ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកលើទម្រពុទ្ធបដិមានៅភ្នំតូច (អង្គរបុរី ខេត្តតាកែវ)

សិលាចារឹកលើទម្រពុទ្ធបដិមានៅភ្នំតូច (អង្គរបុរី ខេត្តតាកែវ)

កាលពីខែមិថុនា ឆ្នាំ២០១៨ មានការប្រទះឃើញព្រះពុទ្ធរូបមួយអង្គនៅតំបន់ភ្នំតូច ស្រុកអង្គរបុរី ខេត្តតាកែវ និងក្រោយមកគេបានយកបដិមានេះទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា។ ព្រះពុទ្ធរូបនេះ ធ្វើអំពីថ្មភក់ ស្ថិតនៅក្នុងទម្រង់ឈរត្រង់ ក្នុងកាយវិការ “វិតក៌មុទ្រា” ដែលគេស្គាល់ថាជាកាយវិការនៃការពិភាក្សា ការពន្យល់ ឬការបង្រៀនធម៌ទៅកាន់សត្វលោក។ គួរឱ្យចាប់អារម្មណ៍ ទម្រខាងក្រោមនៃព្រះពុទ្ធទ្រង់ឈរនេះ មានចារអក្សរថែមទៀតផង។ តើសិលាចារឹកនៅលើទម្រពុទ្ធបដិមានៅភ្នំតូច មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

អត្ថបទសិលាចារឹកនេះ សរសេរជាភាសាបាលិ តែក្នុងទម្រង់ជាភាសាបាលិដែលមានឥទ្ធិពលពីភាសាសំស្រ្កឹតខ្លះៗ ព្រោះជាទូទៅនៅកម្ពុជាបុរាណនិយមភាសាសំស្រ្កឹតជាងភាសាបាលិ។ អក្សរចារឹកនេះ មានចំនួន ៣ បន្ទាត់ ហើយបើយោងទៅលើរូបរាងនិងលក្ខណៈនៃអក្សរ គឺមានអាយុកាលស្ថិតនៅចុងស.វ.ទី៦ ឬដើមស.វ.ទី៧ ពោល គឺដំណាលគ្នាជាមួយព្រះពុទ្ធទ្រង់ឈរនេះតែម្តង។ អត្ថបទនេះ គឺជាប្រភេទគាថាដែលជាគោលសំខាន់ស្តីពីព្រះពុទ្ធសាសនា និកាយថេរវាទ ឬហិនយាន។ ខ្លឹមសារចម្បងរបស់អក្សរចារឹកនេះ គឺរៀបរាប់អំពីម្ចាស់ទាននៃអ្នកកសាងព្រះពុទ្ធអង្គទ្រង់ឈរ និងអ្នកដែលម្ចាស់ទានឧទ្ទិសដល់។ ជាពិសេស គឺរៀបរាប់អំពីទ្រឹស្តីរបស់ព្រះអរហន្តសាក្យមុនីសម្ពុទ្ធ ដែលទាក់ទងនឹងអរិយសច្ចធម៌ ឬហៅថាទ្រឹស្តីបដិច្ចសមុប្បាទ។

អត្ថបទចារឹក

១.  ​ភគវាញ្ឆក្យមុនិ

២. ធម៌្មម្ឫគរាជនាម្នា ស្ថវីរេណក្ឫតាមុនេរិយំ ប្រតិមា ស្ថវីរម្មាតុលមតុល ភទន្តជិនភទ្រមុទ្ទិឝ្យ។

៣. ទុះ+ខទះខសមុប្បាទោ ទុះខស្ស ច អតិក្រមោ អបរោចដ្ឋង្គិកោមគ្គោ ខេមោបឝមគាមិកោ។

អត្ថបទសម្រួល

(១-២) ភគវាញ្ឆក្យមុនិ ធម៌្មាម្ឫតរាជនាម្នា ស្ថវីរេណក្ឫតាមុនេរ៑ ឥយំ ប្រតិមា ស្ថវីរម៑      មាតុលម៑ អតុលម៑ ភទន្តជិនភទ្រម៑ ឧទ្ទិឝ្យ។

៣. ទុះ+ខទុះខសមុប្បាទោ

ទុះខស្ស ច អតិក្រមោ

អបរោចដ្ឋង្គិកោមគ្គោ

    ខេមោបឝមគាមិកោ។

សេចក្តីប្រែ

ព្រះបដិមាព្រះភគវ័នសាក្យមុនីសម្ពុទ្ធ បានស្ថាបនាឡើងដោយព្រះស្ថវីរៈ (ព្រះថេរៈ) មាននាមថា “ធម៌្មម្ឫគរាជ” ដើម្បីឧទ្ទិសដល់ ព្រះតេជគុណភទន្តជិនភទ្រ ដែលជាមាតុលៈ (ឳពុកមាខាងម្តាយ) ដែលជាអ្នកមានគុណរកអ្វីប្រៀបផ្ទឹមពុំបាន។

[ព្រះពុទ្ធអង្គទ្រង់សម្ដែងថា]៖ សេចក្ដីទុក្ខ (ទុក្ខអរិយសច្ច) ហេតុដែលនាំឱ្យកើតទុក្ខ (សមុទយអរិយសច្ច) ការកន្លងផុតនូវសេចក្ដីទុក្ខ (និរោធអរិយសច្ច) និងផ្លូវដ៏ប្រសើរមានអង្គ ៨ ផ្សេងទៀត (អរិយមគ្គ) ដែលជាផ្លូវនាំទៅរកសេចក្ដីក្សេមក្សាន្ត និងការរលត់ទុក្ខ ។ សរុបជារួមមក សិលាចារឹកលើពុទ្ធបដិមារកឃើញនៅភ្នំតូច ស្រុកអង្គរបុរី ខេតត្តាកែវ កាលពីខែមិថុនា ឆ្នាំ២០១៨ បានផ្តល់ព័ត៌មានដ៏សំខាន់ពាក់ព័ន្ធជាមួយនាមម្ចាស់ទានដែលជាអ្នកស្ថាបនាព្រះពុទ្ធទ្រង់ឈរនេះឡើង (ធម៌្មម្ឫគរាជ) និងនាមដែលម្ចាស់ទានឧទ្ទិសដល់ (ភទន្តជិនភទ្រ)។ ព្រមជាមួយគ្នានេះ ក៏បានរៀបរាប់អំពីធម៌អរិយសច្ចទាំង ៤ និងផ្លូវដ៏ប្រសើរទាំង ៨ នៃព្រះពុទ្ធអង្គផងដែរ។

—————

This article analyses a 6th/7th-century sandstone Buddha image discovered at Phnom Toch, Angkor Borei. Depicted in the Vitarka Mudra (gesture of instruction), the statue features a rare Pali inscription on its pedestal. Palaeographic analysis dates the text to the late 6th or early 7th century, identifying the donor as the monk Dharma Karaj, who dedicated the work to his uncle, Bhadanta Jinabhadra. The inscription significantly articulates the Four Noble Truths and the Eightfold Path, offering vital evidence of early Theravada Buddhism in ancient Cambodia.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,100SubscribersSubscribe
- Advertisement -spot_img