វត្តពោធិហាន់ជ័យលើមិនត្រឹមតែជាទីសក្ការបូជាសម្រាប់ពុទ្ធសាសនិកប៉ុណ្ណោះទេតែទីអារាមនេះគឺជាតឹកតាងសិល្បៈស្ថាបត្យកម្មដ៏ល្អមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ក្នុងឃុំហាន់ជ័យលើ ស្រុកឆ្លូង ខេត្តក្រចេះ។ វត្តនេះស្ថិតក្នុងភូមិសាស្ត្រយ៉ាងប្រពៃនៅប្របតាមដងទន្លេមេគង្គ ដូចបណ្តាវត្តបុរាណផ្សេងៗទៀតដែរ។ បើយោងតាមលទ្ធផលនៃការសិក្សារបស់អ្នកស្រាវជ្រាវ ព្រះវិហារវត្តពោធិហាន់ជ័យលើបានសាងឡើងនៅភាគខាងចុងសម័យអាណាព្យាបាលបារាំង។ អ្វីជាការកត់សម្គាល់នោះទោះបីជាពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំ ឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូររបបនយោបាយជាច្រើនដំណាក់កាល ក៏សំណង់ព្រះវិហារនេះនៅតែរក្សាបានរចនាសម្ព័ន្ធដើមយ៉ាងរឹងមាំ។ ភាពរឹងមាំនៃសំណង់ព្រះពុទ្ធសាសនានេះ សបញ្ជាក់ឱ្យឃើញពីបច្ចេកទេសសាងសង់ដោយផ្ចិតផ្ចង់ និងការជ្រើសរើសគ្រឿងបង្គុំសំណង់ប្រកបដោយគុណភាពខ្ពស់របស់បុព្វបុរសជំនាន់មុន បន្សល់សម្រាប់ការគោរពបូជាដល់សព្វថ្ងៃ។
ព្រះវិហារវត្តពោធិហាន់ជ័យលើ សាងឡើងលើខឿនខ្ពស់៣ថ្នាក់ ក្នុងរចនាបថជា ស្ថាបត្យកម្មខ្មែរមួយបែប ដែលមានផ្នែកខ្លះទទួលឥទ្ធិលពលសិល្បៈប៉ែកអឺរ៉ុប។ ផ្នែកខាងក្រៅព្រះវិហារ បើមើលជាក់ស្តែងលើរចនាសម្ព័ន្ធដំបូល គេចាត់ជាទម្រង់ព្រះវិហារជហ្វាបួន ឬហៅថាទម្រង់ដំបូលព្រះវិហារបុរាណ។ ដំបូលប្រក់ដោយក្បឿងស្រកាលេញ ជ្រាលចុះជាថ្នាក់ៗ ហើយផ្នែកខ្លះនៃដំបូលក៏ធ្លាប់បានជួសជុលថែរក្សាមកជាហូរហែដែរ។ នៅតាមចុងចែងដំបូលនីមួយៗ មានបំពាក់លម្អដោយក្បាលនាគចែងជាប្រភេទសិល្បៈចម្លាក់ពុម្ពស៊ីម៉ងត៍។
ដូចបានពោលមកពីខាងដើម អ្វីជាលក្ខណៈពិសេសនៃរចនាសម្ព័ន្ធព្រះវិហារវត្តពោធិហាន់ជ័យលើ គឺទេពកោសល្យនៃការបញ្ចូលនូវផ្នែកខ្លះក្នុងរចនាបថសិល្បៈអឺរ៉ុបនៅលើសំណង់ព្រះវិហារបង្កើតជាយ៉ព័ទ្ធជុំវិញត្រង់ផ្នែកខាងលើនៃសសរបាំងសាច ស្រដៀងនឹងព្រះវិហារវត្តកៀនឃ្លាំង ស្ថិតក្នុងតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ នៅតាមចន្លោះសសរលើយ៉ទាំងនោះទៀតសោត លោកកសាងផ្ទៃជញ្ជាំងខ្លី(?)ឱ្យមានរាងកោងផ្កាប់ស្ទើរដូចដងធ្នូ ឬគេនិយមហៅថារាងជាអក្សរអ៊ុយ(U)ផ្កាប់។ ផ្នែកខាងក្រោមនៃយ៉ជុំវិញនោះ មានលម្អដោយទែនទយរូបគ្រុឌ និងកិន្នរនៅតាមសសរនីមួយៗ។ រចនាសម្ព័ន្ធផ្នែកនេះ ហាក់ជួយបង្កើនសោភ័ណភាពសំណង់ និងបង្ហាញពីទឹកដៃសិល្បៈយ៉ាងល្អវិចិត្រក្រៃលែង។
ចំពោះក្បាច់លម្អលើហោជាងទាំងពីរនៃព្រះវិហារនេះ គឺមានលក្ខណៈស្ទើរដូចគ្នា ពោលគឺជាទម្រង់ក្បាច់ភ្ញីទេស លាបរំលេចពណ៌ទឹកមាសភ្លឺផ្លេក លម្អលើផ្ទៃហោជាងទាំងមូល តែពុំមានចំណារចារឹកអ្វីជាសម្គាល់ឡើយ។ ហោជាងខាងមុខនៅត្រង់ផ្នែកកណ្តាល គឺជារូបជើងពានទ្រគម្ពីរ ឬព្រះខ័ន(?) ព័ទ្ធជុំវិញដោយសន្លឹកក្បាច់យ៉ាងរស់រវើក។ ហោជាងខាងក្រោយ ក៏បង្ហាញពីភាពរស់រវើកនៃក្បាច់ភ្ញីទេសពេញលើផ្ទៃហោងជាងដែរ។ ប៉ុន្តែនៅផ្នែកកណ្តាលហោជាង មានរូបទេវតាចំនួន ៣អង្គ ស្ថិតក្នុងឥរិយាបថប្រណមចេញពីសន្លឹកក្បាច់។ ទេពមួយអង្គខាងលើស្ថិតក្នុងឥរិយាបថបង្ហាញត្រឹមពាក់កណ្តាលខ្លួនចេញពីផ្កាឈូក និងពាក់ម្កុដស្រួច។ ចំណែកទេពពីរអង្គទៀតនៅអមសងខាងនៃផ្នែកខាងក្រោម ក៏ស្ថិតក្នុងកាយវិការសំពះប្រណមបែររកគ្នា។
ចំណែកការលម្អផ្នែកខាងក្រៅព្រះវិហារ គេសង្កេតឃើញនៅតាមទ្វារ និងបង្អួចនីមួយៗលម្អដោយក្បាច់ពុម្ពស៊ីម៉ងត៍យ៉ាងរស់វើកព័ទ្ធជុំវិញ។ ក្បាច់លម្អផ្នែកខាងលើទ្វារ និងបង្អួចទាំងអស់ រចនាជារាងស្ទើរពាក់កណ្តាលរង្វង់ ដែលមានទងក្បាច់រំលេចចេញពីក្បាលខាប ដែលតែងឃើញនិយមប្រើក្នុងក្បាច់ភ្ញីទេស។ រីឯនៅតាមក្បាលសសរទ្រយ៉ ជុំវិញព្រះវិហារលម្អដោយទែនទយគ្រុឌ និងកិន្នរ ហើយនៅតាមជើងជញ្ជាំងខឿនទី១ និងជញ្ជាំងខឿនទី២ មានលម្អដោយក្បាច់តាមថ្នាក់ដូចជា ពេជ្រមូល (តូច-ធំ) ឈូកផ្កាប់ និងលំហួតជាដើម។
ដោយឡែកនៅផ្នែកខាងក្នុងព្រះវិហារ ជាលំហស្រឡះដែលចែកជាល្វែងគ្រឹះនៅចំកណ្តាលអមដោយរបៀងសងខាង ហើយសាងបល្ល័ង្កព្រះជីរ៍នៅចុងល្វែងគ្រឹះម្ខាង តម្កល់ព្រះពុទ្ធបដិមាកាយវិហារផ្ចាញ់មារ (រូបលេខ៩)។ នៅចំហៀងទាំងសងខាងនៃខឿន បល្ល័ង្កនោះ លោកគូរបង្ហាញទិដ្ឋភាពនរកក្នុងសភាពផ្សេងៗទៅតាមហេតុនៃទោស។ ការគូរបង្ហាញអំពីទោសសត្វនរកលើបល្ល័ង្កបែបនេះ ក៏ឃើញនៅបណ្តាព្រះវិហារផ្សេងដូចជាព្រះវិហារចាស់វត្តរកាអារជាដើម។
សិល្បៈគំនូរលើជញ្ជាំងនិងពិតានខាងក្នុងព្រះវិហារនៃវត្តពោធិហាន់ជ័យលើ គឺជាគំនូរសាងថ្មី ដ្បិតមានចំណារកត់ចំណាំខុសៗគ្នាដោយអន្លើ ដែលទំនងសាងឡើងជាពីរដំណាក់កាល។ តាមចំណារលើបល្ល័ង្កព្រះជីវ៍ និងលើជញ្ជាំងកត់ចំណាំក្នុងឆ្នាំ១៩៩០ តែចំណារលើពិតានកត់ចំណាំក្នុងឆ្នាំ២០២៤ ដែលអាចបញ្ជាក់ពីដំណាក់កាលនៃការជួសជុលព្រះវិហារក្រោយសម័យសង្រ្គាម ដ្បិតតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ Danielle & Dominique-Pierre Guére បញ្ជាក់ថា ព្រះវិហារនេះបានកសាងតាំងពីឆ្នាំ១៩២៨។
សាច់រឿងគំនូរលើជញ្ជាំងបានសាងឡើងជា៣បន្ទាត់ រៀបរាប់រឿងពុទ្ធប្រវត្តិ និងរឿងជាតក។ គំនូរលើបន្ទាត់ជួរទី១ និងជួរទី២ ចាប់ផ្តើមសាច់រឿងតាំងពីព្រះអង្គនិមន្តចុះមកចាប់បដិសន្ធិ រហូតដល់បរិនិព្វាន។ សាច់រឿងចាប់ផ្តើមពីលេខរៀងទី១ “ទ្រង់និមន្តទេវបុត្ត” នៅលើជញ្ជាំងខាងជើងជ្រុងខាងលិច។ ចំណែកផ្ទាំង “ទ្រង់ចូលបរិនិព្វាន” ស្ថិតនៅចំពីមុខព្រះជីរ៍ (រូបលេខ១២)។ ចំណែកឯគំនូររឿងជាតក ចាប់ផ្តើមពីមហាវេស្សន្តរជាតកពីកណ្ឌទី១ “ទសពរ” នៅជញ្ជាំងខាងស្តាំព្រះជីវ៍ និងបញ្ចប់ដល់កណ្ឌទី១៣ ទើបបន្តដោយរឿងទសជាតកផ្សេងៗទៀតដូចជា តេមិយជាតក ព្រះវិធូរ រហូតដល់ជាតកទី១០ គឺ “ព្រះវេស្សន្តរដាក់ទាន”។ ប៉ុន្តែសាច់រឿងគំនូរលើពិតាន លើកអន្លើក្នុងរឿងពុទ្ធប្រវត្តិដោយអន្លើខ្លះដូចជា ទ្រង់នាំអានន្ទទៅមើលស្រីសួគ៌ ព្រះពុទ្ធ៥ព្រះអង្គ និងទ្រង់បិណ្ឌបាត្រជាដើម។
ជារួមមក ព្រះវិហារវត្តពោធិហាន់ជ័យលើ គឺជាសក្ខីភាពនៃសិល្បៈស្ថាបត្យកម្មខ្មែរដ៏វិចិត្រនាសម័យអាណាព្យាបាលបារាំង ដែលបានរួមបញ្ចូលគ្នាយ៉ាងល្អនូវទម្រង់បុរាណ និងឥទ្ធិពលសិល្បៈអឺរ៉ុប។ ទោះបីជាបានឆ្លងកាត់ការផ្លាស់ប្តូររបបនយោបាយ និងសង្គ្រាមជាច្រើនដំណាក់កាលក៏ដោយ ក៏សំណង់នេះនៅតែរក្សាបាននូវរចនាសម្ព័ន្ធដើមយ៉ាងរឹងមាំ ដែលសបញ្ជាក់ពីបច្ចេកទេសសាងសង់ដ៏ផ្ចិតផ្ចង់របស់បុព្វបុរសខ្មែរ។ ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ទីអារាមនេះក៏ជាផ្ទាំងទស្សនីយភាពនៃសិល្បៈគំនូរពុទ្ធប្រវត្តិ និងរឿងជាតក ដែលបង្កប់នូវតម្លៃអប់យ៉ាងជ្រាលជ្រៅសម្រាប់ពុទ្ធសាសនិក និងជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនៅប្របតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ។











អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





