គំនូរដែលលើកមកនិយាយក្នុងពេលនេះ គឺសំដៅលើគំនូរនៅតាមវត្ត ដែលច្រើនសង្កេតឃើញគូរនៅក្នុងព្រះវិហារ សាលាឆាន់ ឬកុដិព្រះសង្ឃគង់នៅជាដើម។ តាមរយៈការសិក្សាលើគំនូរកន្លងមកគេឃើញយ៉ាងច្បាស់ថា ទោះបីជាសាច់រឿងនៅក្នុងគំនូរទាំងនោះដកស្រង់ចេញពីពុទ្ធប្រវត្តិ និងរឿងជាតកដូចជា ទសជាតក ឬមហាវេស្សន្តរជាតក ក៏ជាងគំនូរ តែងប្រើសិល្បៈនិងទេពកោសល្យបញ្ជ្រាបគូរបញ្ចូលនូវទិដ្ឋភាពប្រពៃណី និងទំនៀមទម្លាប់នៃសង្គមខ្មែរ ទៅក្នុងសាច់រឿងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា។ ទិដ្ឋភាពជា រឿយៗដែលគេធ្លាប់ប្រទះឃើញមានដូចជា ទំនៀមក្នុងពិធីមង្គលការ ពិធីបុណ្យប្រពៃណី ទម្រង់ភ្លេង ការលេងល្បែងរបាំកម្សាន្ត សម្លៀកបំពាក់ និងទម្រង់សំណង់លំនៅដ្ឋានរបស់ជនជាតិខ្មែរទៅតាមអន្លើនីមួយៗ។ ទាំងនេះក៏អាចជាសក្ខីកម្មបង្ហាញថា វត្តអារាមគឺជាមជ្ឈមណ្ឌលនៃការថែរក្សាអត្តសញ្ញាណជាតិ និងជាចំណែកនៃកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរតាមសម័យកាល ហើយខ្ញុំសូមលើកបង្ហាញអន្លើខ្លះដោយត្រួសៗដូចខាងក្រោម។
ក.ទំនៀមព្រះរាជពិធីច្រត់ព្រះនង្គ័ល
ជាការពិត នៅក្នុងសាច់រឿងពុទ្ធប្រវត្តិបានលើកឡើងថា នាគ្រាមួយនោះព្រះបាទស្រីសុទ្ធោទន៍ ដែលជាព្រះរាជបិតារបស់ព្រះសិទ្ធត្ថ (អនាគតព្រះសម្មាសម្ពុទ្ធ) ទ្រង់យាងចេញច្រត់ព្រះនង្គ័លក្នុងព្រះបរមនាមជាស្តេចផែនដីនៃនគរកបិលពស្តុ។ ក្នុងព្រះរាជពិធីនោះព្រះអង្គបាននាំព្រះសិទ្ធត្ថទៅចូលរួម ហើយទុកឱ្យព្រះសិទ្ធត្ថគង់នៅក្រោមម្លប់ឈើ។ ខណៈនោះ សិទ្ធត្ថកុមារគង់នៅតែម្នាក់ឯង បានសម្រេចចិត្តគង់ភ្នែន ហើយចម្រើនសមាធិពិចារណាអំពីសត្វគោដែលប្រឹងប្រែងអូសនង្គ័លយ៉ាងហត់នឿយ។ ដោយតេជានុភាពដ៏អស្ចារ្យ ម្លប់ឈើមិនឃ្លាតជ្រេទេរទៅទិសខាងណាសោះ ពោលគឺនៅតែបាំងត្រង់ចំពីលើព្រះកាយព្រះសិទ្ធត្ថ ដោយមិនរំកិលទៅតាមពន្លឺព្រះអាទិត្យឡើយ។
គំនូរនៅត្រង់អន្លើនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនមានគូរទូទៅគ្រប់វត្តឡើយ តែគំនូរនៅព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាម ក្នុងស្រុកកោះធំ ខេត្តកណ្តាល គេគូរជាទម្រង់គំនូរបុរាណដោយបញ្ជាក់សំណេរពីរបន្ទាត់ខាងក្រោមរូបថា “កាលព្រះបាទស្រីសទ្ធោទន(សុទ្ធោទន៍)ទៅច្រតព្រះនង្គ័ល យកព្រះពោធិសត្រ(ព្រះពោធិសត្វ)ទៅផង អោយមេនំមេនាងយកទៅអោយផ្ទុំក្រោមដើមព្រីង”។ ទិដ្ឋភាពក្នុងគំនូរនេះគេឃើញថា ព្រះរាជាទ្រង់យាងច្រត់ព្រះនង្គ័លដោយផ្ទាល់ នៅទីព្រះស្រែ មានមន្រ្តីតូចធំហែហមមុខក្រោយ ហើយនៅម្ខាងមានរៀបភាជន៍៣ ដែលទំនងជាភាជន៍អាហារសម្រាប់ផ្សងគោឧសភរាជ និងនៅឆ្ងាយពីទីព្រះស្រែ គឺមានព្រះសិទ្ធត្ថគង់ក្រោមម្លប់ឈើ។ សូមបញ្ជាក់ថា ព្រះវិហារនេះបានកសាងឡើងក្រោមព្រះរាជូបត្ថម្ភរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ “ព្រះរាជានុកោដ្ឋ” ក្នុងឆ្នាំ១៩០៥ ដោយឧកញ៉ាទេពនិម្មិត ម៉ក់ តែគំនូរខ្លះជួសជុលឡើងវិញក្នុងទសវត្សរ៍ទី៩០។
ចំណែកឯគំនូរបង្ហាញទំនៀមច្រត់ព្រះនង្គ័លមួយផ្សេងទៀត គូរនៅវត្តទន្លាប់រង្សី ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជាងគំនូរបានគូរព្រះបាទស្រីសុទ្ធោទន៍ ទ្រង់យាងច្រត់ព្រះនង្គ័លនៅទីព្រះស្រែខាងមុខទីធ្លាប្រាសាទ ដោយមានមហាជនចូលរួមត្រៀបត្រា អ្នកខ្លះភ្លូកភ្លឹកមើលក្បួនច្រត់ព្រះនង្គ័ល ឯខ្លះទៀតក៏ងាកមកចាប់អារម្មណ៍ព្រះសិទ្ធត្ថគង់សមាធិក្រោមដើមឈើមួយព្រះអង្គឯង។ ផ្អែកតាមសំណេរលើជញ្ជាំងខាងកើតព្រះវិហារវត្តនេះចារថា “កសាងពីឆ្នាំឆ្លូវកាលពុទ្ធសករាជ២៤៩២” ដែលកាលបរិច្ឆេទនេះ ត្រូវនឹងរវាងឆ្នាំ១៩៤៩។
ប្រហែលហេតុដូចមានបង្ហាញមកខាងដើមនេះ ទើបមានឯកសារខ្លះលើកឡើងថា ទំនៀមច្រត់ព្រះនង្គ័លក្នុងសង្គមខ្មែរ ដែលព្រះរាជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏មានឫសគល់ពីក្នុងរឿងពុទ្ធប្រវត្តិ។ សូមបញ្ជាក់ថា នៅក្នុងសម័យសង្គមរាស្រ្តនិយម ព្រះករុណាព្រះបរមរតនកោដ្ឋ ទ្រង់ធ្លាប់យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លប្រារព្ធនៅព្រះលានជល់ដំរី ក្នុងអតីតក្រុងអង្គរធំ ខេត្តសៀមរាប។ ក្រោយព្រះអង្គសោយព្រះទិវង្គត ព្រះរាជពិធីច្រត់ព្រះនង្គ័លក៏ធ្លាប់ប្រារព្ធធ្វើនៅមុខប្រាសាទក្នុងបរិវេណព្រះលានជល់ដំរីម្តងទៀតក្នុងឆ្នាំ២០១៦។
ខ.ទំនៀមពិធីអាពាហ៍ពិពាហ៍ (មង្គលការ)
នៅក្នុងគំនូរតាមវត្ត ពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីអភិសេក ភាគច្រើនគូរបង្ហាញនៅក្នុងឈុតរៀបអភិសេកព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា។ គំនូរភាគច្រើនតែងគូរតួអង្គទាំងពីរអង្គគង់លើបល្ល័ង្កលើកហត្ថាប្រណម ដូចមានគំនូរបុរាណវត្តកំពង់ត្រឡាចលើ ដែលកសាងឡើងនៅដើមសតវត្សរ៍ទី២០ជាដើម។ ក្នុងពិធីនោះ គំនូរនៅវត្តខ្លះគេតែងសង្កេតឃើញមានតួអង្គព្រាហ្មណ៍ច្រូចទឹកប្រោះព្រំសិរីសួស្តី មានអ្នកហែហម ភ្លេង និងរបាំកំដរផង។ ទំនៀមដដែលនេះ នៅសាលាឆាន់វត្តអង្គសិម្ពលី ក្នុងខេត្តកណ្តាល គេគូរកូនកំលោះ និងកូនក្រមុំក្រាបសំពះផ្ទឹម ហើយលោកអាចារ្យជាអ្នកឱ្យពរ។
ដោយឡែកគំនូរនៅតាមវត្តខ្លះ នៅត្រង់ពិធីរៀបអភិសេក គេគូរបង្ហាញកូនកំលោះកូនក្រមុំ ពោលគឺព្រះសិទ្ធត្ថនិងព្រះនាងពិម្ពា យាងទន្ទឹមគ្នាចុះតាមជណ្តើរមានអ្នកបាំងក្លស់ជាដើម។ មិនតែប៉ុណ្ណោះ បើនៅវត្តអង្គរខាងជើង ក្នុងខេត្តសៀមរាប គេគូរបង្ហាញទិដ្ឋភាពពិធីរៀបអភិសេកព្រះរាមនិងព្រះនាងសីតា ដែលមានលំនាំដូចការរៀបអភិសេកព្រះសិទ្ធត្ថនិងព្រះនាងពិម្ពាដែររ។ ប៉ុន្តែនៅវត្តព្រះស៊ីសុវត្ថិរតនារាម ក្នុងស្រុកកោះធំ ខេត្តកណ្តាល គេបានគូរទិដ្ឋភាពអាពាហ៍ពិពាហ៍មួយដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងគំនូរបង្ហាញរបៀបបែបអ្នកស្រុក មានភ្លេង និងមានអ្នករាំផង។
ទោះយ៉ាងណាក្តី ប្រសិនបើពិនិត្យលម្អិតលើសិល្បៈគំនូរត្រង់ពិធីរៀបអភិសេកដូចរៀបរាប់ត្រួសៗមកពីខាងដើម គេឃើញភាគច្រើនគូរបង្ហាញត្រង់កិច្ចសំពះផ្ទឹម។ ប៉ុន្តែអ្វីដែលគួរសង្កេត គឺជាទូទៅឃើញមានដាវនៅលើដៃកូនកំលោះកូនក្រមុំជានិច្ច តែតួអង្គកូនកំលោះជួនកាលអង្គុយសំពះខាងឆ្វេងដៃកូនក្រមុំ ហើយជួនកាលអង្គុយនៅស្តាំដៃកូនក្រមុំ។ ទំនៀមត្រង់កិច្ចនេះ បើមើលនៅក្នុងក្បួនទម្រង់ការចាស់ទុំតែងបង្គាប់កូនកំលោះអង្គុយផ្ទឹមស្តាំដៃ ហើយសព្វថ្ងៃក៏ឃើញប្រតិបត្តិបែបនេះតមកដែរ ដូចមានក្នុងរូបថត ឯកសារដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំភ្ជាប់ជូនក្នុងឯកសារស្នើសុំចុះពិធីអាពាហ៍ពិពាហ៍ខ្មែរ នៅក្នុងបញ្ជីអង្គការយូណេស្កូជាភស្តុងតាង។
ជាសង្ខេបមក គំនូរនៅតាមវត្តអារាមនានានៅក្នុងសង្គមខ្មែរ មិនត្រឹមតែជាការឆ្លុះ ពីសាច់រឿងពុទ្ធប្រវត្តិ និងរឿងជាតកប៉ុណ្ណោះទេ តែក៏ជាផ្នែកដ៏សំខាន់មួយក្នុងការបង្ហាញ និងថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរផងដែរ។ តាមរយៈស្នាដៃនិងទេពកោសល្យរបស់ជាងគំនូរ ទិដ្ឋភាពនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល និងកិច្ចសំពះផ្ទឹមក្នុងពិធីអាពាហ៍ពិពាហ៍ បានបញ្ចូលទៅក្នុងសាច់រឿងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដែលទម្រង់ទំនៀមទម្លាប់ទាំងនេះនៅតែត្រូវបានប្រតិបត្តិ និងរក្សាតម្លៃរហូតមកដល់សព្វថ្ងៃ។ក្នុងអត្ថបទភាគបន្ត ខ្ញុំនឹងលើកយកទិដ្ឋភាពប្រពៃណី ទំនៀមទម្លាប់ផ្សេងទៀត ដែលសង្កេតឃើញមានគូរបញ្ចូលក្នុងរឿងពុទ្ធប្រវត្តិ បន្ថែមលើទំនៀមទាំងពីរនេះ៕










អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





