ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿព្រេងនិទានពីរនៅក្រុមប្រាសាទបាកាណ

ព្រេងនិទានពីរនៅក្រុមប្រាសាទបាកាណ

“បាកាណ”ជាក្រុម​ប្រាសាទ ឬហៅថាក្រុមប្រាសាទព្រះខាន់កំពង់ស្វាយ។ ​បច្ចុប្បន្នទីតាំងបុរាណដ្ឋាន​នេះ​​បាន​​​កាត់​បញ្ចូល​ក្នុង​ភូមិ​សាស្រ្ត​​រដ្ឋបាលឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ នៃភាគខាងជើង​ប្រទេសកម្ពុជា ដែលមានចម្ងាយ​​ប្រហែល​​១០៥​គីឡូ​ម៉ែត្រភ្ជាប់តាម​​​ផ្លូវបុរាណ​មួយខ្សែ​ចេញ​ពីអង្គរ​ទៅភាគ​​ខាង​កើត​​។ តាម​ប្រវត្តិ​សាស្រ្ត ​រដ្ឋបាល​នៃទីតាំង​តំបន់នេះ​បាន​ផ្លាស់​ប្តូរ​ជាញឹក​ញាប់។ មុន​ឆ្នាំ​១៩៨៦ក្រុមប្រាសាទបាកាណ​​រាប់​ចូល​ក្នុង​ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ ហើយ​ភូមិសាស្រ្ត​នេះ​នៅកៀក​ជិត​តំបន់ភ្នំដែក ដែល​អ្នក​ស្រាវជ្រាវ​ឱ្យ​តម្លៃថា​ គឺជា​ប្រភពនៃការ​ផ្គត់​ផ្គង់​ដែក​ដ៏​សំខាន់​បំផុត ​​​នៃអារ្យ​ធម៌​អង្គរ។ ទន្ទឹមនោះ ក្នុង​ឆ្នាំ​២០២០ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ បានចុះក្រុមប្រាសាទបាកាណ​ទៅ​ក្នុង​បញ្ជីត្រៀម​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក។

ក្រុម​ប្រាសាទបាកាណ មាន​ទំហំ៤.៥គីឡូ​ម៉ែត្រ​បួន​ជ្រុង ពោលគឺធំ​ជាង​​បរិវេណ​​​ក្រុង​អង្គរធំ(៣.២គីឡូម៉ែត្របួនជ្រុង)។ បុរាណដ្ឋាន​នៃ​ក្រុម​ប្រាសាទ​នេះ ព័ទ្ធជុំ​វិញ​ដោយ​កំពែង​៤ជាន់ ដែល​កំពែងទី១ និងទី២ ជា​កំពែង​ដី ចំណែក​កំពែង​ទី៣ និង​ទី៤ ជាកំពែងថ្មភក់។ នៅឆ្នាំ​២០០៦ ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ​អ្នក​ជំនាញ​​សាលាបារាំង​ចុងបូព៌ា​ប្រទេស(EFEO)បាន​ធ្វើបច្ចុប្បន្នភាព​​ប្រាសាទ​ និង​រចនាសម្ព័ន្ធសំខាន់​​ៗ​​​មាន​​ដូចជា ស្ពានស្ទឹងក្រសាំង ប្រាសាទ​ក្រោលកន្ធាយ ប្រាសាទព្រះដំរី បារាយណ៍ ប្រាសាទ​ព្រះថ្កោល ប្រាសាទព្រះ​ស្ទឹង ប្រាសាទព្រះចតុម្មុខ ប្រាសាទ​កាត់ក្តី ប្រាសាទគុក បន្ទាយក្នុង ប្រាសាទបឹងស្រែខាងលិច ប្រាសាទចាម ប្រាសាទ​អូរឈើ​ទាល​តូច ប្រាសាទអូរឈើ​ទាល​​ត្បូង ប្រាសាទត្រពាំងថ្នល់ ប្រាសាទវត្តគគីរ និង​ប្រាសាទត្រពាំងចំបក់។

ដោយឡែកគេដឹងថា មកដល់សព្វថ្ងៃមាន​​និទាន​ពីរនិយាយពាក់​ព័ន្ធនឹងបាកាណ​ហើយ​រឿង​ទាំងពីរ​ហាក់មាន​​អត្ថន័យ​​ឆ្លើយ​ឆ្លង​គ្នាដោយ​អន្លើយ។ និទាន​ទាំងពីរជាការ​ចងចាំតៗគ្នា​ពី​ដូនតា ពុំមាន​ជាការ​កត់​ត្រា ឬចង​ក្រង​ជាឯកសារ​អ្វីឡើយ។ ចំពោះ​សម្រង់​ខាងក្រោមនេះ គឺជាការ​និទាន​ត្រួសៗតាម​ការ​ចងចាំរបស់​លោក ជា វណ្ណា ជា​​ឆ្មាំ​នៅ​ប្រាសាទ​​បាកាណដែលមានខ្លឹមសារថា “ពី​ព្រេងនាយ មានក្សត្រមួយ​អង្គមិនប្រាកដនាម សោយ​​រាជ្យ​​នៅ​ព្រះបរម​រាជវាំងបាកាណ។ ក្សត្រអង្គ​នេះមាន​​បុត្រី​មួយ​ឱ្យ​នាមថា នាងពៅ។ នាង​ពៅ​​បាន​ចិញ្ចឹម​ក្រពើ​មួយទុក​​ជាសត្វ​សំណព្វ​​ ឱ្យ​រស់​នៅ​ស្រះ​ក្នុង​ព្រះ​រាជ​វាំង។ ថ្ងៃមួយ​នាងពៅ​​​នឹក​ភ្នក​ចង់​​​ស្រង់​ទឹក​លេង​ក្នុង​បារាយណ៍។ ប៉ុន្តែពេល​កំពុង​ក្រសាល​សប្បាយ ស្រាប់​តែ​មាន​ក្រពើ​ធំមួយហែល​​មក​លេបត្របាក់​នាងបាត់ទៅ។ ក្រោយ​បាន​ដំណឹងថានាងពៅត្រូវ​ក្រពើ​ក្នុងបារាយណ៍លេបរួចហើយ ក្រពើ​របស់​នាងដែល​នៅក្នុង​ព្រះរាជ​វាំង បាន​ទៅ​ទូល​សុំ​សេចក្តីអនុញ្ញាត​ពីព្រះពុទ្ធអង្គ ដើម្បី​ចេញ​ទៅប្រយុទ្ធនឹង​ក្រពើដែល​ខាំម្ចាស់​របស់​ខ្លួនជា​ការ​សង​សឹក។ ព្រះ​ពុទ្ធអង្គទ្រង់​អនុញ្ញាត តែព្រះអង្គមាន​បណ្តាំ​ថា ​ពេល​ចេញ​ផុត​ពីខ្លោង​ទ្វារ​ព្រះ​បរម​រាជ​វាំង​ស្រេចកាល​ណា សឹម​​តំណែង​ខ្លួន​ឱ្យ​ធំ ទើប​យក​ឈ្នះ​​ក្រពើ​ក្នុង​បារាយណ៍​នោះ​​បាន។​ ដោយ​ក្តី​ក្រោធ ក្រពើ​នាង​ពៅមិន​បានធ្វើ​តាម​បណ្តាំ​ព្រះពុទ្ធអង្គឡើយ វាបានតំណែង​ខ្លួន​យ៉ាង​ធំ រហូត​មិន​អាច​ចេញ​​​​ផុត​ពី​ខ្លោង​ទ្វារ​ទាំង​បួន​ទិស ហើយក៏​​បាត់​បង់ជីវិតទៅនៅ​ប្របនឹង​មាត់​បារាយណ៍។ និយាយ​ពី​ព្រះមហាក្សត្រជា​បិតា ក្រោយ​កើត​ហេតុការ​ណ៍ខាងលើ​ចំពោះរាជបុត្រី ទ្រង់​ក៏​បញ្ជា​ឱ្យ​គេ​លុប​បារាយណ៍​នោះចោល​​។ ប៉ុន្តែ​ដោយស្រុក​មាន​សង្រ្គាម​ ផែន​ការ​លុប​បារាយណ៍​បាន​ត្រឹម​តែពាក់​កណ្តាល​ដូច​ដែល​យើង​ឃើញ​ផ្ទៃគោក​​​ត្រឹម​ខាង​លិច​​ប្រាសាទ​​ព្រះ​ថ្កោល​សព្វ​ថ្ងៃ​។​ រីឯ​រូប​ចម្លាក់​ក្រពើ​មួយ​ដែល​​​នៅ​ជាប់​នឹង​ផែ​លយ​ចូល​មក​ក្នុង​បារាយណ៍​នោះជា​ក្រពើ​នាងពៅ​ដែល​ស្លាប់នោះឯង ហើយ​ប្រាង្គកណ្តាល​នៃប្រាសាទ​​បន្ទាយក្នុង ក៏ជាប់​ឈ្មោះហៅថា “ប្រាសាទ​នាងពៅ”រហូតមក”។

ចំណែក​រឿងទី២ ពុំ​មែន​ជា​រឿង​និយាយ​ចំ​ចំពោះ​ក្រុម​ប្រាសាទ​បាកាណ​ទាំងស្រុងឡើយ។ រឿងនេះ​ហាក់​ស្រដៀង​នឹង​រឿងមួយ​ដែល​​គេ​ស្គាល់ជាទូទៅថា “រឿងនាង​លម្អងរំចេក” ឬរឿង​ “នាង​ទន្តសស្រ្តា” ដែល​និយាយ​ពាក់​ព័ទ្ធទៅ​នឹង​ក្រុម​ប្រាសាទ​កោះកេរ​ ស្ថិត​នៅ​ភាគពាយ័ព្យនៃ​ក្រុម​ប្រាសាទបាកាណ។ ប៉ុន្តែ​តាម​សេចក្តី​និទានរបស់​លោក ជា វណ្ណា ដដែល​មាន​​ផ្នែក​ខ្លះ​និយាយ​ពាក់​ព័ន្ធ​ដល់​ប្រាសាទព្រះ​ដំរី ស្ថិតនៅ​ខាងកើតខ្នង​បារាយណ៍​នៃក្រុម​ប្រាសាទបាកាណ​។ សេចក្តី​ដំណាល​និទាននោះតំណាលថា “កាលពីព្រេងនាយ មានស្រ្តីទុរគត់ម្នាក់បានផឹកទឹកថ្លុកដែលជាទឹកនោមដំរី។ លុះក្រោយមក នាងក៏យល់សប្តិឃើញ​ស្តេចដំរីស ហើយក៏ចាប់ផ្តើមមានផ្ទៃពោះ បង្កើតបានកូនស្រីម្នាក់ឈ្មោះ នាងពៅ។ លុះធំដឹងក្តី នាងពៅក៏ទទូចសួរម្តាយរកឪពុក រហូតដឹងការពិតថា​ឪពុករបស់ខ្លួនជាស្តេចដំរីស។ នាងបានសម្រេចចិត្តធ្វើដំណើរទៅរកឪពុកតែម្នាក់ឯង។ តាមផ្លូវនាងបានជួបនឹងសត្វសាហាវដែលប៉ងខាំស៊ីនាង តែដោយសារនាងអង្វរ និងប្រាប់ថាខ្លួនជាកូនស្តេចដំរីស ទើបពួកសត្វទាំងនោះកោតខ្លាច ហើយនាំ​ឱ្យនាងបានជួបស្តេចដំរីសដូចប្រាថ្នា។ ប៉ុន្តែដើម្បី​ពិសោធការពិតស្តេចដំរីសបានឱ្យនាងពៅផ្សងអុជទៀនដាក់ក្នុងផ្តិលទឹក ហើយ​ដាក់​លើខ្នងដំរីស រួចឱ្យនាងលោតរំលង។ ពេលនោះ​​ទឹក​ផ្តិកមិនរំពើកកម្រើក ហើយទៀនក៏មិន​រលត់ ស្តេចដំរីសក៏ព្រមទទួលនាងពៅជាកូន រួចនាំទៅរស់នៅក្នុងប្រាសាទបាកាណ ដោយដាក់បំរាមមិនឱ្យនាងដើរទៅណា ជាពិសេស​ហាម​ច្រត់ទឹកបាយនៅក្រៅផ្ទះ។ រៀងរាល់ថ្ងៃ ឪពុកតែងបេះផ្ការំចេកមកអប់សក់ឱ្យនាងជានិច្ច។

ថ្ងៃមួយនាងពៅបានភ្លេចបណ្តាំក៏ច្រត់ទឹកបាយក្រៅផ្ទះ ធ្វើឱ្យឆ្កែព្រានព្រៃមកលិឍ ហើយព្រានព្រៃក៏បានឃើញរូបសម្រស់ស្រស់ស្អាតរបស់នាង។ ព្រានព្រៃបានលួចចាំស្តាប់​ពាក្យសញ្ញាដែលស្តេចដំរីសពោល ក៏ធ្វើតម្រាប់តាមដើម្បីបញ្ឆោតពង្រត់នាងពៅយកទៅលាក់ទុកនៅប្រាសាទកោះកេរ។ នៅតាមផ្លូវនាងបានលួចរោយគ្រាប់ល្ង និងគ្រាប់ល្ពៅដើម្បី​ធ្វើជាចំណាំ។ នៅពេលត្រឡប់មកវិញបាត់កូន ស្តេចដំរីស​មាន​សេចក្តីទុក្ខជាខ្លាំង ហើយបានតាមរកកូនរហូតដល់ប្រាសាទកោះកេរ ដោយ​បានកាច់បំបាក់កំពូលប្រាសាទជា​ច្រើនដើម្បីស្វែងរក រហូត​អស់កម្លាំងក្ស័យជីវិតទៅ”។ រឿងព្រេង​ខាងលើនេះ ត្រូវបានអ្នកស្រុកតំណាលតៗមក ដើម្បីពន្យល់អំពីស្លាក​ស្នាម​ប្រវត្តិសាស្ត្រមួយចំនួន​នៅតំបន់នោះ រួមមានរូបដំរីនៅប្រាសាទព្រះដំរី ក្នុងក្រុមប្រាសាទ​បាកាណ (រូបលេខ៤) ផ្នូរស្តេច​ដំរីស​នៅប្រាសាទកោះកេរ និងមូលហេតុដែលប្រាសាទភាគច្រើននៅតំបន់នោះបាក់បែកកំពូល ដោយសារស្តេចដំរីសកាច់បំបាក់ដើម្បីរកកូនស្រី​ជាដើម។ សូមបញ្ជាក់ថា នៅលើ​សសរ​ផ្អោប​នៃប្រាសាទព្រះដំរី មានចម្លាក់តូច​មួយ​​ឆ្លាក់បង្ហាញ​ពី​រូប​មនុស្ស​លុត​ជង្គង់​មុខដំរី ដែលខ្លះពន្យល់ភ្ជាប់ទៅនឹង​រឿង​កូនស្តេចដំរីសនោះឯង (រូបលេខ​៥)។ ទន្ទឹមនេះ នៅក្រោយចូលឆ្នាំខ្មែរ នៅប្រាសាទព្រះដំរី តែង​មានទំនៀមឡើង​ “អ្នកតាព្រះដំរី” ដែល​អ្នកស្រុកតែងយកទឹកទៅស្រោច​រូបបដិមា​ដំរី​នៅ​ជ្រុង​ប្រាសាទ ដើម្បីសុំទឹកភ្លៀង និងសុំក្តីសុខផងដែរ។

សរុបមក ព្រេងនិទានទាំងពីរពាក់ព័ន្ធនឹងក្រុមប្រាសាទបាកាណ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំនាក់ទំនងរវាងបុរាណដ្ឋាន និងជំនឿរបស់អ្នកស្រុក។ ប៉ុន្តែទោះបីជាព្រេងនិទានទាំងពីរ ពុំមានការកត់ត្រាផ្សព្វ​ផ្សាយ​​ទូលំទូលាយក៏ដោយ ក៏ខ្លឹមសារនៃរឿងទាំងនោះបាន​ពន្យល់​ពីគំនិត​ និង​ការចងចាំ​របស់​អ្នកស្រុក​ និទាន​​ពន្យល់​អំពីបុរាណដ្ឋានរបស់ខ្លួន ដូចទៅនឹងបុរាណ​ដ្ឋាន​ផ្សេងៗទៀត​​ដែរ។ លើសពីនេះ ព្រេងនិទានទាំងនេះបានចាក់ឫសយ៉ាងជ្រៅ ដែលនាំឱ្យគេ​អាច​ពិចារណា​ករណីពិធីឡើង “អ្នកតាព្រះដំរី” ជាដើម។ ដូច្នេះ ជំនឿ និងព្រេងនិទានទាំងនេះ គឺជាផ្នែកមួយមិនអាចខ្វះបានក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីឱ្យរស់រវើកទន្ទឹមគ្នានឹងការអភិរក្ស។

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img