ស្បៃខ្មែរ

នៅក្នុងវចនាក្រមខ្មែរ ពាក្យថា “ស្បៃ” សំដៅលើសំពត់សាច់ស្តើងប៉ើងរ៉ើង។ យោងតាមឯកសាររបស់អគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ បានស្នើថា ស្ត្រីខ្មែរពីបុរាណប្រើប្រាស់ស្បៃក្នុងគោលបំណងចម្បងពីរ។ ទី១ ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃសម្រាប់គ្របដណ្តប់កាយ ឬបំបាត់រងា និងទី២ គេប្រើប្រាស់ដើម្បីសោភ័ណភាពក្នុងឈុតសម្លៀកបំពាក់ប្រពៃណីពេលចេញក្រៅផ្ទះ ឬចូលរួមពិធីបុណ្យទាននិងកម្មវិធីវប្បធម៌ផ្លូវការ​។ ម្ល៉ោះហើយ ស្បៃមិនត្រឹមតែជាគ្រឿងសម្លៀកបំពាក់នោះទេ ប៉ុន្តែវាជានិមិត្តរូបតំណាងឱ្យភាពថ្លៃថ្នូរ សុភាពរាបសារ និងលក្ខណៈដ៏ឧត្តុង្គឧត្តមរបស់ស្រ្តីខ្មែរ។

ការប្រើប្រាស់ស្បៃសម្រាប់គ្របដណ្តប់កាយរបស់ស្រ្តីខ្មែរ មិនមែនទើបតែមាននាពេលថ្មីៗនេះទេ ពោល គឺមានប្រវត្តិប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ យ៉ាងហោចណាស់ ក៏យើងអាចដឹងថា ការប្រើប្រាស់ស្បៃមានតាំងពីស.វ.ទី៧ មកម្ល៉េះ ដោយយោងទៅលើភស្តុតាងសិលាចារឹកជាតឹកតាង។ ក្នុងនោះ សិលាចារឹកវត្តគំនូរ ឬគេស្គាល់ថាសិលាចារឹកអង្គរបុរី ខេត្តតាកែវ ចុះលេខបញ្ជី K.600 ចារឹកជាភាសាខ្មែរនៅឆ្នាំ៦១១នៃគ្រិស្តសករាជ បានបញ្ជាក់ឱ្យដឹងថា៖ ម្រតាញអន្តារ បានថ្វាយអ្នកចម្រៀងចំនួន១១នាក់ ថ្វាយជូនដល់ព្រះកម្រតាងអញ…..ស្វរ និងកម្រតាងអញតេំក្រោំ (ដើមក្រោម) ដែលអ្នកចម្រៀងទាំងនោះមានឈ្មោះនិងលក្ខណៈសម្គាល់ប្លែកៗពីគ្នា។ ក្នុងចំណោមអ្នកចម្រៀងទាំងនោះមានឈ្មោះដូចជា តន្វង្គី (នារីដែលមានរាងស្តើងស្អាត), គុណធារី (នារីដែលមានគុណធម៌), បយោធារី (នារីដែលមានដើមទ្រូងស្អាត) ។ល។ ប៉ុន្តែ អ្វីដែលយើងគួរកត់សម្គាល់ជាងគេនោះគឺ នារីដែលមានឈ្មោះថា “ស្តនោត្តរី” ដែលឈ្មោះនេះមានប្រភពពីភាសាសំស្រ្កឹត ដោយមានពាក្យពីរបូកបញ្ចូលគ្នា គឺ “ស្តន” ប្រែថា សុដន់ ឬដើមទ្រូង និងពាក្យថា “ឧត្តរី” ប្រែថា ក្រណាត់លើ, ស្បៃគ្របស្មា។ ហេតុដូច្នេះ ពាក្យថា “ស្តនោត្តរី” មានន័យថា “ស្បៃបាំងសុដន់” ឬ “ក្រណាត់សម្រាប់គ្របដើមទ្រូង” ពោល គឺចង់សំដៅទៅលើនារីជាអ្នកចម្រៀងម្នាក់ដែលមានស្បៃបាំងសុដន់ ឬក្រណាត់បាំងដើមទ្រូង ដែលទំនងត្រូវនឹង “ស្បៃ” ដែលយើងហៅសព្វថ្ងៃនេះឯង។

ភស្តុតាងដ៏សំខាន់មួយទៀត ត្រូវបានគេប្រទះឃើញនៅក្នុងសិលាចារឹកប្រាសាទព្រះគោ ខេត្តសៀមរាប ចុះបញ្ជីលេខ K.713 ចារឹកនៅឆ្នាំ៨៩៣នៃគ្រិស្តសករាជ (ស.វ.ទី៩) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ សិលាចារឹកព្រះគោនេះបានរៀបរាប់ថា “នៅមហាសករាជឆ្នាំ៨១៥ ថ្ងៃទី៣កើត ខែវិសាខ ព្រះរាជបញ្ជារបស់ព្រះករុណាព្រះកម្រតេងអញស្រីយសោវម៌្មទេវ បានថ្វាយតង្វាយជាមាស ប្រាក់ និងអ្នកបម្រើ ថ្វាយដល់ព្រះកម្រតេងអញតព្រះ  បរមេស្វរ”។ នៅក្នុងចំណោមទាំងនោះ មានតង្វាយដ៏គួរឱ្យចាប់អារម្មណ៍មួយដែលគេសរសេរថា៖ “វ្រះស្បៃប្យះអន្រោំមមាសជើងមាស១” ដែលនៅត្រង់ឃ្លានេះត្រូវបានលោក George Coedès សន្និដ្ឋានថា “ស្បៃមួយបែបដែលមានរងជើងធ្វើពីសរសៃសូត្រមាស”។

ដោយឡែក ភស្តុតាងចម្លាក់នៅតាមប្រាសាទបុរាណ ក៏កាន់តែបញ្ជាក់ឱ្យកាន់តែច្បាស់អំពីការប្រើប្រាស់ស្បៃរបស់ស្ត្រីខ្មែរ។ ឧទាហរណ៍ ចម្លាក់អប្សរពានាស្បៃឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត (ស.វ.ទី១២) និងចម្លាក់ស្រ្តីពានាស្បៃ ឆ្លាក់នៅជញ្ជាំងថែវខាងជើង ស្លាបខាងកើតនៃប្រាសាទអង្គរវត្ត (ស.វ.ទី១៦)។ ក្រៅអំពីនេះ ការបង្ហាញតាមរយៈគំនូរបុរាណនៅតាមវត្តអារាម ក៏បានបង្ហាញអំពីរូបភាពស្រ្តីខ្មែរពានាស្បៃដូចគ្នា ដែលរូបភាពទាំងនោះច្រើនបង្ហាញនៅក្នុងគំនូររឿងរាមកេរ្តិ៍ រឿងជាតក និងពុទ្ធប្រវត្តិ ឧទាហរណ៍ គំនូរនៅជញ្ជាំងព្រះវិហារវត្តក្តីដើម ខេត្តកំពង់ធំ គូរនៅទសវត្សរ៍១៩៣០ជាដើម។  ក្រៅអំពីនេះទៅទៀត តាមរឿងព្រេង “ព្រះថោងនាងនាគ” បានបង្ហាញឱ្យឃើញនូវវប្បធម៌នៃការប្រើប្រាស់ស្បៃកាន់តែច្បាស់ និងបន្តមកទល់សព្វថ្ងៃ ពោល គឺជាប់ទាក់ទងនឹងពិធីមង្គលការដែលកូនកំលោះត្រូវដើរពីក្រោយនិងតោងស្បៃកូនក្រមុំ ដើម្បីត្រាប់តាមបុព្វការីជន។

           យោងទៅតាមការសិក្សារបស់អគ្គនាយកដ្ឋានបេតិកភណ្ឌវប្បធម៌អរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ​ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ស្បៃមានច្រើនប្រភេទខុសៗគ្នា អាស្រ័យលើប្រភេទសាច់កំណាត់ រូបរាង និងរបៀបគ្រង។ ក្នុងនោះ ស្បៃសំខាន់ៗមានចំនួន ៧ ប្រភេទ ដូចខាងក្រោម៖

  • (១). ស្បៃខ្វៀល ឬស្បៃវៀល ជាស្បៃមួយប្រភេទមានរូបរាងខ្វៀលបញ្ឆិតពីឆ្វេងទៅស្តាំ មានប្រវែងជាមធ្យមគ្របជិតត្រគាកចន្លោះពី១,៦០ម៉ែត្រ ដល់២,៥ម៉ែត្រ និងទទឹងចាប់ពី០,៦ម៉ែត្រឡើងទៅ ហើយគេនិយមប្រើក្នុងរបាំបុរាណ (របាំព្រះរាជទ្រព្យ ទេពមនោរម្យ មុនីមេខលា) ល្ខោនខោល និងពិធីមង្គលការ។
  • (២). ស្បៃឆៀង ជាស្បៃមានរូបរាងស្ទើរតែដូចស្បៃខ្វៀលដែរ តែមានប្រវែងខ្លីនិងទំហំតូចជាង ដែលមានប្រវែងជាមធ្យមគ្របជិតត្រគាកចាប់ពី១,៦០ម៉ែត្រឡើងទៅ និងទទឹងជាមធ្យម០,៥០ម៉ែត្រ។
  • (៣). ស្បៃតាត ជាស្បៃធ្វើពីសាច់កំណាត់ពណ៌មាស ប្រាក់ ឬស្ពាន់ ដែលច្រើននាំចូលពីឥណ្ឌានិងពែក្ស ហើយច្រើនមានប្រវែងជាមធ្យមគ្របជិតត្រគាកចាប់ពី១,៦០ម៉ែត្រឡើងទៅ និងទទឹងជាមធ្យម០,៥០ម៉ែត្រ។
  • (៤). ស្បៃធំ ឬហៅថា ស្បៃច្រក-ក ឬខ្លះហៅថា ស្បៃភ្លោះ ជាស្បៃដែលមានប្រវែងជាមធ្យមចាប់ពី ១,៦០ម៉ែត្រ ដល់ ១,៧០ម៉ែត្រឡើងទៅ គ្របជិតទៅលើស្មាទាំងសងខាងដោយគេទុកចន្លោះសមល្មមនឹងស៊កក្បាលចូល។
  • (៥). ស្បៃជីបភ្លី ឬហៅថា ផាហ៊ុមជីបភ្លី ជាប្រភេទស្បៃស្តើងមានច្រើនពណ៌ ដោយគេយកកំណាត់លាតធម្មតាមកបត់ជាផ្នត់អង្កាញ់តូចៗ ហើយមានប្រវែងជាមធ្យម៣ម៉ែត្រ។
  • (៦). ស្បៃភួយ ជាស្បៃមានសណ្ឋានត្រង់ស្មើ រាងបួនជ្រុងទ្រវែងគ្មានខ្វៀល សាច់ក្រាស់ ប្រវែងចន្លោះពី ២ម៉ែត្រ ដល់ ២,៥ម៉ែត្រ។
  • (៧). ស្បៃផ្សេងៗ ជាស្បៃលាតគ្មានក្បាច់លម្អ សាច់ស្តើងវែង ភាគច្រើនពណ៌ស ឬខ្មៅធ្វើពីសូត្រឬអំបោះ ដែលប្រើប្រាស់បានគ្រប់ស្រទាប់វណ្ណៈ ពោល គឺទាំងស្រ្តី     វ័យចំណាស់ និងប្រជាជនទូទៅសម្រាប់ទៅវត្ត ឬកម្មវិធីផ្សេងៗ ដោយប្រើជាមួយសំពត់ក្បិន។

សរុបមក ស្បៃខ្មែរមិនត្រឹមតែជាគ្រឿងសម្លៀកបំពាក់សម្រាប់គ្របដណ្តប់កាយ ឬបង្កើនសោភ័ណភាពរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបតំណាងឱ្យភាពថ្លៃថ្នូរ សុភាពរាបសារ និងលក្ខណៈដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីខ្មែរ ដែលមានប្រវត្តិសាស្ត្រចាក់ឬសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រជាច្រើនដូចជា សិលាចារឹកស.វ.ទី៧ (សិលាចារឹកវត្តគំនូរ) និងស.វ.ទី៩ (សិលាចារឹកព្រះគោ) ចម្លាក់ប្រាសាទបុរាណ គំនូរបុរាណ និងរឿងព្រេងនិទាន បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់ស្បៃមានអាយុកាលយូរលង់ណាស់មកហើយក្នុងសង្គមខ្មែរ។ បន្ថែមពីនេះ ស្បៃខ្មែរមានលក្ខណៈសម្បូណ៌បែបយ៉ាងខ្លាំង ពោល យ៉ាងហោចណាស់ក៏គេអាចចាត់ថ្នាក់ស្បៃបានចំនួន ៧ប្រភេទដែរ (ស្បៃខ្វៀល ស្បៃឆៀង ស្បៃតាត ស្បៃធំ ស្បៃជីបភ្លី ស្បៃភួយ និងស្បៃផ្សេងៗ)។ ស្បៃទាំងអស់នេះបានបង្ហាញឱ្យឃើញពីភាពច្នៃប្រតិដ្ឋ និងកម្រិតវប្បធម៌ដ៏ចំណានរបស់បុព្វបុរសខ្មែរក្នុងការតុបតែងកាយតាមឋានៈ ពេលវេលា និងពិធីការផ្សេងៗ។


This article explores the historical significance, cultural evolution, and diverse classifications of the traditional Khmer Spai (shawl/scarf) worn by Cambodian women. Historically, the Spai served both practical purposes, such as body covering and warmth, and aesthetic functions, symbolising elegance, modesty, and the high moral standards of Khmer women. Epigraphical evidence indicates that the use of the Spai dates back centuries, with notable references found in seventh-century inscriptions like the Vat Kumnuo inscription (K.600) and ninth-century records from the Preah Ko temple (K.713), as well as in ancient temple bas-reliefs, traditional murals, and national folklore. Furthermore, research by the General Department of Intangible Cultural Heritage classifies the Spai into seven distinct categories based on fabric composition, shape, and draping styles: the Spai Khveal, Spai Chhiang, Spai Tat, Spai Thom, Spai Chip Phli, Spai Phuoy, and other regional variations. Ultimately, the Spai transcends its role as a mere garment, representing an enduring symbol of artistic ingenuity, cultural identity, and the refined heritage of ancient and contemporary Khmer civilisation.
អត្ថបទដោយ៖

អត្ថបទដោយ៖ លោក ម៉ង់វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img