ប្រាសាទតូច មានទីតាំងនៅលើភ្នំតូចមួយដែលគេស្គាល់ថា “ភ្នំពោធិ” ស្ថិតនៅតាមជួរភ្នំទូកមាស ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះចាប់ផ្តើមមានការស្រាវជ្រាវពីសំណាក់អ្នកស្រាវជ្រាវជនជាតិបារាំងកាលពីចុងស.វ.ទី១៩ ហើយនៅដើមស.វ.ទី២០ លោក លូណេ ដឺឡាហ្សង់ព្យ៊ែរ បានចុះបញ្ជីសារពើភណ្ឌលេខ IK.144។ ក្នុងអំឡុងពេលដែលអ្នកស្រាវជ្រាវបារាំងចុះសិក្សាស្រាវជ្រាវកាលពីជំនាន់នោះ ប្រាសាទនេះនៅឈរមានរូបរាងនៅឡើយ ហើយបានរកឃើញសិលាចារឹកមួយផ្ទាំងដែលធ្លាប់សិក្សាដោយលោក អេជែន អៃម៉ូញ៉េ និងក្រោយមកទៀតលោក ហ្សក សឺដេស បានចុះបញ្ជីលេខ K.138 (មានចំនួន ៣០ បន្ទាត់)។ សិលាចារឹកនោះ ផ្តល់កាលបរិច្ឆេទមហាសករាជឆ្នាំ៥៤២ ត្រូវនឹងឆ្នាំ៦២០ នៃគ្រិស្តសករាជ ពោល គឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីឦសានវរ្ម័នទី១ (គ.ស.៦១៦ – ៦៣៧)។ ក្រោយមកទៀត នៅដើមស.វ.ទី២១ នេះ ក្រោយពីប្រាសាទនេះបានដួលរលំបាក់ធ្លាក់ដល់ដីទាំងស្រុង (សល់តែខឿននិងគ្រឹះ) គេបានរុះរើពំនូកឥដ្ឋ និងរកឃើញសិលាចារឹកមួយផ្ទាំងទៀត ដោយបានចុះបញ្ជីលេខ K.1364។ តើសិលាចារឹក K.1364 មានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?
កាលពីប៉ុន្មានឆ្នាំមុន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានព្យាយាមពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្រុកជុំវិញ ដើម្បីយកផ្ទាំងសិលាចារឹកនេះទៅរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរខេត្តកំពង់ឆ្នាំង ប៉ុន្តែ ជាអកុសល អ្នកស្រុកនៅទីនោះមិនអនុញ្ញាតឱ្យយកចេញនោះទេ ហើយមូលមតិគ្នាឱ្យរក្សាទុកសិលាចារឹកនេះនៅទីតាំងដើមដដែល។ ម្ល៉ោះហើយ សព្វថ្ងៃ សិលាចារឹកនេះ គឺកំពុងស្ថិតនៅទីតាំងដើមនៅឡើយ។ អត្ថបទសិលាចារឹកនេះ ចារនៅលើមេទ្វារថ្មភក់ ជាភាសាសំស្រ្កឹតតាមបែបកំណាព្យអនុឞ្តុភ៑ មានចំនួន ១០ បន្ទាត់ ស្មើនឹង ៥ ស្លោក។
ចារឹកនេះមិនមានផ្តល់ជូនកាលបរិច្ឆេទដូចសិលាចារឹកមួយផ្ទាំងទៀត (K.138) ឡើយ ប៉ុន្តែ ក្នុងខ្លឹមសារកំណាព្យគឺបានរៀបរាប់អំពីព្រះបាទស្រីឦសានវរ្ម័នទី១។ ម្ល៉ោះហើយ យើងអាចសន្និដ្ឋានថា សិលាចារឹកនេះ គឺចារឹកតំណាលគ្នាជាមួយសិលាចារឹកមួយផ្ទាំងទៀតដូចគ្នា ពោល គឺស្ថិតនៅក្នុងមហាសករាជ ឆ្នាំ៥៤២ ត្រូវនឹងគ្រិស្តសករាជ ឆ្នាំ៦២០។ តាមខ្លឹមសារនេះ នាំឱ្យគេដឹងថា ប្រាសាទតូច គឺជាប្រាសាទចំណាស់ជាងគេនៅក្នុងតំបន់ភ្នំទូកមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រោះប្រាសាទដទៃទៀត ភាគច្រើនជាសំណង់ស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីភវវរ្ម័នទី២ និងព្រះបាទស្រីជ័យវរ្ម័នទី១។
ខ្លឹមសារ និងអត្ថន័យសង្ខេបនៃសិលាចារឹក K.1364 នេះ គឺស្លោកទី១ រៀបរាប់ពណ៌នាអំពីពាក្យនមស្ការចំពោះព្រះមហាភគវានឝិវៈ ពោល គឺក្នុងភាវៈជាឦឝៈ (ធំចម្បង) ឬជាទេពធំចម្បង លើព្រះព្រហ្ម ព្រះនារាយណ៍។ រីឯស្លោកទី២ ពណ៌នាអំពីព្រះបាទឝ្រីឝានវម៌្ម (ទី១) និងវិសាលភាពអំណាចគ្រប់គ្រងរបស់ទ្រង់ចំពោះស្តេចសាមន្តរាស្រ្តផ្សេងៗ ឱ្យក្រាបបង្គំវន្ទាទ្រង់។ ដោយឡែក ស្លោកទី៣ ដល់ទី៥ គឺមានសេចក្តីមិនពេញលេញឡើយ ដោយសារតែរលុបបាត់ទិន្នន័យនៅស្លោកចុងក្រោយ ប៉ុន្តែទំនងជាពាក្យបណ្តាសាដល់ជនណាដែលបំផ្លាញទេវស្ថាន។
អត្ថបទចារឹក និងសេចក្តីប្រែ
១. យន្ទេកលាមៅលិ រីឝានឝ្ច………….បតិ
ព្រហ្មវិឞ្ណ្វាទិភិទ៌្ទេវៃ យ៌្យស្យលិង្គំសមទ៌្ទេវ។
ប្រែថា៖ ព្រះអង្គ (ព្រះសិវៈ/ឦសាន) ដែលមានចំណិតព្រះចន្ទ្រនៅលើព្រះសិរសា… ជាម្ចាស់…។ ព្រះអង្គជាម្ចាស់នៃលិង្គ ដែលពួកទេវតាទាំងឡាយ មានព្រះព្រហ្ម និងព្រះវិស្ណុជាដើម តែងតែមកគោរពបូជាជុំវិញ។
២. ឝ្រីឝានវម៌្មន្ឫបតិ ឝ្ឝ្រីនិវាសឥវាច្យុតះ
ប្រយមន្តិសវាយស្យ សាមន្តាឝ្ចរណទ្វយម៑។
ប្រែថា៖ ព្រះបាទស្រីឦសានវម៌្ម (ទី១) ជាព្រះនរបតី ទ្រង់ប្រៀបដូចជាព្រះអច្យុត (ព្រះវិស្ណុ) ដែលជាទីស្នាក់អាស្រ័យនៃសិរីសួស្តី។ បណ្តាស្ដេចចំណុះ (សាមន្ត) ទាំងឡាយ តែងតែមកក្រាបថ្វាយបង្គំទៀបបាតជើងទាំងពីររបស់ព្រះអង្គ។
៣. នន្ធណនិឝ្ឝភោភ្ឫត្យ ឝ្យញ្ច វ្រាហទិភោជកះ
………………….. ………………..ស្ថិតតម៑។
ប្រែថា៖ …ជាអ្នកបម្រើ… និងជាអ្នកបរិភោគ (អ្នកគ្រប់គ្រង) …
៤. ………………….ស្យ ……………..វិនាសតះ
……………….ភក្ត្យា ………….កវេឝេ…..។
ប្រែថា៖ ការវិនាស… ដោយសេចក្តីភក្តី…
៥. ……………………. ………….ទិ យោ ហរេ
[ត៑]…………….. ……………ន្ទភិះ។
ប្រែថា៖ …បុគ្គលណាដែលដណ្តើមយក (ទ្រព្យសម្បត្តិ) នេះទៅ…
សរុបជារួមមក សិលាចារឹកប្រាសាទតូច (K.1364) នេះ បានផ្តល់ព័ត៌មានមួយចំនួន ពាក់ព័ន្ធទៅនឹងដែនវិសាលភាពអំណាចរបស់ព្រះបាទស្រីឦសានវម៌្មទី១ នៅក្នុងមហាសករាជ ឆ្នាំ៥៤២ ត្រូវនឹងគ្រិស្តសករាជ ឆ្នាំ៦២០ ដែលគ្រប់គ្រងតំបន់ជាច្រើន រួមទាំងតំបន់ដែលមានស្តេចសាមន្តរដ្ឋគ្រប់គ្រងផង (ស្តេចត្រាញ់)។ ព្រមទាំងបានបង្ហាញការប្រតិបត្តិព្រហ្មញ្ញសាសនាយ៉ាងខ្ជាប់ខ្ជួននៅក្នុងរជ្ជកាលរបស់ទ្រង់។



——-
The K.1364 inscription, found at the ruined Prasat Toch on Phnom Po, Kampong Chhnag Province, dates to approximately 620 CE during the reign of King Isanavarman I. Written in Sanskrit verse, the text opens with a salutation to Shiva as the supreme deity and proceeds to extol the king’s vast authority over various vassal rulers. Despite its fragmentary state, the inscription provides crucial evidence of the region’s 7th century Brahmanical practices and the sovereign’s territorial reach.
អត្ថបទដោយ៖ លោក កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់





