ហើយពេញនិយមខ្លាំងនៅក្នុងសិល្បៈខ្មែរនាសម័យអង្គរ (ជាពិសេស នៅរវាងស.វ.ទី១០-១១)។ ទោះបីជាសត្វគោនន្ទិជាយានជំនិះចម្បងរបស់ទ្រង់ក្តី តែជួនកាលគេឃើញមានចម្លាក់ខ្លះដែលបង្ហាញព្រះឥសូរគង់នៅលើសត្វតោជាយានជំនិះ ពោល គឺឃើញមានទាំងក្នុងសម័យមុនអង្គរ និងអង្គរ។  តើហេតុអ្វីបានជានៅសម័យបុរាណ គេបង្ហាញចម្លាក់ព្រះឥសូរជិះតោ?

នៅសម័យមុនអង្គរ ចម្លាក់ព្រះឥសូរគង់នៅលើសត្វតោជាយានជំនិះ យើងឃើញមានតែមួយប៉ុណ្ណោះ ពោល គឺជាចម្លាក់ដែលឆ្លាក់នៅក្នុងរង្វង់ (មេដាយ៉ុង) នៅលើផ្តែរទ្វារមួយរកឃើញនៅប្រាសាទភ្នំជើងព្រៃ (ភ្នំធំ) ខេត្តកំពង់ចាម (រូបលេខ១)។ ចម្លាក់នេះ ស្ថិតនៅត្រង់ពាក់កណ្តាលផ្តែរទ្វារ (ផ្នែកខាងលើ) អមសងខាងដោយចម្លាក់ព្រះនាគរាជចំនួន ២ អង្គ កំពុងលើកហត្ថប្រណម្យសំពះមកកាន់ព្រះឥសូរ ដែលជាអាទិទេពមានឫទ្ធិនុភាពខ្លាំងក្លាអស់ទេពទាំងពួង។ ព្រះឥសូរនៅក្នុងចម្លាក់នេះ ព្រះអង្គទំនងកាន់ត្រីសូល៍នៅព្រះហស្តខាងស្តាំ និងអង្គុយច្រហោង ឬហៅជាភាសាសំស្រ្កឹតថា “ឧត្តិកសន” ដែលគេស្គាល់ថាជាឥរិយាបថសម្គាល់អាទិទេពដែលមានអំណាចខ្លាំងក្លា ឬជាការត្រៀមលក្ខណៈធ្វើសកម្មភាពអ្វីមួយភ្លាមៗ (រូបលេខ២)។ មកដល់សម័យអង្គរ ចម្លាក់ព្រះឥសូរគង់នៅលើសត្វតោបង្ហាញឡើងដំបូងនៅស.វ.ទី១០ ដែលគេឃើញឆ្លាក់នៅលើផ្តែរទ្វារប្រាសាទព្រះធាតុបាស្រី (ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ) (សព្វថ្ងៃដាក់លម្អនៅខ្លោងទ្វារប្រាង្គមួយ) (រូបលេខ៣)។ ចម្លាក់នេះព្រះឥសូរទំនងអង្គុយក្នុងទម្រង់ “សុខសន” ដោយព្រះហស្តខាងស្តាំកាន់ត្រីសូល៍ និងព្រះហស្តខាងឆ្វេងកេតនភណ្ឌអ្វីមួយដាក់ផ្ងារឡើងលើ (អាចជាស្គរ ថូរ ឬលលាដ៍ក្បាល) (រូបលេខ៤)។ មកដល់រវាងចុងស.វ.ទី១០ និងស.វ.ទី១១ គេប្រទះឃើញចម្លាក់ព្រះឥសូរជិះតោមួយចំនួនទៀត។ ជាក់ស្តែង រូបលេខ៥ ចម្លាក់ព្រះឥសូរជិះតោនៅពើងគំនូរ (ភ្នំគូលែន) ខេត្តសៀមរាប ដែលគេបង្ហាញជាទម្រង់ត្រិមូត៌ិ (ការបង្ហាញបី) ដោយឆ្លាក់ព្រះអង្គគង់នៅលើតោនៅចំកណ្តាលក្នុងទម្រង់អង្គុយជារបៀបមហារាជលីលាសន កំពុងកាន់កេតនភណ្ឌអ្វីមួយនៅព្រះហស្តខាងស្តាំ (ប្រហែលជាខ្សែ) អមសងខាងដោយបុត្រទាំងពីររបស់ទ្រង់ ពោល គឺព្រះគណេសគង់នៅលើសត្វដំរីនៅខាងស្តាំ និងព្រះស្កន្ទគង់នៅលើក្ងោកនៅខាងឆ្វេង។ ត្រង់ចំណុចនេះ ព្រះគណេសក៏ប្តូរសត្វជាយានជំនិះដូចគ្នា គឺប្តូរពីសត្វកណ្តុរមកជាសត្វដំរី ដូចព្រះឥសូរប្តូរពីសត្វគោនន្ទិមកសត្វតោដូច្នោះដែរ។ ក្រៅអំពីពើងគំនូរ គេឃើញនៅពើងត្បាល់ (ភ្នំគូលែន) (រូបលេខ៦) ផ្តែរទ្វារប្រាសាទភិមាឃ (នគររាជសីមា) (រូបលេខ៧) និងចម្លាក់នៅលើស្លឹកសីមាមិនស្គាល់ប្រភពទីតាំងដើម (សព្វថ្ងៃកំពុងនៅវិចិត្រសាលឯកជននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) (រូបលេខ៨)។ ប៉ុន្តែ គួរចាប់អារម្មណ៍ ចម្លាក់ព្រះឥសូរជិះតោនៅលើផ្តែរទ្វារប្រាសាទភិមាឃ គឺព្រះហស្តខាងស្តាំកាន់ផ្កាឈូក ដែលជាទូទៅជាកេតនភណ្ឌកាន់ដោយព្រះនាងបវ៌តី (ព្រះជាយារបស់ព្រះឥសូរ)

គួរកត់សម្គាល់ថា នៅក្នុងគម្ពីរបុរាណនៃសាសនាព្រាហ្មណ៍​ ពុំមានគម្ពីរណាមួយដែលបង្ហាញថាព្រះឥសូរគង់នៅលើសត្វតោជាយានជំនិះនោះទេ។ ប៉ុន្តែ គឺមានរៀបរាប់ជាប់ពាក់ព័ន្ធរវាងព្រះឥសូរ និងព្រះនាងបវ៌តីត្រូវជាមហេសីរបស់ទ្រង់ ហើយព្រះនាងមានយានជំនិះជាសត្វតោ។ លក្ខណៈបែបនេះ គឺជាផ្សារភ្ជាប់ជាមួយ “សក្តិ” ដែលជាការរួមបញ្ចូលរាងកាយគ្នាតែមួយរវាងព្រះឥសូរ និងព្រះនាងបវ៌តី ហៅថា “អធ៌នារីស្វរ” (ព្រះឥសូរនៅខាងស្តាំ និងព្រះនាងបវ៌តីនៅខាងឆ្វេង) ពោល ជានិម្មិតរូបបង្ហាញអំពីភោគផល និងការរក្សាតុល្យភាពនៃលោកតាមរយៈភាពផ្ទុយគ្នានៃភេទ។ ករណីនៅក្នុងសិល្បៈឥណ្ឌា គេបង្ហាញព្រះឥសូរ និងព្រះនាងបវ៌តីគង់នៅជាមួយគ្នា ដោយមានចម្លាក់សត្វតោនៅក្រោមបល្ល័ង្ក ឬនៅក្បែរព្រះបាទរបស់ព្រះនាងបវ៌តី ប៉ុន្តែ មិនមានបង្ហាញព្រះឥសូរជិះតោដូចក្នុងសិល្បៈខ្មែរដែលបានបង្ហាញខាងលើឡើយ។ ដូច្នេះ ការសន្និដ្ឋានទី១នេះ ការដែលនៅក្នុងសិល្បៈខ្មែរមានចម្លាក់ព្រះឥសូរជិះតោជាយានជំនិះជំនួសការជិះគោនន្ទិ គឺអាចមកពីគំនិតនៃការរួមបញ្ចូលគ្នារវាងទេពទាំងពីរ ដែលហៅថា​ “សក្តិ” ហើយហេតុផលដែលគួរឱ្យចាប់អារម្មណ៍នោះ គឺចម្លាក់នៅលើផ្តែរទ្វារប្រាសាទភិមាយដែលកំពុងបង្ហាញព្រះឥសូរជិះតោ និងកាន់ផ្កាឈូកនៅព្រះហស្តស្តាំ ពោល គឺកាន់តែបញ្ជាក់ថាទ្រង់ជាព្រះឥសូរផង និងជាព្រះនាងបវ៌តីផង។

ការពិចារណាម្យ៉ាងវិញទៀត យើងអាចក្រឡេកមើលទៅអតីតកាលនាស.វ.ទី៧ ដែលខ្មែរប្រណិប័តន៍យ៉ាងខ្លាំងក្លាចំពោះនិកាយ “បាសុបត” ដូចមានសិលាចារឹកនាស.វ.ទី៧ ចំនួនពីរផ្ទាំងបានរៀបរាប់ជាភស្តុតាងស្រាប់ (សិលាចារឹកនៅសំបូរព្រៃគុក K.604 និងសិលាចារឹកភ្នំព្រះវិហារ K.703)។ នៅក្នុងនិកាយនេះ គេគោរពបូជាព្រះឥសូរក្នុងទម្រង់ជា “បាសុបតី” ដែលមានន័យថា “ម្ចាស់នៃលោក”។ ក្នុងទស្សនៈនេះ តោដែលជាសត្វសាហាវ និងឫទ្ធិតេជៈខ្លាំងក្លា ក៏ជាសត្វលោកមួយស្ថិតនៅក្រោមអំណាច ឬបានបង្រ្កាបដោយឫទ្ធិនុភាពរបស់ព្រះអង្គ ហើយក៏អាចជាយានជំនិះរបស់ទ្រង់ដូច្នេះដែរ។ ហេតុដូច្នេះហើយ យើងអាចសន្និដ្ឋានមួយបែបទៀតថា​ ការដែលសិល្បករបុរាណឆ្លាក់ព្រះឥសូរគង់នៅលើសត្វតោជាយានជំនិះ គឺអាចមកពីការចង់បង្ហាញថា “ព្រះឥសូរ” គឺជាស្តេចនៃចក្រវាល (ម្ចាស់នៃលោក) ដែលបានប្រើប្រាស់សត្វតោជាយានជំនិះដើម្បីតំណាងឱ្យអំណាចដ៏កំពូលរបស់ទ្រង់។

លើសពីនេះទៀត ប្រសិនបើក្រឡេកមើលសាច់រឿងទេវកថាមួយដែលរៀបរាប់នៅក្នុងគម្ពីរសិវបុរាណ ត្រង់ឈុតព្រះឥសូរបែងភាគជា “សរភ” (Sarabha) ក៏អាចជាប់ពាក់ព័ន្ធរវាងព្រះឥសូរ និងសត្វតោដែរ។ រឿងនោះដំណាលថា “បន្ទាប់អំពីព្រះវិស្ណុបែងភាគ(អវតារ)ទៅជា “នរសិង្ហ” (ពាក់កណ្តាលមនុស្ស ពាក់កណ្តាលតោ) ដើម្បីសម្លាប់អសុរឈ្មោះ “ហិរណ្យកសិបុ” រួចរាល់មក កំហឹងរបស់នរសិង្ហមិនបានរសាយឡើយ ប៉ុន្តែបែរជាកាន់តែសាហាវខ្លាំងឡើងៗ រហូតដល់ធ្វើឱ្យចក្រវាលទាំងមូលមានការភ័យខ្លាចថា ទ្រង់អាចនឹងបំផ្លាញលោកទាំងមូលបាន។ ពេលនោះទេពទាំងឡាយក៏ពឹងពាក់ឱ្យព្រះឥសូរជួយអន្តរាគមន៍។ ព្រះឥសូរក៏បញ្ជាឱ្យ “វីរភទ្រ” ចុះទៅសម្របសម្រួល និងសុំឱ្យនរសិង្ហត្រឡប់មកសភាពដើមវិញ ប៉ុន្តែនរសិង្ហមិនព្រមស្តាប់តាមឡើយ។ បន្ទាប់មក ព្រះឥសូរក៏បែងភាគទៅជាសត្វចម្លែកមួយមានជើង៨ មានចម្លាប រូបរាងធំជាងតោនិងដំរី មានក្រចកមុតស្រួច មានចំពុះ និងមានក្បាលជាសត្វតោ តែមានស្នែង ដែលមានឈ្មោះថា “សរភ”

ដើម្បីទប់ទល់អំណាចដ៏ខ្លាំងក្លារបស់នរសិង្ហ រហូតធ្វើនរសិង្ហភ្ញាក់ដឹងខ្លួនវិញ និងរំសាយកំហឹង ហើយនរសិង្ហក៏បានបូជាសំបកកាយរបស់ខ្លួនទៅឱ្យសរភ ដើម្បីជាគ្រឿងលម្អកាយ (គ្រងព្រះកាយដោយស្បែកតោ) របស់ព្រះឥសូរ”។ តាមសាច់រឿងនេះមិនបានបង្ហាញត្រង់ណាថា ព្រះឥសូរគង់នៅលើសត្វតោជាយានជំនិះឡើយ ប៉ុន្តែវាបានបង្ហាញឱ្យឃើញអំពីអំណាចរបស់ព្រះឥសូរទៅលើសត្វតោ ព្រោះទ្រង់បាន​បង្ក្រាបអំណាចរបស់នរសិង្ហដែលជាតោ ហើយបង្ហាញឱ្យឃើញថាទ្រង់ជាអាទិទេពកំពូលលើសទេពទាំងពួង។ ម្ល៉ោះហើយ រឿងទេវកថានេះក៏អាចរួមចំណែកគាំទ្រដល់ការសន្និដ្ឋាននៅចំណុចទី២ ដែលទាក់ទងជាមួយនិកាយបាសុបត ក្នុងទស្សនៈបាសុបតី (ម្ចាស់នៃលោក) ដែលបញ្ជាក់ឱ្យឃើញថា ទោះសត្វតោមានអំណាចខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏នៅតែមិនឈ្នះអំណាចព្រះឥសូរបានឡើយ ហើយព្រះឥសូរជិះលើសត្វតោ គឺជាបង្ហាញឱ្យឃើញថា “ព្រះឥសូរ” គឺជាស្តេចនៃចក្រវាល (ម្ចាស់នៃលោក) យ៉ាងពិតប្រាកដ។           

ជារួមមក ការបង្ហាញព្រះឥសូរគង់លើសត្វតោនៅក្នុងសិល្បៈខ្មែរតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ គឺជាសក្ខីភាពមួយបង្ហាញពីភាពច្នៃប្រដិត្ឋ និងការវិវឌ្ឍនៃទស្សនៈសាសនារបស់បុព្វបុរសខ្មែរដែលមិនបានចម្លងតាមឥណ្ឌាទាំងស្រុងនោះឡើយ។ ទោះបីជាក្នុងគម្ពីរបុរាណពុំមានចែងចំអំពីយានជំនិះនេះក្តី ប៉ុន្តែតាមរយៈការវិភាគយើងអាចសន្និដ្ឋានថាវាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយតុល្យភាពនៃអំណាចសក្តិ (អធ៌នារីស្វរ) មនោគមវិជ្ជានិកាយបាសុបត នៃទស្សនៈបាសុបតី (ព្រះឥសូរជាម្ចាស់នៃលោក) និងជ័យជំនះលើមហិច្ឆតាអំណាចនិងការបង្រ្កាបកំហឹងរបស់ព្រះឥសូរ។ ការជ្រើសរើសសត្វតោមកធ្វើជាយានជំនិះក្នុងសិល្បៈខ្មែរ មិនត្រឹមតែជាការបង្ហាញរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតំណាងឱ្យ “អំណាចដាច់ខាត” និង “ឋានៈជាស្តេចនៃអាទិទេព” ដែលសមស្របទៅនឹងបរិបទនយោបាយ និងសាសនានៅក្នុងរជ្ជកាលនីមួយៗទាំងសម័យមុនអង្គរ និងអង្គរ ដែលគេតែងលើកតម្កើង ឬប្រៀបប្រដូចព្រះមហាក្សត្រឱ្យមានអំណាចស្មើនឹងអាទិទេពកំពូល។

————-

This article explores the iconographic significance of the rarely depicted ‘Shiva on a Lion’ (Siva-Simhavahana) in Khmer art, spanning from the pre-Angkorian period (7th century) to the Angkorian era (10th–11th centuries). Although the bull Nandi remains the conventional vahana (mount) for Lord Shiva in Hindu scriptures and broader Indian art, Khmer craftsmen uniquely depicted the deity atop a lion. By analysing archaeological evidence, such as the 7th-century medallion from Phnom Cheung Prei and 10th-century lintels from Prasat Preah Theat Ba Srei and Peung Komnou, this study proposes two primary ideological catalysts for this iconographic variation. Firstly, it considers the concept of ‘Shakti’, where the lion, traditionally associated with Goddess Parvati, signifies the primordial energy and balance within the ‘Ardhanarishvara’ form. Secondly, the article examines the influence of the ‘Pashupata’ sect and the ‘Sarabha’ myth from the Shiva Purana. In this context, the lion represents a conquered force, symbolising Shiva as ‘Pashupati’ (Lord of All Creatures) and the supreme ruler of the universe. Ultimately, the ‘Shiva on a Lion’ motif serves as a testament to the theological autonomy of ancient Khmer scholars, who utilised this powerful imagery to parallel the absolute authority of the Khmer monarchy with the supreme divinity of Shiva.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,000SubscribersSubscribe
- Advertisement -spot_img