“បាកាណ”ជាក្រុមប្រាសាទ ឬហៅថាក្រុមប្រាសាទព្រះខាន់កំពង់ស្វាយ។ បច្ចុប្បន្នទីតាំងបុរាណដ្ឋាននេះបានកាត់បញ្ចូលក្នុងភូមិសាស្រ្តរដ្ឋបាលឃុំរណសិរ្ស ស្រុកសង្គមថ្មីខេត្តព្រះវិហារ នៃភាគខាងជើងប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល១០៥គីឡូម៉ែត្រភ្ជាប់តាមផ្លូវបុរាណមួយខ្សែចេញពីអង្គរទៅភាគខាងកើត។ តាមប្រវត្តិសាស្រ្ត រដ្ឋបាលនៃទីតាំងតំបន់នេះបានផ្លាស់ប្តូរជាញឹកញាប់។ មុនឆ្នាំ១៩៨៦ក្រុមប្រាសាទបាកាណរាប់ចូលក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយភូមិសាស្រ្តនេះនៅកៀកជិតតំបន់ភ្នំដែក ដែលអ្នកស្រាវជ្រាវឱ្យតម្លៃថា គឺជាប្រភពនៃការផ្គត់ផ្គង់ដែកដ៏សំខាន់បំផុត នៃអារ្យធម៌អង្គរ។ ទន្ទឹមនោះ ក្នុងឆ្នាំ២០២០ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះក្រុមប្រាសាទបាកាណទៅក្នុងបញ្ជីត្រៀមបញ្ចូលជាបេតិកភណ្ឌពិភពលោក។
ក្រុមប្រាសាទបាកាណ មានទំហំ៤.៥គីឡូម៉ែត្របួនជ្រុង ពោលគឺធំជាងបរិវេណក្រុងអង្គរធំ(៣.២គីឡូម៉ែត្របួនជ្រុង)។ បុរាណដ្ឋាននៃក្រុមប្រាសាទនេះ ព័ទ្ធជុំវិញដោយកំពែង៤ជាន់ ដែលកំពែងទី១ និងទី២ ជាកំពែងដី ចំណែកកំពែងទី៣ និងទី៤ ជាកំពែងថ្មភក់។ នៅឆ្នាំ២០០៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអ្នកជំនាញសាលាបារាំងចុងបូព៌ាប្រទេស(EFEO)បានធ្វើបច្ចុប្បន្នភាពប្រាសាទ និងរចនាសម្ព័ន្ធសំខាន់ៗមានដូចជា ស្ពានស្ទឹងក្រសាំង ប្រាសាទក្រោលកន្ធាយ ប្រាសាទព្រះដំរី បារាយណ៍ ប្រាសាទព្រះថ្កោល ប្រាសាទព្រះស្ទឹង ប្រាសាទព្រះចតុម្មុខ ប្រាសាទកាត់ក្តី ប្រាសាទគុក បន្ទាយក្នុង ប្រាសាទបឹងស្រែខាងលិច ប្រាសាទចាម ប្រាសាទអូរឈើទាលតូច ប្រាសាទអូរឈើទាលត្បូង ប្រាសាទត្រពាំងថ្នល់ ប្រាសាទវត្តគគីរ និងប្រាសាទត្រពាំងចំបក់។
ដោយឡែកគេដឹងថា មកដល់សព្វថ្ងៃមាននិទានពីរនិយាយពាក់ព័ន្ធនឹងបាកាណហើយរឿងទាំងពីរហាក់មានអត្ថន័យឆ្លើយឆ្លងគ្នាដោយអន្លើយ។ និទានទាំងពីរជាការចងចាំតៗគ្នាពីដូនតា ពុំមានជាការកត់ត្រា ឬចងក្រងជាឯកសារអ្វីឡើយ។ ចំពោះសម្រង់ខាងក្រោមនេះ គឺជាការនិទានត្រួសៗតាមការចងចាំរបស់លោក ជា វណ្ណា ជាឆ្មាំនៅប្រាសាទបាកាណដែលមានខ្លឹមសារថា “ពីព្រេងនាយ មានក្សត្រមួយអង្គមិនប្រាកដនាម សោយរាជ្យនៅព្រះបរមរាជវាំងបាកាណ។ ក្សត្រអង្គនេះមានបុត្រីមួយឱ្យនាមថា នាងពៅ។ នាងពៅបានចិញ្ចឹមក្រពើមួយទុកជាសត្វសំណព្វ ឱ្យរស់នៅស្រះក្នុងព្រះរាជវាំង។ ថ្ងៃមួយនាងពៅនឹកភ្នកចង់ស្រង់ទឹកលេងក្នុងបារាយណ៍។ ប៉ុន្តែពេលកំពុងក្រសាលសប្បាយ ស្រាប់តែមានក្រពើធំមួយហែលមកលេបត្របាក់នាងបាត់ទៅ។ ក្រោយបានដំណឹងថានាងពៅត្រូវក្រពើក្នុងបារាយណ៍លេបរួចហើយ ក្រពើរបស់នាងដែលនៅក្នុងព្រះរាជវាំង បានទៅទូលសុំសេចក្តីអនុញ្ញាតពីព្រះពុទ្ធអង្គ ដើម្បីចេញទៅប្រយុទ្ធនឹងក្រពើដែលខាំម្ចាស់របស់ខ្លួនជាការសងសឹក។ ព្រះពុទ្ធអង្គទ្រង់អនុញ្ញាត តែព្រះអង្គមានបណ្តាំថា ពេលចេញផុតពីខ្លោងទ្វារព្រះបរមរាជវាំងស្រេចកាលណា សឹមតំណែងខ្លួនឱ្យធំ ទើបយកឈ្នះក្រពើក្នុងបារាយណ៍នោះបាន។ ដោយក្តីក្រោធ ក្រពើនាងពៅមិនបានធ្វើតាមបណ្តាំព្រះពុទ្ធអង្គឡើយ វាបានតំណែងខ្លួនយ៉ាងធំ រហូតមិនអាចចេញផុតពីខ្លោងទ្វារទាំងបួនទិស ហើយក៏បាត់បង់ជីវិតទៅនៅប្របនឹងមាត់បារាយណ៍។ និយាយពីព្រះមហាក្សត្រជាបិតា ក្រោយកើតហេតុការណ៍ខាងលើចំពោះរាជបុត្រី ទ្រង់ក៏បញ្ជាឱ្យគេលុបបារាយណ៍នោះចោល។ ប៉ុន្តែដោយស្រុកមានសង្រ្គាម ផែនការលុបបារាយណ៍បានត្រឹមតែពាក់កណ្តាលដូចដែលយើងឃើញផ្ទៃគោកត្រឹមខាងលិចប្រាសាទព្រះថ្កោលសព្វថ្ងៃ។ រីឯរូបចម្លាក់ក្រពើមួយដែលនៅជាប់នឹងផែលយចូលមកក្នុងបារាយណ៍នោះជាក្រពើនាងពៅដែលស្លាប់នោះឯង ហើយប្រាង្គកណ្តាលនៃប្រាសាទបន្ទាយក្នុង ក៏ជាប់ឈ្មោះហៅថា “ប្រាសាទនាងពៅ”រហូតមក”។
ចំណែករឿងទី២ ពុំមែនជារឿងនិយាយចំចំពោះក្រុមប្រាសាទបាកាណទាំងស្រុងឡើយ។ រឿងនេះហាក់ស្រដៀងនឹងរឿងមួយដែលគេស្គាល់ជាទូទៅថា “រឿងនាងលម្អងរំចេក” ឬរឿង “នាងទន្តសស្រ្តា” ដែលនិយាយពាក់ព័ទ្ធទៅនឹងក្រុមប្រាសាទកោះកេរ ស្ថិតនៅភាគពាយ័ព្យនៃក្រុមប្រាសាទបាកាណ។ ប៉ុន្តែតាមសេចក្តីនិទានរបស់លោក ជា វណ្ណា ដដែលមានផ្នែកខ្លះនិយាយពាក់ព័ន្ធដល់ប្រាសាទព្រះដំរី ស្ថិតនៅខាងកើតខ្នងបារាយណ៍នៃក្រុមប្រាសាទបាកាណ។ សេចក្តីដំណាលនិទាននោះតំណាលថា “កាលពីព្រេងនាយ មានស្រ្តីទុរគត់ម្នាក់បានផឹកទឹកថ្លុកដែលជាទឹកនោមដំរី។ លុះក្រោយមក នាងក៏យល់សប្តិឃើញស្តេចដំរីស ហើយក៏ចាប់ផ្តើមមានផ្ទៃពោះ បង្កើតបានកូនស្រីម្នាក់ឈ្មោះ នាងពៅ។ លុះធំដឹងក្តី នាងពៅក៏ទទូចសួរម្តាយរកឪពុក រហូតដឹងការពិតថាឪពុករបស់ខ្លួនជាស្តេចដំរីស។ នាងបានសម្រេចចិត្តធ្វើដំណើរទៅរកឪពុកតែម្នាក់ឯង។ តាមផ្លូវនាងបានជួបនឹងសត្វសាហាវដែលប៉ងខាំស៊ីនាង តែដោយសារនាងអង្វរ និងប្រាប់ថាខ្លួនជាកូនស្តេចដំរីស ទើបពួកសត្វទាំងនោះកោតខ្លាច ហើយនាំឱ្យនាងបានជួបស្តេចដំរីសដូចប្រាថ្នា។ ប៉ុន្តែដើម្បីពិសោធការពិតស្តេចដំរីសបានឱ្យនាងពៅផ្សងអុជទៀនដាក់ក្នុងផ្តិលទឹក ហើយដាក់លើខ្នងដំរីស រួចឱ្យនាងលោតរំលង។ ពេលនោះទឹកផ្តិកមិនរំពើកកម្រើក ហើយទៀនក៏មិនរលត់ ស្តេចដំរីសក៏ព្រមទទួលនាងពៅជាកូន រួចនាំទៅរស់នៅក្នុងប្រាសាទបាកាណ ដោយដាក់បំរាមមិនឱ្យនាងដើរទៅណា ជាពិសេសហាមច្រត់ទឹកបាយនៅក្រៅផ្ទះ។ រៀងរាល់ថ្ងៃ ឪពុកតែងបេះផ្ការំចេកមកអប់សក់ឱ្យនាងជានិច្ច។
ថ្ងៃមួយនាងពៅបានភ្លេចបណ្តាំក៏ច្រត់ទឹកបាយក្រៅផ្ទះ ធ្វើឱ្យឆ្កែព្រានព្រៃមកលិឍ ហើយព្រានព្រៃក៏បានឃើញរូបសម្រស់ស្រស់ស្អាតរបស់នាង។ ព្រានព្រៃបានលួចចាំស្តាប់ពាក្យសញ្ញាដែលស្តេចដំរីសពោល ក៏ធ្វើតម្រាប់តាមដើម្បីបញ្ឆោតពង្រត់នាងពៅយកទៅលាក់ទុកនៅប្រាសាទកោះកេរ។ នៅតាមផ្លូវនាងបានលួចរោយគ្រាប់ល្ង និងគ្រាប់ល្ពៅដើម្បីធ្វើជាចំណាំ។ នៅពេលត្រឡប់មកវិញបាត់កូន ស្តេចដំរីសមានសេចក្តីទុក្ខជាខ្លាំង ហើយបានតាមរកកូនរហូតដល់ប្រាសាទកោះកេរ ដោយបានកាច់បំបាក់កំពូលប្រាសាទជាច្រើនដើម្បីស្វែងរក រហូតអស់កម្លាំងក្ស័យជីវិតទៅ”។ រឿងព្រេងខាងលើនេះ ត្រូវបានអ្នកស្រុកតំណាលតៗមក ដើម្បីពន្យល់អំពីស្លាកស្នាមប្រវត្តិសាស្ត្រមួយចំនួននៅតំបន់នោះ រួមមានរូបដំរីនៅប្រាសាទព្រះដំរី ក្នុងក្រុមប្រាសាទបាកាណ (រូបលេខ៤) ផ្នូរស្តេចដំរីសនៅប្រាសាទកោះកេរ និងមូលហេតុដែលប្រាសាទភាគច្រើននៅតំបន់នោះបាក់បែកកំពូល ដោយសារស្តេចដំរីសកាច់បំបាក់ដើម្បីរកកូនស្រីជាដើម។ សូមបញ្ជាក់ថា នៅលើសសរផ្អោបនៃប្រាសាទព្រះដំរី មានចម្លាក់តូចមួយឆ្លាក់បង្ហាញពីរូបមនុស្សលុតជង្គង់មុខដំរី ដែលខ្លះពន្យល់ភ្ជាប់ទៅនឹងរឿងកូនស្តេចដំរីសនោះឯង (រូបលេខ៥)។ ទន្ទឹមនេះ នៅក្រោយចូលឆ្នាំខ្មែរ នៅប្រាសាទព្រះដំរី តែងមានទំនៀមឡើង “អ្នកតាព្រះដំរី” ដែលអ្នកស្រុកតែងយកទឹកទៅស្រោចរូបបដិមាដំរីនៅជ្រុងប្រាសាទ ដើម្បីសុំទឹកភ្លៀង និងសុំក្តីសុខផងដែរ។
សរុបមក ព្រេងនិទានទាំងពីរពាក់ព័ន្ធនឹងក្រុមប្រាសាទបាកាណ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំនាក់ទំនងរវាងបុរាណដ្ឋាន និងជំនឿរបស់អ្នកស្រុក។ ប៉ុន្តែទោះបីជាព្រេងនិទានទាំងពីរ ពុំមានការកត់ត្រាផ្សព្វផ្សាយទូលំទូលាយក៏ដោយ ក៏ខ្លឹមសារនៃរឿងទាំងនោះបានពន្យល់ពីគំនិត និងការចងចាំរបស់អ្នកស្រុក និទានពន្យល់អំពីបុរាណដ្ឋានរបស់ខ្លួន ដូចទៅនឹងបុរាណដ្ឋានផ្សេងៗទៀតដែរ។ លើសពីនេះ ព្រេងនិទានទាំងនេះបានចាក់ឫសយ៉ាងជ្រៅ ដែលនាំឱ្យគេអាចពិចារណាករណីពិធីឡើង “អ្នកតាព្រះដំរី” ជាដើម។ ដូច្នេះ ជំនឿ និងព្រេងនិទានទាំងនេះ គឺជាផ្នែកមួយមិនអាចខ្វះបានក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីឱ្យរស់រវើកទន្ទឹមគ្នានឹងការអភិរក្ស។







អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





