ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចបាញ់សេកក្នុងពិធីលេងមេមត់នៅតំបន់កោះកេរ

កិច្ចបាញ់សេកក្នុងពិធីលេងមេមត់នៅតំបន់កោះកេរ

នៅតំបន់កោះកេរ គេតែងប្រារព្ធពិធីលេងមេមត់ស្ទើរតែជារៀងរាល់ឆ្នាំ តែពិធីនេះធ្វើឡើងក្នុងគោលបំណងលាបំណន់ ឬបំពេញតាមកិច្ចសន្យាដែលបានជំពាក់ជាមួយពពួកអមនុស្សតែប៉ុណ្ណោះ។ ពោល គឺបន្ទាប់ពីមានសមាជិកគ្រួសារណាម្នាក់មានជំងឺ គេតែងទៅរកអ្នកចេះបូល ឬទៅបញ្ជាន់រូបដើម្បីសួររកមូលហេតុនៃជំងឺជាក់ជាពុំខាន។ ប្រសិនអមនុស្សទាមទារឱ្យលេងមេមត់ នោះគេនឹងត្រូវរៀបចំកិច្ចនេះចំនួន៣​ឆ្នាំជាប់ៗគ្នា នៅរដូវផ្កាចាររីកក្នុងខែមាឃ ដែលគេច្រើនហៅថា “ខែមាឃផ្កាចារ”។ ពិធីនេះ គេធ្វើនៅពេលយប់ដែលរួមបញ្ចូលដោយកិច្ចជាច្រើនដំណាក់កាល ដូចជា កិច្ចសែនគ្រូភ្លេង កិច្ចលេងអ្នកតា កិច្ចលេងមេមត់ កិច្ចបាញ់សេក និងកិច្ចកាច់ផ្កាសាពិតានជាដើម។ នៅក្នុងអត្ថបទខ្លីនេះ ខ្ញុំនឹងលើកនិងពិចារណាត្រឹមតែ “កិច្ចបាញ់សេក” មួយប៉ុណ្ណោះ ដោយយកករណីសិក្សានៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តើហេតុអ្វីបានជាត្រូវបាញ់សេក? តើសេកតំណាងឱ្យអ្វី? ហេតុអ្វីបានជាត្រូវផ្តាច់រវាងភពមនុស្សនិងអមនុស្ស?

កិច្ចបាញ់សេក ជាកិច្ចមួយដែលប្រារព្ធនៅវេលាជិតភ្លឺ ហើយវត្តមានរបស់រូបតំណាងសត្វសេក គេឃើញនៅលើកំពូលនៃជមគុំសំណុំ ឬជមគុំសង្វារ។ លោក ព្រាន់ សុភារៈ យល់ថា ជមគុំសំណុំ ឬជមគុំសង្វារ សំដៅដល់ “ជមគ្រូកំណើត” ដែលមនុស្សគ្រប់រូបកើតមកតែងតែមានគ្រូកំណើតប្រចាំខ្លួន ហើយអ្នកនោះគឺជាគ្រូដើមដែលតាមថែរក្សាការពារពួកគេ។ ចំណែកឯ លោកសាស្រ្តាចារ្យ អាំង ជូលាន បង្ហាញថា ជមទាំងនោះមានសញ្ញាបញ្ជាក់ពីលក្ខណៈជាមនុស្សខ្លះដែរ ដ្បិតជួនកាលគេលម្អដោយមួកពណ៌ក្រហមរាងស្រួចចំកណ្តាល និងខ្លះទៀតមានក្រវាត់ចង្កេះទៀតផង។ គំនិតរបស់អ្នកស្រាវជ្រាវទាំងពីរនេះ គឺច្បាស់ណាស់ថា ជមនេះបង្ហាញអំពីលក្ខណៈសម្គាល់របស់មនុស្ស។ ជាក់ស្តែង ជមគុំសំណុំ​ បង្ហាញអំពីលក្ខណៈរបស់មនុស្សពេលកើតដែលមានស្រោមទឹកភ្លោះទាំងមូល។ សម្ភារៈដែលយកមកធ្វើជមទាំងនេះ មានដូចជាមើមកំភ្លឹង ឬផ្លែដូង ឬដើមស្នែងគង់ ឬដើមរលក ពោលគឺគេអាចរៀបចំខុសគ្នា អាស្រ័យទៅតាមការទាមទាររបស់អមនុស្ស ហើយនៅកន្លង់មាននិមិត្តសញ្ញាបូក។  ជាទូទៅពេលមេមត់ (ខ្មោច) ចូលសណ្ឋិតក្នុងខ្លួន រូបស្នងតែងយកកន្សែងមកគ្របមុខ នោះគេនឹងដឹងច្បាស់ថាមេមត់នេះ ជាគុំសំណុំជាក់ជាមិនខាន។ រីឯ ជមគុំសង្វារក៏ពុំខុសគ្នាប៉ុន្មានទេ ពោល គឺជាការបង្ហាញលក្ខណៈរបស់មនុស្សនៅពេលកើតមក ដែលតែងមានស្រោមទឹកភ្លោះបានបែក ហើយរុំព័ទ្ធជុំវិញទារក។ ជមនេះជាទូទៅធ្វើអំពីឈើរាងស៊ីឡាំង ហើយកន្លង់មាននិមិត្តសញ្ញាដក។ ពេលមេមត់ (ខ្មោច) ចូលសណ្ឋិត គឺភាគច្រើនរូបស្នងតែងយកកន្សែងមកបង់នឹងក។ ម្ល៉ោះហើយ យើងអាចសន្និដ្ឋានបានថា ជមគុំសំណុំ និងជមគុំសង្វារ គឺជារូបតំណាងឱ្យលក្ខណៈ ឬអត្តសញ្ញាណផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។

អ្វីដែលគួរយកមកពិចារណាមួយទៀតនោះ គឺសត្វសេកដែលនៅលើកំពូលនៃជម ថាតើតំណាងឱ្យអ្វី?។ សត្វសេក គឺជាបក្សីដែលមានពណ៌ឆើតឆាយ និងអាស្រ័យផលរស់នៅក្នុងព្រៃ។ បើពិចារណាអំពីការប្រៀបធៀបរវាងវិស័យស្រុក (ភពមនុស្ស) និងវិស័យព្រៃ (ភពអមនុស្ស) បង្ហាញឱ្យឃើញថា សត្វសេកតំណាងឱ្យអមនុស្ស ដ្បិត សេក ជាសត្វរស់នៅក្នុងព្រៃ។ គំនិតនេះហាក់បីដូចជាស្របគ្នាទៅនឹងជំនឿរបស់ជនជាតិដើមភាគតិចកួយនៅភូមិវាលវែង ខេត្តកំពង់ធំ ដែលអ្នកស្រុកជឿថា សត្វសេក គឺតំណាងឱ្យដូនតារបស់ខ្លួន។ ជាក់ស្តែង ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ អ្នកស្រុក (ជនជាតិកួយ) តែងតែរៀបចំសែនព្រេន ដោយដាក់គ្រឿងសំណែនក្នុងច្រមនៅក្បែរដីស្រែ ហើយបើមានសត្វចាបឬសេកមកស៊ីសំណែននោះ គេចាត់ទុកថា ដូនតាបានមកទទួលផលហើយ។ ហេតុដូច្នេះ យើងអាចសន្និដ្ឋានបានថា ជមតំណាងឱ្យមនុស្ស រីឯសេកតំណាងឱ្យអមនុស្ស ពោលគឺអំឡុងពេលលេងមេមត់ តែងមានមនុស្ស និងអមនុស្សនៅជាមួយគ្នាបណ្តោះអាសន្ន តាមរយៈការសណ្ឋិតក្នុងខ្លួនរូបស្នង។ ដូច្នេះហើយ ទើបបានជាមានកិច្ចបាញ់សេកនេះឡើង ដែលគេប្រារព្ធឡើងដើម្បីផ្តាច់អមនុស្ស ឱ្យចេញពីមនុស្សបន្ទាប់ពីបញ្ចប់ពិធី ដ្បិតមនុស្ស និងអមនុស្សពុំអាចរស់ជាមួយគ្នាបានទេ។ ដោយឡែក ក្បាលគ្រាប់ដែលគេបាញ់នោះទៀតសោត គេធ្វើអំពីផ្លែត្របែក ដែលអាចពាក់ព័ន្ធនឹងការបែកចេញ ឬផ្តាច់ចេញ។ គំនិតនេះមានលក្ខណៈស្រដៀងគ្នានឹងពិធីលៀងអារក្សនៅភូមិសំបូរ ខេត្តកំពង់ធំ ដូច្នោះដែរ។ ពោល គឺនៅចុងបញ្ចប់នៃពិធី មានកិច្ចកាច់ផ្កាសាពិតាន ដែលនិយាយអំពីការបេះផ្កាត្របែក និងរៀបរាប់អំពីតួអង្គឈ្មោះ “អាគ្រោះ” បានទៅងូតទឹកក្បែរមាត់អណ្តូង ហើយរើសបានស្បៃរបស់អ្នករោង ព្រមទាំងទាមទារឱ្យអ្នករោងត្រូវយកសំណងមកលោះយកស្បៃនោះត្រឡប់ទៅវិញ។ បើពិចារណាលើសាច់រឿងនេះបន្តិច យើងឃើញថាតួអង្គ “អាគ្រោះ” គឺតំណាងឱ្យអមនុស្ស  រីឯ “អ្នករោង” គឺតំណាងឱ្យមនុស្ស។ ចំណែកឯ “ស្បៃ” គឺតំណាងឱ្យព្រលឹងរបស់អ្នករោង ឬអ្នកចូលរូប ព្រោះស្បៃនោះគេបានរាប់ចំនួនរហូតដល់ទៅ “ដប់ប្រាំបួន (១៩)” ដែលគេដឹងច្បាស់ថា ជាចំនួនសរុបនៃព្រលឹងរបស់មនុស្ស។ ម្ល៉ោះហើយ ទើបគេត្រូវយករបស់ទៅលោះស្បៃ (ព្រលឹង) មកវិញ ដើម្បីកុំឱ្យមានការពាក់ព័ន្ធជាមួយអមនុស្សតទៅទៀត។

សរុបមក “កិច្ចបាញ់សេក” ក្នុងពិធីលេងមេមត់នៅតំបន់កោះកេរ គឺជាពិធីបែបជីវចលមួយ ដែលឆ្លុះបញ្ចាំងពីជំនឿអរូបី និងការយល់ឃើញរបស់សហគមន៍មូលដ្ឋានចំពោះទំនាក់ទំនងរវាងមនុស្សនិងអមនុស្ស។ ជាក់ស្តែង តាមរយៈការប្រើប្រាស់ជមគុំសំណុំនិងជមគុំសង្វារ ដើម្បីតំណាងឱ្យអត្តសញ្ញាណរបស់មនុស្ស រួមផ្សំជាមួយនឹងរូបសេកដែលតំណាងឱ្យអមនុស្ស (ព្រលឹង ឬតួអង្គមកពីវិស័យព្រៃ) កិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ចប់ទំនាក់ទំនងបណ្តោះអាសន្នដោយការបាញ់ផ្តាច់ដាច់ស្រេចនូវវត្តមានរបស់អមនុស្សឱ្យវិលត្រឡប់ទៅភពរបស់ខ្លួនវិញ។ គួរឱ្យកត់សម្គាល់នោះ ការប្រើប្រាស់ក្បាលគ្រាប់ធ្វើពីផ្លែត្របែកក៏បង្កប់នូវអត្ថន័យនៃការកាត់ផ្តាច់ ឬបែកចេញពីគ្នាថែមទៀតផង។ ម្ល៉ោះហើយ កិច្ចនេះមិនត្រឹមតែបង្ហាញពីការដោះស្រាយបញ្ហាផ្លូវចិត្ត និងសុខភាពតាមរយៈជំនឿប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិច្ចការពារលំនឹងរវាងពិភពមនុស្ស និងពិភពអមនុស្ស ឱ្យរស់នៅឱ្យដាច់ចេញពីគ្នា។

————–
This article explores the ritual practice known as “Kech Banh Sek” (the parrot-shooting ritual) performed during the Memot healing ceremony in the Koh Ker region of Preah Vihear province. Typically conducted to fulfil vows made to supernatural entities following a family member’s illness, the ceremony involves various spiritual stages. Through a case study approach, this research examines the symbolic dimensions of the ritual paraphernalia, specifically the chom kum somnum and chom kum songvar, which represent individual human identities or birth-guardians (krou komnert), and the effigy of a parrot, which symbolizes the supernatural realm (amanus) associated with the forest. The climax of the ritual, the parrot-shooting ceremony executed near dawn, serves a crucial boundary-maintenance function: it ritually severs the temporary connection between the human world and the supernatural entities, ensuring their separation and restoring cosmological and psychological equilibrium. Using guava-fruit projectiles to symbolize cutting or breaking away, the ritual highlights indigenous cosmological frameworks and mechanisms for managing health and well-being through communal belief systems.

អត្ថបទដោយ៖ ស្រី សមប៊ុនណារ៉ុង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img