បើទោះបីជាវិស័យសុខាភិបាលមានភាពទំនើបយ៉ាងណាក្តី ជំនឿជីវចលនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់អ្នកស្រុកនៅតំបន់កោះកេរ។ ក្រៅពីការជឿទៅលើពពួកអមនុស្ស អ្នកស្រុកមានជំនឿលើឫសឈើមួយប្រភេទ ដែលគេចាត់ទុកជាឱសថបុរាណយ៉ាងពូកែស័ក្តិសិទ្ធិ ដោយយកមកពាក់ជាប់ក ដើម្បីព្យាបាលជំងឺភ្នែក ជាពិសេស គឺភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន។ នៅក្នុងអត្ថបទខ្លីនេះ យើងនឹងបង្ហាញអំពីជំនឿទៅលើខ្សែកធ្វើអំពីឫសឈើនៅតំបន់កោះកេរ។ តើជំនឿនេះមានលក្ខណៈដូចម្តេចខ្លះ?
ជាទូទៅ មានវត្ថុជាច្រើនដែលអ្នកស្រុកនៅតំបន់កោះកេរនិយមយកមកធ្វើជាបន្តោងខ្សែក ដូចជា ខ្នាយតាន់ ចែកាច់ ចង្កូមខ្លា ព្រះពុទ្ធរូបតូចៗ និងចម្លាក់រូបឥសីជាដើម។ វត្ថុទាំងនេះ គេចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារខ្លួនពីការយាយី ឬបំណងអាក្រក់របស់ពពួកអមនុស្ស។ ចំណែកឯខ្សែកឫសឈើវិញ គេនិយមពាក់ច្រើនគួរសម ជាពិសេសមនុស្សចាស់ៗដែលតែងជួបបញ្ហាភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន។ ប្រភេទដើមថ្នាំដែលយកមកផ្សំ គឺមានចំនួនតិច ឬច្រើន អាស្រ័យលើការចេះចាំតពីគ្រូមុនៗរបស់ខ្លួន។ ឧទាហរណ៍ អ្នកភូមិស្រយង់ត្បូងមួយចំនួន បានវេញខ្សែកមួយខ្សែដោយប្រើប្រាស់ឫសឈើជាច្រើនមុខរួមគ្នា ដូចជា ឫសខ្លែងពណ៌ ឫសកន្ទ្រង់ ឫសក្រូចឆ្មារ ឫសត្រប់ខារ និងឫសត្រប់ម្លួយ ជាដើម។ អ្នកខ្លះទៀត គេនិយមប្រើប្រាស់តែឫសកន្រ្ទង់មួយមុខប៉ុណ្ណោះ។ រីឯ អ្នកភូមិកោះកេរ និយមប្រើប្រាស់ឫសឈើមួយមុខដូចគ្នា ដូចជា ឫសត្រប់ម្លួយ ឬឫសកន្រ្ទង់ជាដើម ប៉ុន្តែ កន្រ្ទង់មានពីរប្រភេទ គឺកន្រ្ទង់មេ និងកន្រ្ទង់ឈ្មោល។ ការពាក់ខ្សែកឫសឈើ ដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ ឬភ្នែកដុះកន្ទុយថ្លែនទាំងនេះ គេបម្រាមមិនអនុញ្ញាតឱ្យដោះចេញបានឡើយ ពោលគឺត្រូវពាក់ជាប់ខ្លួនរហូតដល់ដាច់ដោយឯកឯងតែម្តង។ ប៉ុន្តែ មានគ្រូខ្លះទៀត តម្រូវឱ្យពាក់តែបីខែប៉ុណ្ណោះ ហើយអាចកាត់ចេញវិញបាន។
ចំណេះដឹងក្នុងការវេញឫសឈើធ្វើជាខ្សែកសម្រាប់ពាក់ព្យាបាលជំងឺភ្នែកនេះ គេចេះតៗគ្នាពីសាច់ញាតិជំនាន់មុន។ គេជឿថា មុននឹងដកឫសឈើទាំងនេះ គេត្រូវយកគ្រាប់អង្ករដំណើបចំនួន ៧ គ្រាប់ រួចនិយាយឧបកិច្ចថា៖ “ឱ! លោកគ្រូដើមថ្នាំពូកែស័ក្តិសិទ្ធិអើយ ខ្ញុំសុំយកទៅចងភ្នែកឱ្យគេ”។ ការវេញជាខ្សែកនេះទៀតសោត គេមានត្រណមថា អាចវេញបានចំពោះតែថ្ងៃអង្គារមួយប៉ុណ្ណោះ។ យើងមិនដឹងអំពីមូលហេតុនេះជាក់លាក់នោះទេ។ ប៉ុន្តែ ត្រណមនេះគឺមិនខុសពីពិធីឡើងអ្នកតានៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកដែរ ព្រោះគេច្រើនរើសយកថ្ងៃអង្គារ និងថ្ងៃសៅរ៍ ដោយគេជឿថាជាថ្ងៃអមនុស្សចេញដើរ និងមានឥទ្ធិពលខ្លាំង។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អំបោះសម្រាប់យកមកវេញត្រូវប្រើប្រាស់តែពីរពណ៌ប៉ុណ្ណោះ គឺពណ៌ស និងខ្មៅ ដោយតម្រូវឱ្យមានចំនួន ៧ សរសៃស្មើៗគ្នា។ ហេតុអ្វីបានជាគេតម្រូវប្រើត្រឹមពីរពណ៌នេះ? បើយើងពោលថា កាលដើមឡើយមានតែអំបោះពីរពណ៌នេះ ក៏មិនត្រឹមត្រូវទាំងស្រុងដែរ ព្រោះតាមអ្នកស្រុកបានបញ្ជាក់ថា ពណ៌ផ្សេងទៀតក៏មានដែរ តែគេតម្រូវឱ្យប្រើពីរពណ៌នេះប៉ុណ្ណោះ។ ម្ល៉ោះហើយ យើងអាចសន្និដ្ឋានបឋមថា ការជ្រើសរើសពណ៌ស និងខ្មៅ ប្រហែលជាមានទំនាក់ទំនងផ្ទាល់ទៅនឹងពណ៌នៃភ្នែកមនុស្ស ព្រោះភ្នែកមនុស្សមានតែពណ៌ស និងខ្មៅប៉ុណ្ណោះ។
សរុបមក ជំនឿលើការប្រើប្រាស់ខ្សែកឫសឈើនៅតំបន់កោះកេរ មិនត្រឹមតែជាបណ្តុំនៃចំណេះដឹងបុរាណក្នុងការថែទាំ និងព្យាបាលជំនឿភ្នែក (ដូចជាជំងឺភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន) តាមបែបជំនឿជីវចលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញឱ្យឃើញពីអត្ថន័យ ទំនៀមទម្លាប់ និងការគោរពប្រតិបត្តិដ៏ផូរផង់ដែលបានបន្តវេនពីបុព្វបុរសជំនាន់ដើមមកផងដែរ។ មិនថាតាមរយៈការជ្រើសរើសប្រភេទឫសឈើ ពិធីសុំ និងការកំណត់ថ្ងៃ ឬពណ៌អំបោះសនិងខ្មៅដែលទាក់ទងនឹងលក្ខណៈធម្មជាតិនៃភ្នែកនោះទេ រាល់សកម្មភាពទាំងអស់សុទ្ធសឹងបញ្ជាក់ពីចំណងទាក់ទងយ៉ាងជិតស្និទ្ធរវាងជីវិតមនុស្ស និងបរិស្ថានធម្មជាតិក្នុងតំបន់។ ទោះបីជាបច្ចុប្បន្នវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏ជំនឿប្រពៃណីនេះនៅតែបន្តរស់រាន និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃរបស់អ្នកស្រុកក្នុងតំបន់កោះកេរគួរឱ្យកត់សម្គាល់។






———-
This study explores the animistic beliefs and traditional healing practices associated with wooden root necklaces among local residents in the Koh Ker region. Despite modern advancements in healthcare, the local community, particularly the elderly, continues to rely on these protective and therapeutic amulets to prevent and treat ocular conditions such as cataracts and pterygium. Through qualitative documentation, the research examines the selection of specific medicinal roots, traditional harvesting rituals involving offerings, auspicious timing constraints (such as prohibitions limited to Tuesdays), and the symbolic use of seven-strand white and black threads corresponding to the natural coloration of the human eye. The findings reveal that these enduring indigenous practices serve not only as a form of folk medicine but also as a significant cultural heritage reflecting a profound, harmonious relationship between human life and the local natural environment.
អត្ថបទដោយ៖ លោក ស្រី សមប៊ុនណារ៉ុង





