ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសេះពាលាហនៅប្រាសាទនាគព័ន្ធ

សេះពាលាហនៅប្រាសាទនាគព័ន្ធ

ព្រះលោកេស្វរ គឺជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គមិនព្រមត្រាស់ដឹងជាព្រះពុទ្ធទេ តែនៅចាំជួយមនុស្សសត្វឲ្យរួចផុតពីសេចក្តីទុក្ខភ័យក្នុងស្ថានមនុស្ស និងស្ថាននរក។ យើងអាចឃើញភស្តុតាងដំបូងៗនៃការគោរពព្រះអង្គចាប់ពីស.វទី៧។ នៅស.វទី១០ ពុទ្ធសាសនាមហាយានចាប់ផ្តើមរីកឡើងគួរកត់សម្គាល់ ជាពិសេសនៅចុងស.វទី១២ នៅពេលដែលព្រះបាទជ័យវម៌្មទី៧រាប់រកព្រះពុទ្ធសាសនាមហាយានកាន់តែខ្លាំងក្លា ជាពិសេសគឺព្រះពុទ្ធ លោកេស្វរ និងប្រាជ្ញាបារមីតា។ល។ អត្ថបទនេះនឹងពិនិត្យលើការបែងភាគរបស់ព្រះលោកេស្វរទៅជាសត្វសេះឈ្មោះ ពាលាហ។

សេះពាលាហធ្លាប់មានការសិក្សាល្អិតល្អន់ដោយលោក Victor Goloubew ចុះផ្សាយក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ា ឆ្នាំ១៩២៧ ដោយលោកប្រៀបធៀបនឹងចម្លាក់បណ្តាប្រទេសដែលទទួលវប្បធម៌ពីឥណ្ឌាទៀតផង។ ព្រមទាំងបានលើកយកគម្ពីរការណ្ឌវ្យុហសូត្រមកវិភាគជាដើម។ អត្ថបទនេះគ្រាន់ជាការបំពេញបន្ថែមលើអ្វីដែលមានស្រាប់ប៉ុណ្ណោះ ដោយពិនិត្យចម្លាក់នៅប្រាសាទនាគព័ន្ធ និងការប្រតិបត្តិទំនៀមសុំទឹកភ្លៀងនៅប្រាសាទនោះសម្រាប់ជាការពិចារណា។

គម្ពីរការណ្ឌវ្យុហសូត្រពាក់ព័ន្ធជាពិសេសនឹងព្រះលោកេស្វរ ត្បិតគម្ពីរនេះនិយាយអំពីភាពជាកំពូលនៃព្រះលោកេស្វរលើសទេពដទៃ សូម្បីទេពធំៗនៃព្រហ្មញ្ញសាសនាក៏ក្នុងគម្ពីរនោះនិយាយថាកើតចេញពីរាងកាយរបស់ព្រះលោកេស្វរដែរ។ លើសពីនោះ គម្ពីរក៏មាននិយាយអំពីការជួយសង្គ្រោះយក្ស មនុស្ស និងប្រែតពីនរកអវីចីទៅកើតថ្មីជាព្រះពោធិសត្វនៅស្ថានសួគ៌ឈ្មោះសុខាវត្តី (ជាស្ថានសួគ៌នៅទិសខាងលិច)។ គម្ពីរនេះទំនងជាតាក់តែងឡើងនៅមុនស.វ.ទី៧នៃគ.ស។

ភស្តុតាងមួយចំនួនបង្ហាញថា ខ្មែរសម័យបុរាណក៏ស្គាល់គម្ពីរនេះដែរ គឺសិលាចារឹកដែលគេមិនស្គាល់ប្រភព តែគេដឹងថានៅស.វទី១០ លេខរៀង K.1154 ចារលើសន្លឹកម្ខាងទៀតនៃរូបចម្លាក់ព្រះលោកេស្វរ ដែលមានពាក្យ « (…)​ ឧំ មណិបទ្មេ ហូំ (…) »។ នេះគឺជាពាក្យសូត្រសម្រាប់រំឭកដល់ព្រះលោកេស្វរដែលមាននិយាយក្នុងគម្ពីរនោះ។ ក្រៅពីនេះ សិលាចារឹកជីក្រែង (K.417)មានចុះកាលបរិច្ឆេទ៩៧០នៃគ.ស.ក៏មានរៀបរាប់ដែរថា ព្រះលោកេស្វរយាងចុះទៅសង្គ្រោះសត្វនរកពីទារុណកម្មផ្សេងៗក្នុងនរកអវីចី។សេចក្តីត្រង់នេះក៏មាននិយាយក្នុងគម្ពីរនោះដែរ បានសេចក្តីថាភស្តុតាងទាំង២ស្តែងឲ្យឃើញច្បាស់ពីវត្តមានរបស់គម្ពីរនៅក្នុងសង្គមខ្មែរបុរាណ។ នេះពុំទាន់និយាយដល់ចម្លាក់មួយចំនួនទៀតក្នុងរាជ្យព្រះបាទជ័យវម៌្មទី៧ផងទេ។

ក្នុងគម្ពីរនេះនិយាយអំពីការសង្គ្រោះព្រះពោធិសត្វព្រះនាមសិង្ហាការាជាថា៖

ព្រះពោធិសត្វព្រះនាម សិង្ហាលារាជា និងនាយសំពៅ៥០០នាក់ធ្វើដំណើរទៅកោះសិង្ហាលា តែត្រូវខ្យល់ព្យុះវាយទូកបាក់ជាកំណាត់ ទៅទើលើកោះសិង្ហាលាដែលមានសុទ្ធតែយក្សីប្រែកាឡាខ្លួនជាស្រីស្អាត។ នាយសំពៅទាំងនោះកាលបើឃើញស្រីស្អាត រើសជាប្រពន្ធម្នាក់មួយក៏លែងចង់ត្រឡប់ទៅស្រុកវិញ។ លុះដល់ថ្ងៃមួយ នាយសំពៅដឹងថា ពួកនារីៗដែលបម្រើខ្លួនទាំងនោះគឺជាយក្សីប្លែងខ្លួន ដើម្បីចាប់ស៊ីនាយសំពៅម្តងមួយៗរាល់យប់ ក៏នាំគ្នារិះរកវិធីរត់រកប្រាស់អាយុ។ ពេលនោះហើយ ព្រះលោកេស្វរប្រែកាឡាជាសត្វសេះមកសង្គ្រោះ ហោះនាំយកនាយសំពៅទៅជួបជុំគ្រួសារវិញ តែផ្តាំថា មិនត្រូវងាកក្រោយទេ។ បើមិនដូច្នោះទេនឹងធ្លាក់មកដីកើតជាចំណីពួកយក្សីវិញពុំខាន។

រឿងនេះ ខ្មែរបុរាណស្គាល់យ៉ាងប្រាកដ ហើយថែមចារក្នុងសិលាចារឹក និងឆ្លាក់ជាចម្លាក់ទៀតផង។ នៅប្រាសាទនាគព័ន្ធមានចម្លាក់មនុស្សតោងសេះដែលលើកជើង២ខាងមុខដូចកំពុងប្រុងប្រៀងហោះចេញឆ្ពោះទៅប្រាសាទនាគព័ន្ធ។ ចម្លាក់នោះខូចខាតដោយអន្លើ តែយើងនៅអាចកត់សម្គាល់រូបមនុស្សទាំងនោះគឺថា ខ្លះអោបកសេះជាប់ ខ្លះចាប់តោងខ្លួនសេះជុំវិញរហូតដល់កន្ទុយផង។ ខ្លះទៀតឃើញថារបូតដៃធ្លាក់ចុះមកវិញក៏មាន ត្បិតនៅមិនអស់អាល័យរូបសម្រស់យក្សីក្លែងខ្លួននៅលើកោះ។ នៅលើខ្នងសេះក៏អាចមានរូបដែរ តែសព្វថ្ងៃមិនឃើញសល់ទេ ឃើញតែស្នាមរុន្ធ៤ជ្រុងនៅចំពីលើខ្នងសេះ។ ចំនួនចម្លាក់មនុស្សមិនដល់៥០០នាក់ទេដែលកំពុងតោងសេះកាយវិការប្រុងបោះពួយហោះ។ ទឹកស្រះនាគព័ន្ធពេលនេះហាក់ដូចជាមហាសមុទ្រនៃវដ្ដសង្សារ ហើយព្រះលោកេស្វរក្លែងខ្លួនមកជួយរដោះឲ្យផុតចេញពីវដ្ដសង្សារនៃទុក្ខសោកភ័យព្រួយទាំងពួងបានទៅដល់ក្តីសុខក្សេមក្សាន្ត តែក៏ប្រាប់ឲ្យហើយដែរថា អាស្រ័យលើខ្លួនយើងដែរថា ចង់បានទុក្ខសោកភ័យព្រួយ ឬរួចផុតពីអស់ពីវដ្ដសង្សារ។

សិលាចារឹកប្រាសាទភិមានអាកាស (K.485) ចារជាភាសាសំស្ក្រឹតក្នុងស.វ.ទី១២រៀបរាប់នៅល្បះទី៣ថា «ព្រះលោកេស្វរដែលមើលថែរក្សាភាពត្រឹមត្រូវនៃពិភពលោក យកពិភពលោកដាក់ក្នុង (-អក្សររលុប-) ដែលសេះវាលាហកជះពន្លឺអំណាចចែងចាំងសង្គ្រោះអ្នកដើរសំពៅតាមសមុទ្រឲ្យត្រលប់មកវិញ—»។ ការវិវឌ្ឍពីអក្សរ«វ» ទៅជា«ព»គឺជារឿងធម្មតាដែលគេប្រទះឃើញក្នុងសិលាចារឹកជាច្រើន។ តាមរយៈសិលាចារឹកនេះហាក់បង្ហាញកាន់តែច្បាស់មួយកម្រិតទៀតថា ខ្មែរសម័យនោះស្គាល់គម្ពីរទេវកថាព្រះពោធិសត្វប្រែកាឡាជាសេះហោះទៅជួយសង្គ្រោះមនុស្សដែលកំពុងជួបអាសន្ន ដូចបាននិយាយពីខាងលើជាពុំខាន។

នៅប្រាសាទនាគព័ន្ធសព្វថ្ងៃមានអ្នកភូមិមកពីភូមិលាងដៃ ភូមិភ្លង់ ភូមិសំរោងជាដើមចំណាំធ្វើបុណ្យសុំទឹកភ្លៀងនៅដើមខែវស្សា។ ជួនគេហៅពិធីសុំទឹកភ្លៀងដូច្នេះមែន តែជួនកាលទៀតហៅ «ចាក់ត្រពោករាហូ»។ ហៅបែបនេះ ព្រោះថានៅកិច្ចចុងក្រោយបង្អស់ គេហែប្រទក្សិណ៣ជុំ ជុំវិញស្រះកណ្តាល ហើយចាក់ទឹកចូលរុន្ធតូចៗឲ្យទឹកហូរតាមទចេញមកក្រៅតាមមាត់ចម្លាក់នៃស្រះទាំង៤ ដូចក្នុងរូបទី៤។ ក្នុងចំណោមរូបទាំង៤​រូបខាងកើតជារូបមនុស្ស ដែលអ្នកស្រុកហៅថា«រាហូ»។ ក៏ប៉ុន្តែនៅល្ងាចថ្ងៃទី១នៃពិធីសុំទឹកភ្លៀងនោះមានកិច្ចសំខាន់មួយទៀតពាក់ព័ន្ធនឹងរូបចម្លាក់នេះដែរគឺ បញ្ចូលរូបអ្នកតា។  អ្នកតាដែលគេអញ្ជើញគឺមកជុំវិញប្រាសាទនាគព័ន្ធ ហើយក្នុងនោះក៏មានអ្នកតារាហូនេះដែរ ដ្បិតអ្នកស្រុកត្រូវការប្រាស្រ័យទាក់ទងឲ្យជួយកុំឲ្យមានខ្យល់ខ្លាំង​។ គេជឿទៀតថា បើរាហូនោះផ្លុំចេញជាខ្យល់ខ្លាំងពេកអាចបង្កជាព្យុះបោកបក់ភូមិដ្ឋានអ្នកស្រុកទៅវិញ។ អ្នកតាមួយទៀតគឺ ស្តេចភុជង្គនាគដែលនៅព័ន្ធជុំវិញជណ្តើរប្រាសាទនោះផ្ទាល់ (មើលរូបទី១ម្តងទៀត)។

ឥលូវសូមយើងត្រឡប់ទៅមើលសេះពាលាហវិញ។ នៅពេលក្រោយមក ខ្មែរហាក់ដូចជាលែងស្គាល់ថា ពាលាហគឺជា សេះ។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពន្យល់ពាក្យ «ពាលាហ»ថា «មេឃ; ពពក, ពពកខាប់; ភ្លៀង ។ ទេវតាអ្នកបណ្ដាលឲ្យកើតភ្លៀង, ឲ្យកើតខ្យល់; វស្សវលាហក ( វ័ស-សៈ–) វលាហកបណ្ដាលឲ្យធ្លាក់ភ្លៀង; វាតវលាហក ( វាតៈ– ) វលាហកបណ្ដាលឲ្យមានខ្យល់ ។ សេះ, ច្រើនហៅថា សេះវលាហក»។​ តាមពិតសេចក្តីពន្យល់នេះទំនងយកចេញពីគម្ពីរពុទ្ធសាសនាណាមួយ។ ឧទាហរណ៍គម្ពីរត្រៃភូមិដែលតាក់តែងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួងមាននិយាយយោងលើពាលាហសូត្រថា ពាលាហជាអ្នកបង្កើតភ្លៀង ខ្យល់ ពពក ក្តៅ រងា។ ចំពោះភ្លៀងគឺកើតដោយអំណាចនៃ«វស្សពាលាហក»ទេវតា គឺថាចង់ឲ្យភ្លៀងទីណាក៏បាន ពេលណាក៏បាន ឬក៏ទំហំប៉ុណ្ណាក៏បានតាមចិត្តរបស់ទេវតានោះ។ ក៏ប៉ុន្តែគួរកត់សម្គាល់ថា ពាលាហកទេវតានេះហាក់ដូចជាមានរូបរាងជាមនុស្ស ព្រោះមានរឿងព្រេងនិយាយថា ព្រះអង្គស្លៀកសំពត់ មានស្បៃបង់ក អាចគង់ក្នុងឥរិយាបថអង្គុញបានផង ដែលជាបុគ្គលិកលក្ខណៈនៃមនុស្ស។  

ទោះជាយ៉ាងណាក្តី អ្វីដែលយើងសង្កេតឃើញជារួមគឺ សេះ នាគ រាហូផ្លុំខ្យល់ ដែលស្ថិតនៅប្រាសាទនាគព័ន្ធសឹងជាហេតុដែលទាក់ទងនឹងទឹក ជាពិសេសជាភ្នាក់ងារជួយឲ្យមានភ្លៀង។ ម្ល៉ោះហើយ ការរៀបចំពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធមានន័យជ្រៅខ្លាំងខ្លាណាស់សម្រាប់អ្នកស្រុក។ ការប្រតិបត្តិទំនៀមបុរាណទាំងនោះបង្ហាញឲ្យឃើញនូវចំណងឥតដាច់របស់មនុស្ស និងមរតកដែលនៅជុំវិញពីជំនាន់មួយទៅជំនាន់មួយ។

—————

Balaha in Neak Poan Temple
Bodhisatva Lokesvara is circulated in the region since 7th century CE and becomes more popular in 10th century CE. In particular, in 12th century CE, Mahayana Buddhism reaches its peak under patronage of the King Jayavarman VII. This article reinvestigates one of God Lokesvara’s manifestation in the form of mythical horse, named Balaha, at Neak Poan temple. Through epigraphy and ethnography, this article suggests that present practice in the temple in early rainy season, ‘ask for rain’, convey connection to the ancient temple, through multiple meanings.
It is quite well-known that Balaha is described in the text of Karandavyuha Sutra. Lokesvara transforms himself into a horse to rescue men, who are trapped on an island by Yaksi, to return to their families, then one becomes a Bodhisatva. The inscription of Phimean Akas temple (K.485) reflects that the Angkorian people are aware of the text of Karandavyuha Sutra and depict the story at Neak Poan temple to display the greatness of the Lokesvara in liberating humans from suffering. Later on, the statue remains important for local community as it is associated with rain. The rain-making ceremony celebration at the temple echoes the connection to the ancient time.

អត្ថបទដោយ៖ លោក អ៊ូ គង្គា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img