ព្រះពោធិសត្វមៃត្រេយ ឬហៅម្យ៉ាងទៀតថា “ព្រះស្រីអារ្យមេត្តយ្យ” ជាទេពដ៏សំខាន់មួយ នៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលត្រូវបានគេចាត់ទុកថាជា “ព្រះពុទ្ធអនាគត” ដែលនឹងយាងមកត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធអង្គបន្ទាប់ពីព្រះពុទ្ធគោតម។ ព្រះពោធិសត្វអង្គនេះ បានចាប់ផ្តើមមានឥទ្ធិពល និងមានអ្នកគោរពប្រណិប័តន៍ដំបូងនៅរវាងស.វ.ទី៧ ពោល គឺដំណាលគ្នា ដែលខ្មែរគោរពប្រណិប័តន៍ចំពោះព្រះពោធិសត្វអវលោកិតេស្វរដែរ។ តាមរយៈឥទ្ធិពលនេះ ចាប់ពីស.វ.ទី៧មក បុព្វបុរសខ្មែរបានច្នៃប្រតិដ្ឋបង្កើតឱ្យមានប្រតិមាព្រះពោធិសត្វមៃត្រេយមួយចំនួនដែលធ្វើអំពីលោហធាតុ និងថ្មភក់។ តើប្រតិមាព្រះពោធិសត្វមៃត្រេយ នៅក្នុងសិល្បៈខ្មែរសម័យបុរាណមានលក្ខណៈដូចម្តេចខ្លះ?
ព្រះនាម “មៃត្រេយ” កើតចេញពីពាក្យថា “មៃត្រិ” ដែលមានន័យថា សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ សេចក្តីប្រណី និងក្តីសង្ឃឹម។ ព្រះអង្គត្រូវបានចាត់ទុកថាជាតំណាងនៃមេត្តាករុណា ដែលជួយផ្សព្វផ្សាយសេចក្តីស្រឡាញ់ដល់សត្វលោកទាំងពួង។ យោងទៅតាមគម្ពីរមៃត្រេយសូត្របានរៀបរាប់ថា បច្ចុប្បន្ន ព្រះអង្គកំពុងគង់នៅ និងសំដែងធម៌ដល់ពួកទេវតានៅលើស្ថានសួគ៌តុសិត ដែលជាស្ថានសួគ៌ជាន់ទី៤។ ព្រះពោធិសត្វមៃត្រេយ នឹងយាងចុះមកត្រាស់ដឹង ដើម្បីទេសនាប្រោសដល់សត្វលោក នៅពេលដែលពុទ្ធវចនៈរបស់ព្រះពុទ្ធគោតមបានសាបរលាបអស់ពីលោក ស្របពេលដែលអាយុរបស់មនុស្សលោកកើនឡើងដល់ ៨៤,០០០ ឆ្នាំ ក្នុងសម័យកាលដែលមនុស្សមានសីលធម៌ខ្ពស់បំផុត។ ក្នុងនោះដែរ នៅក្នុងនិកាយមហាយាន គេមានជំនឿនិងបួងសួងសូមឱ្យបានទៅកើតនៅស្ថានតុសិត ដើម្បីបានស្តាប់ព្រះធម៌ផ្ទាល់ពីព្រះពោធិសត្វមៃត្រេយ និងដើម្បីបានយាងចុះមកត្រាស់ដឹងជាមួយព្រះអង្គនៅក្នុងអនាគតកាល។
នៅសម័យមុនអង្គរ (រវាងស.វ.ទី៧-៨) គេបានឃើញព្រះនាមរបស់ព្រះពោធិសត្វមៃត្រេយ រំលេចនៅក្នុងសិលាចារឹកប្រាសាទបី (អំពិលរលំ ស្រុកស្ទោង ខេត្តកំពង់ធំ) មានលេខបញ្ជី K.163។ សិលាចារឹកនេះរៀបរាប់អំពីម្ចាស់ទាន (យជមាន) ជាបុរសមានឋានៈខ្ពង់ខ្ពស់ចំនួន ២ នាក់ ដែលមានគោរម្យងាថា “បោញ” (មន្រ្តីជាន់ខ្ពស់ ឬស្តេចត្រាញ់) មានឈ្មោះថា “បោញប្រាជ្ញាចន្រ្ទ” និង “បោញវិទ្យា” បានថ្វាយតង្វាយមួយចំនួន ថ្វាយចំពោះព្រះកម្រតេងអញមៃត្រេយ និងកម្រតេងអញអវលោកិតេស្វរ (ទេពនៃពុទ្ធសាសនាមហាយាន)។ កន្លងមក នៅប្រាសាទបី (អំពិលរលំ) នេះ គេមិនធ្លាប់រកឃើញប្រតិមាព្រះពោធិសត្វមៃត្រេយ ឬអវលោកិតេស្វរនោះឡើយ ពោល គឺមានតែសិលាចារឹកបញ្ជាក់ប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ភស្តុតាងនេះបានបញ្ជាក់ឱ្យឃើញថា ព្រះពោធិសត្វមៃត្រេយ ត្រូវបានគេគោរពបូជានៅក្នុងសង្គមខ្មែរតាំងពីយូរមកហើយ ហើយមកដល់សព្វថ្ងៃនេះទៀតសោត ព្រះអង្គនៅតែមានពុទ្ធបរិស័ទគោរពបូជាឥតដាច់ដដែល។ ដោយឡែក ការបង្ហាញប្រតិមាព្រះពោធិសត្វមៃត្រេយ បានលេចឡើងដំបូងនៅសម័យមុនអង្គរ រវាងស.វ.ទី៧ និងក្រោយមកបន្តវត្តមានមកដល់សម័យអង្គរ។ ប្រតិមាសម័យមុនអង្គរទាំងនោះ បង្ហាញឡើងជាទម្រង់ប្រតិមាទោល ដែលសុទ្ធសឹងសាងសង់ឡើងអំពីសំរឹទ្ធិ។ ក្នុងនោះ នៅក្នុងឆ្នាំ១៩៥៥ អ្នកស្រាវជ្រាវជនជាតិបារាំង គឺលោក Pierre Dupont បានព្យាយាមបែងចែកឱ្យដាច់រវាងប្រតិមាព្រះពោធិសត្វមៃត្រេយ និងព្រះពោធិសត្វអវលោតិកេស្វរ ដែលជារឿយៗមានការភាន់ច្រឡំគ្នាចំពោះប្រតិមាទាំងពីរនេះ។ លោកបានបញ្ជាក់ឱ្យដឹងថា គេអាចសម្គាល់ប្រតិមានោះគឺជាព្រះពោធិសត្វមៃត្រេយបានដោយយោងទៅលើរូបចេតិយនៅលើផ្នួងសក់ ផ្ទុយពីព្រះពោធិតស្វអវលោកិតេស្វរមានរូបព្រះពុទ្ធអមិតាភនៅលើផ្នួងសក់។
ក្នុងការសិក្សានេះ លោក Pierre Dupont លើកយកប្រតិមាព្រះពោធិសត្វមៃត្រេយចំនួន ២ ប៉ុណ្ណោះ។ ប្រតិមាទី១ ធ្វើអំពីសំរិទ្ធ រកឃើញនៅប្រាសាទអកយំ ខេត្តសៀមរាប (សព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា) មានកម្ពស់ ៣៥,៧ស.ម., ទទឹង ១៥ស.ម., កម្រាស់៦ស.ម. និងទម្ងន់ ២,៤០គ.ក.។ ប្រតិមានេះ បង្ហាញឡើងក្នុងរូបភាពឈរជំហរត្រង់ ស្លៀកសំពត់ខ្លីត្រឹមជង្គង់ ព្រះហស្ត៤ ព្រះភក្រ្តស្ថិតនៅក្នុងទម្រង់សមាធិ (ស្ងប់ស្ងាត់) ព្រះនេត្របិទ ច្រមុះធំមានខ្ទង់ ចិញ្ចឹមវែងកោង ព្រះកាណ៌វែង បបូរមាត់ក្រាស់ និងមានរូបចេតិយខ្ពស់មួយនៅលើផ្នួងសក់។ ចំណែកប្រតិមាទី២ ធ្វើអំពីសំរិទ្ធដូចគ្នា មិនស្គាល់ប្រភព (សព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា) មានកម្ពស់ ៣២ស.ម., ទទឹង ១៣ស.ម., កម្រាស់១០ស.ម. និងទម្ងន់ ២,៣០គ.ក.។ ប្រតិមានេះ បង្ហាញឡើងក្នុងរូបភាពឈរក្នុងជំហរមិនសូវត្រង់ កាច់ចង្កេះបន្តិច (ទម្រង់សមភង្គ) ស្លៀកសំពត់ខ្លី មានព្រះហស្ត៤ និងមានទម្រង់ទូទៅស្ទើរតែដូចប្រតិមាអង្គទី១ដែរ។
មកដល់សម័យអង្គរ ព្រះពោធិសត្វមៃត្រេយបង្ហាញជាទម្រង់ប្រតិមាទោល គេមិនសូវនិយមនោះឡើយ។ ពោល គឺប្រតិមាព្រះពោធិសត្វមៃត្រេយ មានតិចតួចបំផុត បើប្រៀបធៀបជាមួយព្រះពោធិសត្វអវលោកិតេស្វរ ឬព្រះពោធិសត្វប្រាជ្ញាបារមី ដែលគេប្រទះឃើញជាច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី មានប្រតិមាសំរឹទ្ធិមួយអង្គដែលពិសេសខ្លាំង រកឃើញនៅវត្តអម្ពិលទឹក ខេត្តកំពង់ឆ្នាំង ដែលមានអាយុកាលស្ថិតនៅក្នុងរចនាបថកោះកេរ ស.វ.ទី១០។ ប្រតិមាព្រះពោធិសត្វមៃត្រេយអង្គនេះ មានកម្ពស់ ៧៥,៥ស.ម., ទទឹង ៥០ស.ម., កម្រាស់ ២១,៨ស.ម. និងទម្ងន់ ៣៧,៨គ.ក.។ ប្រតិមានេះ បានបញ្ជូនមកកាន់សារមន្ទីរជាតិកម្ពុជា នៅឆ្នាំ១៩២៦ ហើយកាលពីឆ្នាំ២០១០/២០១១ គេធ្លាប់យកប្រតិមានេះទៅតាំងពិព័រណ៍នៅសហរដ្ឋអាមេរិក។ ព្រះពោធិសត្វមៃត្រេយដ៏ពិសេសនេះ បង្ហាញឡើងក្នុងទម្រង់ឈរជំហរត្រង់ ស្លៀកសំពត់ខ្លី មានខ្សែក្រវាត់ មានជាយទម្លាក់ចំពីមុខចំនួនពីរជាន់ និងមានព្រះហស្ត៨ (ព្រះហស្ត២ខាងក្រោមដាក់លាត្រង់ទៅមុខ)។ ព្រះអង្គមានព្រះភក្រ្តមូល ញឹមស្ងប់ បបូរមាត់ក្រាស់ មានពុកមាត់ ព្រះនេត្របិទ ព្រះកាណ៌វែង ចិញ្ចឹមវែង សក់រួញ និងផ្នួងសក់មានរូបចេតិយតូចមួយ។ សរុបជារួមមក ប្រតិមាព្រះពោធិសត្វមៃត្រេយនៅក្នុងសិល្បៈខ្មែរសម័យបុរាណ ថ្វីត្បិតតែមិនត្រូវបានគេសាងសង់ឡើងច្រើនសន្ធឹកសន្ធាប់ដូចព្រះពោធិសត្វអវលោកិតេស្វរ ឬព្រះប្រាជ្ញាបារមីក៏ដោយ វត្តមានរបស់ព្រះអង្គតាមរយៈសិលាចារឹក និងប្រតិមាសំរឹទ្ធិនានាចាប់ពីសម័យមុនអង្គររហូតដល់សម័យអង្គរ បានស្តែងឱ្យឃើញយ៉ាងច្បាស់អំពីជំនឿយ៉ាងជ្រាលជ្រៅរបស់ខ្មែរចំពោះ “ព្រះពុទ្ធអនាគត”។ លក្ខណៈសម្គាល់ដ៏សំខាន់ និងពិសេសបំផុតនៃប្រតិមាព្រះពោធិសត្វមៃត្រេយ គឺរូបចេតិយនៅលើផ្នួងសក់ ដែលជាចំណុចខុសប្លែកពីព្រះពោធិសត្វផ្សេងទៀត។ ភស្តុតាងប្រវត្តិសាស្ត្រ និងសិល្បៈទាំងនេះ បានបង្ហាញអំពីឥទ្ធិពលយ៉ាងរស់រវើក និងការរីកចម្រើននៃព្រះពុទ្ធសាសនាមហាយាននៅក្នុងអារ្យធម៌ខ្មែរ ដែលនៅតែបន្តមានឥទ្ធិពលលើជំនឿសាសនារបស់ប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ន។



———–
This paper examines the iconographical evolution, historical context, and religious significance of the Bodhisattva Maitreya (the Future Buddha) within ancient Khmer art and civilisation, spanning from the pre-Angkorian period to the Angkorian era. Drawing upon epigraphic evidence, notably the 7th-century Old Khmer inscription K.163 from Prasat Ampil Rolum, and prominent bronze sculptures documented by pioneering scholars such as Pierre Dupont, this study highlights the early establishment and veneration of Mahayana Buddhism in ancient Cambodia. A central focus is placed on the distinctive iconographic attribute of Maitreya, specifically the miniature stupa (caitya) adorning the chignon, which differentiates him from other contemporary deities like Avalokiteshvara. Although Maitreya statues were less frequently produced compared to other bodhisattvas in later periods, surviving masterworks, such as the 10th-century bronze from Wat Ampil Teuk housed in the National Museum of Cambodia, demonstrate a continuous and profound devotional tradition dedicated to the Future Buddha in Khmer society.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី





