ក្នុងសិល្បៈខ្មែរការចេញសាងផ្នួសរបស់ព្រះសិទ្ធត្ថ(អនាគតព្រះពុទ្ធអង្គ)តែងឃើញជាប្រធានបទគូរតាមវត្ត និងឆ្លាក់តាមប្រាសាទ។ ការគូរឬឆ្លាក់នោះសោត ជួនកាលឃើញបង្ហាញយ៉ាងលម្អិតគួរឱ្យសិក្សាពិចារណា។ តាមពុទ្ធប្រវត្តិ ព្រះអង្គយាងបួសចាកចេញពីព្រះនាងពិម្ពា និងរាហុលកុមារកណ្តាលអាធ្រាត្រ ដោយមានឆន្នជាអាមាត្យ និងទេវតាហែហម ព្រមទាំងមហារាជទាំងបួនជាអ្នកទ្រជើងសេះ រហូតជួបក្រុងមាររាំងដំណើររបស់ព្រះអង្គ។ ប៉ុន្តែលុះដល់មាត់ស្ទឹងអនោមា ព្រះអង្គយាងចុះពីខ្នងសេះ ដោះគ្រឿងអលង្ការ កាត់ព្រះកេសាដោយទុកតែ២ធ្នាប់ប៉ុណ្ណោះ ហើយមានតំណាលបន្តទៀតថាព្រះឥន្ទ្រក៏យកព្រះកេសានោះតម្កល់ទុកជាសក្ការបូជានៅឋានត្រៃត្រឹង្ស។ ឯមហាព្រហ្ម ក៏យាងចុះមកថ្វាយចីពរព្រះអង្គ។ ព្រះអង្គឱ្យឆន្នយកអលង្ការ និងនាំសេះត្រឡប់ទៅព្រះនគរវិញ តែទៅដល់ត្រឹមពាក់កណ្ដាលផ្លូវសេះកណ្ឋកនោះក៏ដាច់ខ្យល់ទៅ ហើយព្រះសិទ្ធត្ថទ្រង់ក៏យាងស្វែងរកធម៌រហូតត្រាស់ជាព្រះសព្វញ្ញូ។[1] ទិដ្ឋភាពដូចរៀបរាប់ខាងលើ បើមើលតែគំនូរគូរនៅព្រះវិហារវត្តអំពិល ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺឃើញមានលក្ខណៈប្រហាក់ប្រហែលនឹងសេចក្តីខាងលើ។ គេបានចែកគំនូរជាបួនផ្ទាំង ដោយនូវផ្ទាំងទី១ គូរបង្ហាញព្រះសិទ្ធត្ថគង់លើសេះយាងហោះចេញពីព្រះនគរ ផ្ទាំងទី២ ទ្រង់កាត់ព្រះកេសា ផ្ទាំងទី៣ អាមាត្យនិងសេះត្រឡប់ទៅនគរ និងផ្ទាំងទី៤ ព្រះអង្គទ្រង់ស្វែងរកធម៌នៅក្នុងព្រៃ (រូបលេខ១-៤)។
សិល្បៈគំនូរត្រង់អន្លើចេញបួសដដែលនេះ បើមើលនៅតាមវត្តខ្លះទៀត វិចិត្រកគូរបង្ហាញត្រឹមតែពេលព្រះសិទ្ធត្ថយាងចេញពីព្រះនគរ ដោយមានអាមាត្យ និងទេវតាហែហមអមព្រះរាជដំណើរ រហូតហោះជួបក្រុងមារមករារាំងឃាំងផ្លូវដែរ តែមិនគូរបង្ហាញតាំងពីទិដ្ឋភាពក្នុងព្រះក្រឡាបន្ទំ នៃព្រះរាជដំណាក់ឡើយ។ ទិដ្ឋភាពបែបនេះភាគច្រើនគូរជាទម្រង់សិល្បៈគំនូរបុរាណ ដូចឃើញគំនូរនៅក្នុងព្រះវិហារវត្តព្រះស៊ីសុវត្ថិរតនារាម ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។ គំនូរនេះគូរនៅឆ្នាំ១៩០៥ ដោយគេគូរបង្ហាញទេវតា មហារាជ និងព្រះព្រហ្មដង្ហែព្រះសិទ្ធត្ថ រហូតជួបក្រុងមារ ហើយឆ្លងស្ទឹងទៅម្ខាង ទើបទ្រង់កាត់ព្រះកេសា(រូបលេខ៥)។ គំនូរនៅវត្តនេះ ក៏គូរបង្ហាញមួយផ្នែកទៀតនូវត្រង់ដែលសេះ កណ្ធកដេកដួលនៅម្ខាងស្ទឹងជាមួយនិងឆន្នអាមាត្យ ក្រោយព្រះសិទ្ធត្ថទ្រង់បានកាត់ព្រះកេសាសាងផ្នួស(រូបលេខ៦)។
គំនូរបង្ហាញព្រះរាជដំណើរព្រះសិទ្ធត្ថចេញបួសនេះ គេឃើញមានរបៀបគូរម្យ៉ាងទៀត គឺបង្ហាញពីរាត្រីដែលព្រះសិទ្ធត្ថសម្រេចព្រះទ័យចាកចេញពីព្រះបរមរាជវាំង។ មុននឹងយាងចេញ ព្រះអង្គបានទតមើលនាងពិម្ពា បុត្រ និងពួកស្រីស្នំ ស្រីរបាំ ដែលធ្លាប់ច្រៀងរាំថ្វាយ។ ស្រីស្នំទាំងនោះសុទ្ធតែលង់លក់ក្នុងសភាពផ្សេងៗ ខ្លះដេកហៀរទឹកមាត់ របូតសំពត់អាវលេចកេរខ្មាសជាដើម(រូបលេខ៧)។ សិល្បៈគំនូរបែបនេះគេឃើញរឿយៗគូរនៅព្រះវិហារសម័យទំនើប ហើយមនុស្សមួយចំនួននៅសម័យបច្ចុប្បន្នមើលឃើញថាជារឿងមិនសមរម្យ ឬអាសអាភាស ដែលនាំចិត្តរវើករវាយក្នុងកាមគុណ រហូតមានវត្តខ្លះកែគំនូរទាំងនោះឡើងវិញ ដោយគូរខោអាវគ្របពីលើ ឬលុបចេញតែម្តង។ ប៉ុន្តែតាមការសិក្សា គំនូរនេះកើតចេញពីលំអាន “គម្ពីរបឋមសម្ពោធិ” (បរិច្ឆេទទី៦)។ បំណងនៃការគូរដូច្នោះ គឺបង្ហាញពីការសង្វេគពិចារណារបស់ព្រះពោធិសត្វ ទតឃើញសភាពបុថុជ្ជន មុនយាងទៅសាងព្រះផ្នួសស្វែងរក “មោក្ខធម្ម” (ការរួចផុតពី ជាតិ ជរា ព្យាធិ និងមរណៈ)។[1] ទន្ទឹមនឹងនេះ បើមើលគំនិតសិល្បៈមួយបែបថ្មីទៀត ដែលបង្ហាញត្រង់អន្លើព្រះអង្គចេញសាងផ្នួសនេះ គេឃើញនៅព្រះវិហារវត្តកោះផ្តៅ ក្នុងខេត្តកំពត គេឆ្លាក់ជាចម្លាក់កំបោរបាយអនៅលើជញ្ជាំង។ ប៉ុន្តែបានបង្ហាញតួអង្គសំខាន់ៗដូចក្នុងគំនូរដែរ ពោលគឺមានព្រះសិទ្ធត្ថទ្រង់ទតនាងពិម្ពា និងរាហុលកុមារដែលកំពុងលង់លក់ក្នុងដំណេក ហើយមានឆន្នជាអាមាត្យ និងសេះកណ្ធកនៅខាងក្រៅព្រះដំណាក់កំពុងរង់ចាំ(រូបលេខ៨)។
ដោយឡែក ចំពោះចម្លាក់ចេញបួសនៅតាមប្រាសាទបុរាណ ជារឿយៗគេឃើញឆ្លាក់នៅលើហោជាងប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ជាក់ស្តែងនៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គេឃើញមានហោរជាងចំនួនពីរដែលបានផ្គុំឡើងវិញ ហើយលេចឡើងនូវទិដ្ឋភាពពីរផ្សេងគ្នាដែរ។ ហោជាងមួយឆ្លាក់រូបព្រះសិទ្ធត្ថចំកណ្តាល ទ្រង់គ្រឿងជាក្សត្រ និងម្កុដ គង់លើខ្នងសេះ ព្រះហស្តស្តាំទ្រង់កាន់ព្រះខាន់(?)។ នៅផ្នែកខាងក្រោមជើងសេះ មានអ្នកទ្រជើងសេះដូចនឹងគំនូរលោកបាលទាំងបួនគូរនៅតាមព្រះវិហារ ព្រមទាំងមានទេវតាហែហមជាច្រើនផង(រូបលេខ៩)។ ចំណែកលើហោជាងមួយផ្សេងទៀតឆ្លាក់ជាបីផ្នែក នៅផ្នែកកណ្តាលឆ្លាក់រូបព្រះសិទ្ធត្ថគង់ក្នុងឥរិយាបថព្នែនលើ បល្ល័ង្ក ព្រះហស្តឆ្វេងកាន់ព្រះកេសា ព្រះហស្តស្តាំកាន់ប្រះខ័ន្ឌកាត់ព្រះកេសា ដោយមានទេវតាបាំងក្លស់ហែហមផង។ នៅជួរខាងក្រោម មានរូបចម្លាក់ទេពជាច្រើនក្នុងឥរិយាបថ ប្រណម្យយ៉ាងខ្ជាប់ខ្ជួន(រូបលេខ១០)។ សូមបញ្ជាក់ថាប្រាសាទបន្ទាយឆ្មារកសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨) ជាស្ថាបត្យកម្មព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ។ ក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់ក៏បានកសាងប្រាសាទនគរបាយជ័យ ស្ថិតក្នុងខេត្តកំពង់ចាម ជាប្រាសាទព្រះពុទ្ធសាសនាមហាយានដែរ ហើយមានហោជាងពីរឆ្លាក់អន្លើព្រះសិទ្ធត្ថចេញបួស។ ចម្លាក់នោះឆ្លាក់លើហោជាងខាងត្បូង និងហោជាងខាងជើង នៃប្រាង្គដែលបានកែជាចេតិយស្ថិតនៅខាងក្រោយព្រះវិហារ។ ហោងជាងខាងត្បូង ឆ្លាក់រូបព្រះសិទ្ធត្ថគង់លើសេះនៅចំកណ្តាល ដែលមានពពួកទេវតាបាំងក្លស់ហែហមអមដំណើរ។ ចំណែកចម្លាក់ហោជាងខាងជើង គេឃើញតួអង្គព្រះសិទ្ធត្ថគង់លើបល្ល័ង្ក ព្រះហស្តកាន់ព្រះខាន់កាត់ព្រះកេសា ឆ្លាក់នៅផ្នែកខាងលើបំផុត។ រីឯនៅផ្នែកកណ្តាលឆ្លាក់រូបសេះ និងមនុស្សបួននាក់ ហើយផ្នែកខាងក្រោមបំផុតឆ្លាក់រូបទេពច្រើនអង្គអង្គុយប្រណម្យ(រូបលេខ១១-១២)។ ដូច្នេះចម្លាក់នៅហោជាងប្រាសាទទាំងពីរ គឺហាក់ដូចជាស្រង់យកអន្លើព្រះអង្គចេញបួសមកបង្ហាញដូចគ្នា ពោលគឺទ្រង់គង់ខ្នងសេះហោះចេញទៅ និងទ្រង់កាត់ព្រះកេសា។ ទន្ទឹមនេះ នាសម័យទំនើមក្រោយមក គេឃើញខ្លោងទ្វារវត្តមួយចំនួនក៏តែងឆ្លាក់រូបព្រះអង្គចេញបួសជារឿយៗដែរ ដូចមាននៅខ្លោងទ្វារវត្តពោធិលង្ការ ស្ថិតក្នុងក្រុងសៀមរាបជាដើម។
រួមសេចក្តីមក សិល្បៈគំនូរនិងចម្លាក់ពាក់ព័ន្ធនឹងព្រះសិទ្ធត្ថចេញបួស គេមើលឃើញទម្រង់សិល្បៈទាំងពីរ បានស្រង់និងស្តែងចេញនូវឈុតឆាកសំខាន់ៗដូចគ្នាតាមពុទ្ធប្រវត្តិ ជាពិសេសគឺទិដ្ឋភាពព្រះអង្គគង់លើខ្នងសេះហោះយាងចេញពីព្រះនគរ ដែលមានទេវតាហែហម និងទិដ្ឋភាពត្រង់ព្រះអង្គទ្រង់កាត់ព្រះកេសា។ ប៉ុន្តែសិល្បៈគំនូរនៅតាមព្រះវិហារ គេមើលឃើញរៀបរាប់ដំណើររឿងលម្អិត លាតសន្ធឹងច្រើនប្លង់ រហូតដល់បង្ហាញពីសភាពស្រីស្នំលង់លក់ ឬដំណើររបស់សេះនិងអាមាត្យ ដោយយកគម្ពីរបឋមសម្ពោធិជាមូលដ្ឋាន។












————
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





