ក្រុមប្រាសាទភ្នំបារៀង ជាបុរាណដ្ឋានដ៏មានសារៈសំខាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហ៊ុមព័ទ្ធជុំវិញដោយភូមិចំនួនបួន រួមមាន ភូមិកគោ ភូមិកំពង់ជ្វា ភូមិបាក់ស្រី និងភូមិចារ ហើយស្ថិតនៅខាងត្បូងស្ទឹងសែនចម្ងាយប្រមាណ ១ គ.ម. និងខាងកើតតំបន់ប្រាសាទសំបូរព្រៃគុកប្រមាណ ២០គ.ម.។ បុរាណដ្ឋាននេះ ប្រមូលផ្តុំដោយប្រាង្គប្រាសាទជាច្រើន តាំងពីចង្កេះភ្នំរហូតដល់កំពូលភ្នំ តែប្រាសាទភាគច្រើនបានបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ លើកលែងតែប្រាង្គមួយនៅខាងកើតដែលនៅសល់ជញ្ជាំងឥដ្ឋមួយចំហៀងដែលរុំព័ទ្ធដោយដើមឈើធំមួយដើម។ ការហៅបុរាណដ្ឋាននេះថា “បារៀង” គឺទំនងក្លាយមកពីពាក្យដើមថា “ព្រះរៀង” ដែលអាចសំដៅលើប្រាង្គប្រាសាទដែលសង់ជាថ្នាក់ៗរៀងគ្នាចាប់ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ឬអាចហៅសំដៅដល់រូបថ្មគោលចំនួន ៤ ដើម ដែលមានចម្លាក់ទេពទាំងសងខាង តម្កល់នៅក្នុងខ្ទមយាយទេពត្រង់ជួរគ្នាពីជើងទៅត្បូង ដែលមើលទៅហាក់ដូចជារូបព្រះកំពុងស្ថិតនៅរៀងគ្នាដូច្នោះដែរ។ នៅត្រង់ផ្នែកកំពូលនៃភ្នំបារៀង មាននៅសល់មេទ្វារចារឹកចំនួន ១ ផ្ទាំង ហើយសព្វថ្ងៃកំពុងដាក់តម្កល់នៅរោងប្រក់ព្រះពុទ្ធរូបសម័យថ្មី។ តើសិលាចារឹកនេះមានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
សិលាចារឹកនេះ ជាប្រភេទចារឹកអក្សរនៅលើមេទ្វារធ្វើអំពីថ្មភក់ ចំនួន ១ ជ្រុង មានចំនួន ៣៦ បន្ទាត់ ជាភាសាសំស្រ្កឹត ហើយបើគិតជាស្លោកស្មើនឹង ១៨ ស្លោក។ ក្នុងចំណោមអក្សរចារឹកទាំងនេះ មានរលុបអក្សរតិចតួចប៉ុណ្ណោះ ហើយបើតាមខ្លឹមសារដែលរៀបរាប់រំឭកអំពីព្រះបាទស្រីជយវម៌្ម (ទី៣) និងព្រះបាទស្រីឥន្រ្ទវម៌្ម (ទី១) និងរូបរាងអក្សរ យើងអាចសន្និដ្ឋានថា សិលាចារឹកនេះ ចារឹកឡើងនៅរវាងចុងស.វ.ទី៩ ដល់ពាក់កណ្តាលស.វ.ទី១០។ ទិន្នន័យនេះ អាចឱ្យយើងដឹងថា ទោះបីជាប្រាង្គប្រាសាទភាគច្រើនកសាងឡើងនៅរចនាបថព្រៃក្មេង នារជ្ជកាលព្រះបាទស្រីភវវម៌្ម (ទី២) ឬព្រះបាទស្រីជយវម៌្ម (ទី១) (ស.វ.ទី៧) ក៏ដោយ បុរាណដ្ឋានត្រូវបានព្រះរាជា ឬព្រាហ្មណ៍ បានជួសជុលសិវលិង្គជាថ្មីឡើងវិញ នាចុងស.វ.ទី៩ ឬស.វ.ទី១០។
ចំពោះខ្លឹមសារជារួមរបស់សិលាចារឹកនេះ ស្លោកទី១ កំណាព្យពណ៌នាអំពីពាក្យនមស្ការដល់ត្រិទេព ឬឬត្រិមូត៌ិទេពនៃព្រហ្មញ្ញសាសនា ពោល គឺព្រះសិវ ព្រះវិស្ណុ និងព្រះព្រហ្ម។ ស្លោកទី២ ពណ៌នាអំពីព្រះបាទស្រីជយវម៌្ម (ទី៣) ដែលជាស្តេចនៃដែនកម្ពុជទេស។ ស្លោកទី៣ រៀបរាប់អំពីព្រាហ្មណ៍ម្នាក់ឈ្មោះ “វិស្ណុ” ជារាជមន្រ្តីរបស់ព្រះបាទស្រីជយវម៌្ម (ទី៣) ដែលជាអ្នកមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរត្រៃវេទ និងទទួលបានការតែងតាំងអំពីស្តេចផែនដី។ ស្លោកទី៤ កំណាព្យចាប់ផ្តើមរៀបរាប់អំពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិភរិយារបស់ព្រាហ្មណ៍នេះ ដែលមានឈ្មោះថា “ព្រហ្មាណី”។ មកដល់ស្លោកទី៥ ពណ៌នាអំពីបុត្រារបស់គាត់ ប៉ុន្តែអក្សររលុបបាត់ឈ្មោះ និងភរិយារបស់គាត់មាននាមថា “ក្សេត្រជ្ញ”។ ស្លោកទី៦ ពណ៌នាអំពីយោគីនម្នាក់ជា “រាជសទ្គុរុ” (គ្រូមានមហាចិត្តសត្បុរុស) ដែលមាននាមថា “វិន្ទុសិវ” និងស្លោកបន្ទាប់ (ទី៧) រៀបរាប់អំពីគុណសម្បត្តិ និងចំណេះដឹងរបស់រាជសទ្គុរុនេះ។ មកដល់ស្លោកទី៨ ពណ៌នាអំពីគុណសម្បត្តិភរិយារបស់ស្រីនិវាស និងស្លោកទី៩ ពណ៌នាអំពីគុណសម្បត្តិរបស់អគ្រមហេសីរបស់ព្រះបាទស្រីន្រ្ទវម៌្ម (ទី១) ហើយស្លោកទី១០ ពណ៌នាអំពីបុត្រីច្បងរបស់ព្រះអង្គដែលមានព្រះនាមថា “មាធវី”។ មកដល់ស្លោកទី១១ ដល់ទី១៥ កំណាព្យចាប់ផ្តើមពណ៌នាអំពីគុណសម្បត្តិ និងចំណេះដឹងរបស់ព្រាហ្មណ៍ឈ្មោះ “សិវាចាយ៌្យ” និងការធ្វើកិច្ចប្រតិបត្តិក្នុងពិធីសាសនារបស់លោក។ ស្លោកទី១៦ ដល់ទី១៨ ពណ៌អំពីការជួសជុលព្រះសិវលិង្គ ការបូជា និងការបរិច្ចាគទាន ថ្វាយដល់ទេវស្ថាន។
អត្ថបទចារឹក និងសេចក្តីប្រែ
១. នមឝ្ឝិវាយ យទ្ធាម វេធោមាធវឝម្ភុភិះ
ឝុទ្ធមិទ្ធមយធ្យេយ មនិឝនិ្នយតាត្មភិះ។
ប្រែថា៖ សូមនមស្ការចំពោះព្រះឝិវ (សិវ)! រស្មីដ៏រុងរឿងឯណាដែលបរិសុទ្ធ ភ្លឺស្វាង និងជាទីតាំងនៃព្រះវេធស៑ (ព្រះព្រហ្ម), ព្រះមាធវ ព្រះវិស្ណុ, និង ព្រះឝម្ភុ (ព្រះសិវ) រស្មីនោះ គឺជាទីតាំងនៃព្រះធម៌ដ៏បរិសុទ្ធដែលព្រះយោគីទាំងឡាយតែងតែតាំងចិត្តរំឭកដល់ជានិច្ច។
២. ……ឝ ឝាកេន្ទ្រ រាជ្យភុគ្ភូភ្ឫទីឝ្វរះ
[អាសីត៑ឝ្រីជ]យវម៌្មេតិ កម្វុជេន្ទ្រាវតង្សកះ។
ប្រែថា៖ ក្នុងមហាសករាជ……. មានព្រះរាជាមួយព្រះអង្គ ទ្រង់ជា ភូភ្ឫទីឝ្វរ (ស្តេចផែនដី)
ដែលបានសោយរាជ្យជាអធិបតីលើក្សត្រទាំងឡាយ ទ្រង់មានព្រះនាមថា “ឝ្រីជយវម៌្ម” ដែលជា កម្ពុជេន្ទ្រាវតង្សក (គឺព្រះមហាក្សត្រកម្ពុជាដែលជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដូចជារាជមកុដដែលស្ថិតនៅលើព្រះសិរស្ដេចទាំងឡាយ)។
៣. ………ត្រិវេទជ្ញោ វ្រាហ្មណោវិឞ្នុនាមភ្ឫត៑
…………….ត្ឫត្វេ និយុក្តោធរណីភុជា។
ប្រែថា៖ ……….. (មាន) ព្រាហ្មណ៍ម្នាក់ជា ត្រិវេទជ្ញ ដែលចេះដឹងនូវព្រះត្រៃវេទ មាននាមថា វិឞ្ណុ (វិឞ្នុនាមភ្ឫត៑) ត្រូវបានតែងតាំងដោយ ព្រះធរណីភុជ (ព្រះរាជា) ឱ្យទទួលបន្ទុកក្នុងតំណែងជា………………..។
៤. ………………….អាសី ត្តស្យ ភាយ៌្យសុសន្មតា
………………………និ វ្រហ្មាណីនាម ធារិណី។
ប្រែថា៖ ….. (មានស្រ្តីម្នាក់) ជាភរិយាដ៏ជាទីគាប់ចិត្តរបស់លោក (មន្ត្រី ឬព្រាហ្មណ៍នោះ)។ នាងជាស្ដ្រីដែលមានសីលធម៌ដ៏ល្អនោះ មាននាមថា វ្រហ្មាណី ដែល……………………..។
៥. …………………….នាម្នា សុតាសៅន្ទយ៌្យ រូបិណី
…………………….[អា]សី ត្ក្ឞេត្រជ្គាខ្យស្យធិនិធេះ។
ប្រែថា៖ មានបុត្រីម្នាក់នាម……………. ដែលមានរូបរាងដ៏ស្រស់ស្អាត………….គឺជាភរិយារបស់លោក ក្ឞេត្រជ្ញ ដែលជាបុគ្គលប្រៀបដូចជាកំណប់នៃគុណសម្បត្តិ។
៦. …………………យោគី កវិវ៌ិ្វន្ទុឝិវាហ្វយះ
………………….ស គោចរោរាជសទ្គុរុះ។
ប្រែថា៖ ……. មានព្រះយោគីម្នាក់ ហើយក៏ជាកវីម្នាក់ផងនាមថា វិន្ទុឝិវ …………….លោកគឺជាទីប្រឹក្សា និងជា ព្រះរាជសទ្គុរុ (ព្រះគ្រូដ៏ប្រសើររបស់ព្រះរាជា)។
៧. ………………..រាល គុរូណាំ បរមោគុរុះ
…………….តាទ្យៃ រច៌ិ្វតោរាជធីមទាះ។
ប្រែថា៖ ……… លោកគឺជា ព្រះបរមគ្រូ (ព្រះគ្រូដ៏ខ្ពង់ខ្ពស់) ក្នុងចំណោមពួកគ្រូទាំងឡាយ …………. លោកត្រូវបានគោរពបូជាដោយព្រះរាជាទាំងឡាយ និងពួកអ្នកប្រាជ្ញាទាំងឡាយ។
៨. …………..ន្តាខ្យា ឝ្រីនិវាសស្យធីមតះ
គា……….វ្រតាភត្ឫ នាឝេ ភាគវត្បុនះ។
ប្រែថា៖ …..មានស្រ្តីម្នាក់នាមថា………. ដែលជាភរិយារបស់លោក ឝ្រីនិវាស ជាអ្នកមានប្រាជ្ញា …………នាងជាស្ដ្រីដែលមានកិច្ចប្រតិបត្តយ៉ាងល្អប្រពៃចំពោះស្វាមី ទោះបីជាស្វាមីបានចែកស្ថានទៅហើយក៏ដោយ ហើយនាងក៏ជាស្ដ្រីដែលមានសេចក្តីជ្រះថ្លាក្នុង ព្រះភាគវតី ផងដែរ។
៩. …………មហាទេវី ឝ្រីមតិឝ្រី្ឝន្ទ្រវម៌្មណះ
…………..សវ៌្វគុណិនី រាជកេឝោបការិណី។
ប្រែថា៖ …..ព្រះមហាទេវី (ព្រះមហេសី) ដ៏មានសិរីរបស់ព្រះបាទ ឝ្រីន្ទ្រវម៌្ម ឬ ឝ្រីឥន្ទ្រវម៌្ម ……………ព្រះនាងជាស្ដ្រីប្រកបដោយគុណសម្បត្តិទាំងពួង និងជា រាជោបការិណី គឺនារីដែលធ្វើឱ្យមានគុណូបការៈដល់ព្រះរាជា។
១០. ………….ណជ្យេឞ្ឋា មាធវី នាម ធារិណី
…………..ភិភាយ៌្យា រាជចាមរធារិណះ។
ប្រែថា៖ (ព្រះនាង) មានបុត្រីច្បង (ជ្យេឞ្ឋា) មួយព្រះអង្គ………. នាមថា មាធវី ………. នាងគឺជាភរិយារបស់មន្ត្រីម្នាក់ ដែលមានតួនាទីជា រាជចាមរធារិន គឺអ្នកកាន់ផ្លិតរោមសត្វចាមរ ថ្វាយព្រះរាជា។
១១. …………..អាចាយ៌្យ ឝិវាចាយ៌្យ ឥតិរិតះ
……………យាឝីស បិធ្យឝោចត…និធិះ។
ប្រែថា៖ ……….មានព្រះអាចាយ៌្យម្នាក់ដែលគេតែងតែហៅថា ឝិវាចាយ៌្យ ……………លោកគឺជាកំណប់នៃចំណេះដឹង និងសេចក្តីស្ងប់……………..។
១២. ……….រិត..កាយ៌្យ ….បាណការតង្ខិលម៑
…………….និវ៌ិ្វន្ថោ …………..ធ្យាមត។
ប្រែថា៖ …………កិច្ចការទាំងឡាយដែលត្រូវធ្វើ…….. ការលះបង់នូវចំណងទាំងពួង…….។
១៣. ……………..កឞ្ដេឞុ ឝៃវវ្យាករណាទិឞុ
…….មតីតន្តីន្ទ្រោះ យស្យ ទុវ៌្វបសទ្កតិះ។
ប្រែថា៖ (លោកជាអ្នកជំនាញ) …………ក្នុងវិជ្ជាដ៏ជ្រៅជ្រះមានដូចជា វេយ្យាករណ៍ និងលទ្ធិឝិវជាដើម………… លោក គឺជាអ្នកដែលឈ្នះលើរាល់ឧបសគ្គ និងការយល់ច្រឡំទាំងឡាយ។
១៤. វ្រតវិទ្យាថ៌ំ ឝិលៃក មានសោភ្យន្មនាជ្ញវិត៑
យឝ៑ចការតបស្តីវ្រំ កម្វុសគ៌្គសិស្ឫក្ឞយា។
ប្រែថា៖ លោកមានការតាំងចិត្តរឹងមាំតែមួយគត់លើការសិក្សា និងព្រតប្រតិបត្តិ។ លោកបានធ្វើតបៈយ៉ាងខ្លាំងក្លា ដោយមានបំណងនឹងបង្កើតនូវអ្វីដែលជាប្រយោជន៍ដល់ដែនដីកម្ពុជា (កម្វុសគ៌្គ)។
១៥. តបះ កុវ៌្វទ្ភិបឞ្ដាភិះ គុរុភិះ សុតបស្វិភិះ
មធ្យស្ធោគ្និតបះកុវ៌្វ ន្យោឞ្ដទិក្ឞុវ្ឫតោនិឝម៑។
ប្រែថា៖ ក្នុងអំឡុងពេលដែលកំពុងធ្វើតបៈ មានព្រះគ្រូដែលជា តបស្វិន ៨ ព្រះអង្គ បាននៅហែរហម ហើយលោកបានស្ថិតនៅចំកណ្ដាលនៃព្រះភ្លើងតបៈនោះ ដោយដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅជុំវិញខ្លួនក្នុងទិសទាំង ៨ ជាប្រចាំមិនដាច់។
១៦. វធេធ្រុម សតាវីបុ …លិង្គមេឝ្វរម៑
សំស្ក្ឫត្យ វិធិនា សោបិ តស្យ បូជាមការយត៑។
ប្រែថា៖ …..បន្ទាប់ពីបានធ្វើការជួសជុលនូវ ព្រះឦឝ្វរលិង្គ (ព្រះឝិវលិង្គ) តាមក្បួនវិធីយ៉ាងត្រឹមត្រូវរួចមក លោកក៏បានចាត់ចែងឱ្យមានការបូជាចំពោះព្រះអង្គ។
១៧. ភក្តិគោមហិឞក្សេត្រ ទាសាទាស្យាទិកន្ធនម៑
ទិក្ឞុ….វិធិភិល៌វ មស្មន្តេន ប្រគល្បិតម៑។
ប្រែថា៖ លោកបានបរិច្ចាគនូវទ្រព្យធនទាំងឡាយរួមមាន គោ ក្របី ដីស្រែ និងខ្ញុំបម្រើប្រុសស្រីជាអាទ៍…..គ្រឿងសក្ការបូជាទាំងឡាយត្រូវបានរៀបចំឡើងយ៉ាងឱឡារិក។
១៨. ………………………. …មតន្តេន យាតនម៑
………………………. ………………………..។
ប្រែថា៖ ……….ដោយសេចក្តីព្យាយាមរបស់លោក….។
សរុបជារួមមក សិលាចារឹករកឃើញនៅប្រាសាទភ្នំបារៀង គឺជាសក្ខីកម្មយ៉ាងសំខាន់ក្នុងការស្វែងយល់ពីតំបន់បុរាណដ្ឋានភ្នំបារៀង។ តាមរយៈខ្លឹមសារទាំង ១៨ ស្លោកនៃសិលាចារឹកនេះ បានផ្តល់ទិន្នន័យប្រវត្តិសាស្រ្តសំខាន់ៗចំនួន ៣ គឺ ផ្នែកជំនឿ ផ្នែកប្រវត្តិសាស្រ្តនិងនយោបាយ និងផ្នែករចនាសម្ព័ន្ធសង្គម។ ផ្នែកជំនឿ គឺបានបង្ហាញពីការគោរពបូជាយ៉ាងខ្ជាប់ខ្ជួនចំពោះព្រហ្មញ្ញសាសនា តាមរយៈពាក្យនមស្ការដល់ត្រីទេព (ព្រះសិវ ព្រះវិស្ណុ និងព្រះព្រហ្ម) ព្រមទាំងការរៀបរាប់អំពីការធ្វើតបៈយ៉ាងមុតមាំ និងការជួសជុលព្រះសិវលិង្គថ្វាយទេវស្ថាន។ ចំណែកផ្នែកប្រវត្តិសាស្រ្តនិងនយោបាយ គឺរៀបរាប់អំពីព្រះនាមព្រះមហាក្សត្រដែលបានសោយរាជ្យ និងគ្រប់គ្រងដែនដីកម្ពុជទេស គឺព្រះបាទស្រីជយវម្ម (ទី៣) និងព្រះបាទស្រីឥន្ទ្រវម្ម (ទី១)។ ដោយឡែក ផ្នែករចនាសម្ព័ន្ធសង្គម គឺឆ្លុះបញ្ចាំងអំពីតួនាទី និងគុណសម្បត្តិរបស់ពួកព្រាហ្មណ៍ មន្ត្រីរាជការ ព្រះរាជគ្រូ (ដូចជាព្រាហ្មណ៍ វិស្ណុ, វិន្ទុសិវ និងសិវាចាយ៌្យ) ព្រមទាំងសីលធម៌ដ៏ល្អប្រពៃនៃស្ត្រីខ្មែរបុរាណដែលជាភរិយា និងបុត្រីរបស់វណ្ណៈខ្ពង់ខ្ពស់នាជំនាន់នោះ។ ម្យ៉ាងវិញទៀត ទោះបីជាប្រាង្គប្រាសាទភាគច្រើននៅភ្នំបារៀងដែលបាក់បែកទាំងនោះសាងឡើងនៅស.វ.ទី៧ ក៏ដោយ ការលេចវត្តមាននៃសិលាចារឹកនេះបានបញ្ជាក់យ៉ាងច្បាស់ថា បុរាណដ្ឋានមួយនេះត្រូវបានព្រះរាជា ឬពួកព្រាហ្មណ៍ បន្តធ្វើការជួសជុល និងរៀបចំពិធីបូជាជាថ្មីឡើងវិញយ៉ាងឱឡារិក នៅចន្លោះចុងសតវត្សទី៩ ដល់ពាក់កណ្តាលសតវត្សទី១០ ដែលជាភស្តុតាងបង្ហាញពីការបន្តវេននៃកិច្ចប្រតិបត្តិសាសនាយ៉ាងរស់រវើកក្នុងសង្គមខ្មែរបុរាណ។
Abstract This study presents a comprehensive analysis of the Phnom Barieng inscription (K.1562), located in Prasat Sambour District, Kampong Thom Province. Carved onto a sandstone doorjamb, the epigraph consists of 36 lines structured into 18 Sanskrit verses (ślokas). While palaeographical attributes and explicit mentions of King Śrī Jayavarman III and King Śrī Indravarman I date the execution of the inscription to between the late 9th and mid-10th centuries CE, the surrounding architectural complex primarily exhibits the 7th-century Prei Khmeng style. This chronological discrepancy provides crucial evidence of continuous religious occupation and royal or priestly restoration of the sacred site centuries after its initial foundation.
Thematically, the inscription serves a tripartite function within the framework of ancient Khmer socio-religious history. Firstly, it documents Brahmanical piety through introductory invocations to the Hindu triumvirate (Trimūrti), Śiva, Viṣṇu, and Brahmā, alongside records of rigorous ascetic practices (tapas), the restoration of a Śivalinga, and subsequent ritual offerings. Secondly, it delineates the geopolitical landscape of Kambujadeśa by legitimising royal authority and identifying elite state functionaries, such as court priests and royal preceptors (rājaguru). Lastly, the text provides rare insights into the domestic and moral virtues of high-ranking noblewomen within the contemporary social hierarchy. Ultimately, the Phnom Barieng inscription (K.1562) constitutes a vital epigraphic source that bridges Pre-Angkorian architectural origins with mid-Angkorian religious governance and continuous ritual practice.




—————-
This study presents a comprehensive analysis of the Phnom Barieng inscription (K.1562), located in Prasat Sambour District, Kampong Thom Province. Carved onto a sandstone doorjamb, the epigraph consists of 36 lines structured into 18 Sanskrit verses (ślokas). While palaeographical attributes and explicit mentions of King Śrī Jayavarman III and King Śrī Indravarman I date the execution of the inscription to between the late 9th and mid-10th centuries CE, the surrounding architectural complex primarily exhibits the 7th-century Prei Khmeng style. This chronological discrepancy provides crucial evidence of continuous religious occupation and royal or priestly restoration of the sacred site centuries after its initial foundation.
Thematically, the inscription serves a tripartite function within the framework of ancient Khmer socio-religious history. Firstly, it documents Brahmanical piety through introductory invocations to the Hindu triumvirate (Trimūrti), Śiva, Viṣṇu, and Brahmā, alongside records of rigorous ascetic practices (tapas), the restoration of a Śivalinga, and subsequent ritual offerings. Secondly, it delineates the geopolitical landscape of Kambujadeśa by legitimising royal authority and identifying elite state functionaries, such as court priests and royal preceptors (rājaguru). Lastly, the text provides rare insights into the domestic and moral virtues of high-ranking noblewomen within the contemporary social hierarchy. Ultimately, the Phnom Barieng inscription (K.1562) constitutes a vital epigraphic source that bridges Pre-Angkorian architectural origins with mid-Angkorian religious governance and continuous ritual practice.
អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់





