បាសុបត ជាឈ្មោះនិកាយចំណាស់បំផុតក្នុងចំណោមនិកាយទាំងបួនក្នុងលទ្ធិសៃវនិយម នៃព្រហ្មញ្ញសាសនា រួមមាន បាសុបត, សៃវ (សៃវ-សិទ្ធានត្តិក), កាលវទ (កាលមុខ), និងនិកាយ កាបាលិក)។ យ៉ាងហោចណាស់ មានសិលាចារឹកចំនួនពីរផ្ទាំងនៅស.វ.ទី៧ ដែលបង្ហាញអំពីការប្រតិបត្តិនិកាយបាសុបតនៅក្នុងសង្គមខ្មែរ ដោយមួយផ្ទាំងរកឃើញនៅសំបូរព្រៃគុក K.604 និងមួយផ្ទាំងទៀតរកឃើញនៅភ្នំព្រះវិហារ ខេត្តកំពង់ឆ្នាំង K.733។ ទោះបីជាមានភស្តុតាងសិលាចារឹកយ៉ាងនេះក្តី លោក Battacharya ស្នើថា ភស្តុតាងទាំងនេះនៅតែមានភាពខ្វះចន្លោះនៅឡើយ ហើយដើម្បីបំពេញចន្លោះប្រហោងនេះបាន លុះត្រាតែមានការរកឃើញសិលាចារឹកថ្មីបន្ថែម ឬទាល់តែមានការរកឃើញចម្លាក់ព្រះលកុលីសនៅតាមសំណង់ព្រហ្មញ្ញសាសនាខ្មែរ។ ហេតុដូច្នេះហើយ អត្ថបទនេះនឹងបង្ហាញឱ្យឃើញថា ចម្លាក់ព្រះលកុលីសបានលេចឡើងនៅតាមចម្លាក់ខ្មែរតាំងពីស.វ.ទី៧មកម្ល៉េះ ពោល គឺបង្ហាញនៅលើផ្តែរទ្វារមួយដែលរកឃើញនៅក្រុមប្រាសាទតោ (ប្រាង្គ C6-03) នៃតំបន់ប្រាសាទសំបូរព្រៃគុក។ តើព្រះលកុលីសជានរណា និងលេចឡើងបែបណាខ្លះនៅក្នុងសិល្បៈខ្មែរ?
ព្រះលកុលីស គឺជាឈ្មោះព្រះឥសូរនៅក្នុងជាតិទី២៨ ដែលបានក្លាយជាទេពដ៏សំខាន់ជាងគេនៅក្នុងនិកាយបាសុបត។ ឈ្មោះ “លកុលីស” លេចឡើងដំបូងគេនៅក្នុងគម្ពីរវាយុបុរាណ ត្រង់ជំពូកទី២៣ ដែលរៀបរាប់ថា “ព្រះសិវបានប្រកាសប្រាប់ព្រះព្រហ្មថា នៅក្នុងជាតិទី២៨ ព្រះវិស្ណុនឹងកើតជាវាសុទេវ ហើយទ្រង់នឹងកើតទៅជាព្រាហ្មណ៍ម្នាក់នៅក្នុងក្រុងកាយោហន ដែលមានឈ្មោះថា នាកុលីន ឬ លកុលីស”។ តាមគម្ពីរជាច្រើនបានបញ្ជាក់ថា ព្រះលកុលីស មានសិស្សជំនិតចំនួន ៤ នាក់ រួមមាន កុសិក, គគ៌្យ, មិត្រក និងរុស្ត។ ជាទូទៅ គេបង្ហាញទ្រង់ជាទេពកាន់ដំបង ព្រោះពាក្យថា “លកុលីស” ក្លាយមកពីពាក្យថា “លាគុទិ” ដែលប្រែថា “អ្នកកាន់ដំបង”។ អ្នកប្រាជ្ញជាច្រើន សន្និដ្ឋានថា ព្រះលកុលីស គឺជាតួអង្គម្នាក់ដូចព្រះពុទ្ធដែរ និងជាវីរបុរសដ៏អស្ចារ្យដែលដើរតួនាទីជាព្រះគ្រូម្នាក់ដែលមានដំបងនៅក្នុងដៃ ហើយជាអ្នកផ្សព្វផ្សាយលទ្ធិសៃវទៅកាន់សត្វលោក។
តាមការសិក្សាស្រាវជ្រាវកន្លងមក ឥតមានឯកសារណាមួយដែលបានបង្ហាញអំពីចម្លាក់ព្រះលកុលីសនៅតាមប្រាសាទខ្មែរឡើយ ហើយសូម្បីតែនៅចម្លាក់នៅអាស៊ីអាគ្នេយ៍ទាំងមូលក៏មិនមានរកឃើញដែរ។ ប៉ុន្តែ ចម្លាក់ទេពមួយអង្គដែលឆ្លាក់នៅលើផ្តែរទ្វារប្រាសាទ C6-03 នៃតំបន់ប្រាសាទសំបូរព្រៃគុក ទំនងគួរឱ្យជឿជាក់បានថា គឺជាចម្លាក់ព្រះលកុលីសដំបូងគេបង្អស់នៅក្នុងសិល្បៈខ្មែរ។ ផ្តែរទ្វារនេះ រកឃើញដោយក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យវ៉ាសេដា កាលពីឆ្នាំ២០០៣ ដែលអាចចាត់ថ្នាក់បានថាជាសិល្បៈរចនាបថព្រៃក្មេង ក្នុងរវាងពាក់កណ្តាលស.វ.ទី៧ ពោល គឺអាចស្ថិតនៅចុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬរជ្ជកាលព្រះបាទស្រីភវវរ្ម័នទី២ (គ.ស.៦៣៧-៦៥៧)។ ចម្លាក់ទាំងមូលនៅលើផ្តែរទ្វារនេះបង្ហាញឱ្យឃើញអំពីកិច្ចពិធីសាសនាដ៏សំខាន់មួយ ដែលផ្នែកកណ្តាលនៃជួរខាងក្រោមបង្ហាញអំពីទេពមួយអង្គអង្គុយក្នុងកាយវិការមហារាជលីលសន (mahārājalīlāsana) ដោយមានព្រហស្តឆ្វេងកាន់ដំបងមួយដាក់សង្កត់ទៅលើស្មាឆ្វេង និងព្រះហស្តស្តាំដាក់ទម្លាក់ចុះក្រោម។ ទ្រង់ស្លៀកសំពត់ និងមានក្រណាត់ស្ពាយឆៀងស្មាខាងឆ្វេង ពាក់ខ្សែកអង្កាំធំៗនៅលើក ពាក់ខ្សែដៃ និងពាក់មួកធំមួយគ្របកប់ស្លឹកត្រចៀក។ រូបតួអង្គដែលមានកាន់ដំបងនេះហើយ ដែលយើងអាចកំណត់បានថាជាចម្លាក់ “ព្រះលកុលីស” ដំបូងគេនៅក្នុងសិល្បៈខ្មែរ។ នៅខាងស្តាំព្រះលកុលីសមានចម្លាក់ តួអង្គពីរនាក់កំពុងលើកដៃសំពះទៅកាន់ទ្រង់ រីឯនៅខាងឆ្វេងបង្អស់មានតួអង្គពីរនាក់ទៀតកំពុងលត់ជង្គង់ ដោយម្នាក់កាន់ក្អមទឹក និងម្នាក់ទៀតលើកដៃសំពះ។ តួអង្គទាំងបួននាក់នេះ យើងអាចកត់សម្គាល់ថាជាសិស្សជំនិតទាំងបួនរបស់ព្រះលកុលីស រួមមាន កុសិក, គគ៌្យ, មិត្រក និងរុស្ត (ឈ្មោះទាំងបួននេះយោងទៅតាមគម្ពីរលិង្គបុរាណ)។ បន្ថែមពីនេះ មានចម្លាក់តួអង្គម្នាក់ទៀតដែលអង្គុយក្នុងទម្រង់ជាមហារាជលីលសននៅខាងឆ្វេងជាប់នឹងតួអង្គព្រះលកុលីស ដោយព្រះហស្តស្តាំដាក់លើជង្គង់ស្តាំ និងព្រះហស្តឆ្វេងដាក់នៅលើកែងព្រះហស្តស្តាំ។ តួអង្គនេះស្លៀកពាក់ និងលម្អទៅដោយគ្រឿងអល្លង្ការជាច្រើនដូចតួអង្គព្រះលកុលីសដែរ។ ដូច្នេះ តួអង្គនេះយើងអាចកត់សម្គាល់ថា ទំនងជាព្រះមហេស្វរ (ឥសូរ) ដែលជាតួអង្គសំខាន់នៅក្នុងពិធីសាសនាដ៏ពិសេសមួយរបស់ព្រះ លកុលីស ដែលគេស្គាល់ថាពិធី “បដ្តពន្ធ” (Paṭṭabandha) ដូចមានរៀបរាប់នៅក្នុងគម្ពីរគណការិកា និងសរសេរដោយ រត្នដីកា។ ពិធីបដ្តពន្ធ ធ្វើឡើងជារៀងរាល់ខែចំថ្ងៃពេញបូណ៌មីនៃអស្វិន ដើម្បីរំដោះមនុស្សដែលមានអំពើបាបឱ្យទៅកើតឡើងវិញជាថ្មីនៅក្នុងជាតិមុខ ហើយពិធីនេះគេជឿថា នៅពេលដែលព្រះមហេស្វរពាក់ក្រណាត់ស្ពាយឆៀង (បដ្តពន្ធ ប្រែថាក្រណាត់ស្ពាយឆៀង) និងពោលពាក្យថា “មហាត្ម្យ” មនុស្សនឹងបានទៅកើតនៅស្ថានសួគ៌រាប់ពាន់ឆ្នាំដូចក្រណាត់សូត្រដែរ។ ម្ល៉ោះហើយ ក្រណាត់ស្ពាយឆៀងដែលទេពទាំងពីរអង្គពាក់នៅលើស្មាខាងឆ្វេង គឺជាគ្រឿងដ៏ពិសិដ្ឋមួយនៅក្នុងពិធី “មហាត្ម្យ”។ គោលគំនិតនៃពិធីបដ្តពន្ធនេះ ហាក់ដូចជាមានភាពស៊ីសង្វាក់គ្នាជាមួយចម្លាក់រូបផ្កាដែលគេឆ្លាក់នៅលើក្បាច់មេដាយ៉ុង (ផ្នែកខាងលើនៃផ្តែរ) ជាពិសេសចម្លាក់ផ្កានៅក្នុងមេដាយ៉ុងខាងឆ្វេងដែលមានសញ្ញាសម្គាល់នៅលើកំពូល ដែលអាចជានិម្មិតសញ្ញានៃការចាប់ជាតិជាថ្មី។ ចំណុចនេះ វាស្របគ្នាទៅនឹងទ្រឹស្តីនៃសាសនាហិណ្ឌូដែលគេជឿថា ផ្កា គឺជាគ្រឿងដ៏ពិសិដ្ឋមួយតំណាងឱ្យភោគផល ទ្រព្យសម្បត្តិ ភាពរុងរឿង និងការចាប់កំណើតជាថ្មី។ ឧទាហរណ៍ ព្រះព្រហ្មកើតចេញពីផ្ចិតរបស់ព្រះវិស្ណុអង្គុយនៅលើផ្កាឈូក។
អ្វីដែលគួរកត់សម្គាល់ជាពិសេសនោះ ការបង្ហាញចម្លាក់ព្រះលកុលីស និងសិស្សជំនិតទាំងបួននៅលើផ្តែរទ្វារស.វ.ទី៧ ដែលរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ គឺស្របទៅនឹងទំនៀមនៃការប្រតិបត្តិនិកាយបាសុបតនៅក្នុងប្រទេសឥណ្ឌា។ នៅមុនស.វ.ទី៦ ក្នុងសិល្បៈឥណ្ឌា គេមិនដែលឆ្លាក់ព្រះលកុលីសក្នុងទម្រង់ជាមនុស្សកាន់ដំបងឡើយ រីឯចម្លាក់ព្រះលកុលីស និងសិស្សជំនិតទាំងបួន ទើបតែលេចឡើងនៅរវាងពាក់កណ្តាលស.វ.ទី៦ប៉ុណ្ណោះ ដូចដែលឃើញមាននៅលើហោជាងរូងភ្នំយោគេស្វរី និងបន្តមាននៅតាមប្រាសាទឥណ្ឌាជាច្រើនចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១០។ គួរចាប់អារម្មណ៍នោះ ចម្លាក់ព្រះលកុលីសនៅស្រុកឥណ្ឌាគេឆ្លាក់មានពីរទម្រង់ គឺការបង្ហាះអាក្រាតកាយ (បង្ហាញឱ្យពីលិង្គ) និងមិនអាក្រាតកាយ ហើយក្នុងចំណោមទាំងពីរទម្រង់នេះ លោក Choubey លើកឡើងថា ទម្រង់មិនអាក្រាតកាយគ្រាន់ជាការបន្ទាប់បន្សំតិចតួចប៉ុណ្ណោះ។ ផ្ទុយពីនៅស្រុកខ្មែរ ចម្លាក់ព្រះលកុលីស និងចម្លាក់ទេពផ្សេងៗទៀត គេមិនដែលបង្ហាញក្នុងទម្រង់អាក្រាតកាយ ឬបង្ហាញកេរ្តិ៍ខ្មាសឡើយ លើកលែងតែការឆ្លាក់ព្រះសិវលិង្គ។ ចំណុចចាប់អារម្មណ៍មួយទៀត ក្នុងសិល្បៈឥណ្ឌា គេមិនដែលប្រទះឃើញចម្លាក់ព្រះលកុលីស បង្ហាញនៅក្នុងពិធីបដ្តពន្ធនោះឡើយ។
ជារួមមក ការរកឃើញចម្លាក់ព្រះលកុលីស នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលឆ្លាក់តាំងពីរវាងពាក់កណ្តាលស.វ.ទី៧ ដូចបានរៀបរាប់ខាងលើ គឺជាទិន្នន័យផ្នែកប្រវត្តិសិល្បៈដ៏សំខាន់មួយ ដែលអាចបំពេញបន្ថែមកាន់តែច្បាស់ទៅលើព័ត៌មានដែលទទួលបានពីសិលាចារឹក អំពីការសាយភាយ និងការគោរពប្រណិប័តន៍និកាយបាសុបតនៅក្នុងសង្គមខ្មែរនាស.វ.ទី៧។ គួរចាប់អារម្មណ៍នោះ យើងអាចសន្និដ្ឋានថា ថ្វីត្បិតតែស្រុកខ្មែរទទួលឥទ្ធិពលនៃការគោរពប្រតិបត្តិនិកាយបាសុបតពីស្រុកឥណ្ឌាក៏ពិតមែន ក៏សិល្បករខ្មែរមិនបានយកលំនាំនៃការឆ្លាក់បង្ហាញព្រះលកុលីសដូចសិល្បៈឥណ្ឌាទាំងស្រុងនោះឡើយ។ ជាក់ស្តែង ការបង្ហាញព្រះលកុលីសក្នុងពិធីបដ្តពន្ធ ដែលគេមិនដែលប្រទះឃើញនៅស្រុកឥណ្ឌា បែរជាមានបង្ហាញនៅស្រុកខ្មែរតាំងពីស.វ.ទី៧ ទៅវិញ។ នេះសបញ្ជាក់ឱ្យឃើញថា ព្រាហ្មណ៍បាសុបត និងអ្នកចម្លាក់ខ្មែរ គឺបង្ហាញអំពីអ្វីដែលជាសិល្បៈដោយឡែកក្នុងតំបន់ ខុសពីអ្វីដែលមាននៅស្រុកឥណ្ឌា។






————
The figure of Lākuḷīśa
The figure of Lākuḷīśa is recognized as one of the twenty-eight incarnations of Śiva, and it is posited that Lākuḷīśa attained the status of a principal deity within the Pāśupata sect. Scholarly consensus suggests that Lākuḷīśa was a historical personage, comparable to the Buddha or other revered figures, who disseminated Śaiva doctrine, symbolized by a stick he carried. This paper will focus on a specific depiction of Lākuḷīśa and his four disciples, found on a lintel from the Sambor Prei Kuk temple complex. This lintel, uncovered during excavations near the C06-3 tower in the central group by a Waseda University team in 2003, portrays Lākuḷīśa and his disciples engaged in a unique “Pattabandha” ceremony. This depiction is further corroborated by references in the Gaṇakārikā and Ratnatīkā. The discovery of this mid-7th-century Lākuḷīśa carving provides crucial art-historical evidence that significantly enhances our understanding of the propagation and veneration of the Pāśupata sect within Khmer society during the 7th century.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី