នៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ (គ.ស.១១៨១-១២២០) ក្នុងស្ថាបត្យកម្មបុរាណខ្មែរ មានសំណង់ឬអគារមួយប្រភេទដែលមានរាងបួនជ្រុងទ្រវែង ដែលគេកសាងឡើងស្ថិតនៅក្នុងបរិវេណប្រាសាទសំខាន់ៗ (ក្នុងនិងក្រៅតំបន់អង្គរ) និងមួយចំនួនទៀតស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗចេញពីរាជធានីស្រីយសោធរបុរ (រាជធានីអង្គរ) ឆ្ពោះទៅកាន់ក្រុងបុរាណនានាទូទាំងអាណាចក្រខ្មែរ។ សំណង់នោះគេស្គាល់ជាទូទៅថា “សាលាសំណាក់” ឬ “ហោបន់ស្រន់នៃសាលាសំណាក់”។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី សំណង់នេះមានមុខងារ និងតួនាទីដើមផ្សេងទៀត ដែលអ្នកស្រាវជ្រាវបានបកស្រាយជាបន្តបន្ទាប់។ តើសំណង់ហោបន់ស្រន់នៃសាលាសំណាក់មានឈ្មោះដើម មុខងារ និងតួនាទីដូចម្តេចខ្លះ?
យោងតាមគាថាទី១២១ ដល់ទី១២៥ នៃថ្មគោលសិលាចារឹកព្រះខ័នបានបញ្ជាក់ឱ្យដឹងថា ព្រះបាទស្រីជ័យវរ្ម័នទី៧ បានកសាងសាលាសំណាក់សរុបចំនួន ១២១ នៅទូទាំងប្រទេស ហើយនៅក្នុងសិលាចារឹកព្រះខ័នគេហៅអគារនេះថា “ឧបកាយ៌ា”។ សាលាសំណាក់ទាំងនោះ ស្ថិតនៅតាមបណ្តោយផ្លូវចេញពីរាជធានីស្រីយសោធរបុរ (ក្រុងអង្គរ) ឆ្ពោះទៅរាជធានីចម្ប៉ា (ចំនួន ៥៧), ពីយសោធរបុរឆ្ពោះទៅក្រុងវិមាយបុរ (ចំនួន ១៧) និងពីយសោធរបុរទៅកាន់ក្រុងជយវតី, ក្រុងជយសិម្ហវតី, ក្រុងជយវារវតី, ក្រុងជយរាជគិរី, ក្រុងសុវីរបុរី រួចត្រឡប់មកយសោធរបុរ (សរុបចំនួន ៤៤), ទៅកាន់ក្រុងសូយ៌បវ៌ត (ចំនួន ១), ទៅកាន់ក្រុងវិជយទិត្យបុរ (ចំនួន ១) និងទៅកាន់ក្រុងកល្យាណសិទ្ធិក (ចំនួន ១)។
តាមការសិក្សារបស់លោក Louis Finot សំណង់ហោបន់ស្រន់នៃសាលាសំណាក់ មានទម្រង់ប្លង់ដូចៗគ្នាទាំងអស់ ដែលរួមផ្សំឡើងដោយផ្នែកសំខាន់ៗចំនួន ៣ គឺ (១). បន្ទប់វែង (២). រលកទ្វារ ឬថែវចំហ និង (៣). ប្រាង្គប្រាសាទ។ បន្ទប់វែង គឺជាតួអគារកណ្តាលដែលមានរាងបួនជ្រុងទ្រវែង រីឯរលកទ្វារឬថែវចំហ គឺស្ថិតនៅទិសខាងកើត ដែលបម្រើជាច្រកចូល។ ដោយឡែក ប្រាង្គប្រាសាទ គឺស្ថិតនៅទិសខាងលិច។ ប្រាង្គនេះភ្ជាប់ទំនាក់ទំនងគ្នាជាមួយបន្ទប់វែងហើយជួនកាលធ្វើឡើងតាមរយៈទ្វារចង្អៀតមួយ ជួនកាលទៀតជាទ្វារបើកចំហទូលាយតែម្តង។ លោក Finot បញ្ជាក់ថា រាល់សំណង់ដែលនៅសេសសល់ វិមាត្រផ្ទៃខាងក្នុងស្តង់ដារនៃអគារទាំងនេះគឺ មានប្រវែងបណ្តោយពី ១៤ ទៅ ១៥ ម៉ែត្រ និងមានប្រវែងទទឹងពី ៤ ទៅ ៥ ម៉ែត្រ។
ជាទូទៅ សំណង់នេះធ្វើឡើងអំពីថ្មភក់ និងថ្មបាយក្រៀម។ សំណង់ថ្មភក់ភាគច្រើនស្ថិតនៅក្នុងបរិវេណប្រាសាទធំៗ ដូចជា ប្រាសាទព្រះខ័ន តាព្រហ្ម បន្ទាយឆ្មារ បាកាណ ។ល។ ហើយរាល់សំណង់ទាំងនោះសុទ្ធសឹងមានស្ទើរតែដូចៗគ្នា។ ចម្លាក់ទាំងនោះ ភាគច្រើនជារូបអប្សរានៅតាមជញ្ជាំង និងនៅលើហោជាងមានចម្លាក់ព្រះពោធិសត្វអវលោកិតេស្វរ អមដោយចម្លាក់អ្នកគោរពបូជា។ ដោយសារតែមានចម្លាក់ព្រះពោធិសត្វលោកេស្វរ នាំឱ្យលោក Finot យល់ឃើញថា វាជាភស្តុតាងបានបញ្ជាក់អំពីមុខងាររបស់អគារថាជាកន្លែងផ្តល់សេចក្តីមេត្តាកុរណា និងការពាររាល់អស់អ្នកដំណើរ។ គួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាសិលាចារឹកព្រះខ័នបានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ បានតម្កល់ទេវរូបចំនួន ៤ អង្គនៅក្នុងអគារនេះក៏ដោយ ភស្តុតាងបុរាណវិទ្យាកន្លងមក គេមិនធ្លាប់រកឃើញប្រតិមាណាមួយនៅអគារទាំងនេះទេ ពោល គឺឃើញត្រឹមតែជើងទម្រដែលនៅសល់តែប៉ុណ្ណោះ។ ម្ល៉ោះហើយ យើងមិនដឹងច្បាស់ថា តើទេវរូបទាំងបួនអង្គនោះ ជាព្រះអាទិទេពណាមួយនៃព្រះពុទ្ធសាសនាមហាយាននោះឡើយ។ ចំណែក សំណង់ថ្មបាយក្រៀម គឺច្រើនស្ថិតនៅតាមខ្សែផ្លូវបុរាណចេញពីក្រុងអង្គរធំឆ្ពោះទៅកាន់ទិសពាយព្យ (ផ្លូវបុរាណទៅភិមាយ) ហើយរាល់សំណង់ទាំងនោះមិនមានក្បាច់លម្អអ្វីឡើយ។
ដោយឡែក ចំពោះចម្ងាយផ្លូវរវាងអគារសាលាសំណាក់នីមួយៗតាមបណ្តោយផ្លូវបុរាណនានានោះ កាលពីដំបូងឡើយ លោក Louis Finot គិតថា គឺមានចម្ងាយចាប់ពី ១,៦ គីឡូម៉ែត្រ រហូតដល់ចម្ងាយដាច់ឆ្ងាយខ្លាំងដល់ទៅ ១០៨ គីឡូម៉ែត្រ ដោយសារតែកាលនោះមិនទាន់រកឃើញអគារផ្សេងទៀតដែលកប់នៅក្នុងព្រៃ។ ប៉ុន្តែ ផ្អែកទៅលើទិន្នន័យថ្មី រួមទាំងការរកឃើញអគារនេះ ចំនួន ៣ បន្ថែមទៀតដោយគម្រោង Living Angkor Road Project កាលពីឆ្នាំ២០០៨ បានបង្ហាញថា ខ្សែផ្លូវចេញពីក្រុងយសោធរបុរទៅទិសពាយព្យ (អង្គរ-ភិមាយ) មានចម្ងាយមធ្យមរវាងអគារនីមួយៗគឺ ១៦,១១ គីឡូម៉ែត្រ និងខ្សែផ្លូវចេញពីក្រុងយសោធរបុរទៅទិសខាងកើត (អង្គរ-បាកាណ) មានចម្ងាយមធ្យមរវាងអគារនីមួយៗ គឺ ១៤,៨ គីឡូម៉ែត្រ។
កន្លងមក អ្នកស្រាវជ្រាវលោកខាងលិច បានប្រើប្រាស់ឈ្មោះផ្សេងៗគ្នាក្នុងការហៅអគារនេះ ដែលបង្កើតឱ្យមានទស្សនៈផ្សេងៗគ្នាអំពីតួនាទី និងមុខងារដើមរបស់អគារ។ ក្នុងនោះ នៅឆ្នាំ១៩០២ លោក Lunet de Lajonquière បានហៅដំបូងគេថា “ទ័ពជ័យ” ដោយសារតែលោកហៅត្រាប់តាមឈ្មោះប្រាសាទគំរូមួយដែលស្ថិតនៅចម្ងាយ១៤គីឡូម៉ែត្រខាងកើតប្រាសាទបឹងមាលា។ មកដល់ឆ្នាំ១៩០៣ លោក Alfred Foucher បានហៅឈ្មោះអគារនេះថា “ធម្មសាលា” ឬ “Maison de charité” (ផ្ទះសប្បុរសធម៌)។
លោក Louis Finot គាំទ្រការហៅអគារនេះថា “ធម្មសាលា” តាមរយៈអត្ថបទនៅក្នុងឆ្នាំ១៩២៥ ដោយសារតែលោកពិនិត្យឃើញថា អគារទាំងនេះមានលក្ខណៈស្ថាបត្យកម្មខុសប្លែកពីប្រាសាទបូជាផ្សេងទៀតនៅក្នុងសាសនា។ ម្យ៉ាងវិញទៀត លោកគិតថា ទិសដៅខ្សែអ័ក្សនៃអគារមានការប្រែប្រួល និងយារយង់ទៅតាមទិសដៅរបស់ខ្សែផ្លូវថ្នល់ (ជាពិសេសផ្លូវចេញពីអង្គរទៅទិសពាយព្យ) ដែលខុសពីគោលការណ៍សំណង់ប្រាសាទសាសនាកាលពីសម័យបុរាណ ដែលច្រើនតែបែរមុខទៅទិសខាងកើត ឬខាងលិច។ ដូច្នេះហើយ លោកគិតថាមុខងារចម្បងរបស់អគារនេះ គឺអាចធ្វើឡើងសម្រាប់បម្រើជាប្រយោជន៍ដល់អ្នកធម្មយាត្រា ដែលធ្វើដំណើរឆ្លងកាត់ទៅមក ដើម្បីមានកន្លែងឈប់សម្រាក និងជម្រកមានសុវត្ថិភាព។ បន្ថែមពីនេះទៅទៀត ដោយសារតែនៅលើហោជាងនៃអគារនេះតែងតែមានរូបចម្លាក់ “ព្រះពោធិសត្វអវលោកិតេស្វរ” លោកគិតថា ព្រះអង្គ គឺជាអ្នកការពាររាល់អស់អ្នកដំណើរឱ្យរួចផុតពីគ្រោះថ្នាក់នានាដែលតែងតែយាយីតាមផ្លូវ ដូចជា ក្រុមចោរព្រៃ សត្វដំរីសាហាវ ពស់វែក និងសត្វព្រៃសាហាវៗជាដើម។ គួរកត់សម្គាល់ មកដល់ឆ្នាំ១៩៧៣ លោក Bernard Philipe Groslier បានហៅអគារនេះថា “ធម្មសាលា” ដូចគ្នាដែរ ទាំងដែលពាក្យនេះមិនដែលលេចឡើងនៅក្នុងសិលាចារឹកមួយណានោះឡើយ។ ក្រោយមកទៀត មកដល់ឆ្នាំ១៩៩៨ លោក អ៊ឹម សុខរិទ្ធី បានសរសេរសារណាបញ្ចប់ថ្នាក់អនុបណ្ឌិតស្តីពី “បណ្តាញផ្លូវ និងមធ្យោបាយធ្វើដំណើរក្នុងសម័យអង្គរ ចាប់ពីស.វ.ទី៩ ដល់ទី១៤” បានហៅអគារប្រភេទនេះថា “សាលាសំណាក់” ឬ “ផ្ទះសំណាក់” (Gîte d’étape)។ ការហៅថា “សាលាសំណាក់” ដូច្នេះ ក៏ត្រូវបានហៅឡើងវិញដោយលោក Brono Dagens នៅឆ្នាំ២០០៣ និងបន្តរហូតមកដល់សព្វថ្ងៃ។
ទោះបីជាយ៉ាងនេះក្តី យើងត្រឡប់ទៅមើលការសិក្សាមួយរបស់លោក George Coedès នៅក្នុងឆ្នាំ១៩៤០ វិញ ដោយលោកបានហៅអគារនេះថា “Maison avec du feu” ឬ “Maison du feu” ប្រែជាភាសាខ្មែរថា “ផ្ទះមានភ្លើង” ឬ “ហោភ្លើង”។ មូលហេតុដែលលោកហៅអគារដូច្នេះ មកពីគាថាទី១២៤ នៃសិលាចារឹកព្រះខ័ន បានរំលេចឱ្យឃើញពាក្យសំស្រ្កឹតមួយថា “វហ្និគ្ឫហ” ប្រែថា ផ្ទះភ្លើង ឬហោភ្លើង។ លោក George Coedès បានពន្យល់ផ្អែកលើភស្តុតាងសិលាចារឹកថា អគារទាំងនេះ មិនមែនសាងសង់ឡើងសម្រាប់ជាបន្ទប់ដេក ឬកន្លែងសា្នក់នៅរបស់មនុស្សឡើយ ព្រោះទំហំខាងក្នុងតូចចង្អៀត ហើយធ្វើពីថ្មដែលជាវត្ថុធាតុសម្រាប់តែអាទិទេពប៉ុណ្ណោះ។ លោកគិតថាមុខងារពិតប្រាកដរបស់អគារនេះគឺ ជាទីកន្លែងសម្រាប់ “តម្កល់និងរក្សាព្រះភ្លើងពិសិដ្ឋ” ដែលជានិម្មិតរូបនៃកិច្ចការសាសនា និងអំណាចគ្រប់គ្រងរដ្ឋរបស់ព្រះមហាក្សត្រ (ព្រះបាទជ័យវរ្ម័នទី៧) នៅតាមបណ្តាញផ្លូវឆ្ងាយៗ។ លោកគិតថា ព្រះភ្លើងពិសិដ្ឋនេះ ត្រូវបានគេដឹកជញ្ជូន និងហែហមយ៉ាងប្រុងប្រយ័ត្នតាមក្បួនដង្ហែរបស់ស្តេច មន្រ្តី ឬក្បួនទ័ព ដូចដែលមានបង្ហាញនៅលើចម្លាក់ជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងបន្ទាយឆ្មារ។ ដូច្នេះ លោកគិតថាហោភ្លើងទាំងនេះជាស្ថានីយបណ្តោះអាសន្នសម្រាប់ទទួល និងរក្សាភ្លើងពិសិដ្ឋនោះឱ្យឆេះជានិច្ចនៅពេលមានក្បួនឆ្លងកាត់។
ស្រដៀងនឹងពាក្យ “វហ្និគ្ឫហ” ដែលលោក George Coedès បានហៅ ប្រែថា “ផ្ទះភ្លើង” ឬ “ហោភ្លើង” លោក Bhattacharya Kameleswar បានរៀបរាប់ថា សិលាចារឹកក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ចំនួន ២ ផ្សេងទៀត បានប្រើប្រាស់ពាក្យចំនួន ២ ផ្សេងទៀត ដែលមានន័យថា “ផ្ទះភ្លើង” ឬ“ហោភ្លើង” ដូចគ្នាដែរ។ ពាក្យទី១ រៀបរាប់នៅក្នុងសិលាចារឹកប្រាសាទតូច K.692 គឺ “វហ្ន្យាគារ” និងពាក្យទី២ រៀបរាប់នៅក្នុងសិលាចារឹកភិមានអាកាស K.485 គឺ “អគ្និគ្ឫហ”។ ក្នុងបរិបទទូទៅនៃសាសនាហិណ្ឌូផ្ទះភ្លើង ឬហោភ្លើង ជាអគារមួយប្រភេទដែលមានដុតភ្លើងសក្ការៈ (ភ្លើងពិសិដ្ឋ) ហើយគ្រឿងបូជាទាំងឡាយ បានថ្វាយចូលទៅក្នុងភ្លើងដោយមានការសូត្រមន្តគាថាបែបពិធីការអមជាមួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងពិធីបូជាតាមបែបវេទបុរាណ (អូម) ដោយសារមានគ្រឿងបូជាមួយចំនួនមានឈ្មោះដូចគ្នា។ ហេតុដូច្នេះហើយ សំណង់ហោភ្លើង គឺពិតជាមានមុខងារពាក់ព័ន្ធជាមួយកិច្ចបូជាសាសនាយ៉ាងពិតប្រាកដ នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ករណីនេះ វាស្របគ្នាជាមួយនឹងទស្សនៈរបស់លោក Claude Jacques បានបដិសេធថា សំណង់ថ្មទាំងនោះ មិនមែនប្រើប្រាស់ជាកន្លែងឈប់សម្រាករបស់អ្នកដំណើរ ឬជាកន្លែងស្នាក់នៅរបស់មនុស្សធម្មតានោះទេ ហើយបើសិនជាកន្លែងស្នាក់នៅធម្មតាមែននោះ គេប្រាកដជាធ្វើអំពីឈើ និងប្រក់ស្លឹកជាមិនខាន។
មកដល់ឆ្នាំ២០០៧ លោក Thomas S. Maxwell បានពន្យល់ពាក្យ “ឧបកាយ៌ា” ដែលលេចឡើងនៅក្នុងសិលាចារឹកប្រាសាទព្រះខ័ន។ ក្នុងគាថាទី៣៩ បានរៀបរាប់ថា មានទេវរូបចំនួន ៤ អង្គ តម្កល់នៅក្នុងអគារមួយដែលមានឈ្មោះថា “ឧបកាយ៌ាយាម”។ លោកបានលើកឡើងថា នៅក្នុងអក្សរសិល្ប៍ ឬទេវកថាឥណ្ឌា ពាក្យ ឧបកាយ៌ា មានន័យថាជា “ពន្លាជ័យ ឬទីតាំងមួយនៅក្នុងជំរុំកងទ័ព”។ ប្រសិនបើពាក្យនេះពិតជាមានន័យថា “សាលាសំណាក់” មែននោះ គឺប្រាកដជាមានសំណង់អ្វីមួយបន្ថែម (សំណង់ឈើ) ដូចទៅនឹងអគារសាលាសំណាក់នាសម័យទំនើប ហើយប្រតិមាដែលតម្កល់នៅទីនោះ គេប្រហែលជាយកទៅតម្កល់នៅសំណង់ថ្មដែលជាហោបន់ស្រន់ ឬដាក់នៅអាស្រមដែលស្ថិតនៅជាប់សំណង់ឈើនោះ។ គួរកត់សម្គាល់នោះ ដូចដែលបានរៀបរាប់មកខាងលើ សិលាចារឹកប្រាសាទព្រះខ័ន ត្រង់គាថាទី១២២, ១២៣ និង១២៥ គេបានរៀបរាប់បញ្ជាក់ឱ្យដឹងថា សំណង់នេះស្ថិតនៅតាមបណ្តោយផ្លូវនានាចេញពីអង្គរ ដោយគេប្រើពាក្យថា “ឧបកាយ៌ាហុតភុជៈ….អាលយាហៈ” (ប្រែថា៖ ទីតាំងឈប់សម្រាកដែលមានភ្លើង) និងប្រើពាក្យពីរបែបទៀតថា “វហ្នេហ….អាលយាហៈ” និង “វហ្និគ្ឫហានិ” ដែលពាក្យទាំងពីរនេះប្រែន័យត្រង់ថា “ផ្ទះភ្លើង” ឬ “ធម្មសាលា” ឬ “សាលាបូជាភ្លើង”។ នៅត្រង់ចំណុចនេះ លោក Thomas S. Maxwell បានពន្យល់ថា ការដែលគេហៅសាលាសំណាក់នៅប្រាសាទព្រះខ័នថា “ឧបកាយ៌ា” ប្រហែលមកពីប្រាសាទព្រះខ័ន ជាប្រភេទប្រាសាទហ្លួង (ឧទ្ទិសដល់ព្រះញាតិវង្សស្តេច) ពោល គឺជាពាក្យមានន័យទាក់ទងនឹងព្រះមហាក្សត្រ រីឯនៅសំណង់នៅតាមខេត្តឬក្រុងនានាគេគ្រាន់ហៅសំណង់នេះថា “វហ្និគ្ឫហ” (ផ្ទះភ្លើង)។ សេចក្តីនេះចង់បង្ហាញថា ផ្លូវទាំងឡាយដែលអគារទាំងនោះបានសាងសង់នៅក្បែរ គឺមានចំណុចចាប់ផ្តើមចេញពីក្រុងអង្គរ ហើយលាតសន្ធឹងរាយប៉ាយទៅខាងក្រៅ។ ការផ្សារភ្ជាប់ពាក្យទាំងនោះជាមួយពាក្យសំស្រ្កឹតទាំងឡាយដែលមានន័យថា “ភ្លើង” (វហ្និ, ហុតភុជ) ប្រហែលមកពីសំណង់ទាំងនោះគេប្រើប្រាស់ជាកន្លែងឈប់សម្រាកសម្រាប់ “ការបូជាភ្លើង” ដូចដែលឃើញតាមចម្លាក់ក្បួនដង្ហែនៅលើចម្លាក់ថែវប្រាសាទអង្គរវត្ត បាយ័ន និងបន្ទាយឆ្មារ ដូច្នោះដែរ (សូមមើល Jacques 2007:263; Maxwell & Poncar 2006: 132-137)។ ក្នុងនោះ សូម្បីតែសិលាចារឹកព្រះខ័ន ក៏ប្រើប្រាស់ពាក្យ “ភ្លើង” ជាភាសាសំស្រ្កឹតជាញឹកញាប់ដែរ ដែលហាក់ដូចជាចង់បង្ហាញឱ្យឃើញច្បាស់ពាក់ព័ន្ធជាមួយ “ពិធីបូជាព្រះភ្លើង”។ លោក Thomas S. Maxwell យល់ថា អគារភ្លើង ឬហោភ្លើង មិនមែនជាប្រាសាទនោះទេ ដោយសារតែអគារនេះមានទ្វារបន្ថែម និងសង្កត់ធ្ងន់ទៅលើប្រព័ន្ធខ្យល់ចេញចូល ហើយរចនាឡើងយ៉ាងច្បាស់លាស់សម្រាប់កិច្ចបូជាក្នុងសាសនា។ លោកបន្ថែមទៀតថា អគារនេះមិនមែនជាកន្លែងឈប់សម្រាកសម្រាប់អ្នកដំណើរនោះឡើយ ព្រោះវាជាសំណង់សាងសង់ឡើងអំពីថ្ម ហើយភ្លើងដែលឈ្មោះវាសម្គាល់ទៅដល់នោះ មិនមែនសម្រាប់កំដៅ ឬការចម្អិនអាហារឡើយ ប៉ុន្តែគឺសម្រាប់កិច្ចបូជាយ៉ាងពិតប្រាកដ។
ចុះហេតុអ្វីគេហៅសំណង់នេះថា “ឧបកាយ៌ា” (សាលាសំណាក់)?
លោក Thomas S. Maxwell ឆ្លើយថា ទាល់តែមើលចម្លាក់នៅប្រាសាទអង្គរវត្តដែលបង្ហាញពីប្រអប់ផ្ទុកតូចមួយ មានរាងដូចជាកូនប្រាសាទ ដែលគេសែងនៅក្នុងក្បួនដង្ហែ និងបានពណ៌នានៅក្នុងសិលាចារឹកអមជាមួយថា “វ្រះវ្លេង” (ព្រះភ្លើង ឬភ្លើងសក្ការៈ) ទើបអាចឆ្លើយសំណួរខាងលើបាន។ ប្រអប់នោះច្បាស់ណាស់ថាមានទំហំមិនធំ ឬមិនល្មមសម្រាប់ដុតភ្លើងបូជាឡើយ ហើយក៏មិនអាចផ្ទុកវត្ថុធាតុសម្រាប់ដុតបានច្រើនឡើយ ពោល គឺវានឹងឆេះអស់នៅពេលដែលក្បួនដង្ហែធ្វើដំណើរទៅមុខ។ ផ្ទុយទៅវិញ វាច្បាស់ជាផ្ទុកនូវអណ្តាតភ្លើង ឬរងើកភ្លើងដែលដកស្រង់ចេញពីភ្នក់ភ្លើងធំជាងមុន ដែលនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីអុជបំភ្លឺភ្លើងបូជាទីពីរនៅពេលបញ្ចប់ការធ្វើដំណើរហែក្បួនប្រចាំថ្ងៃ។ រឿងនេះ គឺវាស្របគ្នាទៅនឹងចម្ងាយផ្លូវរវាងអគារភ្លើង ឬហោភ្លើងនីមួយៗដែលស្ថិតនៅតាមបណ្តោយថ្នល់បុរាណនាសម័យអង្គរ ពោល គឺអគារនេះជាកន្លែងដែលធ្វើឡើងត្រូវតាមក្បួនខ្នាតពិធីបូជាព្រះភ្លើងឡើងវិញ នៅរាល់ពេលដែលបញ្ចប់ដំណាក់កាលនីមួយៗនៃការធ្វើដំណើរ ។ ពាក្យថា “អគ្និគ្ឫហ” ពិតជាមានន័យថា “ឧបកាយ៌ា” ឬទីតាំងឈប់សម្រាកមែន តែវាមិនមែនរចនាឡើងសម្រាប់អ្នកដំណើរឡើយ គឺសម្រាប់ភ្លើងសក្ការៈ (ព្រះភ្លើង) ដែលគេបាននាំយកតាមខ្លួនទៅវិញទេ។ លោកគិតថា នៅក្បែរហោភ្លើង ឬឧបកាយ៌ានេះ គឺពិតជាមានសំណង់ឈើនៅជិតនោះ ដែលសង់ឡើងសម្រាប់អ្នកដំណើរអាចឈប់សម្រាកបាន (បាក់បែកអស់ហើយ) ហើយអគារឈើនៃសាលាសំណាក់ទាំងនោះ គឺមិនមែនជាអ្វីដែលសិលាចារឹកព្រះខ័នបានរៀបរាប់នោះទេ ក៏ព្រោះតែសិលាចារឹកបញ្ជាក់ថាទីនោះជាកន្លែងតម្កល់ទេវរូបចំនួន ៤ អង្គ។ ការរួមផ្សំគ្នារវាងការបូជាភ្លើង និងតម្កល់ទេវរូបនៅក្នុងអគារតែមួយនេះ មិនមែនជារឿងថ្មីឡើយនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដូចមានរៀបរាប់បញ្ជាក់រឿងនេះនៅក្នុង សិលាចារឹកប្រាសាទអន្លង់ចារ ស.វ.ទី១០ (K.950) និងសិលាចារឹកប្រាសាទត្រពាំងដូនអន ស.វ.ទី១១ (K.254)។
បន្ថែមពីនេះ តាមរយៈការសិក្សាថ្មីមួយរបស់ លោក Mitch Hendirckson កាលពីឆ្នាំ២០០៨ គឺលោកបានហៅអគារនេះជាភាសាអង់គ្លេសថា “House With Fire” (ហោភ្លើង) និង “Resthouse” (សាលាសំណាក់)។ ការសិក្សារបស់លោក ផ្តោតទៅលើលទ្ធផលនៃការអង្កេតនិងការធ្វើកំណាយបុរាណវិទ្យាជុំវិញតំបន់មានហោភ្លើង ឬសាលាសំណាក់ នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ជាពិសេសសំណង់ហោភ្លើងដែលស្ថិតនៅឆ្ងាយពីតំបន់អង្គរ ដូចជា ប្រាសាទព្រហ្មកិល ប្រាសាទតាឥន្រ្ទ ប្រាសាទទ័ពជ័យ។ ជាលទ្ធផល លោកបង្ហាញថា ហោភ្លើង មិនមានជាសំណង់ដែលស្ថិតនៅឯកោនោះទេ ពោល គឺនៅជុំវិញសំណង់នេះមានត្រពាំងតូចៗជាច្រើន និងកំពែងហ៊ុមព័ទ្ធជុំវិញកម្ពស់ទាបៗ ដែលរចនាសម្ព័ន្ធទាំងនេះប្រហែលជាទុកបំពេញតម្រូវការទឹកដល់អ្នកដំណើរ និងសត្វពាហនៈ។ អ្វីដែលពិសេសបំផុតនោះ គឺការរកឃើញឡដុតកុលាលភាជន៍មានស្រទាប់រលោងពណ៌ត្នោតចំនួន ៣ នៅក្បែរសំណង់ហោភ្លើងនៅប្រាសាទទ័ពជ័យ ដែលបង្ហាញថា ទីតាំងសាលាសំណាក់ ឬហោភ្លើងនេះ ក៏អាចជាមជ្ឈមណ្ឌលផលិត ឬចែកចាយទំនិញដែលគ្រប់គ្រងដោយរដ្ឋផង។ បន្ទាប់ពីបានសិក្សារួចមក លោក Mitch Hendirckson យល់ឃើញថា សាលាសំណាក់ ឬហោភ្លើង គឺជាផ្នែកមួយនៃស្ថាបត្យកម្មដ៏ស្មុគស្មាញ ដែលមិនមែនគ្រាន់តែជាកន្លែងទីសក្ការបូជាសាសនាទោលនោះឡើយ (តម្កល់ព្រះភ្លើងពិសិដ្ឋ) ប៉ុន្តែសំណង់នេះដើរតួនាទីជាចំណុចកណ្តាលនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សម្រាប់ឱ្យក្រុមអ្នកដំណើរ មន្រ្តីរាជការ និងអ្នកធម្មយាត្រាអាចមកឈប់សម្រាកសម្រួលកម្លាំងនៅបរិវេណជុំវិញនោះបាន។ លើសពីនេះ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តអំណាចរដ្ឋ គ្រប់គ្រងការធ្វើដំណើរ និងការដោះដូរទំនិញយុទ្ធសាស្រ្ត (ដូចជា អំបិល ត្រីងៀតជាដើមពីតំបន់ប្រាសាទភិមាយ ឬផលិតផលដែកពីតំបន់ប្រាសាទបាកាណ) មកកាន់រាជធានីស្រីយសោធរបុរ (តំបន់អង្គរ)។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន អ្នកស្រាវជ្រាវបានរកឃើញទីតាំងសំណង់ហោបន់នៃសាលាសំណាក់ ឬហោភ្លើង ជាបន្តបន្ទាប់នៅក្នុងតំបន់អង្គរ និងឆ្ងាយពីតំបន់អង្គរ។ ជាក់ស្តែង ដូចជា ផ្លូវពាយព្យ ពោល គឺផ្លូវចេញពីនគរស្រីយសោធរបុរ (រាជធានីអង្គរ) ឆ្ពោះទៅក្រុងវិមាឃបុរ (តំបន់ប្រាសាទភិមាយ) គេបានរកឃើញសំណង់នេះជាង ២០ កន្លែង រួមមាន ប្រាសាទផ្ទោល, ប្រាសាទសំពៅ, ប្រាសាទសាមន្តតេង, ប្រាសាទគុកអូរជ្រុង, ប្រាសាទគោកមន, ប្រាសាទព្រហ្មកិល, ប្រាសាទអំពិល, ប្រាសាទព្នៅ, ប្រាសាទតាមាន់, ប្រាសាទថាមោ, ប្រាសាទបានប៊ុ, ប្រាសាទណងកង, ប្រាសាទណងភ្លុង, ប្រាសាទណងតាផ្លែង, ប្រាសាទហ៊ុយខែន, ប្រាសាទគុសិលាខណ្ឌ។ រីឯ ផ្លូវឆ្ពោះទៅតំបន់ប្រាសាទបាកាណ (ព្រះខ័ន-កំពង់ស្វាយ) គេបានរកឃើញនៅក្នុងបរិវេណប្រាសាទបឹងមាលា (ប្រាសាទកន្សែង), ប្រាសាទទ័ពជ័យតូច, ប្រាសាទតាឥន្រ្ទ, ប្រាសាទគុក និងក្នុងបរិវេណប្រាសាទបាកាណ។ ចំណែកឯសំណង់កសាងនៅក្នុងបរិវេណប្រាសាទធំៗឧទ្ទិសដល់បុព្វការីជនព្រះបាទជ័យវរ្ម័នទី៧ ដែលប្រហែលគេហៅថា “ឧបកាយ៌ា” គឺមាននៅក្នុងបរិវេណប្រាសាទព្រះខ័ន, ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយឆ្មារ។
ជារួមមក ផ្អែកលើភស្តុតាងសិលាចារឹក ស្ថាបត្យកម្ម និងទិន្នន័យស្រាវជ្រាវបុរាណវិទ្យាជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញថា សំណង់អគាររាងបួនជ្រុងទ្រវែងដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលគេស្គាល់ជាទូទៅថា “សាលាសំណាក់” ឬ “ហោភ្លើង” នោះ មិនមែនជាសំណង់ឯកោដែលមានតួនាទីតែមួយមុខនោះឡើយ។ ផ្ទុយទៅវិញ សំណង់ទាំងនេះមានមុខងារចម្រុះនិងស្មុគស្មាញយ៉ាងខ្លាំង ដោយរួមបញ្ចូលទាំង ទិដ្ឋភាពសាសនា ទិដ្ឋភាពសង្គមកិច្ច និងទិដ្ឋភាពនយោបាយនិងសេដ្ឋកិច្ច។ ក្នុងនោះ ទិដ្ឋភាពសាសនា សំណង់នេះដើរតួនាទីជាកន្លែងសម្រាប់តម្កល់ទេវរូប និងជាកន្លែងរក្សាឬតម្កល់ព្រះភ្លើងពិសិដ្ឋឱ្យឆេះជានិច្ច ក្នុងកិច្ចបូជាសាសនានៅតាមដងផ្លូវ។ រីឯទិដ្ឋភាពសង្គមកិច្ច សំណង់នេះដើរតួនាទីជាចំណុចកណ្តាលនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្តល់ជាជម្រកសុវត្ថិភាព ប្រភពទឹក និងកន្លែងឈប់សម្រាក់សម្រាប់អ្នកដំណើរ អ្នកធម្មយាត្រា មន្រ្តី និងកងទ័ព ។ល។ ចំណែក ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច សំណង់នេះ បានដើរតួនាទីជាឧបករណ៍យុទ្ធសាស្រ្តក្នុងការអនុវត្តអំណាចរដ្ឋពីរាជធានីអង្គរទៅកាន់តំបន់ដាច់ស្រយាល តាមរយៈការគ្រប់គ្រងការធ្វើដំណើរ និងការដោះដូរ ឬចែកចាយទំនិញសំខាន់ៗ។ ការរកឃើញទីតាំងសំណង់ទាំងនេះជាបន្តបន្ទាប់នៅតាមខ្សែផ្លូវបុរាណនានា មិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរុងរឿង និងការរីកចម្រើនខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងសម័យអង្គរប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ពីទស្សនវិជ្ជាដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងកិច្ចបូជាសាសនា ការពង្រីកអំណាចរដ្ឋ និងការគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រនៅទូទាំងអាណាចក្រខ្មែរ។











—————-
During the reign of King Jayavarman VII (1181–1220 CE), a distinct type of rectangular stone structure was constructed within major temple complexes and along primary imperial highways connecting the capital, Yasodharapura (Angkor), to provincial cities. Epigraphic evidence from the Preah Khan stele indicates that 121 of these buildings, termed upakāya, were strategically positioned at regular intervals across the Khmer Empire. Historically designated by early scholars as dharmacāla or ‘rest houses’ (gîtes d’étape) under the spiritual protection of Avalokiteśvara, their primary nomenclature and function have long provoked academic debate.
While early twentieth-century scholarship posited these buildings as charitable shelters for travellers, subsequent epigraphic and architectural analyses suggest a sacred configuration. The restricted interior dimensions, durable stone material, and distinct ventilation systems indicate that these buildings were not intended for standard human habitation. Epigraphic terms such as vahnigrha, vahnāgāra, and agnigrha (‘fire shrines’) support the hypothesis that they functioned as repositories for the sacred fire (vahnī) carried in state processions.
Furthermore, recent archaeological excavations, including the discovery of surrounding ponds, enclosures, and ceramic kilns at Prasat Teap Chei Toch temple, demonstrate that these structures served as integrated infrastructural hubs. This paper argues that these buildings fulfilled a complex, tripartite role: religiously, as shrines preserving the sacred flame and housing Mahayana deities; socially, as rest areas providing water and security for state travellers; and politico-economically, as strategic outposts regulating demographic movement and the distribution of vital commodities like salt, fish, and iron to the capital.
អត្ថបទដោយ៖ ម៉ង់ វ៉ាលី





