បើលោកអ្នកធ្លាប់អានច្បាប់ល្បើកថ្មីរបស់ព្រះភិរម្យភាសា “អ៊ូ” ឬអ្នកផងហៅទូទៅថាច្បាប់ក្រមង៉ុយ នៅក្នុងសេចក្តីនមស្សការដំបូងត្រង់ល្បះទី២ ឃ្លាទី៦ លោកបានរំលេចរម្លឹកគុណតួអក្ខរាទាំងសាបសិបីតួ។ សេចក្តីក្នុងកាព្យនេះហើយជាហេតុអាចនាំឱ្យយើងយល់បានថា គ្រប់តួអក្សរដែលយើងសរសេរកត់ត្រាចារចម្លង នូវពាក្យពេចន៍វែងខ្លីសេចក្តីជ្រៅរាក់រាល់ថ្ងៃនេះ ក៏ត្រូវគោរពដឹងគុណស្មោះស្មើនឹងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងមាតាបិតាដែរ។ សោតឯឃ្លាក្នុងកាព្យនោះដដែល ក៏អាចឱ្យយើងជាសាមញ្ញជនជាន់ក្រោយរលឹកបានថា សង្គមខ្មែរបុរាណមានជំនឿគោរពប្រតិបត្តិយ៉ាងមុតមាំក្រៃលែងនូវអ្វីៗដែលដូនតាសាងមក ជាក់ស្តែងសូម្បីតួអក្សរដែលយើងដឹងថា ដូនតាបានបង្កើតឱ្យមានកំណើតវិវត្តន៍តមកយ៉ាងហោចតាំងពីចុងស.វ.ទី៩ គឺក្នុងរាជ្យព្រះបាទយសោវម៌្មទី១(៨៨៩-៩១០) ទ្រង់ប្រកាសហៅអក្សរសរសេរក្នុងកម្ពុជទេសថា “កម្ពុជាក្សរ” មានន័យថា “អក្សរកម្ពុជា”។ ប៉ុន្តែសូមយល់ថាសិលាចារឹកប្រទេសកម្ពុជា ដែលឃើញគ្រប់ទិសទីនៃទឹកដីកម្ពុជាសម័យបុរាណ ពោលគឺកម្ពុជាបច្ចុប្បន្ន ភាគខ្លះនៃប្រទេសថៃ ភាគខ្លះនៃប្រទេសវៀតណាម និងភាគខ្លះនៃប្រទេសឡាវ ជួនសរសេរជាភាសាខ្មែរសុទ្ធ ជួនកាលជាភាសាសំស្រ្កឹត ឬជួនកាលប្រើភាសាទាំងពីរឆ្លាស់គ្នាក្នុងសិលាចារឹកតែមួយ។ រីឯអក្សរនោះ គឺមានការវិវត្តជាធម្មតាតាំងពីស.វ.ទី៦មកដល់សព្វថ្ងៃ។ ក្រៅពីការវិវត្តគេអាចនិយាយថាមានបែបពពួកអក្សរដែរ បើនិយាយតាមសិល្បៈ ស្ទើរតែអាចពោលថាមាន “រចនាបថ” គឺអក្សរមួយពួកឃើញរាងមូល រាងជ្រុង អក្សរខ្លះទៀតផ្តេកទ្រេតមកខាងស្តាំ ជួនមានសោភ័ណ ជួនណាទៀតនោះអ្នកចារខ្វៀកពុំគិតខ្វល់រឿងសម្រស់អ្វីឡើយ។ នេះហើយដែលក្រោយមកហៅថា “អក្សរជ្រៀង”។ ប៉ុន្តែទោះជាដូចម្តេចក្តី ក្នុងអត្ថបទនេះខ្ញុំសាកល្បងនិយាយត្រឹមតែសិល្បៈ និងជំនឿពាក់ព័ន្ធតួអក្សរប៉ុណ្ណោះ។
ជាការពិត ព្យញ្ជនៈខ្មែរ ឬហៅសាមញ្ញថាអក្សរខ្មែរ មានចំនួន៣៣តួ ហើយបើរៀបតាមទម្លាប់ដែលយើងធ្លាប់ចេះចាំមាត់ គឺចែកជា៥វគ្គ និង១សេសវគ្គ។ អក្សរវគ្គទី១មាន “ក ខ គ ឃ ង” វគ្គទី២ មាន “ច ឆ ជ ឈ ញ” វគ្គទី៣ មាន “ដ ឋ ឌ ឍ ណ” វគ្គទី៤ មាន “ត ថ ទ ធ ន” វគ្គទី៥ មាន “ប ផ ព ភ ម” និងសេសវគ្គមានអក្សរ “យ រ ល វ ស ហ ឡ អ”។ ប៉ុន្តែដូចបាននិយាយមកខាងដើម តួអក្សររទាំងអស់បានវិវត្តន៍ប្តូរផ្លាស់រូបរាងច្រើនដំណាក់កាល ហើយបើយកការសិក្សារបស់លោក ហ្ស៊ក ម៉ាស្ពេរ៉ូ (Georges Maspero) នៅឆ្នាំ១៩១៥ និងទ្រឹស្តីប្រវត្តិអក្សរសាស្រ្តខ្មែរ លោក លាង ហាប់អាន បញ្ជាក់ថាអក្សរខ្មែរវិវត្តតាំងពីបុរាណដល់បច្ចុប្បន្នចំនួន១០លើក។ ប៉ុន្តែបើតាមការសិក្សាថ្មីៗ គេរកឃើញការវិវត្តប្រែប្រួលរូបរាងអក្សរខ្មែរមានច្រើនបែបទៀត។ ទិន្នន័យចុងក្រោយនេះបានផ្អែកលើការរកឃើញសិលាចារឹកជាច្រើន ហើយដែលរហូតមកដល់បច្ចុប្បន្នបានចុះបញ្ជីដល់ K.1459។ សូមបញ្ជាក់ថាការសិក្សាថ្មីៗទាំងឡាយនេះ មិនរាប់បញ្ចូលទម្រង់អក្សររចនាជាសិល្បៈសម្រាប់ប្រើបោះពុម្ព (អង្គុលីលេខ) ឬប្រើក្នុងកុំព្យូទ័រឡើយ។
បើត្រឡប់មកមើលរបៀបសិក្សារៀនសូត្រតាមលំអានបុរាណ ឬរៀនតាមសាលាវត្ត យើងឃើញមានបែបបទរៀនសូត្រខុសពីសម័យទំនើប ពោលគឺមុននឹងចាប់ផ្តើមរៀនចាស់បុរាណតែងឱ្យសិស្សចេះ “នមោ ពុទ្ធាយ សិទ្ធំ” ជាកិច្ចនមស្សការឱ្យស្ទាត់រត់មាត់សិន។ ឃ្លាជាបាលីនេះ បើប្រែសេចក្តីជាខ្មែរថា “នមោ” សូមនមស្សការក្រាបថ្វាយបង្គំ “ពុទ្ធាយ” ចំពោះព្រះពុទ្ធ “សិទ្ធំ” សូមឱ្យបានសម្រេចដោយការចេះដឹង។ សោតឯឃ្លានេះផងគេឃើញមានចារផ្តើមសេចក្តីសាស្រ្តាស្លឹករឹតខ្លះ រហូតឃើញក្នុងទំព័រទី១នៃឯកសារបង្រៀនកុមារតាំងពីសម័យបារាំង ដល់ទសវត្សរ៍ទី៥០ មុននឹងឱ្យកុមារផ្តើមរៀនស្រៈ និងព្យញ្ជនៈ។ មិនតែប៉ុណ្ណោះ ចូរកុំភ្លេចថាមុនមានប្រព័ន្ធអប់រំទំនើប កាលណាកូនមានអាយុប្រមាណ៧, ៨, ៩, ១០ឆ្នាំ ម្តាយឪពុករើសរកថ្ងៃល្អ នាំទៅផ្ញើឱ្យរៀនសូត្រអក្សរលេខនព្វន្តពីសំណាក់ព្រះសង្ឃ។ តាមជំនឿគេច្រើនរើសយកថ្ងៃព្រហស្បតិ៍ ព្រោះជាទេព្តាសម្តី ហើយគេជឿចាប់ផ្តើមរៀននៅថ្ងៃនេះនឹងចេះដឹងឆាប់។
ចំពោះទម្រង់តួអក្សរខ្មែរដែលគេសម្គាល់ឃើញ ទាំងក្នុងបរិបទអ្នកស្រាវជ្រាវ និងចងក្រងឱ្យកុមារស្គាល់ជាមូលដ្ឋានយ៉ាងហោចមាន៣គឺ អក្សរជ្រៀង អក្សរមូល និងអក្សរខម។ ទម្រង់ទាំង៣នេះ លោក ហ្ស៊ក ម៉ាស្ពេរ៉ូ កត់សម្គាល់ថា អក្សរជ្រៀង សម្រាប់កត់ត្រាកិច្ចការទូទៅ ហើយអក្សរមូលសម្រាប់សរសេរអត្ថបទសាសនា និងក្បួនច្បាប់ជាដើម។ រីឯអក្សរខម លោកពន្យល់ថាមកពីពាក្យសៀម “ខម” (ขอม) មានន័យថា “កម្ពុជា ឬខ្មែរ” ហើយជនជាតិសៀមតែងនិយាយថា “តួខម” (ตัวขอม) ដែលមានន័យថា “តួអក្សរខ្មែរ”។ តួអក្សរខមនេះ ខ្មែរនិងសៀមប្រើកត់ត្រាអត្ថបទភាសាបាលី។ ក្នុងសង្គមខ្មែរតែងប្រើអក្សរខមចារសាស្រ្តា ក្រាំង វាន និងពាក្យឬឃ្លាភាសាបាលីតាំងពីដើមរហូតមក។
ពាក់ព័ន្ធនឹងទម្រង់អក្សរ បើមើលឯកសារសិក្សាក្នុងទសវត្សរ៍ទី៥០មួយផ្សេងទៀត គេបានរៀបចំឱ្យកុមារចេះសរសេរអក្សរស្អាត ឬ “អក្សរផ្ចង់” ដែលជាសិល្បៈសរសេរនិងឆ្លាក់អក្សរ ហើយមានទម្រង់អក្សររហូតដល់៦គឺ អក្សរជ្រៀង អក្សរឈរ អក្សរខម អក្សរមូល អក្សរស្រមោល និងអក្សរក្បាច់។ ក្នុងទម្រង់ទាំង៦នេះ មាន៣ទម្រង់ដូចអ្វីដែលលោក ហ្ស៊ក ម៉ាស្ពេរ៉ូ លើកឡើង និងមាន២ទម្រង់ទៀត ហាក់ដូចជាអក្សររចនាឡើងបែបសិល្បៈសម្រាប់បោះពុម្ពដូចជា អក្សរស្រមោល និងអក្សរក្បាច់។
រួមសេចក្តីមក អក្សរខ្មែរជាផ្នែកនៃវប្បធម៌ ដែលមានប្រវត្តិវវិវត្តន៍វែងឆ្ងាយតាំងពីសតវត្សរ៍ទី៦ រហូតដល់បច្ចុប្បន្ន តាមរយៈដំណាក់កាលផ្លាស់ប្តូរទម្រង់ជាច្រើនលើក ទាំងលើសិលាចារឹក សាស្ត្រាស្លឹករឹត និងក្បួនច្បាប់បុរាណផ្សេងទៀត។ ទន្ទឹមនឹងនោះ នៅមុនការវិវត្តផ្នែករូបរាងជាអក្សរពុម្ពសម្រាប់បោះពុម្ព គេឃើញមានទម្រង់អក្សរជ្រៀង អក្សរមូល និងអក្សរខម សម្រាប់ប្រើប្រាស់កត់ត្រាក្នុងបរិបទផ្សេងៗគ្នាគួរឱ្យកត់សម្គាល់។ ប៉ុន្តែបច្ចុប្បន្ន ក្រោយការរីកចម្រើននិងការវិវត្តនៃគំរូពុម្ពជាច្រើនទៀត ដែលមិនបានបង្ហាញក្នុងអត្ថបទនេះ គេហាក់ពុំបែងចែកអ្វីក្រៅពីអក្សរតូច (សរសេរខ្លឹមសារអត្ថបទ) និងអក្សរធំ (សរសេរចំណងជើង ឬពាក្យសំខាន់)៕









អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





