ទំព័រដើមប្រវត្តិសាស្ត្រវ្រីហិគ្ឫហនៅបរិវេណប្រាសាទព្រះខ័ន

វ្រីហិគ្ឫហនៅបរិវេណប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន មានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ (វង់ធំ) ខេត្តសៀមរាប ចម្ងាយប្រមាណ ២,៥ គីឡូម៉ែត្រ ប៉ែកឦសានប្រាសាទបាយ័ន។ នៅក្នុងមជ្ឈដ្ឋានអ្នកស្រាវជ្រាវ គេស្គាល់ជាទូទៅថា ប្រាសាទព្រះខ័ន មានឈ្មោះដើមថា “ជយស្រី” កសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវរបិតារបស់ព្រះអង្គ គឺព្រះបាទធរណីន្រ្ទវរ្ម័នទី២​ ក្នុងទម្រង់ជាព្រះពោធិសត្វអវលោកិតេស្វរ ក្រោមព្រះនាមថា “ជយវរ្មេស្វរ”។ គួរឱ្យចាប់អារម្មណ៍ នៅក្នុងបរិវេណកំពែងទី៣ (ប៉ែកឦសាន) មានអគាររាងបួនជ្រុងទ្រវែងមួយធ្វើអំពីថ្មភក់ដែលមានប្លង់ រចនាសម្ព័ន្ធ និងរូបរាងចម្លែកពីអគារនៅតាមប្រាសាទផ្សេងៗក្នុងប្រទេសកម្ពុជា ដែលបង្កើតជាចម្ងល់ជាច្រើនអំពីតួនាទីរបស់អគារមួយនេះជាច្រើនទសវត្សរ៍។ ប៉ុន្តែ បន្ទាប់ពីមានការរកឃើញថ្មគោលចារឹកនៅប្រាសាទព្រះខ័ន កាលពីឆ្នាំ១៩៣៩ មក ការសន្និដ្ឋានអំពីតួនាទីដើមនៃអគារនេះ ចេះតែមានជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្នគេសន្និដ្ឋានថា អគារពីរជាន់ដ៏ចម្លែកនេះជា “វ្រីហិគ្ឫហ”។ តើ “វ្រីហិគ្ឫហ” គឺជាអ្វី និងមានតួនាទីដូចម្តេចខ្លះ?

ពាក្យ “វ្រីហិគ្ឫហ” ជាភាសាសំស្រ្កឹតដែលផ្សំឡើងអំពីពាក្យចំនួន ២ ពោល គឺពាក្យ “វ្រីហិ” មានន័យថា “ស្រូវ” ឬ “ស្រូវដែលទើបច្រូតថ្មីៗ” និងពាក្យ “គ្ឫហ” ប្រែថា “ផ្ទះ” ឬ “រោង” ឬ “សាលា” ឬ “ឃ្លាំង”។ ម្ល៉ោះហើយ “វ្រីហិគ្ឫហ” មានន័យថា “ឃ្លាំងឬជង្រុកសម្រាប់ផ្ទុកផលស្រូវដែលទើបប្រមូលផល” ឬអាចប្រែដោយកាត់ខ្លីថា​ “ឃ្លាំងស្រូវ”, “ជង្រុកស្រូវ”, “ផ្ទះស្រូវ”, “សាលាស្រូវ”។ ពាក្យ “វ្រីហិគ្ឫហ” គេប្រទះឃើញនៅក្នុងគាថាទី៣៩ នៃថ្មគោលសិលាចារឹកព្រះខ័ន ដែលមានខ្លឹមសារទាំងស្រុងថា៖

                     ឯកោ វ្រីហិ-គ្ឫហេ​ ទេវស                ចង្ក្រមេសុ បុនរ​ ទស

                     ចត្វារស​ ចឧបកាយ៌ាយាម           អារោគ្យ អាយតនេ ត្រយះ

ប្រែថា៖         

           “ទេវតាមួយអង្គគង់នៅឃ្លាំងស្រូវ បន្ទាប់មកដប់អង្គគង់នៅតាមថែវ (ថែវប្រទក្សិណ), បួនអង្គគង់នៅសាលាសំណាក់ (ផ្ទះសម្រាកតាមផ្លូវ), និងបីអង្គគង់នៅក្នុងមន្ទីរពេទ្យ”

តាមន័យខាងលើដែលរៀបរាប់ថា សំណង់នេះមានតម្កល់ទេវរូប (ប្រតិមា) តែមួយអង្គគង់នៅទីនោះ នាំឱ្យគេដឹងថា សំណង់នេះជាប្រភេទសំណង់ទោលមានតែមួយគត់។ នៅក្នុងឆ្នាំ១៩៤១ លោក George Coedès ដែលជាអ្នកប្រាជ្ញដំបូងគេបង្អស់ដែលបានបកប្រែសិលាចារឹកព្រះខ័ន បានសន្និដ្ឋានថា “វ្រីហិគ្ឫហ” ឬ “ឃ្លាំងស្រូវ” ដែលរៀបរាប់នៅក្នុងគាថាទី៣៩ នេះ គឺប្រហែលជា “សំណង់ថ្មបាយក្រៀមគ្រើមៗដែលស្ថិតនៅក្នុងកំពែងជាន់ទី៣”។ លុះមកដល់ឆ្នាំ១៩៩៣ លោក Christophe Pottier បានសន្និដ្ឋានថា “វ្រីហិគ្ឫហ” ឬ “ឃ្លាំងស្រូវ” គឺជាវិហារដែលមានសសររាងមូលដ៏អាថ៌កំបាំងនៃប្រាសាទព្រះខ័ន។ សម្មតិកម្មរបស់លោក Christophe Pottier ត្រូវបានយល់ស្របទាំងស្រុងដោយលោក Thomas Stuart Maxwell នៅក្នុងអត្ថបទស្រាវជ្រាវរបស់លោកក្នុងឆ្នាំ២០០៧។ ក្នុងនោះ លោក Thomas Stuart Maxwell យល់ថា បើទោះបីជាសិលាចារឹកមិនបានផ្តល់ព័ត៌មានលម្អិតចំៗអំពីទីតាំង ឬអត្តសញ្ញាណរបស់ទេវរូបដែលតម្កល់នៅទីនោះក៏ដោយ លោកជឿថា “វ្រីហិគ្ឫហ” ឬ “ឃ្លាំងស្រូវ” គឺពិតជាសំណង់រាងបួនជ្រុងទ្រវែងដែលមានសសររាងមូលដ៏ស្កឹមស្កៃ (សំណង់លេខ១៤៦) ស្ថិតនៅប៉ែកឦសាននៃកំពែងជាន់ទីបី ព្រោះស្ថាបត្យកម្មនេះរចនាឡើងដោយផ្តាច់តួអគារឱ្យផុតពីដី មានសសរមូលៗដែលមិនអាចតោងឡើងបាន មិនមាន     ជណ្តើរអចិន្រ្តៃយ៍ឡើងទៅជាន់លើ និងមានគិតគូរអំពីប្រព័ន្ធខ្យល់ចេញចូលបានល្អជាងសំណង់ដទៃទៀត។

លោក Thomas Stuart Maxwell គិតថា ទេវរូបចំនួនមួយអង្គដែលតម្កល់នៅ “វ្រីហិគ្ឬហ” ឬ “ឃ្លាំងស្រូវ” គឺប្រហែលជា “វ្រះវៃស្រវ” ឬ “ព្រះពៃស្រពណ៍” ដែលគេស្គាល់ថាជាព្រះអាទិទេពតំណាងឱ្យស្រូវ ហើយរូបប្រតិមាធ្វើអំពីថ្មពិតជាមាននៅសម័យអង្គរ។ ប៉ុន្តែ លោកគិតថា ទេវរូបនេះមិនមែនតម្កល់នៅលើអគារវ្រីហិគ្ឫហនេះទេ តែគេតម្កល់នៅលើប្រាសាទតូចមួយនៅលើខឿនថ្មបាយក្រៀមវែង (សំណងលេខ១៤៤) ដែលស្ថិតនៅខាងលិច និងស្របអ័ក្សគ្នាជាមួយអគារនេះ។ ប្រាសាទតូចមួយនៅលើខឿនថ្មបាយក្រៀមនេះ បានបាត់បង់រូបរាងអស់ទៅហើយ តែបំណែកថ្មភក់ និងផ្នែកខ្លះនៃជើងទម្រនៅតែអាចមើលឃើញនៅលើខឿនថ្មបាយក្រៀមនេះ។ ក្នុងនោះ បានជាកម្ពស់ខឿនថ្មបាយក្រៀមនេះមានកម្ពស់ស្មើទៅនឹងកម្រិតជាន់ទីមួយនៃអគារ “វ្រីហិគ្ឫហ” មកពី គេធ្វើឡើងដើម្បីដាក់តម្កល់ប្រតិមា “ព្រះពៃស្រពណ៍” ឱ្យស្មើទៅនឹងជាន់ទីមួយនៃអគារនោះ ដែលជាន់ទីមួយនោះហើយ គឺជាកន្លែងផ្ទុកស្រូវជានិម្មិតរូប។ ដូច្នេះ រូបប្រតិមាព្រះពៃស្រពណ៍ នឹងត្រូវបែរព្រះភក្រ្តសំដៅទៅរកឃ្លាំងស្រូវដែលព្រះអង្គត្រូវតាមថែរក្សាការពារ ដោយសារតែប្រាសាទរបស់ព្រះអង្គស្ថិតនៅទិសខាងលិចនៃឃ្លាំង ហើយព្រះអង្គនឹងបែរទៅទិសខាងកើត។

អ្វីដែលជាចម្ងល់នោះគឺនៅត្រង់ថា តើអគារ “វ្រីហិគ្ឬហ” ឬ “ឃ្លាំងស្រូវ” នេះ ពិតជាដើរតួនាទីជាជង្រុក ឬឃ្លាំងស្រូវពិតប្រាកដមែន ឬគ្រាន់តែជានិម្មិតរូប ឬគ្រាន់ជាកន្លែងធ្វើកិច្ចពិធីសាសនាពាក់ព័ន្ធជាមួយទ្រព្យហ្លួង? ដោយសារតែអគារនេះសាងសង់ឡើងអំពីថ្ម មានការរចនាយ៉ាងល្អប្រណីត និងមានលក្ខណៈស្ថាបត្យកម្មដ៏ស្កឹមស្កៃ នាំឱ្យលោក Thomas Stuart Maxwell យល់ថា សំណង់វ្រីហិគ្ឬហនេះត្រូវតែជាឃ្លាំងរាជវាំងចម្បង ពោល គឺស្របទៅតាមគាថាទី៧៨ នៃសិលាចារឹកព្រះខ័ន ដែលរៀបរាប់ថា “អ្វីដែលត្រូវដកយកជារៀងរាល់ឆ្នាំពីឃ្លាំងរាជវាំង គឺស្រូវ (ឬអង្ករ) ចំនួន ១,៣២៨ ខារី និង ២ ទ្រោណស”។ ប៉ុន្តែ មុខងារប្រើប្រាស់ជាក់ស្តែងរបស់អគារនេះហាក់ដូចជាលើសកម្រិតបន្តិច ដោយសារតែទំហំផ្ទុកតូច ប្រៀបធៀបទៅនឹងបរិមាណស្បៀងអាហារដែលត្រូវដាក់តម្កល់ក្នុងឃ្លាំង (ដូចមានរៀបរាប់សិលាចារឹកព្រះខ័ន​ គាថាទី៧៨ដល់៩៤)។ ម្ល៉ោះហើយ ទោះបីជាអគារឃ្លាំងស្រូវនេះមើលទៅតូច បើធៀបនឹងបរិមាណស្បៀងទាំងអស់ក្នុងប្រាសាទ ប៉ុន្តែអគារនេះមានតួនាទីជា “មជ្ឈមណ្ឌលចែកចាយស្បៀង” ក្នុងពិធីសាសនា (ផ្គត់ផ្គង់ទៅបរិវេណខាងក្នុងប្រាសាទ) និងជានិម្មិតរូបតំណាងឱ្យព្រះមហាក្សត្រ ព្រោះគេប្រៀបប្រដូចព្រះអង្គទៅនឹង “ប្រភព” និង “ជាអ្នកប្រទានផលដំណាំដល់ប្រជានុរាស្រ្ត”។

 សូមបញ្ជាក់ថា នៅមុនឆ្នាំ១៩៣០ ប្រាសាទព្រះខ័នទាំងមូល រួមទាំងអគារ “វ្រីហិគ្ឬហ” ឬ “ឃ្លាំងស្រូវ” នេះផង ត្រូវបានដុះគ្របដណ្តប់ទៅដោយព្រៃក្រាស់ៗ និងឫសឈើធំៗ។  នៅចុងឆ្នាំ១៩៣០ ក្រុមអ្នកអភិរក្សសាលាបារាំងចុងបូព៌ាប្រទេស ដឹកនាំដោយលោក Henri Marchal បានចាប់ផ្តើមយុទ្ធនាការឆ្ការព្រៃ ដកឫសឈើ និងកាយដីដែលកប់នៅជើងសសរអគារនេះចេញ។ ការសម្អាតនេះជួយឱ្យគេមើលឃើញទម្រង់ស្ថាបត្យកម្មពីរជាន់ និងជួរជើងសសររាងមូលនៃអគារនេះកាន់តែច្បាស់លាស់ និងអាចវាយតម្លៃពីកម្រិតខូចខាតដើម្បីត្រៀមជួសជុល។ មុននឹងឈានទៅដល់ការរុះរើ និងជួសជុលអគារនេះឡើងវិញ បុរាណវិទូ និងស្ថាបត្យករបារាំង បានចាប់ផ្តើមគូរគំនូរប្លង់នៃអគារនេះឡើងវិញ ដែលដឹកនាំដោយលោក Maurice Glaize នៅឆ្នាំ១៩៣៧។ ការងារជួសជុលតាមបែបអាណាស្ទីឡូស បានចាប់ផ្តើមឡើងនៅដើមទសវត្សរ៍១៩៥០ រហូតបានសម្រេចជោគជ័យទាំងស្រុងនៅឆ្នាំ១៩៥២។

ជារួមមក អគារពីរជាន់ដ៏ចម្លែកនៅបរិវេណប្រាសាទព្រះខ័ន ដែលអ្នកស្រាវជ្រាវសន្និដ្ឋានថាជា «វ្រីហិគ្ឬហ» ឬ «ឃ្លាំងស្រូវ» នេះ មិនត្រឹមតែដើរតួជាមជ្ឈមណ្ឌលចែកចាយស្បៀងក្នុងពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិម្មិតរូបឆ្លុះបញ្ចាំងពីព្រះមហាក្សត្រខ្មែរ ដែលជាប្រភពនៃការប្រទានផលដំណាំដល់ប្រជានុរាស្ត្រ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងឃ្លាំងស្រូវ និងខឿនតម្កល់បដិមា «ព្រះពៃស្រពណ៍» (អាទិទេពថែរក្សាស្រូវ) នៅទិសខាងលិច បានបង្ហាញយ៉ាងច្បាស់ពីការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងស្ថាបត្យកម្ម ជំនឿសាសនា និងជីវភាពកសិកម្មសម័យអង្គរ។
សំណង់ដ៏កម្រមួយនេះ គឺជាសក្ខីភាពប្រវត្តិសាស្ត្រដ៏រស់រវើក មិនត្រឹមតែបង្ហាញពីភាពច្នៃប្រតិដ្ឋខ្ពស់ខាងផ្នែកស្ថាបត្យកម្មដែលខុសប្លែកពីប្រាសាទដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពរុងរឿងខាងផ្នែកអរិយធម៌ ក៏ដូចជាសមត្ថភាពដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ ក្នុងការគ្រប់គ្រងស្បៀងអាហារ និងរៀបចំកិច្ចការនគរនាសម័យអាណាចក្រអង្គរផងដែរ។

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

——–

This paper examines the two-storey sandstone building (Structure 146) within the third enclosure of Preah Khan temple, Angkor. Epigraphic data from the Preah Khan stele identifies this unique, columned edifice as a vrīhigṛha (rice granary). Its elevated design, smooth circular pillars, and ventilation system reflect pragmatic grain-storage engineering, whilst its axial alignment with an adjacent laterite platform (Structure 144) suggests a sacred connection to Vaiśravaṇa, the deity of rice. As the structure’s physical capacity is too limited for mass storage, it is argued that the vrīhigṛha functioned primarily as a ritual food distribution centre. Ultimately, the building served as a potent socio-political symbol, projecting the Angkorian monarch as the ultimate provider of sustenance whilst showcasing the sophisticated synthesis of state ritual, architecture, and the agrarian economy.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,300SubscribersSubscribe
- Advertisement -spot_img