ប្រាសាទអូរស្វាយ

ប្រាសាទអូរស្វាយ មានទីតាំងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ប៉ែកខាងជើងប្រាសាទត្រពាំងប្រាសាទ និងទីរួមស្រុកត្រពាំងប្រាសាទ។ នៅជិតប្រាសាទនេះមិនមានអូរនោះទេ តែឈ្មោះ “អូរស្វាយ” ដែលហៅនេះ គឺទំនងហៅភ្ជាប់ជាមួយឈ្មោះភូមិតែម្តង។ បើយើងគិតចម្ងាយពីប្រាសាទនេះទៅដល់អូរស្វាយ គឺប្រមាណ ៨ គីឡូម៉ែត្រឯណោះ (ប៉ែកខាងកើតអូរ)។ តើប្រាសាទអូរស្វាយ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

មិនខុសពីប្រាសាទត្រពាំងប្រាសាទដែរ ក្នុងដំណើរសិក្សាស្រាវជ្រាវ និងចុះបញ្ជីសំណង់បេតិកភណ្ឌខ្មែរនៅចុងស.វ.ទី១៩ និងដើមស.វ.ទី២០ គេមិនបានចុះបញ្ជី និងសិក្សាអំពីប្រាសាទអូរស្វាយទេ ដែលទំនងមកពីកាលពីជំនាន់នោះមានព្រៃក្រាស់ពេក។ រហូតមកដល់សម័យថ្មីនេះ ទើបមានការសិក្សាស្រាវជ្រាវខ្លះ ជាពិសេស ការសិក្សារបស់លោក យាន យ៉ា ប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២១ និងការសិក្សារបស់ក្រុមការងារស្រាវជ្រាវមកពីរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ផុន កសិកា កាលពីឆ្នាំ២០១០។

ប្រាសាទអូរស្វាយ​ មានប្រាង្គកណ្តាល (ប្រាង្គសំខាន់) កសាងឡើងអំពីឥដ្ឋបែរមុខទៅទិសខាងកើត មានហោត្រៃមួយនៅទិសអាគ្នេយ៍ និងហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម និងកសិន្ធុទឹកមួយជាន់ទៀត។ ប្រាង្គកណ្តាលដែលកសាងអំពីឥដ្ឋ បានបាក់រលំនៅសល់តែគ្រឹះប៉ុណ្ណោះ។ រីឯកំពែងថ្មបាយក្រៀម នៅមានសភាពល្អប្រសើរច្រើន ដែលមានបណ្តោយប្រមាណ ៣០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ។ លក្ខណៈពិសេសនៃកំពែងនេះ គឺគេរៀបជាប្រាង្គច្រកចូលនៅទិសខាងកើតនិងខាងលិច រីឯខាងត្បូងនិងខាងជើង គេរៀបចំជាប្រាង្គច្រកចូលបញ្ឆោត។ ប្រាង្គច្រកចូលបញ្ឆោតនេះ គេរៀបជាបង្អួចធ្វើអំពីថ្មភក់ និងមានរាងបួនទ្រវែងជំនួសទ្វារចូល។ ក្នុងនោះ នៅប្រាង្គខាងត្បូងមានរៀបចំជាទបង្ហូរទឹកចេញផង។ ការកសាងកំពែងមានប្រាង្គច្រកចូលបែបនេះ យើងឃើញមានតាំងពីស.វ.ទី៧ មកម្ល៉េះ តួយ៉ាងដូចជានៅក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក។ ក្រៅអំពីរចនា​សម្ព័ន្ធដែលបានរៀបរាប់ខាងលើនេះ នៅប៉ែកខាងកើតប្រាសាទប្រមាណ ១៩០​ម៉ែត្រ មានត្រពាំងធំមួយដែលមានបណ្តោយប្រវែង ៣៧០ម៉ែត្រ និងទទឹង ១៨០ម៉ែត្រ។ ត្រពាំងដែលស្ថិតនៅខាងកើតប្រាសាទរបៀបនេះ គឺជាលក្ខណៈទូទៅនៃការរៀបចំប្លង់ប្រាសាទនៅសម័យអង្គររវាងស.វ.ទី១០ និងស.វ.ទី១១ ដូចដែលយើងឃើញជាញឹកញាប់ ឧទាហរណ៍ ប្រាសាទត្រពាំងប្រាសាទខាងត្បូង ប្រាសាទភ្នំជីសូរ ប្រាសាទវត្តភូ ។ល។ ត្រពាំងធំបែបនេះ នៅតំបន់ខ្លះគេមិនហៅថាត្រពាំងនោះទេ តែគេហៅថា “ទន្លេ” ឧទាហរណ៍ ត្រពាំងខាងកើតប្រាសាទភ្នំជីសូរ គេហៅថា “ទន្លេអុំ”។

ទោះបីប្រាសាទអូរស្វាយបាក់បែកច្រើនយ៉ាងនេះក្តី សព្វថ្ងៃយើងនៅអាចមើលឃើញវត្ថុ​សិល្បៈជាគ្រឿងលម្អប្រាសាទជាច្រើន ដូចជា ជើងទម្របដិមា ផ្តែរទ្វារបួនផ្ទាំង បំណែកហោជាង បំណែកចម្រឹងបង្អួច បំណែកមេទ្វារ សសរពេជ្រ រកា ។ល។ ក្នុងចំណោមផ្តែរទ្វារទាំងបួនដែលស្ថិតនៅទីតាំងដើម មានផ្តែរចំនួនបីមានទម្រង់ស្ទើរតែដូចៗគ្នា ពោល មានដងធ្នូរាងដូចមែកឈើ ផ្នែកកណ្តាលលម្អរូបទេពនៅពីលើកិត៌ិមុខ។ ដោយសារថ្មសឹករេចរិល និងមិនដឹងអំពីទីតាំងដើមរបស់ផ្តែរ យើងពិបាកកំណត់ថា រូបទេពដែលឆ្លាក់នៅខាងលើកិត៌ិមុខជាទេពអ្វីនោះឡើយ។ ដ្បិត ជាទូទៅដើម្បីកំណត់ថាជាទេពអ្វីបាន យើងអាចមើលលើយានជំនិះ កេតនភណ្ឌ និងទិសនៃទេព ពោល គឺខាងជើងព្រះកុវេរ ខាងត្បូងព្រះយម ខាងលិចព្រះវារុណ និងខាងកើតព្រះឥន្រ្ទ។ ប៉ុន្តែ ដោយហេតុថា ផ្តែរបានប្តូរពីទីតាំងដើមហើយ យើងពិបាកកំណត់ទេពណាស់។ ទោះបីជាយ៉ាងណា យើងអាចសិក្សាប្រៀបធៀបនិងរកឃើញថា ផ្តែរទាំងនេះស្ថិតក្នុងចុងរចនាបថឃ្លាំង (គ.ស. ៩៦៥ – ១០១០) ឬដើមរចនាបថបាភួន (គ.ស.១០១០-១០៨០) (យោងទៅលើការកំណត់របស់លោក Jean Boisselier)។ ផ្តែរទ្វារមួយផ្ទាំងទៀត សព្វថ្ងៃដាក់នៅលើប្រាង្គកណ្តាលដែលបាក់បែក គឺមានចម្លាក់នព្វគ្រោះ (ផ្កាយទាំងប្រាំបួន) ឬហៅថា ទេពប្រាំបួន។ លោកបណ្ឌិត ឈុំ ម៉េងហុង យល់ថា ក្រុមទេពទាំងប្រាំបួននៅសម័យអង្គរ គឺជានព្វទេពដែលរួមបញ្ចូលគ្នារវាងផ្កាយចំនួនបួនអង្គ និងលោកបាលចំនួនប្រាំអង្គ (ទេពថែរក្សាទិស)។ ផ្តែរទ្វារមានចម្លាក់នព្វគ្រោះ ឬទេពប្រាំបួននៅប្រាសាទអូរស្វាយនេះ យើងមិនដឹងថាគេតម្កល់នៅទីណាឱ្យពិតប្រាកដនោះឡើយ។ ដ្បិត ជាទូទៅគេច្រើនដាក់នៅច្រកទ្វារចូល ជួនកាលទៀតគេដាក់នៅដាច់តែឯងក្បែររូបទេពសំខាន់ក្នុងប្រាង្គប្រាសាទ ឬជួនកាលគេដាក់នៅក្នុងសំណង់ជ្រុងអាគ្នេយ៍ (សំណង់ហោត្រៃ)។ ចម្លាក់ទេពប្រាំបួននៅអូរស្វាយសុទ្ធសឹងឆ្លាក់ទេពជិះលើយានជំនិះ។ ប៉ុន្តែ ដោយសារតែចម្លាក់មានភាពរលុបខ្លះ យើងមិនអាចកំណត់ទេពបានច្បាស់នោះឡើយ ពោល គឺគ្រាន់តែដឹងជាទូទៅថា នៅផ្នែកខាងឆ្វេងជាព្រះសូរ្យ ព្រះចន្រ្ទ ផ្នែកកណ្តាលជាព្រះឥន្រ្ទ និងផ្នែកខាងស្តាំជារាហូ និងកេតុ។ ​  រីឯ ទេពចំនួនបួនផ្សេងទៀតយើងពិបាកកំណត់ណាស់។

ក្រៅអំពីអ្វីដែលបានរៀបរាប់ខាងលើ មានសិលាចារឹកមួយផ្ទាំងដែលគេបានរកឃើញនៅក្បែរប្រាសាទអូរស្វាយ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ សិលាចារឹកនេះចារនៅលើបង្គោលថ្មភក់ទាំងសងខាង ដែលផ្នែកម្ខាងរលុបអក្សរខ្លះ តែនៅសល់ចំនួន ១២ បន្ទាត់ និងផ្នែកម្ខាងទៀតមានអក្សរចំនួន ១៥ បន្ទាត់។ សិលាចារឹកនេះមិនបានផ្តល់កាលបរិច្ឆេទឱ្យគេដឹងឡើយ ប៉ុន្តែបើពិនិត្យមើលទៅលើអក្សរ លោក កំ វណ្ណារ៉ា សន្និដ្ឋានថា ទំនងចារឹកឡើងនៅចុងស.វ.ទី១០ ឬដើមស.វ.ទី១១។ អត្ថន័យជារួមនៃសិលាចារឹកដែលរកឃើញថ្មីនៅជិតប្រាសាទអូរស្វាយ រៀបរាប់អំពីការបោះបង្គោលព្រំដីទេវស្ថានមួយដែលមានឈ្មោះថា “ឧត្តរវ្រះកម្រតេងអញឝ្រីកឝង្ក” ប្រែថា “ខាងជើងវ្រះកម្រតេងអញស្រីកសង្ក”។ លោក កំ វណ្ណារ៉ា យល់ថា​ ឈ្មោះទេវស្ថាននេះអាចជាឈ្មោះដើមរបស់ប្រាសាទអូរស្វាយ ឬឈ្មោះប្រាសាទណាមួយដែលស្ថិតនៅក្បែរនេះ។ លើសពីនេះ នៅជ្រុងទី១ ក៏បានរៀបរាប់អំពីតង្វាយរបស់ព្រះតេជគុណ “ស្តេងសិវាចារ្យ” រួមមានដូចជាអ្នករបាំ និងអ្នកចម្រៀងចំនួន៤នាក់ ថ្វាយដល់ “ព្រះកំម្រតេងអញសិវលិង្គ”។ រីឯជ្រុងទី២ រៀបរាប់អំពីមន្រ្តីជាន់ខ្ពស់ម្នាក់ឈ្មោះថា “ម្រតាញស្រីន្ឬបវិខ្យាត” និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតដែលទទួលបានរាជានុគ្រោះពិសេសពីព្រះរាជាឱ្យទៅស្ថាបនាទេវស្ថានមួយនៅក្បែរទីតាំងនេះ។ ព្រមទាំងរៀបរាប់អំពីការស្ថាបនាដីភូមិដែលកើតឡើងពីការរួមផ្សំគ្នារវាងដីភូមិរបស់ព្រះកម្រតេងអញជគតសិវបុរ និងដីភូមិរបស់ព្រះកម្រតេងអញជគតលិង្គបុរ។ ហេតុដូច្នេះហើយ ប្រសិនបើយោងទៅលើប្លង់ និងគ្រឿងលម្អស្ថាបត្យកម្មដែលនៅសេសសល់ រួមទាំងសិលាចារឹកមួយផ្ទាំងដែលទើបរកឃើញថ្មីនៅក្បែរប្រាសាទអូរស្វាយ យើងអាចសន្និដ្ឋានថា ប្រាសាទអូរស្វាយ ទំនងជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយសៃវ ដែលប្រហែលកសាងឡើងក្នុងរចនាបថឃ្លាំង ស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស. ១០០២ – ១០៤៩)។

—————

Prasat Ou Svay Temple

The Prasat Ou Svay Temple is situated in Ou Svay village, Ou Svay commune, Trapeang Prasat district, Oddar Meanchey province. This temple features a brick main tower that faces east, a courtyard to the southeast, and a moat and laterite enclosure surrounding it all. According to the sculptures on the temple’s lintels, pediments, and a new inscription discovered nearby, this temple was most likely built in the Khleang style in the early eleventh century, maybe during the reign of King Suryavarman I (1002–1049 CE).

អត្ថបទដោយ៖ លោក ម៉ង់​ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,600SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!