នៅក្នុងរចនាសម្ព័ន្ធស្ថាបត្យកម្មនៃប្រាសាទបុរាណខ្មែរ ក្រៅអំពីសំណង់ប្រាង្គកណ្តាលដែលជាទីតាំងតម្កល់ព្រះប្រតិមាសំខាន់ គេតែងសង្កេតឃើញមានសំណង់រណបតូចៗសាងសង់ឡើងជាសំណង់ទោល ឬជាគូ ឬដាច់ដោយឡែក ហើយជាទូទៅស្ថិតនៅទិសអាគ្នេយ៍ ឬទិសឦសានប្រាង្គកណ្តាល។ សំណង់ទាំងនេះ គឺច្រើនមានទំហំតូចជាង និងបែរមុខបញ្ច្រាសគ្នាជាមួយប្រាង្គកណ្តាល។ អ្នកស្រាវជ្រាវអឺរ៉ុបដំបូងៗហៅសំណង់រណបទាំងនេះថា “បណ្ណាល័យ” ឬហៅជាភាសាបារាំងថា “Bibliothèques” ឬនៅក្នុងបរិបទវប្បធម៌ខ្មែរ គេនិយមហៅថា “ហោត្រៃ”។ ក្រោយមកទៀត មុខងារ និងតួនាទីពិតប្រាកដនៃសំណង់នេះបានក្លាយជាប្រធានបទដេញដោលយ៉ាងក្តៅគគុកក្នុងចំណោមអ្នកបុរាណវិទូ និងអ្នកភាសាវិទូ។ តើអ្នកស្រាវជ្រាវយល់ឃើញយ៉ាងដូចម្តេចខ្លះចំពោះមុខងារ និងតួនាទីរបស់សំណង់រណបទាំងនេះ?
ហោត្រៃ ឬបណ្ណាល័យ សំដៅដល់សំណង់រណបតូចៗដែលភាគច្រើនមានទីតាំងស្ថិតនៅទិសអាគ្នេយ៍នៃប្រាង្គកណ្តាល (ប្រាសាទសំខាន់) ហើយជានិច្ចកាលតែងបែរមុខបញ្ច្រាសទិសគ្នាជាមួយប្រាង្គកណ្តាល។ តាមរយៈការកំណាយនៅជុំវិញប្រាង្គ N10 នៃតំបន់ប្រាសាទសំបូរព្រៃគុក គេបានរកឃើញគ្រឹះសំណង់មួយរាងបួនជ្រុងទ្រវែង ស្ថិតនៅខាងលិចប្រាង្គ N10 និងព្រមទាំងស្ថិតនៅប៉ែកអាគ្នេយ៍ប្រាង្គសំខាន់ (N1) ផងនោះ នាំឱ្យអ្នកជំនាញការនៃគម្រោង SCP យល់ឃើញថា គ្រឹះសំណង់នោះ គឺជាភស្តុតាងហោត្រៃ ឬបណ្ណាល័យដំបូងគេបង្អស់នៅក្នុងស្ថាបត្យកម្មប្រាសាទខ្មែរ ពោល គឺមានអាយុកាលនៅស.វ.ទី៧។ លុះមកដល់សម័យអង្គរ ជាពិសេស ចាប់ពីរាជ្យព្រះបាទស្រីឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ – ៨៨៩) មក ការរៀបចំប្លង់ប្រាសាទដែលមានសំណង់ហោត្រៃ ឬបណ្ណាល័យ បានក្លាយទៅជាប្លង់មេទៅហើយ។ ប្រាសាទនៅសម័យអង្គរមួយចំនួន មានសំណង់ហោត្រៃ ឬបណ្ណាល័យតែមួយប៉ុណ្ណោះ (ប៉ែកអាគ្នេយ៍) ប៉ុន្តែខ្លះទៀតមានចំនួន ២ (ប្រាសាទបន្ទាយក្តី), ខ្លះទៀតមាន ៤ (ប្រាសាទភ្នំបូក, ប្រាសាទភ្នំក្រោម, ប្រាសាទបឹងមាលា), ខ្លះទៀតមាន ៦ (ប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន) និងខ្លះទៀតមានរហូតដល់ ៨ ក៏មាន (ប្រាសាទព្រះខ័ន)។ សំណង់ហោត្រៃ ឬបណ្ណាល័យទាំងនោះ កសាងឡើងអំពីឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម។ ថ្មីៗនេះ លោកស្រី Shivani Kapoor និងសហការី បានកំណត់អត្តសញ្ញាណសំណង់រណបទាំងនោះជា ៣ ប្រភេទសំខាន់ៗ។ ប្រភេទទី១ (សម័យមុនអង្គរ និងដើមសម័យអង្គរ) ជាសំណង់មានជញ្ជាំងក្រាស់ខ្លាំង (រហូតដល់ ១,៤ ម៉ែត្រ) មានរន្ធខ្យល់រាងបួនជ្រុង និងមានផ្នែកខាងក្នុងដូចជាបំពង់ផ្សែង។ លក្ខណៈពិសេស គឺមានចម្លាក់ឥសីកំពុងពែនភ្នែនធ្វើតបធម៌ (យោគបដ្ត)។ ប្រភេទទី២ (សម័យអង្គរ) ជាសំណង់មានបង្អួចវែងទាប មានថែវខាងមុខ និងទ្វារបញ្ឆោត ហើយចម្លាក់ឥសីរលែងមានជាជួរវែងលើជញ្ជាំងទៀតហើយ តែជំនួសវិញដោយរូបទ្វារបាល ឬឆ្លាក់រូបឥសីនៅតាមជើងសសរវិញ។ រីឯ ប្រភេទទី៣ (ចុងសម័យអង្គរ) ជាសំណង់មានទំហំធំជាងមុន ស្ថិតនៅលើខឿនខ្ពស់ និងបង្អួចមានប្រើចម្រឹង ហើយមិនមានចម្លាក់ឥសី ឬរន្ធខ្យល់តូចៗទៀតឡើយ។
នៅក្នុងឆ្នាំ១៩០២ លោក Lunet de Lajonquière ជាអ្នកស្រាវជ្រាវជនជាតិបារាំងដំបូងគេ ដែលបានស្នើហៅសំណង់រណបទាំងនេះក្នុងប្រភេទី១ និងទី២ ថា “បណ្ណាល័យ” (Bibliothèques) ដោយលោកគិតថា រន្ធតូចៗមានរាងបួនជ្រុងស្មើនៅលើជញ្ជាំងអគារទាំងនោះ ជាចន្លោះសម្រាប់នាំពន្លឺចូល សម្រាប់បម្រើដល់ការអានសៀវភៅ ឬសាស្រ្តាស្លឹករឹត។ ការសន្និដ្ឋាននេះ មិនទាន់មានភស្តុតាងសិលាចារឹកណាមួយមកបញ្ជាក់នោះទេ ពោល គឺលោកប្រៀបប្រដូចទៅនឹងព្រះវិហារនៅអឺរ៉ុបដែលមានកន្លែងអានសៀវភៅដូច្នោះដែរ។ ក្រោយមក ទ្រឹស្តីដែលហៅសំណង់ទាងនេះថា “បណ្ណាល័យ” ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកជំនាញសិលាចារឹកបុរាណដ៏ល្បីល្បាញគឺលោក George Cœdès ដោយយោងទៅលើភស្តុតាងសិលាចារឹកស.វ.ទី១០ ចំនួន ២ ផ្ទាំង។ ក្នុងនោះ សិលាចារឹកទី១មកពីប្រាសាទគោកចក (K. 958) (គ.ស.៩៤៧) បានរៀបរាប់ថា បុគ្គលម្នាក់ឈ្មោះ “ហិរណ្យរុចិ” បានបង្កើត “បុស្តកាស្រម” ដែលពាក្យនេះមានន័យត្រង់ថា “អាស្រម ឬអគារសម្រាប់តម្កល់សៀវភៅ”។ ភស្តុតាងដ៏សំខាន់បំផុតមួយទៀត គឺជាសិលាចារឹកដែលរកឃើញនៅលើមេទ្វារសំណង់ហោត្រៃប្រាសាទខ្នារស្រាប់តែម្តង ពោល គឺសិលាចារឹកមានលេខបញ្ជី K. 355។ អត្ថបទសិលាចារឹកនេះរៀបរាប់ថា “ព្រាហ្មណ៍ហិរណ្យរុចិបានបង្កើតបណ្ណាល័យនេះឡើង ដោយពោរពេញទៅដោយសៀវភៅជាប្រយោជន៍សម្រាប់គ្រូ និងសិស្ស”។ ដោយសារកំណាព្យសំស្រ្កឹតបានប្រើប្រាស់សព្វនាម “អយម” នាំឱ្យលោក Cœdès ពិចារណាដោយគ្មានការសង្ស័យថា សំណង់នេះផ្ទាល់ គឺប្រើប្រាស់សម្រាក់តម្កល់គម្ពីរធម៌អាថ៌ ឬសាស្រ្តាស្លឹករឹត។
ទោះបីជាមានសិលាចារឹកគាំទ្រយ៉ាងនេះក្តី ស្ថានភាពនៃសំណង់រណបទាំងនេះ គឺបិទជិត ដែលនាំឱ្យមានសភាពងងឹតខ្លាំងសម្រាប់អ្នកអង្គុយអាន ម្ល៉ោះហើយ ទ្រឹស្តីនេះបង្កើតទៅជាមន្ទិលសង្ស័យចំពោះមុខងារសំណង់នេះដែលអះអាងថាជា “បណ្ណាល័យ”។ ប៉ុន្តែ ដើម្បីដោះស្រាយមន្ទិលនេះ អ្នកស្រាវជ្រាវសម័យថ្មីដ៏ល្បីល្បាញគឺលោក Dominic Goodall បានពន្យល់ថា យោងទៅតាមប្រពៃណីនៅឥណ្ឌាខាងត្បូង គេតែងតែព្យួរសាស្រ្តាស្លឹករឹតនៅពីលើចង្រ្កានភ្លើង ឬកន្លែងបូជាភ្លើង។ កំដៅស្ងួត និងផ្សែងដែលភាយចេញពីការបូជាភ្លើង បានដើរតួនាទីជាថ្នាំការពារសត្វល្អិត និងកាត់បន្ថយសំណើមយ៉ាងមានប្រសិទ្ធភាព។ ម្ល៉ោះហើយ ជញ្ជាំងក្រាស់ៗនិងរន្ធខ្យល់តូចៗមិនមែនធ្វើឡើងដើម្បីឱ្យមនុស្សចូលទៅអង្គុយអានឡើយ ប៉ុន្តែគេរចនាឡើងដើម្បីរក្សាទុកគម្ពីរឱ្យមានសុវត្ថិភាពខ្ពស់។ ទ្រឹស្តីនេះ បានគាំទ្រដោយលោកស្រី Carmela De Simini តាមរយៈការសិក្សាគម្ពីរ Śivadharmottara ដែលបានបង្ហាញថា សំណង់រណបទាំងនេះជា “ឃ្លាំងតម្កល់ចំណេះដឹង” (វិទ្យាលយ) ដែលជាទូទៅគឺជាកន្លែងមានទំហំតូចចង្អៀត និងងងឹត ដែលមានមុខងារជាឃ្លាំងតម្កល់គម្ពីរធម៌អាថ៌ ឬជាកន្លែងទុកដាក់បែបពិធីសាសនា ច្រើនជាងជាបណ្ណាល័យសាធារណៈ។
បន្ថែមពីការរៀបរាប់ខាងលើនេះ លោកស្រី Shivani Kapoor និងសហការី បានពន្យល់ថារបកគំហើញផ្នែកបុរាណវិទ្យា និងសិលាចារឹកមួយចំនួនទៀត បានបង្ហាញថា សំណង់រណបទាំងនេះមានមុខងារចម្បងមួយទៀតគឺធ្វើជា “រោងភ្លើង” ឬហៅជាភាសាសំស្រ្កឹតថា “អគ្ន្យាគារ” ឬជាកន្លែងសម្រាប់តម្កល់ “ភ្លើងសក្ការៈ”។ ទ្រឹស្តីនេះយោងទៅលើទីតាំងនៃសំណង់រណបទាំងនេះ ស្ថិតនៅទិសអាគ្នេយ៍ ពោល គឺស្របទៅតាមលទ្ធិព្រហ្មញ្ញសាសនា ដែលមានទេពនៃភ្លើងមានព្រះនាមថា “អគ្និ”។ បន្ថែមអំពីនេះ សិលាចារឹកចំនួន ៣ ផ្ទាំង ដែលចារឹកនៅលើមេទ្វារសំណង់ហោត្រៃតែម្តង បានផ្តល់អំណះអំណាងកាន់តែច្បាស់លាស់អំពីការសន្និដ្ឋាននេះ។ ក្នុងនោះ សិលាចារឹកទី១ រកឃើញនៅប្រាសាទស្រង៉ែ (K.937/គ.ស.៨៨៣) ដែលបានរៀបរាប់ថា “ព្រាហ្មណ៍បម្រើភ្លើងម្នាក់បានតម្កល់ភ្លើងសក្ការៈមួយ (ទេវាគ្និ) មានឈ្មោះថា នន្ទិកេស្វរ”។ សិលាចារឹកមួយទៀតរកឃើញនៅប្រាសាទបន្ទាយឆ្មារ (N1/N17) និង (N2) រៀបរាប់បញ្ជាក់ឱ្យដឹងថា សំណង់ហោត្រៃនេះជារោងភ្លើងសក្ការៈ សម្រាប់តម្កល់ “ភ្លើងសក្ការៈពីស្ថានសួគ៌” (វ្រះវ្លេង)។ សិលាចារឹកចុងក្រោយ រកឃើញនៅប្រាសាទត្រពាំងរពៅ (K.691) បានកត់ត្រា ទាយកម្នាក់បានតម្កល់ភ្លើងពិធីសាសនានៅក្នុងអគារហោត្រៃខាងត្បូង និងបានផ្គត់ផ្គង់ប្រេង ឬបាយការីជាប្រចាំថ្ងៃនៅក្នុងសំណង់រណបទាំងនេះ។ លើសពីនេះទៅទៀត តាមការសង្កេតរបស់លោក Olivier Cunin តាមសំណង់ហោត្រៃនៅប្រាសាទមួយចំនួនក្នុងតំបន់អង្គរ បានរកឃើញថា នៅបន្ទប់ខាងក្នុងមានរកឃើញបំណែកបល្ល័ង្កតម្កល់រូបប្រតិមា និងស្លាកស្នាមខ្លោចខ្មៅដោយសារផ្សែងភ្លើងនៅលើជញ្ជាំងខាងក្នុងនៃសំណង់ហោត្រៃ ដែលនេះជាភស្តុតាងបង្ហាញថា ទីនោះពិតជាកន្លែងប្រកបពិធីសាសនាយ៉ាងរស់រវើក។ គួរឱ្យចាប់អារម្មណ៍មួយទៀត នៅខាងក្នុងសំណង់ហោត្រៃភាគច្រើននៅសម័យអង្គរ គេតែងរកឃើញចម្លាក់ទេពនព្វគ្រោះ ដូចជា ប្រាសាទខ្នារ ប្រាសាទត្រពាំងស្រង៉ែ ប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទបាយ័ន ។ល។
ក្រៅអំពីតួនាទីជាកន្លែងតម្កល់គម្ពីរធម៌អាថ៌ និងជាកន្លែងតម្កល់ភ្លើងសក្ការៈ លោកស្រី Shivani Kapoor និងសហការី បានពន្យល់ថា សំណង់ហោត្រៃទាំងនេះ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយក្រុមអ្នកបួសនិកាយបាសុបត ដ្បិតពួកអ្នកបួសទាំងនេះត្រូវការ “ផេះសក្ការៈ” (បន្ទាប់ពីបូជាភ្លើងរួច) ជាច្រើនសម្រាប់ពិធីងូតផេះប្រចាំថ្ងៃ និងពិធីប្រគល់សិទ្ធិទទួលសិស្សថ្មី ដែលហៅថាពិធី “ទីក្សា”។ ស្ថាបត្យកម្មសំណង់ហោត្រៃនេះ មានលក្ខណៈជាសំណង់បិទជិតហាក់ដូចជាឡដុត (ប្រភេទទី១) គឺអាចអនុញ្ញាតឱ្យការដុត ឬការបូជាភ្លើងដោយអុស និងវត្ថុធាតុផ្សេងទៀត បានយ៉ាងងាយស្រួល ហើយអនុញ្ញាតឱ្យពួកឥសីទាំងនោះអាចប្រមូលផេះដ៏បរិសុទ្ធ (ផេះពិសិដ្ឋ) ដោយមិនឱ្យផេះទាំងនោះរសាត់ខ្ចាត់ខ្ចាយទៅណាបាន។ បន្ទប់បិទជិតនៃសំណង់ហោត្រៃនេះ ក៏ងាយស្រួលផ្តល់នូវភាពសម្ងាត់សម្រាប់ពិធី “ទិក្សា” ផងដែរ ព្រោះជាទូទៅ កាលណាពួកអ្នកបួសនៃនិកាយបាសុបតទទួលសិស្សថ្មី គេត្រូវធ្វើដោយការសម្ងាត់។ បន្ថែមពីនេះ គោលគំនិតនៃការបង្កើតបណ្ណាល័យ គឺស្របទៅនឹងគោលការណ៍ “វិទ្យាទាន” ឬការផ្តល់គម្ពីរជាទានដើម្បីលាងបាប នៃនិកាយបាសុបត។ ដ្បិត បន្ទាប់ពីសិស្សបានឆ្លងកាត់ពិធីបន្សុទ្ធព្រលឹងដោយភ្លើង រួមជាមួយនិងផេះសក្ការៈរួចរាល់ អាចារ្យ ឬគ្រូនឹងប្រគល់គម្ពីរដែលរក្សាក្នុងសំណង់ហោត្រៃនោះទៅឱ្យសិស្សសម្រាប់សិក្សា។ ទំនាក់ទំនងនេះបានឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃក្បាច់ចម្លាក់ “ព្រះសិវទក្សិណាមូត៌ិ” (ព្រះសិវក្នុងនាមជាគ្រូសាកលផ្ទេរចំណេះដឹង) ដែលឆ្លាក់នៅលើហោជាងអគារហោត្រៃប្រាសាទបន្ទាយស្រី ដែលជានិម្មិតរូបតំណាងឱ្យតួអង្គអាចារ្យ (អាចាយ៌្យ” នាសម័យនោះ ក្នុងការបំពេញតួនាទីជាអ្នកដឹកនាំស្មារតី បង្កាត់ភ្លើងសក្ការៈ និងរក្សាខ្សែស្រឡាយចំណេះដឹងឱ្យស្ថិតស្ថេរជានិរន្តន៍។
សរុបសេចក្តីមក សំណង់រណបដែលហៅថា «ហោត្រៃ» ឬ «បណ្ណាល័យ» នៅក្នុងបរិវេណប្រាសាទខ្មែរបុរាណ មិនមែនជាសំណង់ដែលមានមុខងារតែមួយមុខនោះឡើយ។ ផ្អែកលើការផ្ទៀងផ្ទាត់ទិន្នន័យរួមគ្នារវាងស្ថាបត្យកម្ម សិលាចារឹក និងគម្ពីរសាសនានានា សំណង់ទាំងនេះគេអាចរាប់បញ្ចូលថាជា “សំណង់ពហុមុខងារ”។ សំណង់ហោត្រៃទាំងនោះដើរតួនាទីជាកន្លែងតម្កល់ភ្លើងសក្ការៈ (អគ្ន្យាគារ) សម្រាប់ផលិតផេះ និងប្រកបពិធីទីក្សារបស់ពួកអ្នកបួសនៃនិកាយបាសុបត ផង និងជា “ឃ្លាំងតម្កល់គម្ពីរធម៌អាថ៌” (បុស្តកាស្រម) ផង។ កំដៅ និងផ្សែងពីភ្លើងពិធីសាសនានៅក្នុងសំណង់ហោត្រៃ ហាក់ដូចជាប្រព័ន្ធគ្រប់គ្រងអាកាសធាតុតាមបែបធម្មជាតិក្នុងការការពារសាស្ត្រាស្លឹករឹតពីការបំផ្លាញនានា។ សំណង់នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទេពកោសល្យផ្នែកស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរ ដែលអាចរួមបញ្ចូលគ្នារវាងការអនុវត្តពិធីសាសនាបូជាភ្លើង និងការថែរក្សាការពារប្រភពចំណេះដឹងឱ្យស្ថិតស្ថេរគង់វង្សក្រោមការដឹកនាំរបស់តួអង្គអាចារ្យ (អ្នកបួសនិកាយបាសុបត)។










———–
This paper examines the architectural evolution and multi-functional roles of the ho trai conventionally designated as ‘libraries’ (bibliothèques) in early Western scholarship, situated within ancient Khmer temple complexes. Originating in the seventh century, these ancillary structures evolved from thick-walled, chimney-like edifices into large, elaborate sandstone pavilions. While tenth-century epigraphy initially supported their identification as manuscript repositories (pustakāśrama), their dark, unlit interiors have long challenged their practicality as reading rooms. This study argues that the ho trai or library functioned as sophisticated, multi-purpose sacred spaces. Epigraphic data and soot-stained interiors confirm their primary role as fire shrines (agnyāgāra) for maintaining the sacred fire (devāgni). Crucially, the enclosed architecture provided the necessary secrecy for esoteric Pāśupata Śaiva initiation rites (dīkṣā) and the collection of ritual ash (bhasma). Concurrently, the heat and smoke generated from these sacrificial fires functioned as an organic microclimate control system, safeguarding delicate palm-leaf manuscripts from tropical humidity and insects. Ultimately, the ho trai demonstrates the ingenuity of Khmer architecture in seamlessly fusing ritual fire sacrifice with the preservation of textual knowledge (vidyādāna) under the stewardship of the ācārya.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





