ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រះវិហារចាស់មួយនៅ​ក្នុងវត្តទ្រាំង

ព្រះវិហារចាស់មួយនៅ​ក្នុងវត្តទ្រាំង

វត្តទ្រាំង (ឬតាឡវនារាម) ជាអារាមចំណាស់មួយស្ថិត​នៅបណ្តោយ​ដង​ទន្លេ​មេគង្គ ជាប់នឹងផ្លូវលេខ​៣៨១ ក្នុង​​ភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្ត​កណ្តាល។ បច្ចុប្បន្ននៅក្នុងវត្ត​នេះ មានសមិទ្ធផលជាច្រើនកសាងឡើង​ជាបន្តបន្ទាប់តាំងពីកកើតវត្តរហូតមក ដែល​មាន​ព្រះវិហារ​ពីរសាង​ទន្ទឹម​គ្នា​ ស្ថិត​នៅស្ទើរចំកណ្តាលផ្ទៃដីវត្ត។ ផ្នែកខាងជើង​មាន​សាលាឆាន់​និងរោងទូក ផ្នែក​ខាង​ត្បូង​មាន​កុដិតូចធំជាច្រើនខ្នងនិងសាលាបាលី ផ្នែក​ខាងលិចមានរោងបាយ និង​ខាងកើត​​ព្រះ​វិហារ​មាន​ចេតិយ ស្រះទឹកតូចមួយ ព្រមទាំង​មានខ្លោងទ្វារនិងច្រក​ចូល​​គ្រប់ទាំង​​បួន​ទិស​។

ដូចបានលើកឡើងខាងលើ ក្នុងបរិវេណវត្តទ្រាំងសព្វថ្ងៃ​មានព្រះវិហារ​ពីរ​​ ​កសាងឡើង​នៅលើ​ខឿន​តែមួយ។ ព្រះវិហារ​ខាងជើងជាព្រះវិហារបុរាណ ចំណែកឯព្រះវិហារ​ខាងត្បូងជាព្រះវិហារសង់ថ្មី។ ប៉ុន្តែ​​នៅក្នុងអត្ថបទខ្លីនេះខ្ញុំសូមរៀប​រាប់​​​ត្រួសៗ​តែព្រះវិហារ​ខាងជើង ជា​ព្រះ​វិហារ​តូច​មួយ​​ដែលគេមើល​ឃើញជា​សំណង់បុរាណ ហើយ​​កសាង​ឡើង​​ប្រកប​ទឹក​ដៃសិល្បៈ​​ស្ថាបត្យកម្ម​ តុបតែងក្បាច់​លម្អ​រួម​បញ្ចូលរវាង​ក្បាច់​​ឆ្លាក់ពី​ឈើ ក្បាច់​ទឹបមាស និងគំនូរ​លើហប់ខ្យល់។

ព្រះវិហារ​បុរាណ​វត្តទ្រាំង បានកសាងឡើង​នៅលើ​ខឿន​២ថ្នាក់ មាន​ទំហំតូចល្មម ហើយ​សមភ្នែកសមខ្នាតគ្រប់​ជ្រុង។ ខឿនថ្នាក់ទី១ ព័ទ្ធជុំវិញ​ព្រះវិហារ​បង្កើតបានជាទី​ធ្លាទូលាយ​សម្រាប់ដើរដង្ហែប្រទក្សិណពេលធ្វើកិច្ចពិធី ឬបុណ្យ​ទាន​ផ្សេងៗ ហើយក៏​​ជាខឿន​ដែល​បាន​ជួស​ជុស​បន្ថែម​កន្លងមកដែរ។ ចំណែក​ខឿនថ្នាក់ទី២ មានកម្ពស់ប្រហែល​​ត្រឹមចង្កេះ គឺជាផ្នែកមួយ​​នៃ​គ្រឹះ​ព្រះវិហារ ដែល​ទ្ររចនា​សម្ព័ន្ធសំណង់ឱ្យមើលឃើញលេចត្រដែតឡើង។ ដោយឡែកតួព្រះវិហារ​សង់​ឡើង​អំពីឥដ្ឋ ជញ្ជាំង​បិទជិតជុំវិញ ​ពោលគឺ​ពុំមាន​ចន្លោះបាំងសាច ដោយទុក​ឲ្យ​មានតែទ្វារចេញ​ចូល​ខាងមុខចំនួន​២ និងខាងក្រោយ​​ចំនួន​២។ ជញ្ជាំង​សងខាងពុំមានទ្វារដូចបណ្តាព្រះវិហារ​ផ្សេងៗឡើយ តែមាន​បង្អួច​តូចៗមួយ​ចំនួនជួយឲ្យពន្លឺភ្លឺស្រឡះល្អ និងខ្យល់អាច​ចេញចូល​បានងាយ។ មិនតែប៉ុណ្ណោះនៅជញ្ជាំង​ខាងមុខមាន​រចនា​សិល្បៈក្បាំងមុខលម្អផង ហើយ​ស៊ុម​បង្អួចនិងស៊ុមទ្វារ ទំនងជា​ បាន​ជួស​ជុល​​កែថែមថយក្បាច់ភ្ញីអង្គរដែលជាស្នាដៃ​សិល្បៈចម្លាក់ថ្មី។

ព្រះវិហារវត្តទ្រាំងអាចចាត់ជាព្រះវិហារជហ្វា៤ ឬគេហៅ​​​ជា​ទូទៅ​​​ថា “ព្រះវិហារ​បុរាណ” មានស្លាបដំបូល​១ជាន់ ប្រក់ក្បឿង​ស្រកាលេញ ហើយ​​មានហប់ខាង​មុខនិង​ក្រោយ លម្អដោយ​ជហ្វា​២នៅចុងដំបូលខាងមុខ ជហ្វា​២នៅចុងដំបូលខាងក្រោយ និង​ក្បាលនាគ​នៅតាមចុងចែង​ដំបូល​​។ បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងសំណង់​ព្រះវិហារ​បុរាណខាង​លើ​ ចំណុច​​គួរឲ្យ​ចាប់​អារម្មណ៍ គឺហោជាង​និងក្បាច់លម្អលើហោជាង ដែល​គេ​មើល​ឃើញថា​ ក្បាច់​ភ្ញីទេស​ឆ្លាក់ពីឈើ និង​កញ្ចក់សំណពណ៌បៃតងល្បាយខៀវចាស់ លម្អជា​ផ្ទៃនៃហោ​ជាងទាំងពីរ។

បើយក​ការសិក្សាស្រាវជ្រាវរបស់ Danielle & Dominique-Pierre Guéret ជាគោលគេ​​យល់​ថា ​ព្រះវិហារ​​បុរាណវត្ត​ទ្រាំងកសាងឡើង​តាំងពី​​ឆ្នាំ​១៩២០ ហើយ​គំនូរ​ខាង​ក្នុង​ព្រះ​វិហារ​សាង​ឡើង​ក្នុង​ឆ្នាំ​១៩៤០។ ដូច្នេះ​ក្នុងន័យនេះបានសេចក្តីថា ​ការកសាងព្រះវិហារ​ និងការ​សាងគំនូរខាងក្នុងព្រះវិហារ​ ធ្វើឡើង​​មុនក្រោយគ្នា​រយៈ​ពេល​២០ឆ្នាំ។ មិន​តែ​ប៉ុណ្ណោះគំនូរដែល​លើកឡើង​ថា​​​សាងក្នុង​ឆ្នាំ​១៩៤០ ប្រហែលជា​គំនូរ​​ឃើញ​នៅ​លើ​ពិតាន​ត្រង់​ល្វែងគ្រឹះ​ និង​គំនូរ​លើ​ហប់​ខ្យល់​សព្វថ្ងៃ។ ប៉ុន្តែគំនូរ​ដទៃផ្សេងទៀតគូរ​នៅលើជញ្ជាំង ឬគូរ​នៅលើ​ពិតាន​ដែលឃើញបច្ចុប្បន្ន​ ជាគំនូរ​ថ្មីសាងក្រោយការជួសជុលព្រះវិហារកាលកន្លងមក។

ផ្នែកខាងក្នុងព្រះវិហា គេឃើញមាន​សសរឈើ​ពីរជួរអមល្វែងគ្រឹះ​ និង​របៀងសង​ខាង​ស្ថិត​នៅជាប់ជញ្ជាំង បង្កើ​តបាន​លំហតូចល្មមសមរម្យសម្រាប់ការរៀបចំពិធីបុណ្យ​ទានផ្សេងៗ។ នៅតាមសសរនីមួយៗសុទ្ធតែលម្អ​ដោយ​រូបនាគព័ន្ធព័ទ្ធ​រុំសសរ​ពីលើចុះ​មក​ក្រោម។ បច្ចុប្បន្ននៅផ្នែកខាងក្នុងព្រះវិហារ​នេះដែរ គំនូរលើជញ្ជាំងជុំវិញជាគំនូរថ្មី​រៀប​រាប់​រឿងពុទ្ធប្រវត្តិ និងរឿងជាតកនានាដូចបណ្តា​ព្រះវិហារ​ដទៃ។ មិនតែប៉ុណ្ណោះចំពោះ​គំនូរ​ពិតានខាងលើ​របៀងទាំងសងខាង ក៏ប្រហែលជាគំនូរថ្មីសាង​ឡើង​ក្រោយ​​ជួសជុលព្រះ​វិហារ ដូចបាន​បញ្ជាក់មកខ្លះពីខាងដើម។ រីឯព្រះជីវធំក្នុងព្រះវិហារ ក៏បាន​ជួសជុល និងសាងឡើង​ជាថ្មីក្នុង​​ឆ្នាំ​១៩៨១ដែរ ពោលគឺ​ជា​ព្រះបដិមា​ថ្មីសាងក្រោយសម័យសង្រ្គាម។

ដោយឡែកចំពោះសិល្បៈលម្អលើធ្នឹមឈើខាងក្នុងព្រះវិហារ គឺជា​ក្បាច់ទឹបមាស​ ដែល​ប្រហែល​ជាក្បាច់បុរាណនៅសេសសល់តាំងពីដើមមក។ សិល្បៈ​ទឹបមាសបែប​នេះ គេឃើញមានសេសសល់មិនច្រើនឡើយលើសំណង់មកដល់បច្ចុប្បន្ន ហើយ​ជា​សិល្បៈ​ដែល​និយម​នៅដើម​សតវត្សរ៍ទី២០។ ចំណែក​គំនូរ​ពិតានលើល្វែងគ្រឹះ ជាពិតានឈើ​ដែលសល់មកតាំងពីដើម ហើយ​គំនូរ​បង្ហាញ​ពីសាច់រឿងផ្សេងៗ និងគំនូរ​ព្រះអាទិត្យ​ព្រះចន្រ្ទ។ គំនូរលើពិតាននេះ មានសាច់រឿង​ព្រះមាល័យទេសនានៅ​ឋាន​តាវត្តឹង្ស ដែល​​​ពុំ​សូវ​មាន​អ្នកចាប់អារម្មណ៍​ពីមុនមកទេ។ គំនូរនេះ​ភាគច្រើន​គេគូរព្រះ​ចូឡា​មណីចេតិយ​នៅ​ចំកណ្តាល​ មានទេវតា​ច្រើនអង្គប្រជុំគ្នា​ខាងមុខ​ព្រះចូឡាមណី​ចេតិយ ដើម្បី​ថ្វាយ​បង្គំ បូជា​ទៀន​ធូប ផ្កាភ្ញី និង​សណ្តាប់​ព្រះមាល័យទេសនា។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៅទៀត គឺឥរិយាបថព្រះមាល័យកាន់​តាលបណ្ណ(ផ្លិតស្លឹកត្នោត)នៅព្រះហស្ត​ម្ខាង​ និងព្រះហស្តម្ខាងទៀត​ចង្អុលឡើងលើ។​ រីឯ​គំនូរ​​តូចៗ​នៅតាម​ហប់ខ្យល់ជុំវិញនោះវិញ គូររៀបរាប់រឿងពុទ្ធប្រវត្តិដែលចាប់ផ្តើម​ពី​ចំហៀង​ខាងត្បូង​ត្រង់ចុង​ខាង​កើត។

ជារួមមក ព្រះវិហារ​បុរាណវត្តទ្រាំង គឺជា​សំណង់ដែលនៅសេសសល់ស្លាកស្នាម​សិល្បៈ​ចាស់ប្រមាណជាង​១០០ឆ្នាំមុន។ គ្រឿងបង្គុំឈើ និងក្បាច់លម្អ​ខ្លះបានជួសជុល​ជា​​បន្តបន្ទាប់ ហើយមួយផ្នែកនៅរក្សា​បានទម្រង់សិល្បៈដើមគួរ​ឲ្យកត់សម្គាល់។ លើសពីនេះ សាច់រឿងគំនូរខ្លះក្នុងព្រះវិហារ​វត្តទ្រាំង ជា​សាច់រឿងកម្រ​ឃើញលើកមកគូរនៅតាម​ព្រះវិហារ​ផ្សេងៗ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,100SubscribersSubscribe
- Advertisement -spot_img