ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកបន្ទាយនាង (K.1292)

សិលាចារឹកបន្ទាយនាង (K.1292)

យោងតាមអត្ថបទរបស់លោក លឹម វណ្ណច័ន្ទ រៀបរាប់ថា ភ្នំបន្ទាយនាង ជាភ្នំថ្មកំបោរដែលមានអាយុកាលស្ថិតនៅក្នុងស័កទី១ Paleozoic សម័យ Permian (២៥១-២៩៩លានឆ្នាំ)។ លុះមកដល់សម័យមុនអង្គរ (ស.វ.ទី៧) រូងភ្នំបន្ទាយនាង បានក្លាយទៅជាទេវស្ថានមួយកន្លែង ដែលមានសេសសល់នូវបំណែកឥដ្ឋបុរាណ ចម្លាក់នៅក្នុងរូងភ្នំ និងជាពិសេស គឺមានអក្សរចារឹកជាភាសាសំស្រ្កឹតនៅជាប់ជញ្ជាំងរូងភ្នំចំនួន ២ ផ្ទាំងផងដែរ (ស្ថិតនៅក្បែរគ្នា)។ តើសិលាចារឹកនៅភ្នំបន្ទាយនាង មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

អត្ថបទសិលាចារឹកនេះ សរសេរជាភាសាសំស្រ្កឹត មានចំនួន ២ ទីតាំង ដែលយោងទៅតាមអក្សរចារឹក គឺអាចមានអាយុកាលនៅស.វ.ទី៧។ សិលាចារឹកផ្ទាំងទី១ មានត្រឹមតែមួយបន្ទាត់ប៉ុណ្ណោះ ដែលរៀបរាប់ថា “បាណិបាត្រ”។ បើប្រែតាមពាក្យនីមួយៗ ពាក្យថា “បាណិ” អាចប្រែថា “ដៃ” រីឯពាក្យថា “បាត្រ” សំដៅដល់ភាជន៍មួយប្រភេទសម្រាប់ដាក់អ្វី ដូចជា បាត្រព្រះសង្ឃ ប៉ុន្តែក៏អាចសំដៅដល់ថូទឹក ឬក្អមដាក់ទឹកផងដែរ។ ដូច្នេះ ពាក្យ “បាណិបាត្រ” អាចសំដៅដល់ “អ្នកបួសមានបាតដៃជាភាជន៍”។ រីឯមួយផ្ទាំងទៀត មានចំនួន ៤ បន្ទាត់ ចារឹកជាភាសាសំស្រ្កឹតដូចគ្នា។ ស្លោកទី១ ចារឹកតាមបែបត្រិឞ្តុភឆន្ទ និងស្លោកទី២ ចារឹកតាមបែប ឝក្វរីវសន្តតិលកាឆន្ទ។ ខ្លឹមសារជារួមនៃអក្សរចារឹកផ្ទាំងទី២នេះ ស្លោកទី១ពណ៌នាអំពីរឿងនិទានអំពីព្រះទេវាតិទេវ (ព្រះឥសូរ) ដែលមានតាំងតែពីបុរាណកាលនៅលើបព៌ត (ភ្នំ) នេះ ដោយបានកសាងគុហានេះសម្រាប់គោរពបូជាដោយក្រុម “បាណិបាត្រៈ” (អ្នកបួសមានបាតដៃជាភាជន៍)។ រីឯស្លោកទី២ ពណ៌នាអំពីការគោរពប្រណិប័តន៍បម្រើព្រះលិង្គៈ និងព្រះវ្ឫឞភៈ (គោនន្ទិ) ដោយក្រុម បាណិបាត្រៈ។

អត្ថបទចារឹក និងសេចក្តីប្រែ

ឧបជាតិឆន្ទ

១. អភូតបូវ៌ា្វកិលបវ៌្វតេស្មិ                         ន្ទេវាតិទេវាច…..

    ចការភក្ត្យាសចបាណិបាត្រោ                 គុហាមិមាំសមមុ..។

ប្រែថា៖ រឿងរ៉ាវនៃព្រះទេវាតិទេវ….. បានកើតឡើងតាំងពីបុរាណកាលនៅក្នុងបព៌ត (ភ្នំ)នេះ ហើយតាបសបាណិបាត្រៈ (អ្នកបួសមានបាតដៃជាភាជន៍) បានកសាងនូវគុហានេះដោយភក្ដីភាពយ៉ាង……។

វសន្តតិលកាឆន្ទ

២. យស្មិន្តបោវលវិធូតរជោវិការេ                   សវ្យាបសវ្យគិរិកណ៑..យោនុជាតៅ

យេនាបិ លិង្គវ្ឫឞភៅ និលយាទិបុឞ្បៃះ       ឝុឝ្រូឞិតៅប្រតិទិនំសតុបាណិបាត្រះ។

ប្រែថា៖ មន្ត្រីម្នាក់ណាជាអាមាត្យត្រួតអធិការកិច្ចជាអ្នកជំនាញនូវកិច្ចការ និងជាលេខា​ធិការ (ដែលត្រូវបានតែងតាំងហើយ) ដោយព្រះរាជាព្រះបាទឝ្រីឦឝានវម៌្មទី១ ជាស្ដេចដែលមានមហាអំណាចដ៏ឆាប់រហ័ស។

៣. ឝៅយ៌្យត្យាគាទិយុក្តេន                  រាជ្ញា ឝ្រីភវវម៌្មណា

    យឝ្ចាធ៌វស្តុគណនា-                         និយុក្តោ លេខវាចកះ។

ប្រែថា៖ មន្ត្រីម្នាក់ណាក៏ជាមន្ត្រីបម្រើខាងគណនានៃភស្តុភារពាក់កណ្ដាល និងជាលេខាធិការ (ដែលត្រូវបានតែងតាំងហើយ) ដោយព្រះរាជាព្រះបាទឝ្រីភវវម៌្មទី២ ដែលជាស្ដេចប្រកបដោយភាពក្លាហាន និងការបរិច្ចាគទានជាអាទិ៍។

៤. អា ចម្បាទ្ភូមិជយិនា                         រាជ្ញាឝ្រីជយវម៌្មណា

    សន្មាន្យសិទ្ធាយតន-                       បាលនេ……មត៌ិ្បតះ។

ប្រែថា៖ នៅក្នុងគុហានោះ នៅពេលដែលវិការនៃធូលីត្រូវបានលុបបំបាត់ដោយអំណាច  តបៈ តាបសបាណិបាត្រៈនោះ ក៏បានបម្រើព្រះលិង្គៈ និងព្រះវ្ឫឞភៈ (គោនន្ទិ) ដោយផ្កាផ្សេងៗ និងគ្រឿងបូជាដទៃទៀតជារៀងរាល់ថ្ងៃ។

(សម្គាល់៖ ពាក្យ បាណិបាត្រៈ សំដៅលើអ្នកបួស ឬអ្នកតាំងសមាធិទាំងឡាយណាដែលប្រើបាតដៃរបស់ខ្លួនជាភាជន៍សម្រាប់ទទួលអាហារ)។

សរុបជារួមមក សិលាចារឹកភ្នំបន្ទាយនាង (K.1292) បានផ្តល់ព័ត៌មានមួយចំនួនអំពីការប្រណិប័តន៍ជំនឿតាមបែបព្រហ្មញ្ញសាសនា និកាយសៃវ របស់អ្នកបួសនៅសម័យមុនអង្គរ ហើយស្តែងឱ្យឃើញអំពីការមានជំនឿទៅលើរូងភ្នំជាកន្លែងស័ក្តសិទ្ធិ។

———-

The Banteay Neang inscription (K.1292) reveals 7th-century Shaivite religious practices within a Pre-Angkorian limestone cave. Written in Sanskrit, the text commemorates the “Panipatra” ascetics who dedicated the sanctuary to Lord Shiva, the Linga, and Nandi. This record emphasises the historical significance of caves as sacred sites for meditation and ritual offerings in early Cambodia.

អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,100SubscribersSubscribe
- Advertisement -spot_img