វិសាខបូជា គឺជាបុណ្យមួយដ៏សំខាន់បំផុត ដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជាតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន នាថ្ងៃ ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ។ ទន្ទឹមនឹងនេះ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។ ក្នុងប្រទេសកម្ពុជា វិសាខបូជាត្រូវបានរាជរដ្ឋាភិបាល កំណត់ជាថ្ងៃបុណ្យជាតិប្រចាំឆ្នាំ នៅក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត និងកម្មករ។
នៅកម្ពុជា ជាទូទៅរាជរដ្ឋាភិបាលតែងរៀបចំប្រារព្ធធ្វើបុណ្យវិសាខបូជា នៅចំថ្ងៃ១៥កើតខែពិសាខ នៅបរិវេណព្រះសក្យមុនីចេតិយកណ្តាលរាជធានីភ្នំពេញ ត្រង់មុខស្ថានីយរាជអយស្ម័យយាន ឃើញតាំងពីក្នុងរាជ្យព្រះបាទបរមរតនកោដ្ឋ រហូតលុះសាងបានព្រះសក្យមុនីចេតិយថ្មីលើភ្នំព្រះរាជទ្រព្យ តែងមានការនិមន្តចូលរួមពីព្រះសង្ឃគ្រប់ជាន់ថ្នាក់ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ និងមន្ត្រីរាជការ ប្រារព្ធបុណ្យវិសាខបូជាយ៉ាងអធិកអធមក្រៃលែង។ ដោយឡែកនៅតាមបណ្តាវត្តអារាមនានាទូទាំងប្រទេស ក៏តែបានរៀបចំពិធីបុណ្យវិសាខបូជាព្រមៗគ្នា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថាព្រះពុទ្ធសាសានាជាសាសនារបស់រដ្ឋ។
ជាការពិត ក្នុងគម្ពីរបឋមសម្ពោធិបានចែងសម្តែងថា បុរាណាចារ្យលោកតាក់តែងបុណ្យវិសាខបូជា ដើម្បីរំលឹកដល់អភិមង្គលនៃថ្ងៃព្រះអង្គទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន។ នក្ខត្តសម័យទាំងបីដូចពោលខាងលើ ត្រូវគ្នាគ្រប់ប្រការ ចំនៅថ្ងៃ១៥កើត ពេញបូរមី ខែពិសាខទាំងអស់ ដោយខុសតែឆ្នាំ។ មិនតែប៉ុណ្ណោះ បើរាប់ពីថ្ងៃ១៥កើតពេញបូរមី ខែមាឃ ដល់ថ្ងៃ១៥កើត ពេញបូរមី ខែពិសាខ គឺរយៈពេលបីខែគត់ ដូចព្រះពុទ្ធអង្គបានប្រកាសចំពោះភិក្ខុទាំង១២៥០អង្គ ក្នុងចតុរុង្គសន្និបាត ថាព្រះអង្គនឹងរំលត់ខន្ធចូលកាន់បរមនិព្វានក្នុងបីខែទៀត។
យោងតាមឯកសារព្រះរាជពិធីទ្វាទសមាសបញ្ជាក់ដូចគ្នាថា វិសាខបូជា គឺជាមហាមង្គលរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូទ្រង់ប្រសូតចាកព្រះមាតុទរ ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន។ ឯកសារដដែលក៏បានបង្ហាញដែរថា វិសាខបូជាប្រារព្ធឡើងដំបូងនៅប្រទេសឥណ្ឌា ហើយនៅកម្ពុជាបានផ្គងធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះហរិរ័ក្ស (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គឆ្នាំ១៨៥៤។ ក្នុងថ្ងៃពិសាខបូជានេះដែរ ជាទូទៅពុទ្ធសាសនិកតែងនាំគ្នាទៅកាន់ទីអារាមនានា ថ្វាយគ្រឿងបូជាផ្សេងៗ លំឱនការគោរពចំពោះគុណព្រះពុទ្ធអង្គដូចជា ទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលាជាដើម។ វេលារាត្រី ពុទ្ធបរិស័ទជួបជុំនមស្ការសមាទានសីល និងជាពិសេសគឺស្តាប់ការសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ។ តាមគន្លងប្រពៃណី ការប្រារព្ធពិធីបុណ្យវិសាខបូជា មានការសម្តែងខ្សែររឿងពុទ្ធប្រវត្តិតាំងពីដើមដល់ចប់។ ការសម្តែងនោះ ជាគ្រឿងបណ្តុះសទ្ធាដល់ពុទ្ធបរិស័ទឱ្យកើតសេចក្តីជ្រះថ្លាក្នុងព្រះរតនត្រៃយ៍។
ដោយឡែក បើក្រឡេកមើលគំនូរដែលតែងគូរតាមវត្ត បង្ហាញត្រង់ព្រះអង្គទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់ចូលកាន់ព្រះបរមនិព្វាន ដែលកំណត់ជាហេតុនៃបុណ្យវិសាខបូជានោះ គេសង្កេតឃើញគំនូរទាំងបីអន្លើមានលក្ខណៈសិល្បៈយ៉ាងល្អប្លែកគួរឱ្យពិចារណា។ គំនូរទ្រង់ប្រសូតនិងបរិព្វាន ច្រើនគូរនៅលើជញ្ជាំងព្រះវិហារ ដែលគេយល់ថាជាចំណុចចាប់ផ្តើម (ប្រសូត) និងបញ្ចប់សាច់រឿង (បរិនិព្វាន)។ អន្លើទាំងពីរគេច្រើនគូរបញ្ចូលទិដ្ឋភាពពាក់ព័ន្ធនឹងសង្គមមនុស្សខ្មែរជាក់ស្តែងដូចជា នៅឧទ្យាន ឬប្រាសាទបុរាណ មានព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ឬព្រះសង្ឃជាធំក្នុងវត្ត ឬរូបតួអង្គម្ចាស់សទ្ធាជាដើម។ ប៉ុន្តែសិល្បៈគំនូរនៅត្រង់ព្រះអង្គត្រាស់ដឹងច្រើនគូរនៅជ្រុងនិរតី ឬជញ្ជាំងខាងលិច ហើយមានអន្លើពាក់ព័ន្ធក្បែរៗនោះដូចជា ទ្រង់ទទួលចង្ហាន់នាងសុជាតា និងទ្រង់ទទួលស្បូវភ្លាំងពីសោត្ថីយព្រាហ្មណ៍។
តាមពុទ្ធប្រវត្តិ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតនៅក្នុងឧទ្យានលុម្ពិនី ជាព្រំដែននៃនគរកបិលភស្តុនិងនគរទេវទហ ដែលមានឧទ្យានដើមឈើត្រឈឹងត្រឈៃ ផ្ការីកស្គុះស្គាយគួរជាទីមនោរម្យ។ សម័យថ្ងៃមួយ ព្រះនាងសិរិមហាមាយាដែលមានព្រះគភ៌គ្រប់ខែបានយាងឆ្លងកាត់ទៅសម្រាកព្រះកាយក្រោមដើមសាលព្រឹក្ស (រាំងប្រសូត) ហើយឈោងព្រះហស្ថស្តាំកាន់មែកសាលព្រឹក្ស (គំនូរវត្តខ្លះកាន់ទងផ្កា)។ ភ្លាមនោះព្រះរាជកុមារក៏ប្រសូតចាកព្រះឧទរព្រះនាងសិរិមហាមាយា ហើយឈាន៧ជំហាន មានផ្កាឈូកផុសទ្រព្រះបាទផង។
ចំពោះសិល្បៈគំនូរក្នុងទិដ្ឋភាពព្រះអង្គទ្រង់ប្រសូត ដែលជាហេតុទី១ នៃបុណ្យវិសាខបូជា តែងឃើញមានព្រះឥន្រ្ទ ព្រះព្រហ្ម និងទេពនិករផ្សេងៗយាងសាទរ។ សោតឯទិដ្ឋភាពមួយផ្នែកទៀត គំនូរវត្តខ្លះគេគូរព្រះភ័ក្រ្តអង្គក្សត្រដូចព្រះភ័ក្រ្តព្រះបាទបរមរតនកោដ្ឋក្នុងចំណោមមនុស្សម្នា និងបរិវាផងទាំងឡាយ ឬវត្តខ្លះគូរឧទ្យាននោះនៅខាងមុខប្រាសាទអង្គរ។
ចំណែកសិល្បៈគំនូរគូរបង្ហាញត្រង់ព្រះអង្គត្រាស់ដឹង ជាហេតុទី២នៃបុណ្យវិសាខបូជា គេច្រើនគូរព្រះសម្មាសម្ពុទ្ធគង់សមាធិលើបល្ល័ង្កខ្ពស់មួយក្រោមដើមពោធិ។ គំនូរវត្តខ្លះគូរនាងសុជាតាថ្វាយចង្ហាន់ រួចហើយសោត្ថីយ៍ព្រាហ្មណ៍ថ្វាយស្បូវភ្លាំង ឬព្រះអង្គផ្សងភាជន៍មាសក៏រាប់ថាពាក់ព័ន្ធនឹងព្រះអង្គបានត្រាស់ ហើយគំនូរវត្តខ្លះទៀតគូរបង្ហាញអស់ទេវតាយាងចុះមកថ្វាយព្រះពរពេលព្រះអង្គបានត្រាស់។
រីឯសិល្បៈគំនូរត្រង់ព្រះសម្មាសម្ពុទ្ធចូលព្រះនិព្វាននៅក្រុងកុសិនារា ជាហេតុទី៣ នៃបុណ្យវិសាខបូជា គេគូរព្រះសម្មាសម្ពុទ្ធគង់ផ្តេកព្រះកាយចន្លោះដើមសាលព្រឹក្សមួយគូមានផ្ការីកស្គះស្គាយ។ ក្នុងពុទ្ធប្រវត្តិបញ្ជាក់ថា ព្រះអានន្ទរៀបចំឱ្យព្រះពុទ្ធអង្គទ្រង់គង់ដាក់ព្រះសិរទៅទិសខាងជើង ព្រះបាទទៅទិសខាងត្បូង ហើយក្នុងគំនូរតាមព្រះវិហារភាគច្រើនគូរលើជញ្ជាំងខាងកើត ព្រះសិរបែរទៅទិសខាងជើង ព្រះបាទទៅទិសខាងត្បូងដែរ។ ប៉ុន្តែក៏មានព្រះវិហារខ្លះ គូរព្រះសិរទៅទិសខាងត្បូង ព្រះបាទទៅទិសខាងជើង ឬគូរនៅលើជញ្ជាំងលិចក៏សឹងមាន (ករណីវត្តចុងជាច)។
ក្នុងពុទ្ធប្រវត្តិរៀបរាប់ថា ពួកមល្លក្សត្រនិងអ្នកក្រុងកុសិនារា កើតទុក្ខយំសោកបោកខ្លួនស្តាយព្រះពុទ្ធអង្គជាពន់ពេកមកថ្វាយបង្គំព្រះសាស្តាក្នុងវេលាចុងក្រោយយ៉ាងច្រើនកុះករ។ ទិដ្ឋភាពត្រង់នេះ នៅតាមព្រះវិហារសម័យសង្គមរាស្រ្តនិយមខ្លះគេច្រើនគូរបញ្ចូលព្រះវត្តមានព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រខ្មែរ ជាពិសេសព្រះវត្តមាន ព្រះបរមរតនកោដ្ឋ និងរាជបរិវាមួយអន្លើ ព្រមទាំងព្រះភិក្ខុសង្ឃមួយក្រុមគង់ខាងមុខសោកសៅស្តាយស្រណោះព្រះពុទ្ធអង្គ។ ប៉ុន្តែក្នុងចំណោមនោះមានព្រះភិក្ខុមួយព្រះអង្គគង់សមាធិដោយស្ងៀមស្ងាត់។ ក្នុងគំនូរព្រះវិហារវត្តពុទ្ធា គេគូរទិដ្ឋភាពព្រះពុទ្ធបរិនិព្វាននៅឧទ្យាន មុខប្រាសាទអង្គវត្ត ហើយគូរព្រះឆាយាលក្ខណ៍ ព្រះបាទ នរោត្ដម សុរាម្រឹតនិង ព្រះមហាក្សត្រីយានីព្រមទាំង ព្រះបរមរតនកោដ្ឋ គង់នៅក្រោយព្រះសពព្រះសម្មាសម្ពុទ្ធ។ ព្រះឆាយាលក្ខណ៍ ព្រះបរមរតនកោដ្ឋ គេគូរជាពីរអង្គ ពោលគឺមួយបែបទ្រង់អាវធំរបៀបផ្លូវការបែបអឺរ៉ុប និងមួយទៀតទ្រង់ព្រះភូសាកុតកពណ៌ស។
ជារួមមក វិសាខបូជាជាបុណ្យដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ដែលអង្គការសហប្រជាជាតិទទួលស្គាល់ជាអន្តរជាតិ និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងការប្រារព្ធពិធីសាសនាតាមវត្ត គេអាចសន្និដ្ឋានបានថាសិល្បៈគំនូរតាមព្រះវិហារបង្ហាញពីពុទ្ធប្រវត្តិទាំងបីអន្លើ បានឆ្លុះបញ្ចាំងពីការវិវត្តនៃសិល្បៈខ្មែរ ដោយបានបញ្ចូលនូវតថភាពសង្គមជាក់ស្តែងដូចជា រូបប្រាសាទបុរាណ ឧទ្យាន និងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រទៅក្នុងសាច់រឿង។ ការបញ្ជ្រាបអត្តសញ្ញាណជាតិទៅក្នុងសិល្បៈពុទ្ធសាសនាបែបនេះ មិនត្រឹមតែជួយបណ្តុះសទ្ធាជ្រះថ្លាដល់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលបង្ហាញពីការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងសាសនា ព្រះមហាក្សត្រ និងវប្បធម៌ខ្មែរតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន៕





អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





