ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“ផ្ចាញ់មារ” ក្នុងសិល្បៈគំនូរពុទ្ធប្រវត្តិ

“ផ្ចាញ់មារ” ក្នុងសិល្បៈគំនូរពុទ្ធប្រវត្តិ

ពុទ្ធសាសនិកទូទៅប្រាកដធ្លាប់ឮនិង​ស្គាល់ពាក្យថា “ផ្ចាញ់មារ” ឬ “មារវិជ័យ” ដែលមាន​ដំណើរដើមហេតុរៀបរាប់​​ក្នុង​រឿង​ពុទ្ធប្រវត្តិ។ បច្ច័យ​នាំឱ្យស្គាល់រឿងនេះ ប្រហែលដោយសារ​វប្បធម៌ខ្មែរ​តែង​​លើករឿងនេះបង្ហាញរឿយៗតាមរបៀបច្រើនយ៉ាង​ដូចជា​ ការ​សម្តែង​​បង្ហាញ​ក្នុងបុណ្យអភិសេកព្រះពុទ្ធរូបសាងថ្មី ឬការស្តាប់​ព្រះសង្ឃ​សម្តែងព្រះធម្មទេសនាព្រះ​ធម្មត្រាស់ ឬការ​សាង​ព្រះបដិមា​ព្រះពុទ្ធផ្ចាញ់មារ(​ភូមិស្បស៌) និងជា​ពិសេស​​បំផុត​គឺការនិយមសាងគំនូរ​​​​ព្រះពុទ្ធផ្ចាញ់មារ​ក្នុងព្រះវិហារ។ មិន​តែ​ប៉ុណ្ណោះ ក្នុងសង្គមខ្មែរ​​​ច្រើន​បង្ហាញភ្ជាប់អន្លើព្រះពុទ្ធផ្ចាញ់មារ​នឹងតួអង្គសំខាន់មួយទៀតគឺ “នាងគង្ហីង” ​ដែល​គេដឹងថា ជាការនិយមបន្ថែមក្នុង​សិល្បៈបណ្តា​ប្រទេស​កាន់ពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ ផ្សេងទៀតដែរ (រូបលេខ​​១-២)។

ជាការពិតក្នុងសិល្បៈខ្មែរ បើពោលតែអំពីចម្លាក់ និងគំនូរបង្ហាញពីឈុតផ្ចាញ់មារគេឃើញមានតាំងពីបុរាណកាលមកដូចជា ចម្លាក់ហោជាងប្រាសាទបន្ទាយក្តី នៅខេត្តសៀមរាប និងហោជាងប្រាសាទវត្តនគរបាជ័យ នៅខេត្តកំពង់ចាម(ស.វ.ទី១២) ព្រមទាំងប្រាសាទផ្សេងទៀតដែលឧទ្ទិសដល់ពុទ្ធសាសនា។ តាមចំណេះចំណាំរឿងពុទ្ធប្រវត្តិរៀបរាប់ដំណើរផ្ចាញ់មារនោះថា ខណៈព្រះសម្មាសម្ពុទ្ធកំពុងគង់ធ្វើសមាធិស្វែងរកមោក្ខធម៌ក្រោម​ដើមពោធិព្រឹក្ស មារាធិរាជជាស្តេចនៃពួកមារ បានប្រើល្បិចគ្រប់យ៉ាង​​ចាប់តាំងពីឱ្យ​បុត្រីទាំងបីរបស់ខ្លួនមកប្រើកាមគុណលួងលោម រហូត​កូនមារទាំង​៣នាក់​ទទួលបាប​ក្លាយជា​ចាស់ទ្រុឌទ្រោម​គ្រាំគ្រា​ដើរ​ចេញទៅ។ សាច់រឿង​នេះ គេឃើញមានគំនូរបុរាណ​នៅ​វត្តកំពង់ត្រឡាច​លើ ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង និងគំនូរ​លើ​ហប់ខ្យល់​ក្នុងព្រះវិហារ​វត្តទ្រាំង ក្នុង​ខេត្ត​កណ្តាល​ជាដើម (រូបលេខ​៣-៤)។

ក្នុងអវិទុរេននិទានបន្តថា គ្រានោះមារាធិរាជ (វសវត្តីមារ) មានចិត្តក្តៅក្រហាយ ព្រោះ​ដឹងថាបើព្រះអង្គបានត្រាស់ នោះនឹងរួចផុតពីអំណាចរបស់ខ្លួន ហើយថែមទាំងនាំអ្នកដទៃឱ្យរួចផុតដែរ។ ស្តេចមារ បានកេណ្ឌពលយ៉ាងច្រើនសន្ធឹកសន្ធាប់មើល​​ទៅគួរឱ្យខ្លាចរកទីបំផុតគ្មាន ខ្លះមានមុខមាត់ប្លែកៗ ពណ៌ខុសៗគ្នា ខ្លះខៀវ ខ្លះលឿង ខ្លះក្រហម ខ្លះមានខ្លួនជាមនុស្ស ក្បាលជាសត្វ (ដំរី សេះ នាគ) សម្រុកចូលមកដើម្បី​បំផ្លាញដំណើរត្រាស់ដឹងរបស់​ព្រះពោធិសត្វ (រូបលេខ​៦)។ ពេលនោះពពួកទេវតានិងព្រហ្មទាំងឡាយ ដែលធ្លាប់​មកចោមរោមបម្រើ និងបូជាថ្វាយព្រះអង្គ បានកើតសេចក្តីភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ទៅកាន់ទីកន្លែងរៀងៗខ្លួនអស់ ដោយទុកឱ្យព្រះពោធិសត្វគង់នៅមួយព្រះអង្គឯង (រូបលេខ​៧)។ មារាធិរាជបានគិតថា ខ្លួនគ្មានសត្រូវណាអាចតទល់បានទេ ព្រោះ​គ្មាននរណាម្នាក់នៅសេសសល់ជួយព្រះអង្គឡើយ។ ប៉ុន្តែព្រះពោធិសត្វមិនតក់​ស្លុត ព្រះអង្គទ្រង់​នឹករំពឹង​នូវ​បារមីទាំង​១០ ស្រេចហើយក៏គង់​​ស្ងៀម (រូបលេខ​៨)។

ដោយឃើញព្រះអង្គគង់ស្ងៀមលើបាល្ល័ង្ករ័ត្ន ស្តេចមារបានស្រែកប្រកាសដណ្តើមបល្ល័ង្ករ័ត្នពីព្រះអង្គ ដោយសម្អាងខ្លួនមានសេនា និងរេហ៍ពលជាច្រើនធ្វើជាសាក្សីបញ្ជាក់ថាបល្ល័ង្កនោះជារបស់ខ្លួន។ មារបានសួរទៅព្រះអង្គថា តើព្រះអង្គមាននរណាធ្វើជាសាក្សីដើម្បីបញ្ជាក់ពីបារមី និងទានបារមីដែលព្រះអង្គបានសន្សំមក?(រូបលេខ៩-១០)។ ព្រះអង្គមិនមានមនុស្ស ឬសត្វណាម្នាក់នៅទីនោះធ្វើជាសាក្សីឡើយ។ ព្រះអង្គក៏បានលើកឡើងពីទានបារមីដែលព្រះអង្គធ្លាប់សាងកាលពីជាតិមុនៗ ជាពិសេសគឺកាលដែលព្រះអង្គកើតជា ព្រះវេស្សន្តរពោធិសត្វ ដែលបានធ្វើមហាទានរហូតដល់ទៅ១០៧ដង ហើយ​ព្រះអង្គ​តែង​ច្រូច​ទឹក​លើ​ព្រះធរណី​រាល់ពេល​​សាង​អំពើ​ជា​កុសល​ទាំង​ឡាយ​នោះ ដូច្នេះ​មាន​​តែ​ព្រះ​ធរណីជាសាក្សីស្រាប់។ ភ្លាមនោះ ព្រះអង្គបានចង្អុលព្រះហស្តចុះទៅដី ផែនដីទាំង​មូល​កក្រើក​ញាប់​ញ័រ ស្រាប់តែនាង​គង្ហីង​ព្រះធរណី​ចេញមកធ្វើជាសាក្សីបញ្ជាក់ពីមហាទានរបស់ព្រះអង្គ ដោយបានច្បូត​សក់​បញ្ចេញ​ទឹកក្លាយ​ជា​សមុទ្រ​ដ៏ធំ​ បណ្តាលឱ្យពួក​មារ​ទាំងអស់ត្រូវលិចលង់ និងវិនាសស្លាប់រប៉ាត់រប៉ាយ (រូបលេខ​១០)។

ក្រោយទឹកជោរជន់ជាមហាសាគរហើយ តាមរយៈគំនូរតាមវត្តខ្លះ​បង្ហាញ​ឱ្យ​ឃើញ​ពួកមា​រ​វិនាសអន្តរធាន មាន​ពពួក​សត្វឆ្លាម មករ ពិន្ទង ក្រពើ ក្រពត និងត្រីផ្សេងៗ​ដេញ​​ខាំត្របាក់​ពួកមារ​មាន​ចិត្ត​បាបទាំង​អម្បាល​ឱ្យបាក់បប​ខ្លបខ្លាច​ ចុះចាញ់ព្រះ​សម្មា​សម្ពុទ្ធ​​ដែលទ្រង់ធម៌​បរិសុទ្ធ​ក្នុងគ្រានោះទៅ។ ក្នុងសិល្បៈគំនូរ​តាម​វត្ត​ គេ​ច្រើន​គូរ​ទិដ្ឋភាពត្រង់អន្លើ​នេះ​នៅខាងក្រោយ​បាល្ល័ង្ក​ព្រះជីវ៍ធំក្នុងព្រះវិហារ។ ទន្ទឹមនោះ​ គំនូរ​វត្ត​ខ្លះ​ច្រើន​គូរបង្ហាញ​ជាពីរផ្នែក គឺព្រះពុទ្ធគង់លើបាល្ល័ង្ករ័ត្នខ្ពស់ មាន​នាងគង្ហីង​​ច្រូត​សក់​នៅមុខ​បាល្ល័ង្ក ហើយ​ពពួកមារ​​នៅម្ខាង​​លើក​រេហ៍ពលដេរដាស​មកដណ្តើម​បាល្ល័ង្ករ័ត្ន និង​​ពពួក​មារ​​នៅម្ខាងទៀត ​​បង្ហាញកាយវិការ​ចុះចាញ់បារមីព្រះអង្គដោយ​លើកដៃប្រណម្យ ថ្វាយ​​ផ្កា​ឈូកជាដើម (រូប​លេខ​១២-១៦)។

បន្ទាប់ពីពពួកមារត្រូវវិនាសបរាជ័យ​អន្តរធាន​អស់ទៅ ពួកទេវតា ព្រហ្ម នាគ និងគ្រុឌទាំងឡាយបានឃើញពីជ័យជម្នះដ៏អស្ចារ្យរបស់ព្រះអង្ក ហើយ​ត្រេកអរសាទរ នាំ​គ្នាក្រាបថ្វាយបង្គំ បូជាផ្កាភ្ញី ព្រមទាំងពោលពាក្យសរសើរ ថ្វាយព្រះពរដល់ព្រះពុទ្ធអង្គដែលមានជ័យជម្នះលើមារចិត្តបាប។ រឿងរ៉ាវបានបញ្ចប់ដោយការគោរពបូជាចំពោះព្រះបារមី​ដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដែលបានត្រាស់ដឹងជាព្រះពុទ្ធក្នុងលោក ព្រមដោយ​ពួក​ទេវតា​ទាំង​ឡាយ​បាចផ្កា​បូជា​ព្រោង​ព្រាត ធ្លាក់​ដេរដាស​ពាស​ពេញ​នៅជិត​ពោធិ​មណ្ឌល ទ្រង់​គង់​ពត់​ព្រះភ្នែន​ពែន​ព្រះបាទ​ស្អាត​បរិសុទ្ធ តាំង​សមាធិបម្រុង​ឱ្យ​បាន​ត្រាស់ដឹងនៅ​​ក្នុង​ថ្ងៃនេះកុំបីខានឡើយ។ សូមបញ្ជាក់ថា គំនិតយល់ថាមារជាសភាវៈអាក្រក់នេះ ដក់ជាប់ចិត្តពុទ្ធ​សាសនិកខ្មែរ​ជានិច្ច។ ក្នុងសង្គមប្រវត្តិសាស្រ្តខ្មែរ​ទសវត្សរ៍ទី​៧០ គេបានគូរប្រដូច​កងទ័ព​វៀត​ណាម​កុម្មុយនីស្តនិងពួកពលបរិវា​ជាមារដោយ​សរសេរថា “ទមិឡអន្យរត្ថិយ៍​ជា​មារ​ត្រូវតែវិនាស” ធ្វើ​ជា​ការ​ផ្សព្វផ្សាយសារនយោបាយ​ (រូបលេខ​១៧)។ មិនតែ​ប៉ុណ្ណោះ​ នៅក្នុងទសវត្សរ៍ទី​៨០ គេបានគូរបង្ហាញអំពីបដិវត្តសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​​​លើ​បាល្ល័ង្ក​ខាងក្រោយ​ព្រះជីវ៍​ក្នុងព្រះវិហារ​វត្ត​កំពង់ធំ(ព្រះវិហារ​បានរុះរើឆ្នាំ២០១៧) ប្រហែលគំនិត​សិល្បៈ​នេះ​ទុក ជា​និមិត្តរូប​នៃពួក​​មារបំផ្លាញ​​សង្គមសាសនា​ និងទុក​ជា​​ការ​ចងចាំផងដែរ (រូបលេខ​១៨)។

សរុបសេចក្តីមក គំនូរពុទ្ធប្រវត្តិអន្លើ “ផ្ចាញ់មារ” ឬ “មារវិជ័យ” មិនត្រឹមតែជាសិល្បៈសាសនាដ៏មានប្រជាប្រិយភាពក្នុងការឆ្លុះបញ្ចាំងពីជ័យជម្នះ នៃព្រះធម៌លើសភាវអាក្រក់ ដោយមានវត្តមានរបស់នាងគង្ហីងព្រះធរណីជាសាក្សីទេ តែក៏ជាកញ្ចក់ឆ្លុះបញ្ចាំង​ដល់​ឥទ្ធិពលនៃប្រវត្តិសាស្ត្រសង្គមខ្មែរផងដែរ។ ការវិវត្តនៃគំនិតសិល្បៈនេះចាប់តាំងពីចម្លាក់ហោជាង​ប្រាសាទបុរាណ រហូតដល់គំនូរលើជញ្ជាំងព្រះវិហារ និងផ្ទាំងរូបភាពឃោសនានយោបាយក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ បានបង្ហាញយ៉ាងច្បាស់ថា សង្គមខ្មែរតែង​តែដកស្រង់និងប្រើប្រាស់និមិត្តរូប “ពួកមារ” ប្រៀបធៀបទៅនឹងកម្លាំងបំផ្លិចបំផ្លាញ ឬ​ខ្មាំងសត្រូវឈ្លានពាន៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,400SubscribersSubscribe
- Advertisement -spot_img