ទំព័រដើមសិល្បៈមរតករស់តម្បាញកន្ទេលក្រហម និងទិដ្ឋភាពខ្លះក្នុងវប្បធម៌ខ្មែរ

តម្បាញកន្ទេលក្រហម និងទិដ្ឋភាពខ្លះក្នុងវប្បធម៌ខ្មែរ

អ្នកស្រុកខ្មែរ​ចេះត្បាញកន្ទេលសម្រាប់ប្រើប្រាស់​​ច្រើនបែបយ៉ាងណាស់ ពោលគឺ​អាស្រ័យដោយចំណេះប្រាជ្ញ រៀនបន្តពីម្តាយ​ឪពុក​ឬចាស់ទុំ​ក្នុងភូមិ និងបរិស្ថានដែលគេអាស្រ័យនៅ។ សោតឯ​​អម្បាលកន្ទេល​​ទាំងនោះ ក៏​មានឈ្មោះផ្សេងៗហៅតាមវត្ថុ​ធាតុយក​មកត្បាញដែរ​ដូចជា កន្ទេល​រុនត្បាញពីដើមរុន កន្ទេលចចូតត្បាញពីដើមចចូត កន្ទេល​​ផ្ទាវ​ត្បាញ​ពី​ធាង​ផ្អាវ កន្ទេល​​ផ្តៅត្បាញពីចម្រៀកផ្តៅ កន្ទេល​ជ្រែត្បាញពីស្លឹកជ្រែ កន្ទេលស្លឹកត្នោតត្បាញ​ពីស្លឹកត្នោត និង​កន្ទេលក្រហមគឺត្បាញកក់ជ្រលក់​ពណ៌ជាដើម។ លើសពីចំណេះ​ត្បាញឱ្យកើតជាកន្ទេលផង គេ​ឃើញ​ការប្រើប្រាស់​កន្ទេល​ក្នុងសង្គម​ខ្មែរ​​​ក៏មានបែបផែនផ្សេង​គ្នាដែរ ដូចជា​កន្ទេល​សម្រាប់​ក្រាល​ទទួល​ភ្ញៀវ​និងប្រើ​ក្នុងពិធីមង្គលការឬ​​ពិធីបុណ្យ​ទាន កន្ទេល​ជា​ទេយ្យ​វត្ថុប្រគេន​ព្រះសង្ឃនៅ​តាមវត្តអារាម កន្ទេលដេក កន្ទេលហាលស្រូវ និង​ហាលអ្វីៗទៀត​ជា​ច្រើន។

បើលើកមកនិយាយដាច់ដោយឡែកចំពោះតែកន្ទេលក្រហម គេសម្គាល់ឃើញថា​ហាក់​ដូចជា​មាន​លក្ខណៈ​វិសេសទាំងការត្បាញ និងការប្រើប្រាស់​តាំងពីបុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​។ ​ខ្មែរ​ហៅ​ថា “កន្ទេលក្រហម” ដ្បិត​ដោយ​សារគេនិយម​ប្រើ​ពណ៌​ក្រហម​ជាគោល​ ត្បាញលាយនឹង​ពណ៌​ផ្សេង។ ការត្បាញកន្ទេលនេះ​ ជាចំណេះប្រពៃណី​ចេះត​ពី​ដូនតា​នៅក្នុងតំបន់​មួយ​ចំនួន​ដូចជា​ ស្រុក​ខ្សាច់កណ្តាល ស្រុក​ល្វាឯម​ (ខេត្ត​កណ្តាល) ស្រុក​ពារាំង (ខេត្ត​ព្រៃវែង) ស្រុក​កងមាស (ខេត្តកំពង់ចាម) និងស្រុក​កំពង់ត្រឡាច (ខេត្ត​កំពង់ឆ្នាំង) ។ល។​ ចំពោះវត្ថុ​ធាតុ​សំខាន់សម្រាប់ត្បាញ​កន្ទេលក្រហមគឺ កក់មូល ក្រចៅ និង​​ល័ក្ត។ ចំណែកឯកក់ គឺជា​ពពួក​រុក្ខជាតិប្រភេទជាស្មៅ​ មាន​ឈ្មោះឡាតាំងថាMariscus compactus មាន​កក់​ដើមមូល(កក់មូល) និង​កក់ដើមជ្រុង(កក់ជ្រុង) ហើយ​ភាគ​ច្រើនដុះ​​ដោយ​ធម្មជាតិ។​ ​ប៉ុន្តែសព្វថ្ងៃ​​អ្នកត្បាញកន្ទេល​ក្រហមត្រូ​វ​​ដាំកក់​មូល ដោយ​ព្រោះគ្រាប់ រួច​ដ​ក​កូនកក់ទៅស្ទូង​ ដូច​ស្ទូង​ស្រូវ​នៅតាម​​​មាត់ទឹក​ ឬមាត់ទន្លេ​ ប្រហែលដោយការប្រើកក់ជាវត្ថុធាតុ​ចម្បង ទើបខ្លះហៅ​កន្ទេលក្រហមថា “កន្ទេលកក់” ដែរ។

កក់ស្ទូងរួចប្រហែល​៣ខែ កម្ពស់​ប្រហែល​១ម៉ែត្រ ទៅ​១ម៉ែត្រ​កន្លះ គេត្រូវច្រូត​យកតែ​ដើមណា​ល្អ មិនគ្រេចឬមិនបាក់ដើម​តែប៉ុណ្ណោះ។ កក់មួយដើម គេច្រៀកបានបីទៅបួនចម្រៀក ដើម្បីទៅច្រៀក​យក​បណ្តូល​ចេញ​ រួច​ហាលឱ្យ​ស្ងួត​ ប្រមូល​ចងបាច់ទុក​ក្នុងផ្ទះ​សម្រាប់ប្រើត្បាញកន្ទេល។ ការ​ដាំដុះច្រូតកាត់ប្រមូលផល​កក់នេះ អ្នក​ស្រុក​​​​តាម​ដង​ទន្លេ​ច្រើនធ្វើ​នៅ​រដូវទឹក​ស្រក។ លុះដល់រដូវ​វស្សា​ ក្រៅពីការងារចិញ្ចឹមជីវិត​ធ្វើស្រែចម្ការ ឬរបរនេសាទ គេ​អាច​យក​កក់​ដែល​ហាលស្ងួតនោះមក​ត្បាញកន្ទេលប្រើប្រាស់ ឬលក់ដូរ​​បន្ថែម​ចំណូល​ក្នុង​គ្រួសារ។ ដូចគ្នា​នេះដែរ ចំពោះក្រចៅ​ដែលប្រើជា​វត្ថុ​ធាតុ​ក្នុងការងារ​ត្បាញកន្ទេលនេះដែរ ក៏ត្រូវ​ដាំ​ដុះ​ និង​ប្រមូល​ផល​យកទៅសក​យក​សំបក​ហាលថ្ងៃ​រក្សា​ទុក​ជា​មុនដូចកក់ដែរ។ ក្រចៅនេះបន្ទាប់ពីស្ងួតហើយ ​​គេ​ត្រូវ​​វេញ​វា​ឱ្យ​កើត​ជា​ខ្សែ​វែងជាប់​គ្នា ហើយ​មូរ​ជា​របុំ​ដូចអំបោះហុង។​​

ឧបករណ៍ប្រើ​ប្រាស់​សម្រាប់​ត្បាញកន្ទេលមាន​ច្រើន​គួរសមដែរ តែបើរាប់ត្រួសៗ​មាន​ដូចជា កីធ្វើពីឈើនិងឫស្សី ស្និត បន្ទាត់វែង(ឬឈើចាក់ ឬឈើដាម) បង្គោល​​​ទល់រាល បន្ទះក្ដារ និងរាល។ វត្ថុទាំងអម្បាល​ម៉ាន​នេះ ច្រើនតែ​អ្នកត្បាញធ្វើ​ដោយ​​ដៃឯង ឬពឹងពរ​រក​អ្នកភូមិផង​ធ្វើឱ្យ។ ​ចំណែកវត្ថុធាតុសម្រាប់យកមកត្បាញមានដូច​ជា សរសៃកក់ស្ងួត ក្រចៅ និងល័ក្ដ។ ចំពោះល័ក្ត ដែលប្រើសម្រាប់ជ្រលក់កក់ ពីដើម​ឡើយ​ប្រើល័ក្ដធម្មជាតិ តែសព្វថ្ងៃគេនិយម​ប្រើល័ក្ដគីមី (ខ្លះហៅល័ក្ត​ផ្សារ)។

តាមការសង្កេត កន្ទេលក្រហមដែល​ត្បាញពីកក់មូលនេះមានពីរប្រភេទ គឺប្រភេទកន្ទេលសម្រាប់ប្រើប្រាស់ក្នុងគ្រួរសារ មានបណ្ដោយជាមធ្យម២ម៉ែត្រ ទទឹងអាចខុសៗគ្នាអាស្រ័យ​លើ​ធ្មេញឈើ ដែល​អាចមានប្រវែងពី០,៨០ម៉ែត្រ រហូតដល់១,៥០ម៉ែត្រ។ ​ប៉ុន្តែ​ប្រសិន​ចង់បានទទឹង​ធំរហូត​ដល់១,៦០ ឬ១,៨០ម៉ែត្រ គេត្រូវត្បាញតគ្នា ពោលគឺយកកក់​ខ្លីត្បាញភ្ជល់មុខ ដែលគេហៅថាកន្ទេលត។ ចំណែកកន្ទេលមួយប្រភេទទៀតហៅថា “កន្ទេលខ្សែ” ដែលយើងតែង​សង្កេតឃើញ​ប្រើនៅតា​ម​វត្ត​ ក្រាល​សម្រាប់ព្រះសង្ឃគង់​ឆាន់​​​​​ចង្ហាន់ ឬសម្រាប់ពុទ្ធបរិស័ទអង្គុយ។ កន្ទេលនេះមានទទឹងប្រហែល​០,៨០ម៉ែត្រ ទៅ១ម៉ែត្រ ហើយ​អាច​មានបណ្ដោយប្រវែងពី៥ម៉ែត្រ ឬរហូតដល់១០ម៉ែត្រ អាស្រ័យ​តាម​ការ​ចង់បាន។ ចំពោះការត្បាញកន្ទេលក្រហម​ ត្រូវ​ចាប់ផ្តើម​​ដោយអន្ទងខ្សែក្រចៅជាមុនសិន ហើយ​កិច្ច​ការ​ត្បាញនេះ​ យ៉ាង​ហោច​ត្រូវ​មាន​មនុស្ស២ ទៅ៣នាក់ ដោយម្នាក់កាន់ធ្មេញដំកក់ និងម្នាក់ទៀត​ចាំកាន់​ឈើចាក់ស៊កកក់ចូលក្នុងខ្សែក្រចៅ។ ជាធម្មតាមួយ​​ថ្ងៃគេអាចត្បាញកន្ទេល​ធម្មតាបាន១ ឬ២ រីឯកន្ទេលខ្សែត្រូវចំណាយពេល​ប្រហែល២ថ្ងៃ ទៅ​ ៥ថ្ងៃ។ សូមបញ្ជាក់ថាមុននឹងយកសរសៃកក់ដែលហាលស្ងួតនោះទៅត្បាញ គេត្រូវ​យក​វាទៅជ្រលក់ពណ៌ រួចហាល​ឱ្យស្ងួតជាមុនសិន។

ចំពោះក្រឡាឬគោម(ឬខ្លះហៅថាក្បាច់)​​នៅលើ​កន្ទេលក្រហម​មាន​ច្រើន​បែបយ៉ាង​ដែរ អាស្រ័យ​លើ​គំនិត​ច្នៃប្រឌិត។ ក្រឡាឬគោម​ទាំង​នោះកើត​ពីការ​ត្បាញ​ដោយ​ឆ្លាស់​គ្នារវាងសរសៃកក់ពណ៌ផ្សេងៗដូចជា ក្រឡាសារ៉ុង ក្រឡាដុំ​ឥដ្ឋ ក្រឡា​កន្សែងព័ទ្ធ ក្រឡាស្រកាលិញ(តូច-ធំ) ក្រឡាដុំអាចម៍ជ្វា ក្រឡាខ្វែង ក្រឡារូបផ្កាយ និង​ក្រឡាចម្រុះជាដើម។ បើតាម​ឯកសារ​ស្រាវជ្រាវ​ដើមទសវត្សទី​៤០ ក្រឡាកន្ទេលក្រហម​មួយបែប​របស់​អ្នក​ស្រុក​កំពង់ត្រឡាច ត្រូវអ្នកស្រុក​ព្រែកតាមាក់ ខេត្តកណ្តាលនិយមរាប់អាន​ធ្វើតាម​ក៏គេហៅ​ជាប់​ឈ្មោះ​ថា “ក្រឡាកំពង់ត្រឡាច” ដែរ។

ដោយឡែក ចំពោះការ​ប្រើប្រាស់កន្ទេលក្រហម (ឬកន្ទេលកក់)ក្នុង​ទិដ្ឋភាពខ្លះ​នៃ​​វប្បធម៌ខ្មែរ យើងមើលឃើញថា​ក្នុង​ពិធីសំពះផ្ទឹមរៀបអាពាហ៍ពិពាហ៍ គេច្រើន​និយម​ប្រើ​កន្ទេល​ក្រហមទុក​​ជាកន្ទេលមង្គលសម្រាប់រៀបចំឱ្យកូនក្រមុំ និងកូនកំលោះអង្គុយសំពះផ្ទឹម​ក្រាប​ក្បាល​ដល់កន្ទេល​មុខចាស់ទុំ។ ចំណែកក្នុងទំនៀម​ដង្ហែ​អង្គកឋិន​ទាន​ផង ក៏​តែង​សម្គាល់ឃើញ​មាន​កន្ទេល​ក្រហម ធ្វើ​ជា​ទេយ្យ​វត្ថុសំខាន់​ដង្ហែ​​ប្រគេន​ព្រះ​សង្ឃ​ដែរ។ ប៉ុន្តែត្រង់ប្រការខាងលើ គួរមាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែមអំពីខ្លឹមសារ​ និងអត្ថន័យ​កន្ទេល​ក្រហម​ក្នុង​ពិធីប្រពៃណី​បន្ថែមទៀត ដ្បិត​​គេឃើញ​មាន​ប្រើ​​ក្រាលព្រះសង្ឃគង់ ក្រាលទទួលភ្ញៀវ រហូតដល់ប្រើ​ជា​វត្ថុ​មង្គល​នៅក្នុងកិច្ចឡើង​ផ្ទះថ្មីទៀតផង។

សរុបសេចក្តីមក ការត្បាញកន្ទេលក្រហម មិនត្រឹមតែជាសិប្បកម្មប្រពៃណីដែលបានបន្សល់ទុកពីបុរាណ ជាប់នឹងចំណេះដឹងប្រពៃណីដាំដុះកក់ ជ្រលក់ពណ៌ និងត្បាញយ៉ាងផ្ចិតផ្ចង់ទេ តែ​កិច្ចការនេះក៏ជាផ្នែកមួយយ៉ាងសំខាន់នៃអត្តសញ្ញាណវប្បធម៌ និងជីវភាព​សង្គមខ្មែរផងដែរ។ ថ្វីបើកន្ទេលបានប្រើប្រាស់ទូទៅក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់​ទទួលភ្ញៀវ ឬលក់​ដូរ​បង្កើនប្រាក់ចំណូលបន្ថែមដល់គ្រួសារក៏ដោយ តែវត្ថុនេះ​មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជំនឿ និងពិធីបុណ្យប្រពៃណី ដូចជាការប្រើជាវត្ថុមង្គលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងក្នុងពិធីកឋិនទានជាដើម។ ដូច្នេះការបន្តសិក្សាស្រាវជ្រាវ ការលើកកម្ពស់ និងការថែរក្សាមរតកសិប្បកម្មកន្ទេលក្រហម គឺជាកាតព្វកិច្ចដ៏ចាំបាច់ដើម្បីធានាថា​ចំណេះដឹងត្បាញតាមបែបប្រពៃណីរបស់ដូនតាខ្មែរនៅតែមានអត្ថិភាព និងរីកចម្រើនក្នុងសង្គមសម័យទំនើប៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត


- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,600SubscribersSubscribe
- Advertisement -spot_img