ក្នុងអត្ថបទភាគ១ ខ្ញុំបានបង្ហាញត្រួសៗអំពីអក្សរខ្មែរដែលមានស្លាកស្នាមវិវត្តវែងឆ្ងាយតាំងពីស.វ.ទី៦ រហូតដល់បច្ចុប្បន្ន។ តាមរយៈសិលាចារឹក គម្ពីរ សាស្ត្រាស្លឹករឹត និងក្បួនច្បាប់បុរាណ យើងសង្កេតឃើញអក្សរខ្មែរមានច្រើនទម្រង់ដូចជា អក្សរជ្រៀងអក្សរមូល និងអក្សរខមដែលតែងប្រើប្រាស់តាមបរិបទខុសៗគ្នាគួរឱ្យកត់សម្គាល់។ ដោយឡែក ប្រហែលដោយហេតុតួអក្សរខ្មែរមានតម្លៃជាប្រវត្តិសាស្រ្ត(កម្ពុជាក្សរ) ហើយក៏ជាប់ដោយជំនឿផង ទើបក្នុងក្បួនព្រះកម្មដ្ឋានបុរាណលោកហៅតួអក្សរនីមួយៗថា “ព្រះអក្ខរៈ” ដែលពាក្យនេះហាក់ស្តែងឱ្យឃើញពីការគោរពតួអក្សរដូចជាព្រះ។ ឯក្នុងឃ្លា “ន មោ ពុ ទ្ធា យ”ដែលយើងធ្លាប់បាននិយាយមកខ្លះហើយនោះ លោកទុកស្មើនឹងព្រះពុទ្ធទាំងប្រាំព្រះអង្គក្នុងភទ្ទកប្ប គឺ “ន” ព្រះកុកសន្ធោ “មោ” ព្រះកោនាគមនោ “ពុ” ព្រះកស្សបោ “ទ្ធា” ព្រះគោតមោ និង “យ” ព្រះអរិយមេត្តេយ្យោ (ព្រះសិអារ្យមេត្រី)។
ចំណែកតួអក្សរទាំង៣៣ លោកឧបមាប្រដូចនឹង “គុណ”។ “ក ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ឡ អ” តំណាងគុណឪពុកមានចំនួន២១ ហើយ “ន ប ផ ព ភ ម យ រ ល វ ស ហ” តំណាងគុណម្តាយមានចំនួន១២(រូបលេខ២)។ លើសពីនេះចាស់បុរាណខ្លះលោកយល់ថាតួអក្សរបង្កើតសរីរាង្គមនុស្សគ្រប់រូប។ “ក” បង្កើតសក់ “ខ” បង្កើតរោម “គ” បង្កើតក្រចក “ឃ” បង្កើតធ្មេញ “ង” បង្កើតស្បែក “ច” បង្កើតសាច់ “ឆ” បង្កើតសរសៃ “ជ” បង្កើតឆ្អឹង “ឈ” បង្កើតខួរឆ្អឹង “ញ” បង្កើតទាច “ដ” បង្កើតបេះដូង “ឋ” បង្កើតថ្លើម “ឌ” បង្កើតក្រដាសត្រចៀក “ឍ” បង្កើតក្រពះ “ណ” បង្កើតសួត “ត” បង្កើតពោះវៀនធំ “ថ” បង្កើតពោះវៀនតូច “ទ” បង្កើតអាហារថ្មី “ធ” បង្កើតអាហារចាស់ “ន” បង្កើតទឹកប្រមាត់ “ប” បង្កើតទឹកស្លេស្ម(២១តួនេះកើតចេញពីធាតុឪពុក) “ផ” បង្កើតខ្ទុះ “ព” បង្កើតឈាម “ភ” បង្កើតញើស “ម” បង្កើតខ្លាញ់ខាប់ “យ” បង្កើតទឹកភ្នែក “រ” បង្កើតខ្លាញ់រាវ “ល” បង្កើតទឹកមាត់ “វ” បង្កើតទឹកសំបោរ “ស” បង្កើតទឹកអសុចិ “ហ” បង្កើតទឹកមូត “ឡ” បង្កើតលលាដ៍ក្បាល “អ” បង្កើតខួរក្នុងលលាដ៍ (១២តួនេះកើតចេញពីធាតុម្តាយ)។
ក្រៅពីជំនឿលើតួអក្សរ ឬព្រះអក្ខរៈទាំងឡាយទុកស្មើនឹងគុណព្រះទាំងពួងនោះ ខ្មែរថែមទាំងមានជំនឿលើការប្រើតួអក្សរ ជាពិសេសទម្រង់អក្សរខម ចារបញ្ចុះមន្តគាថាចារយ័ន្តលើស្បែកដែរ។ តាមការសិក្សារបស់លោក Olivier de Bernon សូម្បីតែតួអក្សរ “ន”មានប្រើលើយ័ន្តរហូតដល់ជាង៤០ជំពូក។ ចំណែកតួអក្សរផ្សេងទៀត ខ្លះប្រើជាសេចក្តីបង្រួមគាថាបាលី ឬមន្តអាគម ឬតំណាងព្រះដែលខ្មែរជឿថាមានអានុភាពការពារគ្រោះកាចចង្រៃ។
ចំណែកឯក្នុងទិដ្ឋភាពមួយផ្នែកទៀតនៃអារ្យធម៌ខ្មែរពាក់ព័ន្ធតួអក្សរ យើងឃើញ បុរាណលោកប្រដូចតួអក្សរនីមួយទៅនឹងតួអង្គក្នុងរឿងរាមកេរ្តិ៍ ដែលខ្មែរស្គាល់ថាជារឿងទេព(ទេវកថា)តាំងពីស.វ.ទី៦។ ក្នុងរឿងរាមកេរ្តិ៍តាមគំនូររបស់ជាង “តឹក” ក្នុងឆ្នាំ១៩៣៥ នៅព្រះរាជបណ្ណាល័យ រូបសម្គាល់អក្សរ “ក” ជាព្រះនាមព្រះបាទកៃកេត “ខ” ជាក្រុងខរស្តេចយក្សជួយច្បាំងក្រុងរាពណ៍ “គ” ស្តេចយក្សឈ្មោះគជគិរីវន ជាប្អូនក្រុងរាពណ៍ “ឃ” យក្សឈ្មោះត្រីមេឃ “ង” ស្តេចយក្សឈ្មោះសែងអាទិត្យ “ច” យក្សឈ្មោះចក្រវិត “ឆ” មច្ឆានុជាកូននាងសុវណ្ណមច្ឆានិងហនុមាន “ជ” ជារាជកុមារឈ្មោះជបលក្ស្មណ៍ “ឈ” សត្វរាជសីប្រយុទ្ធនឹងហនុមាន “ញ” ឈ្មោះនាងបុញ្ញកាយជាបុត្រីពិភេក “ដ” យក្សឈ្មោះវៃដាល “ឋ” យក្សឈ្មោះកុម្ភការណ៍ “ឌ” ឈ្មោះនាងមណ្ឌោគិរី “ឍ” ជាយក្សច្បាំងនឹងព្រះលក្ស្មណ៍ “ណ” ជាយក្សឈ្មោះសូរបណ្ណក្ខា “ត” ឈ្មោះនាងសិតា “ថ” ជាស្តេចយក្សឈ្មោះថប្បណាសូរ “ទ” ស្តេចនាមព្រះបាទទសរថជាបិតាព្រះរាម “ធ” ឈ្មោះគជគិរីធរ “ន” ជាសេនាព្រះរាមឈ្មោះនីលនន្ទ “ប” ក៏ជាឈ្មោះនាងបុញ្ញកាយ “ផ” ជាឈ្មោះយក្សផៃណាសូរវង្ស “ព” ឈ្មោះពិភេកប្អូនក្រុងរាពណ៍ “ភ” ឈ្មោះស្តេចភុជង្គនាគ “ម” ក៏ជាឈ្មោះមច្ឆានុ “ល” ឈ្មោះព្រះលក្ស្មណ៍ “វ” ជាសត្វឈ្មោះវាយោភក្ខបក្សី “ស” ឈ្មោះនាងសុវណ្ណមច្ឆា “ហ” ជាស្វាហនុមាន “ឡ” ឈ្មោះវិរុឡមុខ “អ” ឈ្មោះអង្គទ។
ក្នុងឆ្នាំ១៩៣៦ ព្រះមហាពិន និងមហាហួត បានតែងពាក្យកាព្យស្ដីពីអក្សរខ្មែរជាប់នឹងរូបសត្វដែលស្មៀនសេងជាអ្នកសរសេរអក្សរ និងជាងតឹកជាអ្នកគូររូបតំណាងតួអក្សរ ស្រៈ និងពីលេខ០ដល់៩។ “ក” សណ្ឋានដូចខ្លួនក្ដាម “ខ” សណ្ឋានដូចគូថខ្យង “គ” សណ្ឋានក្បាលបង្កង “ឃ” សណ្ឋានដូចក្បាលពស់ “ង” សណ្ឋានក្បាលបាគូ “ច” សណ្ឋានកណ្ដូប “ឆ” សណ្ឋានខ្លួនប្រចៀវ “ជ” សណ្ឋានត្រីកន្ត្រប់ “ឈ” សណ្ឋានមេអំបៅ
“ញ” សណ្ឋានក្បាលដំរី “ដ” សណ្ឋានកន្ទុំរុយ “ឋ” សណ្ឋានដូចសត្វទា “ឌ” សណ្ឋានមាត់គីងគក់ “ឍ” សណ្ឋានដូចក្បាលគ្រុឌ “ណ” សណ្ឋានដូចមុខខ្លា “ត” សណ្ឋានក្បាលពពែ “ថ” សណ្ឋានក្បាលក្រពើ “ទ” សណ្ឋានពុកមាត់នាគ “ធ” សណ្ឋានដូចរាងត្មាត “ន” សណ្ឋានដូចក្បាលថ្ករ “ប” សណ្ឋានមុខទីទុយ “ផ” សណ្ឋានក្បាលជ្រូកព្រៃ “ព” សណ្ឋានក្រាសសមុទ្រ “ភ” សណ្ឋានក្បាលស្វាឪ “ម” សណ្ឋានក្បាលរពីង “យ” សណ្ឋានក្បាលឈ្មុសទេស “រ” សណ្ឋានកណ្ដូបសេះ “ល” សណ្ឋានក្បាលដង្កូវ “វ” សណ្ឋានក្បាលទន្សាយ “ស” សណ្ឋានក្បាលសេកសោម “ហ” សណ្ឋានក្បាលឆ្កែស្រុក “ឡ” សណ្ឋានក្បាលសីហៈ “អ” សណ្ឋានក្បាលកណ្ដុរ។
ក្នុងបរិបទដដែលនេះដែរ បើយើងយកលក្ខណៈតួអក្សរមកពិនិត្យពិចារណាតាមរបៀបសម្គាល់ការរៀនសូត្រពីបុរាណ គង់ឃើញខ្មែរហៅថា ផ្នែកខាងលើជា “សក់” ផ្នែក កណ្តាល “តួ”(ខ្លួន) និងផ្នែកខាងក្រោមគឺជា “ជើង” ហើយបើប្រើវិធីប្តូរសំឡេង ឬភ្ជាប់ស្រៈ ឬវណ្ណយុត្តិឯទៀត ខ្លះហៅថា សម្លាប់ វះពោះ បុកជើង រះមុខ បាំងឈើ ។ល។ លក្ខណៈដូចរៀបរាប់មកនេះ ហាក់ដូចជាតួអក្សរនីមួយៗមានរូបកាយមានជីវិតដែរ។ ប៉ុន្តែប្លែកពីអ្វីដែលលើកឡើងខាងលើ បើមើលនៅសាលាចាស់មួយក្នុងវត្តរាជបូព៌ ខេត្តសៀមរាប នៅលើជញ្ជាំងក្រោយបាល្ល័ង្កមានចារនមស្សការ “ន មោ ពុទ្ធា យ សិទ្ធំ” រួចសរសេរព្យញ្ជនៈតាមលំដាប់មកជាអក្សរជ្រៀង និងអក្សរខម និងលេខពី ០ ដល់៩ (រូបលេខ៧)។ ចំណែកឯរូបលេខ៨ ជាតួអក្សរទាំង៣៣តួ ត្បាញនៅលើពិតានព្រះ (ឬហៅថាហូលពិតាន)។ ទិដ្ឋភាពទាំងពីនេះនាំឱ្យយល់ថា ខ្មែរមានជំនឿនិងគោរពតួអក្សរ ហើយភ្ជាប់ទៅនឹងព្រះគោរពបូជាដ៏គួរឱ្យពិចារណាសិក្សាស្រាវជ្រាវ។
ចំពោះគំនិតខ្មែរពាក់ព័ន្ធនឹងការគោពតួអក្សរយ៉ាងសាមញ្ញបំផុតក៏យើងចាំបានថា បុរាណលោកតែងតំណាលថា ពីដើមមុនចាប់ក្តារសរសេរគេតែងលើកដៃសំពះ ហើយបើសរសេរអក្សរលើដី លោកហាមមិនឱ្យយកជើងលុប ឬមិនឱ្យយកសៀវភៅ ឬក្តារឆ្នួនដាក់នៅទីមិនសមរម្យ ឬអង្គុយលើឡើយ។ ប្រការនេះបើមើលតែនៅចុងខ្សែនៃគម្ពីរសាស្រ្តាផ្សេងៗផង យើងគង់នឹងឃើញមានសេចក្តីជាបំរាម ឬសេចក្តីបញ្ជាក់ពីផលបាបនៃការប្រមាទទុកដាក់គម្ពីរសាស្រ្តាមិនសមរម្យ។ រូបលេខ៩ គឺជាសេចក្តីនៃខាងចុងខ្សែសាស្រ្តាស្លឹករឹតដែលោកប្រាប់ថា “បើលោកណាអ្នកណាយកមើល កុំចារក្របស្លឹកសត្រាលេង ផលទៅជាតិមុខក្រែងខ្វាក់ភ្នែកអ្នកអើយ បើយកមើលទុកដាក់ឱ្យល្អ កុំសៀតលើដំបូលផ្ទះ កុដិ កុំឱ្យត្រូវទឹកភ្លៀងឡើយ”។
សរុបសេចក្តីមក “គុណតួអក្ខរា” ដែលសាកល្បងលើកមកបង្ហាញក្នុងអត្ថបទនេះ នាំឱ្យយើងឃើញថាតួអក្សរខ្មែរមិនត្រឹមតែជាឧបករណ៍សម្រាប់កត់ត្រាភាសា ទំនាក់ទំនង និងឆ្លុះបញ្ចាំងពីការវិវត្តទេ តែអក្សរនីមួយៗមានតម្លៃសិល្បៈ និងជំនឿផង។ តាមរយៈការភ្ជាប់តួអក្សរនឹងគុណមាតាបិតានិងគុណព្រះរតនត្រៃ សុទ្ធតែបញ្ជាក់បានថា ខ្មែរបុរាណផ្តល់តម្លៃខ្ពង់ខ្ពស់ដល់អក្សរ។ ការយល់ដឹងពីគុណតម្លៃ និងការគោរពជាប់នឹងតួអក្សរទាំងនេះជួយក្រើនរំលឹកដល់សាមញ្ញជនជាន់ក្រោយឱ្យថែរក្សា ការពារ និងលើកកម្ពស់អក្សរជាតិ ដែលអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្សទៅអនាគត៕









អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





