ទំព័រដើមសិល្បៈព្រះវិហារ១០០ឆ្នាំ ក្នុងវត្តព្រះប្រសប់និងចម្លាក់រឿង​​ព្រះជិនវង្ស

ព្រះវិហារ១០០ឆ្នាំ ក្នុងវត្តព្រះប្រសប់និងចម្លាក់រឿង​​ព្រះជិនវង្ស

វត្តព្រះប្រសប់ កសាងឡើងនៅ​ប្របដងទន្លេមេគង្គត្រើយ​ខាងកើត ស្ថិត​ក្នុងឃុំ​ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល។ ទីធ្លាវត្ត​នេះ​ធំទូលាយ ដោយ​មាន​ផ្នែក​ខាងលិច​​​ជាប់​ទន្លេ ហើយផ្នែកខាងកើត​ទល់នឹងផ្លូវ​ជាតិ។ បច្ចុប្បន្ន​​​​គេ​ឃើញ​វត្ត​នេះ​ជាអារាម​ព្រះ​ពុទ្ធសាសនា​ មាន​​សំណង់ប្រពៃណីជាច្រើនដែល​បាន​សាងឡើង​ក្នុងកាលសម័យ​​​ផ្សេងៗគ្នាមក​ជា​បន្តបន្ទាប់​។ ក្នុងបណ្តាសំណង់ទាំងនោះ គឺ​មាន​ព្រះវិហារមួយ​​​​សាង​ឡើងស្ទើរ​​ចំកណ្តាល​ទីធ្លាវត្ត ​មានសភាពល្អប្លែកទាំងទម្រង់ស្ថាបត្យ​កម្ម សិល្បៈ​​តុបតែងលម្អ ព្រមទាំង​មាន​​គំនូរចម្លាក់ផ្សេងៗ​ ដែល​គួរតែ​សិក្សា​ស្វែង​យល់ ជាពិសេស​គឺ​ចម្លាក់​រឿង​ព្រះជិនវង្ស​នៅជញ្ជាំង​បាំងសាច​ជុំវិញព្រះវិហារ​។ ផ្នែក​ខាងមុខព្រះវិហារ​ទៀត​សោតគេសាងព្រះចេតិយ​​ធំពីរទន្ទឹមគ្នា​សឹង​តែប្រកប​ដោយ​ក្បាច់រចនាតាម​ក្បួន​​ខ្នាតជា​​ព្រះចេតិយ​លាត​បែបបុរាណ។

ព្រះវិហារ​វត្តព្រះប្រសប់ ជា​ស្ថាបត្យកម្មពុទ្ធសាសនាតាម​ដងទន្លេ ដែល​សាងឡើង​​ពីបេតុង ហើយ​​បាន​ជួសជុល​​ថែទាំ​​រហូត​គង់​វង្ស​ដល់​សព្វថ្ងៃ។ បើតាមចំណារសារបាន​វត្តកត់ចំណាំថា “ឆ្នាំខាល អដ្ឋស័កបាន​​សាងព្រះវិហារ ពុទ្ធសករាជបាន​២៤៦៩”។ តាមពុទ្ធសករាជខាងលើនេះ ក៏ត្រូវ​​​នឹងការសិក្សា​​របស់អ្នក​ស្រាវ​ជ្រាវ​​ Danielle & Dominique-Pierre Guéret យល់​ថាព្រះវិហា​រ​វត្ត​ព្រះប្រសប់​សាងឡើង​ក្នុង​ឆ្នាំ​១៩២៦។ ដូច្នេះបើ​គិតរាប់​តាំងពី​​សាងព្រះវិហារ (ឆ្នាំ​១៩២៦) ​មកដល់បច្ចុប្បន្ន (​ឆ្នាំ​២០២៦) ព្រះវិហារ​វត្ត​ព្រះប្រសប់មាន​អាយុកាល​​១០០ឆ្នាំគត់។

បន្ថែម​​​ពីលើនេះ បើមើលតាម​រូបថត​​​ឆ្នាំ​១៩២៩ គេឃើញ​​សំណង់ខ្លោងទ្វារមួយ​យ៉ាង​ល្អវិចិត្រ​សាងជាប់​ច្រាំង​ទន្លេ ដែល​ទំនង​ស្ថិត​នៅខាង​លិច​ព្រះវិហារ​។ បច្ចុប្បន្ន​ខ្លោង​ទ្វារ​នោះពុំមានទៀតឡើយ តែ​​បើ​ធៀប​ទៅនឹង​ខ្លោងទ្វារទាំងបួន​​នៃខឿន​​ជុំវិញព្រះវិហារ​ដែល​​​មានដល់សព្វថ្ងៃ ក៏​ឃើញ​មាន​​ទម្រង់​​សិល្បៈ​ប្រហាក់​ប្រហែល​ខ្លោង​ទ្វារ​ចាស់​នោះ​​ដោយ​​​អន្លើ​ដែរ។ ប៉ុន្តែយ៉ាងណាក្តី តាមចំណារ​​សារបាន​វត្ត​កត់​បញ្ជាក់ថា ​ខឿនព្រះវិហារសាងឡើង​ក្នុង​ពុទ្ធសក​រាជ​​​២៤៧៩ (​ឆ្នាំ​១៩៣៧)។ ដូច្នេះគេអាច​យល់បានថា​ ខ្លោងទ្វា​រទាំងបួនទិស​​ជុំវិញព្រះវិហារ​នោះ​ សាង​ក្រោយព្រះវិហារ​​១០ឆ្នាំ តែ​ប្រហែល​យកលំនាំសិល្បៈ​តាមអតីត​ខ្លោង​ទ្វារ​ចាស់ជាប់មាត់ទន្លេ។

ដោយឡែក​ ចំពោះលក្ខណៈ​ស្ថាបត្យកម្ម​ព្រះវិហារវត្តព្រះប្រសប់ដែលមើល​ឃើញ​សព្វថ្ងៃនេះ ធ្លាប់បាន​ជួសជុល​មកជា​រឿយៗដូចបាន​បញ្ជាក់ខាងលើ។ ព្រះវិហារ​​ប្រភេទ​នេះ​គេ​ចាត់​​ជា​​ព្រះវិហារ​ជហ្វា​បួន ដែលមាន​ដំបូល​កិង​ប្រក់ក្បឿង​ស្រកាលេញ​ជ្រាល​​ចុះសងខាងពីរថ្នាក់ ​មាន​ជហ្វា​នៅ​ចុង​ព្រំដំបូលខាងមុខចំនួ​ន​ពីរ និងចុងព្រំដំបូលខាង​ក្រោយចំនួន​ពីរ។ តាមចុង​ចែង​នីមួយៗ​​លម្អដោយនាគចែង ដែល​ជាប្រភេទ​ចម្លាក់ពុម្ព​ស៊ីម៉ងត៍។ ហោជាងទាំងពីរ​នៃព្រះវិហារនេះ រចនា​លម្អ​ដោយ​ក្បាច់​ភ្ញី​យ៉ាង​សាមញ្ញលាបពណ៌លឿង រំលេចលើផ្ទៃហោជាងពណ៌ដីលែង (ឬពណ៌ជ្រូក?)។ ប៉ុន្តែ​លើ​ហោ​ជាង​ខាងកើត​មាន​ដាំកញ្ចក់តាម​សន្លឹកក្បាច់ខ្លះ ហើយត្រង់ផ្ទៃកណ្តាល​​ទំនង​ជា​រូប​ឆ័ត្ររួតមួយគូ អម​ដោយ​រាជសីហ៍គជសីហ៍(?) ដែលមាន​ចម្លាក់ទេពមួយអង្គ​ហោះ​នៅ​ខាង​លើ។ ចំណែកឯនៅត្រង់ផ្ទៃកណ្តាលនៃហោជាងខាងលិច មាន​ចម្លាក់​សត្វនាគ​មួយគូទ្រជើងពាន​ដែលតម្កល់​គម្ពីរនៅខាងលើ និង​អមដោយ​ឆ័ត្ររួត​មួយគូ ហើយ​មាន​ចម្លាក់តូចៗជារូបមនុស្ស​បួន​នាក់​​អង្គុយ​ប្រណមសងខាង។ នៅ​លើហោជាង​ខាងលិច​នេះដែរ មាន​ចំណារ​បញ្ជាក់ការជួសជុល​នៅ​ក្នុង​ដើម​ឆ្នាំ២០០៦។ ដូច្នេះ​បើផ្អែកតាមចំណារនេះទំនង​ជា​រចនាសម្ព័ន្ធគ្រឿង​បង្គុំដំបូល​​ព្រះវិហារ​ទាំងមូល ​បាន​ជួសជុលជាថ្មី​ក្នុង​ពេល​ទន្ទឹមគ្នា​នឹង​​​ការ​ជួសជុល​ហោជាងទាំងពីរដែរ ដ្បិត​ឃើញមានការ​ប្រើពណ៌ថ្មីភ្លឺផ្លេកដូចគ្នា​ទាំង​អស់​នូវ​​​​គ្រប់ផ្នែកនៃរចនាសម្ព័ន្ធខាងលើ។

ចំណែកឯរចនាសម្ព័ន្ធ និងការ​តុបតែង​លម្អនៅ​ផ្នែក​ខាងក្រោម​គ្រឿង​បង្គុំដំបូល​ គេ​ឃើញ​នៅលើ​ជញ្ជាំងជុំវិញនៃផ្នែក​ខាងក្រៅ​​មាន​ចម្លាក់​ឆាក​ប្រយុទ្ធរវាង​យក្ស និង​ស្វា​លើ​​​ស៊ុមក្បាច់​នៃទ្វារ​ និង​បង្អួចនីមួយៗ។ នៅគល់សសរ​ជាប់ជញ្ជាំង​វិញ លម្អដោយ​ចម្លាក់​រូប​រាជសីហ៍គជសីហ៍។ ប៉ុន្តែ​នៅ​ផ្នែកខាងលើនៃ​ក្បាល​សសរ​​ជុំវិញបាំងសាច​ ជា​សិល្បៈ​​ចម្លាក់​ធ្លុះមួយបែបមាន​សាច់​រឿង​ព័​ទ្ធ​​ជុំវិញ​​ទាំង​បួន​ទិស​។ អ្នកស្រាវ​ជ្រាវ​អំពីវត្ត​អារាម​ខ្មែរ​យល់​​ថា ចម្លាក់នេះ​ជា​រឿង​ទសជាតក។ ផ្ទុយទៅវិញ ​បើផ្អែកតា​ម​ការ​សិក្សា​​ផ្សេង​ទៀត​​យល់ថាសាច់រឿង​ចម្លាក់ទាំង​៣០ផ្ទាំងនោះ ជារឿង​ព្រះ​ជិនវង្សដែល​មាន​ប្រជា​ប្រិយ​​​បំផុត​ក្នុង​សង្គមខ្មែរ ​នៅ​ពាក់កណ្តាល​សតវត្សរ៍ទី​២០។ របៀបមើលចម្លាក់នេះពីដើមមកចុងគឺត្រូវផ្តើមពីមុមនិរតីនៃជញ្ជាំងខាងលិច ហើយ​ដើរមើលជាប្រទក្សិណ មានន័យថា​ដើរសំដៅទៅមុមពាយ័ព្យ បន្ទាប់មកទៅមុមឦសាន មកទល់គ្នាវិញនឹងមុមនិរតីនៃជញ្ជាំងខាងត្បូងវិញ។​

ធ្វើឱ្យព្រះរាជាគ្រោធខឹងយ៉ាងខ្លាំង រហូតបញ្ជាឱ្យគេយកព្រះជិនវង្សដាក់ទ្រុងដែកបោះចូលក្នុងសមុទ្រ។ ដោយ​បុណ្យកុសល ព្រះជិនវង្សត្រូវស្ដេចភុជង្គនាគជួយសង្គ្រោះ​ជីវិត។ បន្ទាប់មកព្រះអង្គបានចេញផ្សងព្រេង​យ៉ាង​កម្សត់ រៀនសីល្ប៍វិជ្ជា និងមានមហេសីចំនួន៤អង្គ។ ក្រោយពេលបានជួបជុំព្រះបិតាវិញ ព្រះអង្គបានគង់​នៅយ៉ាងមានសុភមង្គល រហូត​ដល់ថ្ងៃដែលមហេសីទាំង៤ ត្រូវត្រឡប់ទៅនគររៀងៗខ្លួនវិញ ទើបព្រះជិនវង្សសម្រេចព្រះទ័យចេញទៅសាងផ្នួសជាឥសីនៅព្រៃហេមពាន្តរហូតដល់អស់ព្រះជន្ម។

ផ្នែកខាងក្នុងព្រះវិហារ​ គេសាង​បល្ល័ង្កព្រះជីវ៍ធំ​នៅ​​ក្បែរជញ្ជាំង​ខាងលិច ​ដូច​នៅ​បណ្តា​​ព្រះវិហារ​ដទៃដែរ។ ប៉ុន្តែបល្ល័ង្កនិងព្រះជីវ៍នេះសាងជាថ្មីក្រោយសម័យសង្រ្គាម​ក្នុង​ឆ្នាំ​១៩៨៦ ដោយ​ព្រះបដិមា​សាងឡើង​ក្នុងកាយវិការ​យក​ព្រះធរណីជាសាក្សី (ភូមិស្បស៌) មាន​ព្រះ​ហស្ត​ស្តាំដាក់លើព្រះបាទ​ចង្អុល​ចុះទៅផែនដី។ ផ្នែក​ខាងក្រោ​យ​​បល្ល័ង្ក​មាន​ឆ្លាក់​រូប​នាង​គង្ហីង​ច្បូតសក់​ឈរលើ​ក្រពើ។ ចំពោះគំនូរ​លើ​ជញ្ជាំងជុំវិញមាន​បីជួរ​ គឺសាច់រឿង​​ពុទ្ធប្រវត្តិ​នៅជួរលើបំផុត និងរឿងក្នុងជាតក​គូរជាពីរជួរខាងក្រោម ហើយគំនូរ​​​ទាំង​នេះ​គូរក្នុងឆ្នាំ​១៩៦៧។

ជារួមមកព្រះវិហារវត្តព្រះប្រសប់ គឺជាបេតិកភណ្ឌស្ថាបត្យកម្មពុទ្ធសាសនាដ៏មានតម្លៃតាមដងទន្លេ ដែលមានអាយុកាល១០០ឆ្នាំគត់គិតត្រឹមឆ្នាំ២០២៦។ ភាពវិសេសវិសាល​បំផុតនៃព្រះវិហារនេះ គឺសិល្បៈចម្លាក់ធ្លុះទាំង៣០ ផ្ទាំងដែលបង្ហាញពីរឿង “ព្រះជិនវង្ស” នៅលើជញ្ជាំងបាំងសាចជុំវិញ ។ ទោះបីជាឆ្លងកាត់ការជួសជុលជាបន្តបន្ទាប់ និងមានការផ្លាស់ប្តូរខ្លះៗលើសំណង់ខ្លោងទ្វារ និងបដិមាព្រះជីវ៍តាមសម័យកាលក៏ដោយ ក៏អារាមនេះនៅតែរក្សាបាននូវអត្តសញ្ញាណសិល្បៈខ្មែរយ៉ាងរឹងមាំ និងជាកន្លែងសិក្សាដ៏សំខាន់អំពីទំនាក់ទំនងរវាងអក្សរសិល្ប៍ និងសិល្បៈចម្លាក់ក្នុងសង្គមខ្មែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,200SubscribersSubscribe
- Advertisement -spot_img