ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រះវិហារ​វត្ត​បុសលាវ

ព្រះវិហារ​វត្ត​បុសលាវ

វត្តបុសលាវ (ឬបុស្សមាលី) កសាងឡើង​នៅត្រើយ​ខាងកើតនៃដងទន្លេមេគង្គ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣(ក្រចេះ-ឆ្លូង) នៅក្នុងភូមិសាស្រ្ត​​ឃុំ​បុសលាវ ស្រុក​ចិត្របុរី ខេត្ត​​ក្រចេះ ចម្ងាយប្រហែល​១១គីឡូម៉ែត្រ​ ខាងត្បូងទីរួមខេត្ត​។ វត្ត​នេះ​មិនត្រឹមតែជាទីអារាមសម្រាប់ប្រតិបត្តិតាម​គន្លង​ព្រះ​ពុទ្ធសាសនាទេ តែគឺជា​អារាម​​ដ៏​ចំណាស់​នៅ​តាមដងទន្លេដែលមាន​​ព្រះវិហារ និង​កុដិបុរាណកសាងពីឈើជា​ច្រើនខ្នង​ ប្រកបដោយ​​ទឹក​ដៃ​សិល្បៈស្ថាបត្យកម្មដ៏ល្អ​។ ចំពោះ​​ព្រះវិហារវត្ត​បុស​លាវ​សព្វថ្ងៃ គឺជាសំណង់​កសាង​ឡើងឥដ្ឋ​ និង​ឈើ​ធំៗ​ ដែល​ជាសិល្បៈ​ពេញនិយមតាម​បណ្តាវត្ត​បណ្តោយដងទន្លេមេគង្គ។ បើ​​ផ្អែក​តាម​ចំណារ “ព.ស.​២៤៩២” ចារ​លើហោជាង​ផ្នែកខាងលិច ​ប្រហែល​បញ្ជាក់ថា​ព្រះ​វិហារ​វត្ត​បុស​លាវ​ កសាងឡើង​ក្នុង​ឆ្នាំ​១៩៤៩ ពោលគឺ​តាំង​​ពី​ចុងសម័យ​អាណាព្យាបាលបារាំង។ ប៉ុន្តែទោះ​បី​​ជា​បាន​ឆ្លង​កាត់​​សង្រ្គាម​ច្រើនជំនាន់ តែព្រះវិហារ​នេះ​បាន​ជួសជុល និង​ថែ​រក្សាយ៉ាងយក​ចិត្តទុកដាក់​រហូត​គង់​វង្ស​​មក​ដល់សព្វថ្ងៃ។

ជាការពិតបើនិយាយតែ​អំពីព្រះវិហារវត្តបុស​លាវ គេ​​ឃើញ​ព្រះវិហារ​នេះ​កសាងឡើង​​បែរទៅទិសខាងកើត នៅ​លើ​ខឿន​មាន​ច្រើនថ្នាក់ខ្ពស់​ត្រដែតប្លែក​ពី​ព្រះវិហារ​​ផ្សេងៗទៀត។​ ការ​រៀបចំកសាង​បែប​នេះ ​ក៏​ប្រហែល​ដោយសារ​កត្តា​ភូមិសាស្រ្ត​វត្ត​ស្ថិត​នៅក្បែរ​ដង​ទន្លេ ដើម្បីការពារនូវទឹក​ជំនន់ដែល​​អាច​កើត​ឡើង​​ម្តងម្កាលផង និងក៏​​បាន​​ជួយលើកសោភ័ណសំណង់ស្ថាបត្យកម្ម​ឲ្យ​សម​គាប់​ភ្នែក​​ផង។ តួព្រះវិហារស្ថិត​នៅលើ​ខឿនបីថ្នាក់ ហើយដែលថ្នាក់នីមួយៗ​លម្អដោយ​ក្បាច់ជើង​ទៀនបង្កាន់ដៃ​​ព័ទ្ធជុំវិញ ព្រមទាំងមានលម្អ​ដោយ​​ចម្លាក់រូប​តោ និង​នាគអម​តាម​ជណ្តើរឡើង​ទាំង​បួន​ទិស​។ នៅជាប់បង្កាន់ដៃ​​ខឿនថ្នាក់​ទី​៣ មាន​ក្បាច់លម្អ និង​សសរ​​បេតុង​​មូលធំៗទ្រ​ចុងដំបូល ហើយ​បង្កើតបាន​ជាចន្លោះបាំង​សាច​ព័ទ្ធ​ជុំវិញព្រះវិហារ។ តាម​ក្បាល​សសរ​នីមួយ​ៗ ​បំពាក់លម្អ​ដោយ​​​ចម្លាក់រូប​កិន្នរ និងគ្រុឌ​ទ្រចុងដំបូលជុំវិញ។ ចាប់ពីឆ្នាំ​២០២២មក ព្រះវិហារនេះបាន​រៀបចំ​ជួសជុល​កែលម្អ​រចនាសម្ព័ន្ធជុំវិញតាម​ខឿន​នីមួយៗ និងជួសជុល​ដំបូល លាបពណ៌លម្អ​​ថ្មី​។

ចំពោះរចនាសម្ព័ន្ធសំណង់ផ្នែកដំបូលនៃព្រះវិហារវត្តបុសលាវ គឺជា​ប្រភេទ​ទម្រង់​ដំបូលព្រះវិហារ​ជហ្វាបួន។ ផ្ទៃដំបូល​ព្រះវិហារ គេសាង​​ជា​ដំបូល​កិង ប្រក់​ក្បឿង​ស្រកាលេញ​ ​មាន​ជម្រាល​ចុះជាថ្នាក់ៗសាងខាង ដោយ​នៅ​តាម​ចែង​ដំបូល​​​បំពាក់លម្អ​ដោយ​ចម្លាក់រូបនាគ ហើយ​នៅ​ចុង​ព្រំដំបូល​ខាងមុខ​លម្អ​ដោយ​ជហ្វា​២ នៅចុងព្រំដំបូល​ខាងក្រោយ​លម្អដោយ​ជហ្វា​២។ ចំណែកហោជាង​ទាំង​សងខាងនៃព្រះវិហារនេះ ជាហោ​ជាង​​ឆ្លាក់​លម្អ​ដោយ​ក្បាច់ពុម្ពស៊ីម៉ងត៍​ មានលក្ខណៈ​ស្ទើរ​តែដូចគ្នាទាំងស្រុង។ ប៉ុន្តែ​នៅ​លើ​ផ្ទៃ          ​កណ្តាល​លើហោជាង​ខាងមុខ​មានឆ្លាក់រូប​ទេពគង់ប្រណមលើ​ក្បាលរាហូ ឬព្រះកាល។ ហោជាង​ខាងលិច គេឆ្លាក់លម្អដោយ​រូប​ទេពគង់ព្នែន​ប្រណម​លើបល្ល័ង្ក​អម​ដោយ​ទេព​ប្រណម​លេចចេញពីក្បាច់​សងខាងបល័ង្ក។ នៅលើ​បល័ង្កនោះសោត មានចារឹក​ខ្លី “ព.ស.​២៤៩២”។ តាមរយៈចារឹក​នេះ ទំនងបញ្ជាក់កាល​បរិច្ឆេទ​នៃការកសាង​ព្រះវិហារ​ក្នុង​ពុទ្ធសករាជ​​២៤៩២ ដែលត្រូវនឹង​ឆ្នាំ​១៩៤៩។ សូមបញ្ជាក់ថា ព្រះវិហារ​នេះពុំមានអក្សរចារឹក​ ឬចំណារ​បញ្ជាក់ពីប្រវត្តិកសាង ឬជួសជុលឡើយ។

ដោយឡែក ចំពោះរចនាសម្ព័ន្ធនៅផ្នែកខាងក្នុងព្រះវិហារធ្លាប់បាន​ជួសជុល​​កាល​ពី​ជាង​២០ឆ្នាំមុន ពោលគឺទាំង​សសរ ការ៉ូ និងគំនូរលើជញ្ជាំងជុំវិញ។ បច្ចុប្បន្នសសរខាងក្នុងព្រះវិហារ​រត់ជួរអមល្វែងគ្រឹះ សុទ្ធសឹងជា​សសរ​ឈើ​មូល​ធំៗចំនួន១២ដើម តែពុំមាន​ក្បាច់ ឬគំនូរ​លម្អលើសសរ​ទាំង​នោះឡើយ។ ចំណែកឯ​ពិតាន​និង​ធ្នឹម​ខាងលើក៏ជា​ឈើ​លាតឥតមានគំនូរ ឬក្បាច់លម្អទាំងអស់។ នៅចុងល្វែង​គ្រឹះ​ផ្នែក​​ខាងលិច គឺ​​ជាបល្ល័ង្កព្រះជីវ៍ធំ ដែលរចនាខ្ពស់ត្រដែត​ជា​បល្ល័ង្កក្បាច់ត្របកឈូក។

គំនូរខាងក្នុងព្រះវិហារ ប្រហែល​ជា​គំនូរថ្មី​គូរឡើង​វិញ​បន្ទាប់ពីជួសជុលព្រះវិហារ​ កាល​ពី​ជាង​២០​ឆ្នាំមុន។ ប៉ុន្តែសាច់រឿង​​លើកមក​គូរបង្ហាញ ជា​រឿង​ពុទ្ធប្រវត្តិរៀបរាប់​ចាប់​តាំងពីព្រះអង្គទ្រង់ប្រសូត្រ​រហូតដល់ទ្រង់​បរិនិព្វាន ពោលគឺពុំមានគូរសាច់រឿង​ក្នុងជាតក​ណាមួយ ឬគំនូរ​ព្រះចន្រ្ទព្រះអាទិត្យលើ​ពិតាន​ដូចបណ្តាព្រះវិហារដទៃឡើយ។ វិចិត្រករ​​ចាប់ផ្តើម​សាច់រឿង​លើ​​​ជញ្ជាំង​ខាងត្បូងផ្នែក​​ខាងកើត​នូវ​អន្លើ “ទេវតា​​យាង​សន្តុសិតទេវបុត្រ​ឱ្យ​ចុះ​ចាប់​កំណើត” ព័ទ្ធទៅ​ជញ្ជាំង​ខាងលិច ជញ្ជាំង​ខាងជើង​ រហូត​​​បញ្ចប់ត្រង់​ព្រះពុទ្ធទ្រង់បរិនិព្ធាន ថ្វាយ​ព្រះភ្លើង​ព្រះបរមសព និង​ចែក​ព្រះបរមសារីរិកធាតុ​គូរនៅលើ​ជញ្ជាំង​ខាងកើត។​ ប៉ុន្តែអ្វីដែលគួរ​ឱ្យ​កត់សម្គាល់​ក្នុង​សិល្បៈ​គំនូរពុទ្ធប្រវត្តិនៃព្រះវិហារវត្ត​បុសលាវនេះ មាន​សាច់រឿង២ផ្ទាំងដែល​វិចិត្រ​ករ​​គូរ​ពេញ​ផ្ទៃ​ជញ្ជាំងផុតលើក្រោម​​ គឺទ្រង់បរិនិព្វាន​លើជញ្ជាំង​ខាងកើត និងផ្ចាញ់មារ​លើ​ជញ្ជាំង​​ខាងលិច។ ចំណុចនេះ អ្នកស្រាវជ្រាវ​ពន្យល់ថា គឺបង្ហាញ​ឱ្យឃើញព្រះអង្គ (ព្រះជីវ៍) គង់សមាធិបែរទៅទិស​ខាងកើត បន្ទាប់ពីផ្ចាញ់មារ។

ដូច្នេះជារួមមក ព្រះវិហារវត្ត​បុសលាវ គឺជាសំណង់មួយមាន​អាយុកាល​ប្រហែល​ ៧៧ឆ្នាំ ដែល​ទទួលបាន​ការ​ថែទាំ និងជួសជុល​ជាបន្តបន្ទាប់ ទុក​ជា​សម្បត្តិបេតិកភណ្ឌដ៏សំខាន់​តាម​ដងទន្លេមេគង្គ។ តាមរយៈ​សម្ភារៈ និងរចនាសម្ព័ន្ធ​សំណង់ ក៏​ជា​ផ្នែកមួយ​​បង្ហាញឱ្យ​ឃើញ​ពីការ​វិវត្ត​កាន់តែខ្លាំង ក្នុងការ​ប្រើប្រាស់​ឈើផ្សំនឹង​បេតុង នៃចុងសម័យ​អាណាព្យាបាលបារាំងផងដែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,100SubscribersSubscribe
- Advertisement -spot_img