សព្វថ្ងៃ សិលាចារឹកនេះកំពុងរក្សាទុកនៅឃ្លាំងសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ។ កាលដើមឡើយ លោក មីសែល ត្រាណេ បានចុះបញ្ជីសិលាចារឹកនេះលេខ Ka.36 តែក្រោយមកសាលាបារាំងចុងបូព៌ាប្រទេស ចុះលេខបញ្ជីថ្មី K.1553។ យោងតាមរបាយការណ៍របស់មន្ទីរ បានបញ្ជាក់ឱ្យដឹងថា សិលាចារឹកនេះរត់ពន្ធចេញមកពីខេត្តប៉ៃលិន។ ប៉ុន្តែ គេមិនបានបញ្ជាក់ច្បាស់លាស់អំពីទីតាំងដើមច្បាស់លាស់ណាមួយនៅក្នុងខេត្តប៉ៃលិនឡើយ។ ទោះបីជាយ៉ាងណា ផ្អែកទៅតាមខ្លឹមសាររបស់សិលាចារឹក ដែលរៀបរាប់អំពីដែនដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទស្រីឦសានវម៌្ម (ទី១) សិលាចារឹកនេះប្រហែលអាចមានប្រភពដើមមកពីតំបន់ណាមួយនៃខេត្តតាកែវ។ កន្លងមក សិលាចារឹកនេះពុំធ្លាប់មានអ្នកស្រាវជ្រាវបានសិក្សា និងបកប្រែនៅឡើយទេ។ តើសិលាចារឹកនេះ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?
អត្ថបទសិលាចារឹកនេះ សរសេរជាភាសាសំស្រ្កឹតមានចំនួន ១០ បន្ទាត់ ស្មើនឹង ១០ ស្លោកដែលជាប្រភេទបង្គោលសីមាថ្មភក់ ចារឹកនៅសម័យមុនអង្គរ ពោល គឺមានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នៅក្នុងមហាសករាជឆ្នាំ ៥៤៩ ត្រូវនឹងគ្រិស្តសករាជឆ្នាំ ៦២៧ (រជ្ជកាលព្រះបាទស្រីឦសានវម៌្មទី១ គ.ស.៦១៦ – ៦៣៧)។ គួរកត់សម្គាល់ជាពិសេស សិលាចារឹកនេះរៀបរាប់អំពីព្រះកិត្តិនាមដ៏ល្បីល្បាញក្នុងការដឹកនាំរដ្ឋរបស់ព្រះបាទស្រីឦសានវម៌្មទី១ និងរៀបរាប់អំពីរដ្ឋមន្រ្តីរបស់ព្រះអង្គម្នាក់ ដែលមាននាមថា “វិទ្យាវិសេស” ដែលទ្រង់បានតែងតាំងឱ្យកាន់មុខតំណែងជា “ជិតសាស្រ្ត” (តម្រាស្តីអំពីជ័យជម្នះ) ហើយលោកគឺជាអភិបាលក្រុងតមន្ទបុរ។ រដ្ឋមន្រ្តី និងជាអភិបាលក្រុងតមន្ទបុរម្នាក់នេះ ធ្លាប់មានរៀបរាប់នៅក្នុងសិលាចារឹកមួយនៅក្រុមប្រាសាទយាយព័ន្ធ ចុះបញ្ជីលេខ K.604 ដែលកាលបរិច្ឆេទគឺដូចគ្នាតែម្តង (ម.ស.ឆ្នាំ ៥៤៩) និងមានរៀបរាប់នៅក្នុងសិលាចារឹក K.9 ដែលរកឃើញនៅតំបន់សាដែក ខេត្តអានយ៉ាង (តំបន់ដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន) ដែលលោក Dominic Goodall ធ្លាប់សិក្សានិងសន្និដ្ឋានថា ប្រហែលជាអតីតទឹកដីទីក្រុងតមន្ទបុរ។
ចំពោះខ្លឹមសារជារួមនៃសិលាចារឹកនេះ រៀបរាប់អំពី៖
- ស្លោកទី១ ជាស្លោកនមស្ការគោរពវន្ទាដល់ព្រះភគវានសិវ ដែលព្រះកាយទ្រង់ទ្រទ្រង់ដោយធាតុទាំង៨ ឬហៅថា “អស្តមូត៌ិ”។
- ស្លោកទី២ ពណ៌នាអំពីព្រះបាទឝ្រីឦឝានវម៌្មទី១។
- ស្លោកទី៣ ពណ៌នាអំពីព្រះកិត្តិគុណ។
- ស្លោកទី៤ ពណ៌នាអំពីដែនវិសាលភាពអំណាចរបស់ព្រះបាទឝ្រីឦសានវម៌្មទី១។
- ស្លោកទី៥ និងទី៦ ពណ៌នាអំពីគុណសម្បត្តិយុធិសាស្រ្តសង្រ្គាម ចរិយាសម្បត្តិ សីលធម៌ និងរូបសម្បត្តិរបស់ព្រះបាទឝ្រីឦឝានវម៌្មទី១។
- ស្លោកទី៧ ពណ៌នាអំពីរដ្ឋមន្រ្តីដែលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង។
- ស្លោកទី៨ ពណ៌នាអំពីរដ្ឋមន្រ្តីឈ្មោះ វិទ្យាវិសេស ដែលទទួលបានការតែងតាំងពីព្រះបាទឝ្រីឦឝានវម៌្មទី១។
- ស្លោកទី៩ ពណ៌នាអំពីកាលបរិច្ឆេទ មហាសករាជឆ្នាំ ៥៤៩។
- ស្លោកទី១០ ពណ៌នាអំពីរដ្ឋមន្ត្រី “វិទ្យាវិសេស” ទទួលបានតែងតាំងក្នុងមុខតំណែងជាអភិបាលទីក្រុងតមន្ទរបុរ។
អត្ថបទចារឹក និងសេចក្តីប្រែ
១. [សមស្តាស?]មតៃឝ្វយ៌្យ- ប្រទានប្រភុរីឝ្វរះ
ធាយ៌្យតេ ជគទឞ្ដាភិ- រឝេឞ យស្យ មូត៌ិ្តភិះ។
ប្រែថា៖ ព្រះប្រភុរីឝ្វរ (ពោលគឺព្រះសិវ) ទ្រង់ជាអ្នកប្រទាននូវឥស្សរភាព [ជាទេពមិនមានអ្វីទាំងឡាយណាអាចប្រៀបស្មើបាន] អ្វីគ្រប់យ៉ាងគ្មានសេសសល់ក្នុងលោក គឺត្រូវបានទ្រទ្រង់ដោយព្រះអស្ដមូត៌ិរបស់ទ្រង់។
២. [សវ៌ទេឝេឞុ?] ភូបាល- មស្តកាប៌ិ្បតឝាសនះ
រាជា ឝ្រីឝានវម៌្មេតិ យឝាមេកភាជនម៑។
ប្រែថា៖ មានព្រះរាជាមួយអង្គ មានព្រះនាមថា ឝ្រីឦឝានវម៌(ទី១) ទ្រង់មានព្រះរាជសាសន៍ (គឺព្រះរាជបញ្ជា) ត្រូវបានលើកគោរពទូលលើត្បូងដោយពួកស្ដេចផែនដី [ក្នុងប្រទេសទាំងឡាយ] ទ្រង់ប្រៀបដូចជាភាជន៍មួយនៃយសានុភាពគ្រប់យ៉ាង។
៣. ……….គ្វមិវាត្យត៌ូ- មឝោភតយឝោធនះ
អន្វយេ យោ ជគទ្ធ្យាបិ យឝសាមវនីភុជាម៑។
ប្រែថា៖ ព្រះអង្គ ដូច…………នឹងចំណង់ដ៏ក្រៃពេក ទ្រង់ជម្រះស្អាតដោយការប្រយុទ្ធនឹងភាពសៅហ្មង ទ្រង់ក៏បានយកព្រះទ័យទុកដាក់អំពីដែនដីរបស់ស្ដេចផែនដីដ៏មានយសានុភាពទាំងឡាយក្នុងសន្តតិវង្ស (របស់ព្រះអង្គកន្លងមក) ។
៤. ឧទធិត្រយបយ៌្យន្ត- មេកច្ឆត្រវតំ សិតម៑
យស្យ ប្រតបតស្សម្យ- គភូទវនិមណ្ទលម៑។
ប្រែថា៖ (ដូច្នេះហើយ) ព្រោះអំណាចដ៏ក្រៃលែងរបស់ព្រះអង្គ មណ្ឌលដែនដីក៏ត្រូវបានរួបរួមឱ្យស្ថិតក្រោម(ស្វេត)ឆត្រតែមួយរហូតដល់ត្រើយម្ខាងនៃសមុទ្រទាំង ៣។
៥. អាកូក្ដោ យេន មហតះ កាមុកស្យនកេវលម៑
ទិលីបស្យាបិរាជឞ៌េ រសមះប្រថិតោរណះ។
ប្រែថា៖ ព្រះអង្គមានភាពមហិមាណាស់ក្នុងសមរភូមិ មិនត្រឹមតែអាចប្រដូចទៅនឹងព្រះកាមទេពទេ សូម្បីស្ដេចទិលីបជាចម្បងលើស្ដេចទាំងឡាយ ដែលល្បីល្បាញលើយុទ្ធភូមិក៏ទ្រង់ស្មើដូច។
៦. [ប្រេ]ម្យេវរូបសំបត្តិ- រិតិរូឞា’មហង្ក្ឫតីម៑
អត្យជន្មទនោមន្យេ វបុឞ្មន្តមវេក្ឞ្យយម៑។
ប្រែថា៖ ព្រះអង្គមានព្រះរូបសម្បត្តិគួរជាទីប្រិមប្រិយណាស់ ទ្រង់មិនប្រកាន់មាំព្រោះកំហឹង ទូលព្រះបង្គំជាខ្ញុំមានសេចក្ដីគោរពស្រលាញ់ដ៏ស្មោះស្ម័គ្រ បានគិតនិងជាអ្នកបានឃើញជាក់ស្ដែងនូវអវយវៈព្រះវរកាយនេះ (របស់ព្រះអង្គ) ។
៧. [តេ]នរាជាធិរាជេន ប្រថ[មក]វេទិនាម៑
សវ៌្វាក្ឫធិក្ឫតោភ្ឫត្យ ឥតិកត៌្តវ្យតាសុយ។
ប្រែថា៖ ព្រះរាជាធិរាជអង្គនេះ បណ្ដាពួកមន្ត្រីជួរមុខទាំងឡាយ គឺមានមន្ត្រីម្នាក់ ទ្រង់បានតែងតាំងជាមន្ត្រីផ្នែកសព្វាធិការកិច្ច លើកាតព្វកិច្ចទាំងឡាយ។
៨. [លិ]ខិតេជិតឝាស្ត្រាណាំ ធុរិយះ កមិវាទិនាម៑
វិទ្យាវិឝេឞ នាមាភូ ទាចាយ៌្យគុរុវត្សលម៑។
ប្រែថា៖ មុខតំណែងទាំងឡាយ មានជាអាទិ៍ជាប្រធានក្នុងការកត់ត្រានៃជិតសាស្ត្រ (គឺតម្រាស្ដីអំពីជ័យជម្នះ)ទាំងឡាយ។ មន្ត្រីរូបនោះមាននាមថា វិទ្យាវិសេស ជាព្រះអាចារ្យដែលជាទីគោរពស្រឡាញ់ពីសំណាក់គ្រូៗទាំងឡាយផង។
៩. គណិតេព្ទេឝកេន្ទ្រស្យ ទ្វារម្ភោនិធិសាយកៃះ
តេនសេតុរយំ វទ្ធ ស្សសង្ក្រមទ្វយកុណ្ទ[ណ្ឌ]លម៑។
ប្រែថា៖ កាលបើគិតគណនាតាមឆ្នាំនៃស្ដេចសក គឺក្នុងឆ្នាំ៥៤៩ មានស្ពានមួយត្រូវបានចងព័ទ្ធសង្កាត់ដោយច្រវាក់ពីរសងខាងតាមច្រកចេញចូលដោយរូបគាត់។
១០. [ស្វ]កបុណ្យោធិកា[រាណា] ន្សយជ្វាតេនភូភុជាំ
តមន្ទរបុរស្វាមិ- ភោជកត្វេនិយោជិតះ។
ប្រែថា៖ ព្រោះអំណាចនៃគុណបុណ្យទាំងឡាយ [របស់ខ្លួន] ដែលលោកបានគោរពបូជាកន្លងមកចំពោះស្ដេចផែនដីទាំងឡាយ តាមរយៈព្រះរាជាអង្គនេះលោកត្រូវបានតែងតាំងក្នុងមុខតំណែងជាមេតំបន់ដែលជាម្ចាស់ស្ថិតឰដ៏ទីក្រុងតមន្ទរបុរ។
សរុបជារួមមក សិលាចារឹកដែលកំពុងរក្សាទុកនៅសារមន្ទីរខេត្តតាកែវ (K.1553) បានផ្តល់ព័ត៌មានមួយចំនួន ពាក់ព័ន្ធទៅនឹងដែនវិសាលភាពអំណាចរបស់ព្រះបាទស្រីឦសានវម៌្មទី១ នៅក្នុងមហាសករាជឆ្នាំ ៥៤៩ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៦២៧ ដែលគ្រប់គ្រងរហូតដល់ត្រើយម្ខាងនៃសមុទ្រទាំងបី។ ព្រមទាំងបានបង្ហាញអំពីរដ្ឋមន្រ្តីឈ្មោះ វិទ្យាវិសេស ដែលព្រះមហាក្សត្របានតែងតាំងជាអភិបាលក្រុងតមន្ទបុរ។


————-
Inscription 1553 from Pailin Province
According to a report from the Takeo Provincial Department of Culture and Fine Arts, this particular inscription was smuggled from Pailin Province and is currently housed at the Takeo Provincial Museum, registered under the École française d’Extrême-Orient (EFEO) inventory number K.1553. The general content of the inscription extols the prestige, virtues, character, and the extensive reach of power of King Srī Ishanavarman I in 549 Mahasakaraj (equivalent to 627 CE), whose dominion stretched as far as the shores of the three seas. Furthermore, the inscription identifies a high-ranking official named Vidyāvisesa, who was appointed by the King as the governor of Tamandapura. This city has been previously referenced in other inscriptions found within the Sambor Prei Kuk temple complex (K.604) and the Sa Dec region of An Giang Province (K.9) (present-day Southern Vietnam). Based on the analysis by researcher Dominic Goodall, it is concluded that this ancient city was situated in the southern Mekong Delta region of contemporary Southern Vietnam.”
អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់





