ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកទួលអង្គស្លែង (K.1489)

សិលាចារឹកទួលអង្គស្លែង (K.1489)

ទួលអង្គស្លែង មានទីតាំងស្ថិតនៅភូមិដំណាក់អម្ពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ទីនេះ គឺជាអតីតប្រាសាទបុរាណសម័យមុនអង្គរ (ស.វ.ទី៧-៨) មួយកន្លែង ប៉ុន្តែ បានបាក់បែកស្ទើរទាំងស្រុង និងនៅសល់តែគ្រឿងបង្គំមួយចំនួន និងរចនាសម្ព័ន្ធប្រាសាទ ដូចជា កសិន្ធុទឹក និងច្រកចូលខាងកើតជាដើម។ នៅទីតាំងដើមផ្ទាល់ មានបន្សល់ទុកនូវសិលាចារឹកមួយផ្ទាំង ចុះបញ្ជីលេខ K.1489 ដែលសិលាចារឹកនេះអ្នកស្រុកបានយកមកតម្កល់ទុកនៅក្នុងខ្ទមអ្នកតា និងបានគោរពបូជាមកទល់បច្ចុប្បន្ន។ តើសិលាចារឹកនេះ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

អត្ថបទសិលាចារឹកនេះ សរសេរនៅលើបន្ទះថ្មភក់ ដែលមានចារឹកអក្សរលើផ្ទៃទាំងពីរ ដែលមានទម្រង់ជាអក្សរសម័យមុនអង្គរ នាស.វ.ទី៧។ ផ្នែកទី១ មានអក្សរចារឹកចំនួន ៦ បន្ទាត់ ជាភាសាសំស្រ្កឹត បែបឝ្រគ្ធរាឆន្ទ និងបែបអនុឞ្តបឆន្ទ សរុបមានចំនួន៧ស្លោក។ រីឯ ផ្នែកទី២​ មានអក្សរចារឹកចំនួន ១៣ បន្ទាត់ ជាភាសាខ្មែរ។ ក្នុងនោះ ស្លោកទី១ នៃផ្នែកទី១ (ភាសាសំស្រ្កឹត) ពណ៌នាអំពីការប្រតិស្ឋាន (កសាងព្រះប្រតិមា) ព្រះវិស្ណុ ដោយបានបញ្ជាក់ឆ្នាំកសាងជារបៀបភូតសង្ខ្យាសព្ទថាឝរ (ព្រួញសរ)=៥, រស=៦ និងទហន(ភ្លើង) =៣ ពោល គឺស្មើនឹងឆ្នាំ ៥៦៣ នៃមហាសករាជ ដែលត្រូវនឹងគ្រិស្តសករាជ ៦៤១ ពោល គឺត្រូវនឹងរជ្ជកាលព្រះបាទស្រីភវវម៌្មទី២ ប៉ុន្តែសិលាចារឹកមិនបានបញ្ជាក់ព្រះនាមព្រះអង្គឡើយ។ ព្រមជាមួយគ្នានេះ សិលាចារឹកបានបញ្ជាក់បន្ថែមថា ប្រតិមាព្រះវិស្ណុបានកសាងឡើងនៅក្នុងខែមាឃ ចំថ្ងៃខ្នើត ថ្ងៃទី២ វេលាយប់ ក្នុងពេលដែលព្រះចន្រ្ទស្ថិតនៅក្នុងឫក្សបុស្សផ្កាយគ្រោះ ស្ថិតក្នុងមកររាសី។

ស្លោកទី២ ពណ៌នាបញ្ជាក់អំពីភាពដាច់ណាត់ថា រាល់ភស្តុភារគ្រឿងបូជាទាំងអស់ គឺជាសម្បត្តិរបស់ព្រះជាអម្ចាស់ ពោល គឺគ្មាននរណាមានសិទ្ធិមករឹបអូស ឬល្មើសបំពានបានឡើយ ដោយហោចទៅសូម្បីតែព្រះមហាក្សត្រ។ ស្លោកទី៣ និងទី៣ ជាប្រភេទបទបញ្ញត្តិសីលធម៌អភិសមាចារ ដែលល្មើសក្នុងទេវស្ថាន ពោល គឺជនអ្នកបំផ្លាញសមិទ្ធផល ឬជនជាអ្នកពោលពាក្យភូតកុហក ឬមនុស្សរមិលគុណជាដើម និងត្រូវធ្លាក់ទៅកាន់នរកដរាបណាព្រះចន្ទ្រ និងព្រះអាទិត្យនៅតែមានវត្តមាននៅលើលោក។ ស្លោកទី៥ ពណ៌នាអំពីអ្នកប្រតិស្ឋានព្រះហរិ (ព្រះវិស្ណុ) មាននាមថា “អាចារ្យធម៌ទត្ត” ត្រូវជាកូនប្រុសរបស់ “អាចារ្យវិស្ណុទត្ត” និង “នាងសត្យវតី”។ ស្លោកទី៦ ពណ៌នាអំពីផលអានិសង្សបុណ្យនៃការបរិត្យាគទាន ដោយការគោរពភក្តី និងទទួលបាន ផលអានិសង្សរួមគ្នាជាមួយសាច់ញាតិសន្តាន និងទៅកាន់ស្ថានសួគ៌។ ស្លោកចុងក្រោយ (ទី៧) ពណ៌នាអំពីផលបាបដែលបានកើតចេញពីការបំផ្លាញ ឬការបង្កវិនាសកម្មដល់ព្រះស្រីគោវិន្ទ (ព្រះវិស្ណុ) និងងទទួលបានរួមទាំងគ្រួសារសន្តានញាតិ ដែលនឹងត្រូវធ្លាក់ទៅកាន់រៅរវនរក។

ដោយឡែក ចំពោះផ្នែកទី២ ដែលជាអត្ថបទភាសាខ្មែរវិញ គឺពណ៌នាអំពីតង្វាយជាមូលនិធិរបស់លោកអាចារ្យធម៌្មទត្ត និងម្តាយឪពុករបស់លោក គឺ អាចារ្យវិស្ណុទត្ត និងព្រះហញសត្យវតី។ មូលនិធិទាំងនេះ មានដូចជា អ្នកបម្រើប្រុសស្រី គោ ដីស្រែ ចម្ការ អំបិល ស្លា ស្រូវ ល្ង ប្រេង កន្ទេល ខ្នើយ សម្លៀកបំពាក់ ជាដើម។

អត្ថបទចារឹក និងសេចក្តីប្រែ

ផ្នែកទី១

១.       រាជ្ញាឝាកេន បិណ្ឌទហនរសឝរៃរង្កិតំវត្សរាណាំ

         មាឃស្យាទ្យេចបក្ឞេចបទ្វិទិវសរវិតេយាមិនីសាយទាស្យាត៑

         សេន្ទុម្បុឞ្យស្មទាយំត្រិភុវនវតស្ស្ថាបិតស្តត្រសឝ្រីះ

         វិឞ្ណុយ៌្យោគៃឝុភស្មៃច៌ិ្ចរចិតមករេណេទិតេនគ្រហាណាំ។

ប្រែថា៖ ក្នុងមហាសករាជឆ្នាំ ៥៦៣ (ទហនរសឝរ គឺទហន=៣, រស=៦, ឝរ=៥) ក្នុងខែមាឃ ខ្នើត ថ្ងៃទី២ (ទ្វិទិវស) វេលាយប់ ក្នុងខណៈដែលព្រះចន្ទ្រស្ថិតក្នុងឫក្សបុស្ស (បុឞ្យ) (ព្រះប្រតិមា) ព្រះវិស្ណុដ៏មានសិរីសួស្តី ដែលជាម្ចាស់នៃត្រៃភព ត្រូវបានប្រតិស្ឋានឡើងយ៉ាងល្អត្រឹមត្រូវ ក្នុងខណៈដែលគ្រហៈទាំងឡាយស្ថិតក្នុងមកររាសី។

២.       យទ្ទត្តំឝ្រមនាទិភ្យោ            តទតោបេនតទ្ធនំ

         តទហាយ៌្យន្ឫបេនាបិ            កឹបុនស្សុតវាន្ធវៃះ។

ប្រែថា៖ ទ្រព្យសម្បត្តិទាំងឡាយណាដែលបានថ្វាយចំពោះព្រះអង្គហើយនោះ ទ្រព្យនោះសូម្បីតែព្រះនរបតី (ព្រះមហាក្សត្រ) ក៏មិនអាចរឹបអូសយកទៅវិញបានដែរ ចុះទម្រាំតែពួកកូនចៅ ឬញាតិសន្តានដទៃទៀត តើអាចយកទៅបានម្តេចនឹងកើត?

៣.      វាក………ក្ឫតឃ្នឝ្ច              ភុ……………តេត្រយះ

           នរកាត្ននិវត៌្តតេ                   យាវត្សោមទិវាករះ។

ប្រែថា៖ បុគ្គលណាដែលពោលពាក្យភូតកុហក…… និងជាមនុស្សរមិលគុណ ……… បុគ្គលទាំងនោះនឹងមិនអាចងើបចេញពីនរកបានឡើយ ដរាបណាព្រះចន្ទ្រ និងព្រះអាទិត្យនៅតែមានវត្តមាននៅលើលោក។

៤.       សត្រានៃប្រាក្យវ្ឫត្តានាំ        ភេទនំយះករោតិច

          សបាបក្ឫត្បាបតរះ             បាកភេទឥវស្ម្ឫតម៑។

ប្រែថា៖ បុគ្គលណាដែលមកបំផ្លាញ ឬធ្វើឱ្យបែកបាក់នូវសទ្ធាទានដែលគេបានធ្វើហើយពីមុនមក បុគ្គលនោះចាត់ទុកថាជាអ្នកធ្វើបាបដ៏អាក្រក់បំផុត (ហើយនឹងទទួលផលបាបនោះគ្រប់ទម្រង់រសជាតិ) ប្រៀបដូចជាការចម្អិនអាហារប្រភេទផ្សេងៗគ្នា (អាហារដែលដាក់ក្នុងឆ្នាំងតែមួយ តែបើប្រើភ្លើងខុសគ្នា ឬគ្រឿងផ្សំខុសគ្នា លទ្ធផល (រសជាតិ) ក៏ចេញមកខុសគ្នា យ៉ាងណាមិញ នឹងទទួលរងទុក្ខវេទនាគ្រប់ទម្រង់។

៥.       អាចាយ៌្យវិឞ្ណុទត្តស្យ              សត្យវត្ត្យាឝ្ចយស្សុតះ

ធម៌្មទត្តាហ្វយោទ្ធាភ្យ          ន្តេនាយំស្ថាប្យតេហរិះ។

ប្រែថា៖ លោកដែលមានឈ្មោះថា ធម៌ទត្ត ដែលជាកូនប្រុសរបស់លោកអាចារ្យ វិស្ណុទត្ត និងនាង សត្យវតី គឺជាអ្នកបានប្រតិស្ឋាននូវព្រះហរិ (ព្រះវិស្ណុ) អង្គនេះឡើង។

៦.       យោទត្តាវេឞ្ណវេសម្យ             គ្ទាសាទាសិធនានំ ច   

           ក្ឞេត្រារាមបឝុន្ភក្ត្យា         ស្វគ៌្គម្យាតិសវាន្ធវៃ។

ប្រែថា៖ បុគ្គលណាដែលបានថ្វាយចំពោះព្រះវិស្ណុ នូវខ្ញុំបម្រើប្រុស ខ្ញុំបម្រើស្រី ទ្រព្យធន ស្រែចម្ការ ច្បារដំណាំ និងសត្វពាហនៈទាំងឡាយ ដោយភក្តីភាពបុគ្គលនោះព្រមទាំងញាតិ        សន្តានទាំងអស់ នឹងបានទៅកាន់ស្ថានសួគ៌។

៧.       ឝ្រីគោវិន្ទស្យយទ្រវ្យ             ង្កឝ្ចិត្បុឞ្បាទិយេហរេ   

           ត្សវ៌ៃ្វប្រកុលសន្តានៃះ         តីវ្រយាតុ សរៅរវម៑។ ៚

ប្រែថា៖ ប៉ុន្តែ ប្រសិនបើជនណាម្នាក់ ហ៊ានលួចប្លន់យកនូវទ្រព្យសម្បត្តិ ឬសូម្បីតែផ្កាបូជាដែលជាតង្វាយថ្វាយចំពោះព្រះស្រីគោវិន្ទ (ព្រះវិស្ណុ) នេះ សូមឱ្យបុគ្គលនោះ ព្រមទាំងក្រុមគ្រួសារ និងញាតិសន្តានទាំងអស់ ធ្លាក់ទៅរងទុក្ខវេទនាដ៏ខ្លាំងក្លា (តីវ្រ) ក្នុងរៅរុវៈនរកកុំខានឡើយ!

អត្ថបទចារឹក និងសេចក្តីប្រែ

ផ្នែកទី២

១. នីវ្រះកម្រតាង៑អញឝ្រីគោវិន្ទស្វាមិមន៑អាចាយ៌្យធម៌្មទត្តទុកនុទ្រវ្យអាចាយ៌្យទៃយ   ឱយ៑បុណ្យ

២. អាចាយ៌្យវិឞ្ណុទត្ត ឱយ៑បុណ្យវ្រះហញ៑សត្យវតិគេយជមានអាចាយ៌្យធម៌្មទត្តអំនោ

៣. យ៑តវ្រះក្ញុំឃោទវាក្លបិត៑១ក្ញុំតកន្តៃកុជទ្ទ១កុកន្តេង៑១កុស្មោវ្ញៅ១កុអន្រោក៑១

៤. កោន៑ផោង៑ចំទក្ក៑សិវាកំវញ៑ប្ឱន៑វាវក្កវាតីភាគ្យត្មុរ៑១០ស្រេសន្រេ៤ទំរិង៑អន្តកំលុង៑ គុិ

៥. ផោង៑គន៑អំនោយ៑តវ្រះផោង៑គិុនាគិុតេល៑ប្រតិវន្ធសំអាយ៑តវ្រះកម្រតាង៑អញ៑ឝ្រីចក្រតីថ៌ស្វាមិវ្រះអាចា

៦. យ៌្យធម៌្មទត្តស្រូសត្រគេវ្រះតគិុសំវត្សរតមោយ្យទ្រោង៑ចំរេន្តគិុទ្វាទឝីវិឞុវគ្រហភៃ៦ច្នោង៑៥សន្មា..ត្លោង៑

៧. អំបេល៑ហ្វាង៑១៤ស្លាស្លិក៑៩ប្លោន៑១បរេង៑បញ្ជុត៑អន្តោង៑មាស៑៤បរេង៑មធុបក្កមាស៑៨ង្រងោរអន្តោង៑

៨. ៥ក្រយានុឧត្សវវេរវ្រះតគិុខេតបោន្នស្រូសោត្លោង៑១០រ្នាច៑១៥ស្លាវ្រះប្លោន៑៤ត្នះ៤ភគវតបោស៑ប្លោន៑៤

៩. ..ការិប្នោន៑៤បរេង៑មាស៑៥ង្រងោរអន្ត្វង៑១០បរេង៑បញ្ជុត៑មាស៑២សន្តេក៑ជេ២អំបេល៑ហ្វាង៑៤ច

១០. ..ស្រេសន្រេ១ល្ងោត្លោង២វឞ៌ាបំនោស៑បំជុះចន្លេក៑យៅ៤ក្នេយ៑២កន្ទេល៑២បរេង៑មាស៑២ស្រេ

១១. សន្រេ១០……តល្ងោត្លោង៑១វឞ៌ាគេវ្រះទៃចន្លេក៑យៅ២ស្នុំត្បោង៑យៅ១កន្សាយជ្ញយៅ១

១២. វ្នេង៑សំរុក៑៦ទង្គាយ៤នោង៑៤ច្រាសិ២អ្ចាក៑២តយោង៑២លញ្ចោង៑៦ច្កោយ៑បាយ៑២ចរា២ជកីត៌ិ្តះ

១៣. ភៃ៥ក្របាស៑កន្ទិ២ចន្ហុស៑បុរ៑ក្ចិត៑កំទោត៑អ្នប៑បញ្ជុត្តង្កល៑ភោគ..ត៑ស្ថិតិតគិឧត្សវ។

សេចក្តីប្រែ

(១-៣) ព្រះកម្រតាង៑អញឝ្រីគោវិន្ទស្វាមិ ដែលលោកអាចារ្យធម៌្មទត្តបានរៀបចំចាត់ចែង​ទុកដាក់ និងទ្រព្យរបស់លោកអាចារ្យផ្សេងទៀតបានផ្តល់ឱ្យបុណ្យអាចារ្យវិឞ្ណុទត្ត (ជាឳពុកអាចារ្យ ធម៌ទត្ត) ឱ្យបុណ្យ ព្រះហញសត្យវតី (នាងសត្យវតីជាម្តាយរបស់អាចារ្យធម៌ទត្ត) អ្នកដែលជា      យជមាណ (ម្ចាស់មូលនិធិ)​ អាចារ្យធម៌្មទត្ត អំណោយថ្វាយអ្នកបម្រើដល់ព្រះ (ព្រះកម្រតាងអញឝ្រីគោវិន្ទស្វាមិ=ព្រះក្ឫឞ្ណា ជាអវតាររបស់ព្រះនរាយណ៍) មានដូចខាងក្រោមនេះ៖

(៣-១០) អ្នកបម្រើបុរស មាន វាក្លបិតម្នាក់។ អ្នកបម្រើនារី មាន កុជទ្ទ១ កុកន្តេង១ កុស្មោ វ្ញៅ១ កុអន្រោក១ និងកូនគាត់នោះផង។ អ្នកចំទកបុរស មាន វាកំវញ ជាប្អូនរបស់វាវក្ក វាតីភាគ្យ។ (តង្វាយផ្សេងទៀត) មាន គោ១០ក្បាល ដីស្រែ៤សន្រេ ទំរីង(ចម្ការទ្រើង)អន្ត នៅខាងក្នុងផង។ គន (គណ)អ្ន កបម្រើជាអំណោយថ្វាយដល់ព្រះផង ហើយដែលបានប្រតិពន្ធរួមគ្នាជាមួយនិងព្រះកម្រតាងអញឝ្រីចក្រតីថ៌ស្វាមិ (ព្រះនារាយណ៍) ដែលព្រះអាចារ្យធម៌្មទត្ត បានថ្វាយបូជាមាន ស្រូវសម្រាប់ពិធីបុណ្យបូជាដល់ព្រះក្នុង១ឆ្នាំ (សំវត្សរត មោយ្យ) និងសម្រាប់បុណ្យចម្រើននៅក្នុងថ្ងៃទី១២ នៃថ្ងៃថ្ងៃវិឞុវគ្រហ ចំនួន២៦ និង៥ច្នោង..ត្លោង អំបិលចំនួន១៤ ហ្វាង (វាង+ហ+វាង>ពាង=ក្រឡ?) ស្លាចំនួន៩ស្លឹក ១ផ្លូន ប្រេងបញ្ជុតអន្តោងចំនួន៤មាស ប្រេងមធុបក្ក ចំនួន៨មាស ស្កររងូចំនួន៦អន្តោង ក្រយា និងឧត្សរវេរ (ប្រគេនថ្វាយ) ដល់ព្រះគឺ សម្រាប់៤ខែ ស្រូវសោចំនួន១០ត្លោង រ្នាចចំនួន១៥ ស្លាព្រះចំនួន៤ផ្លូន៤ត្នះ។ សម្រាប់ព្រះភគវត ដែលបួស (បព្វជិត) ចំនួន៤ផ្លូន ការិ ប្នោនចំនួន៤ ប្រេងចំនួន៥មាស ស្កររងូចំនួន១០អង្ត្វង ប្រេងបញ្ជុតចំនួន២មាស សណ្តែកចំនួន២ជេ (កញ្ជើ) អំបិលចំនួន៤ហ្វាង ច..ស្រែ១សន្រេ ល្អ២ត្លោង។

(១០-១៣) វឞ៌ាបំនោស បំជោះ (បព្វជិតអ្នកធ្វើពិធីបំជុះ (ពិធីលាងជម្រះបាប) សម្រាប់រដូវ ភ្លៀងឬវស្សា) មាន សម្លៀកបំពាក់៤យៅ ខ្នើយ២ កន្ទេល២ ប្រេង២មាស ស្រេ១០ សន្រេ .. ល្ង១ ត្លោង។ ក្នុងវឞ៌ា (សម្រាប់រដូវភ្លៀងឬវស្សា) ថ្វាយដល់ព្រះផ្សេងៗបន្ថែមទៀតមាន សម្លៀកបំពាក់ ២យៅ ស្នុំត្បោង១យៅ កន្សាយជ្ញ១យៅ វ្នេងសំរុង៦ ទង្គាយ៤ នោង៤ច្រាសិ២ អ្ចាក២ តយោង២ លញ្ចោង៦ ច្កោយបាយ២ ចរា២ ជកីត៌ិ្តះ ភៃ៥ ក្របាស កន្ទិ ២ ចន្ហុស បុរ ក្ចិត កំទោត អ្នកបញ្ជុត្តង្កល ភោគ..ជាបញ្ជីស្ថិតិសម្រាប់ឧត្សវ (បុណ្យ)។ សរុបជារួមមក សិលាចារឹកទួលអង្គស្លែង (K.1489) បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី ជីវភាព និងជំនឿរបស់សង្គមខ្មែរនាស.វ.ទី៧។ តាមរយៈខ្លឹមសារទាំងពីរផ្នែក គឺផ្នែកភាសាសំស្ក្រឹត និងភាសាខ្មែរ បានបង្ហាញអំពីការកសាង និងការតម្កល់ព្រះវិស្ណុ ឬព្រះស្រីគោវិន្ទស្វាមិ ព្រមទាំងការបង្កើតមូលនិធិទ្រព្យសម្បត្តិ ដូចជា អ្នកបម្រើ គោ ដីស្រែចម្ការ និងគ្រឿងបូជាផ្សេងៗ ដើម្បីធានាដល់កិច្ចប្រតិបត្តិ និងកិច្ចពិធីបូជាប្រចាំឆ្នាំ។ ក្រៅអំពីនេះ សិលាចារឹកបានបង្ហាញពីទិដ្ឋភាពផ្លូវច្បាប់ និងសីលធម៌បុរាណ តាមរយៈការដាក់បទបញ្ញត្តិហាមឃាត់យ៉ាងដាច់ណាត់មិនឱ្យមានការរឹបអូស ឬបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ទេវស្ថាន សូម្បីតែព្រះមហាក្សត្រក៏គ្មានសិទ្ធិដែរ។ បន្ថែមពីនេះ សិលាចារឹកបានបង្ហាញអំពីការដាក់បណ្តាសាចំពោះជនណាដែលប្រព្រឹត្តិអំពើទុច្ចរឹតប្រឆាំងនឹងសមិទ្ធផលទាំងនោះផងដែរ។

—————-

This study examines the Toul Ang Slaeng Inscription (K.1489), a significant pre-Angkorian epigraphic artifact dating back to the 7th century (641 CE), located in Kampong Cham Province, Cambodia. Inscribed on a sandstone slab featuring both Sanskrit verses and Old Khmer prose, the text documents the consecration of a Vishnu (Hari/Govinda) image by Acharya Dharmadatta, son of Acharya Vishnudatta and Satyakavati. Furthermore, the inscription details the establishment of religious endowments, including temple servants, cattle, agricultural land, and various ritual offerings, designed to sustain annual worship and sacred ceremonies. Crucially, the epigraph incorporates strict legal and moral safeguards, prohibiting the expropriation or desecration of divine property even by reigning monarchs, and invoking severe karmic curses upon transgressors. Overall, Inscription K.1489 provides invaluable historical insights into the socio-religious structures, legal frameworks, and Hindu belief systems of early Khmer civilization.

អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img