ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹករកឃើញថ្មីនៅទួលប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ

សិលាចារឹករកឃើញថ្មីនៅទួលប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ

ទួលប្រាសាទកជ្រៃ មានទីតាំងស្ថិតនៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយ ៣,៧ គីឡូម៉ែត្រ ប៉ែកឦសានប្រាសាទភ្នំកូនខ្លែង។ បច្ចុប្បន្ន ប្រាសាទនេះបានបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ ប៉ុន្តែមាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន។ គួរឱ្យចាប់អារម្មណ៍ នៅខែមេសា ឆ្នាំ២០២៦ លោក ចាន់ អឿន អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសិលាចារឹកថ្មីមួយដែលចារឹកនៅលើជើងទម្រព្រះប្រតិមា ក្នុងអំឡុងពេលចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពបុរាណដ្ឋាននេះ ដើម្បីធ្វើបច្ចុប្បន្នភាពសាជាថ្មី។ បន្ទាប់ពីបានរកឃើញ លោក ចាន់ អឿន និងលោក គី បញ្ញារិទ្ធិ អនុប្រធានការិយាល័យសារមន្ទីរ បានរាយការណ៍ព័ត៌មាននេះមកកាន់ខ្ញុំ ហើយខ្ញុំបាទបានចុះទៅធ្វើសំណៅផ្តិតដល់ទីតាំងផ្ទាល់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ តើសិលាចារឹករកឃើញថ្មីនៅទួលប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ មានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?

ដោយសារតែជើងទម្រថ្មភក់នេះបាក់បែកជាបំណែកទៅហើយ អក្សរចារឹកបានបាក់បែកជាបំណែក និងខ្លះទៀតស្ថិតនៅជាប់ជាមួយជើងទម្រនៅឡើយ។ ផ្នែកខ្លះចារឹកនៅលើគែមខាងលើនៃទម្រ (ក្បាល) និងផ្នែកខ្លះទៀតចារឹកនៅលើក្បាច់បន្ទះត្រង់នៅចំពាក់កណ្តាល (តួ)។ នៅគែមខាងលើ (ក្បាលជើងទម្រ) ចារឹកជាភាសាខ្មែរបុរាណ ក្នុងទម្រង់ជាអក្សរជ្រៀងនៃស.វ.ទី១២ដោយមានអក្សរចំនួន ២ ផ្នែក ហើយក្នុងនោះផ្នែកទី១មានចំនួន ២ បន្ទាត់ និងផ្នែកទី២មានចំនួន ១ បន្ទាត់។ ក្នុងចំណោមអក្សរទាំងនោះ មានផ្នែកខ្លះរលុបបាត់ដោយអន្លើ នាំឱ្យពិបាកអាន។ រីឯ នៅក្បាច់បន្ទះត្រង់ចំពាក់កណ្តាលទម្រ (តួ) ចារឹកអក្សរចំនួន ២ ផ្នែក ពោល គឺផ្នែកទី១ចារជាភាសាសំស្រ្កឹតមានចំនួន ២ បន្ទាត់ (ស្មើ ១ ស្លោក) និងផ្នែកទី២ចារជាភាសាខ្មែរ​ចំនួន ១ បន្ទាត់។

ដោយសារតែអក្សរចារឹកនៅគែមខាងលើរលុបបាត់ដោយអន្លើ ផ្នែកខាងលើដែលនៅសេសសល់ គឺគ្រាន់តែឱ្យយើងដឹងអំពីតង្វាយជាមូលនិធិសម្រាប់ប្រាសាទតែប៉ុណ្ណោះ ព្រោះពាក្យនៅសល់មានដូចជា ភូមិវោ, ស្រេវ្នុរ (ស្រែទួល) ជាដើម។ រីឯផ្នែកខាងក្រោម រៀបរាប់អំពីការប្រារព្ធពិធីទក្ឞិណោទក (ច្រូចទឹក ឬទឹកទក្ឞិណោទក) ថ្វាយដល់ព្រះប្រតិមា។

ចំណែក អក្សរនៅផ្នែកកណ្តាលដែលចារឹកជាភាសាសំស្រ្កឹតនិងខ្មែរនោះ គឺនាំឱ្យយើងដឹងថា ជើងទម្រ ឬបល្ល័ង្កនេះ គឺជាបល្ល័ង្កសម្រាប់តម្កល់ពុទ្ធបដិមា (ទេពក្នុងព្រះពុទ្ធសាសនា) ព្រោះបានបង្ហាញថា ព្រះប្រតិមា “ព្រះមុនិន្រ្ទ” (ព្រះនាមរបស់ព្រះពុទ្ធ) មហាត្មា (មានខ្លួន ឬអាត្ម័នដ៏មហាសាល) ទ្រង់មានព្រះកិត៌ិនាម ឬពិសិដ្ឋ ហើយទ្រង់គង់នៅក្រោមពោធិមណ្ឌល។ បន្ថែមពីនេះ គេបញ្ជាក់ថា ពុទ្ធប្រតិមានេះបានស្ថាបនាឡើងដោយអ្នកដែលមិនជាប់ជំពាក់នឹងផលប្រយោជន៍ខ្លួនឯង  មាននាមថា “វសុទេវ” រួមជាមួយសប្បុរសជនជាច្រើននាក់ទៀត។ ដូច្នេះហើយ ខ្លឹមសារសិលាចារឹកនៅគែមខាងលើ (ផ្នែកខាងក្រោម) ដែលរៀបរាប់អំពីពិធីទក្ឞិណោទក (ពិធីច្រូចទឹក) គឺប្រហែលជាធ្វើទៅលើពុទ្ធប្រតិមានេះឯង (ព្រះមុនិន្រ្ទ)។

អត្ថបទចារឹក

ក. គែមខាងលើ (ផ្នែកក្បាលនៃជើទម្រ)

ជ្រុងទី១ (ផ្នែកខាងលើ)

១.       ………….ប្រំបិយ …………………

២.       បន្សំ នោះ ភូមិ វោ ប្លេ មាន​ ស្រេ វ្នុរ

ជ្រុងទី២ (ផ្នែកខាងក្រោម)

១.       វាម ទក្ឞិណោទក ត ព្រះ

ខ. ផ្នែកកណ្តាល (ក្បាច់បន្ទះត្រង់) (ផ្នែកតួនៃជើទម្រ)

ជ្រុងទី១ (កំណាព្យបែប “ឧបជាតិឆន្ទ”)

១.       យោវោធិមូលាខ្យឥតិប្រសិទ្ធេ             ធាមេមុនិន្ទ្រប្រតិមា មហាត្មា

           អតិឞ្ឋិវត្ស្វាថ៌និរីហវិទ្វ                       ជ្ជនេន សាទ៌្ធំ វសុទេវនាម្នា។

ជ្រុងទី២

១.       ……..កម្រតេង្ជគត អពសាន ៙

បំណកប្រែ

ក. គែមខាងលើ (ផ្នែកក្បាលនៃជើទម្រ)

ជ្រុងទី១ (ផ្នែកខាងលើ)

(បន្ទាត់ទី១ -២) ……ប្រាំបី …..ផ្សំ នោះ ដីភូមិវោ (ពោ) មាន ដីស្រែ វ្នុរ (ទួល)

ជ្រុងទី២ (ផ្នែកខាងក្រោម)

(បន្ទាត់ទី១) វាម (ខាងឆ្វេង) ទក្ឞិណោទក (ច្រូចទឹកទក្ឞិណោទក) ថ្វាយចំពោះព្រះ (ប្រតិមា)

ខ. ផ្នែកកណ្តាល (ក្បាច់បន្ទះត្រង់) (ផ្នែកតួនៃជើទម្រ)

ជ្រុងទី១ (កំណាព្យបែប “ឧបជាតិឆន្ទ”)

(ស្លោកទី១) ព្រះមហាត្ម័ន (មានខ្លួនឬអាត្ម័នដ៏មហាសាល)​ អង្គណា ទ្រង់បានត្រាស់ដឹងហើយត្រង់ទីស្ថានឈ្មោះថា ពោធិមូល (ក្រោមដើមពោធិព្រឹក្ឞ), ព្រះមុនីន្ទ្រប្រតិមា (ព្រះប្រតិមានៃព្រះពុទ្ធ) អង្គនោះ បានរួមគ្នាជាមួយនិងសប្បុរសជន និងអ្នកប្រាជ្ញម្នាក់ទៀតមាននាមថា “វសុទេវ” ដែលមិនមានសេចក្ដីលោភលន់ក្នុងអត្ថប្រយោជន៍ផ្ទាល់ខ្លួន បានតម្កល់ទុកហើយ នាទីស្ថានដ៏ពិសិដ្ឋនេះ។

ជ្រុងទី២

(បន្ទាត់ទី១)     ……..កម្រតេង្ជគត អពសាន = កម្រតេង ជគត អពសាន = អវសាន (ខាងចុង)។

ជារួមមក សិលាចារឹករកឃើញថ្មីនៅប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ គឺជាប្រភពពត៌មានដែលផ្តល់ឱ្យយើងដឹងថា ជើងទម្រ ឬបល្ល័ង្កនេះ ជាវត្ថុតម្កល់ប្រតិមាព្រះពុទ្ធអង្គដែលមានព្រះនាមថា “ព្រះមុនីន្រ្ទ” ដែលជាប្រតិមាស្ថាបនាឡើងដោយអ្នកប្រាជ្ញម្នាក់ឈ្មោះ “វសុទេវ” និងសប្បុរសជនជាច្រើនទៀត។ ម្យ៉ាងវិញទៀត សិលាចារឹកនេះ ក៏ជាប្រភពឱ្យយើងដឹងថា បុរាណដ្ឋានដែលសព្វថ្ងៃកំពុងបាក់បែកនេះ គឺពីមុនមកជាទេវស្ថានព្រះពុទ្ធសាសនាមហាយាន នៅស.វ.ទី១២។

—————–

This new inscription was found in Prasat Kar Chrei temple in Phnom Srok district, Banteay Mean Chey province. The inscription is written circular the sandstone pedestal. It is inscribed with ancient Sanskrit and Khmer scripts and consists of 2 sides (the upper and the middle part of pedestal). The inscription dates back to the 12th century. Since many of the letters of the upper part have been erased, what remains is a list of the offerings for the temple. For the middle part describes about the erecting of the Buddha statue names Munindra and the donor’s name called “Vasudeva” and the other generousness.

អត្ថបតដោយ៖ លោក កំ វណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,300SubscribersSubscribe
- Advertisement -spot_img