ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះឥសូរមកពីប្រាសាទភ្នំក្រោម

បដិមាព្រះឥសូរមកពីប្រាសាទភ្នំក្រោម

ប្រាសាទភ្នំក្រោម មានទីតាំងស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតនៅជិតបឹងទន្លេសាប មានចម្ងាយប្រមាណ១៦គីឡូម៉ែត្រ ប៉ែកនិរតីទីក្រុងអង្គរ ដែលកសាងនៅលើកំពូលភ្នំធម្មជាតិមួយមានកម្ពស់១៣៧ម៉ែត្រ និងធ្លាប់ទទួលបានការអភិរក្សដោយលោក Maurice Glaize កាលពីឆ្នាំ១៩៣៨ ដូចប្រាសាទភ្នំបូកដែរ។ ប្រាសាទនេះមានប្រាង្គសំខាន់ចំនួន ៣ ដែលប្រាង្គនីមួយៗសុទ្ធសឹងមានតម្កល់ទេពសំខាន់ៗនៃព្រហ្មញ្ញសាសនា ដែលគេច្រើនស្គាល់ថា “ត្រីមូត៌ិ” ពោល គឺប្រាង្គកណ្តាលតម្កល់បដិមាព្រះឥសូរ ប្រាង្គខាងត្បូងតម្កល់បដិមាព្រះព្រហ្ម និងប្រាង្គខាងជើងតម្កល់បដិមាព្រះវិស្ណុ។ តើបដិមាព្រះឥសូរដែលរកឃើញនៅប្រាសាទភ្នំក្រោម មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

ព្រះឥសូរ គឺជាអាទិទេពមានឫទ្ធិអំណាចធំលើសគេក្នុងចំណោមទេពទាំងបី (ត្រីមូត៌ិ) មានតួនាទីជាអ្នកបំផ្លាញលោក ដើម្បីបង្កើតលោកថ្មីឡើងវិញ។ ទ្រង់មានយានជំនិះជាគោនន្ទិ និងមានព្រះមហេសីព្រះនាមឧមា និងបវ៌តី។ នៅសម័យមុនអង្គរ បដិមាព្រះឥសូរក្នុងទម្រង់ជាមនុស្សមិនមាននិយមនោះទេ ពោល គឺច្រើនប្រតិស្ថានជាសិវលិង្គ រីឯទម្រង់ជាមនុស្សមានតែចម្លាក់តិចតួចប៉ុណ្ណោះ។​ ដោយឡែក មកដល់ស.វ.ទី៩ ការប្រតិស្ថានព្រះឥសូវក្នុងទម្រង់ជាមនុស្សចាប់ផ្តើម​មានភាពលេចធ្លោខ្លាំង ជាពិសេស ក្នុងរជ្ជកាលព្រះបាទស្រីឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ – ៨៨៩) និងព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ ដូច្នេះហើយ បដិមាព្រះឥសូរដែលរកឃើញនៅភ្នំក្រោម ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ ដែលយើងលោកមកសិក្សានេះ គឺជាឧទារហណ៍មួយនៃការវិវឌ្ឍសិល្បៈ និងជំនឿព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យបុរាណ។

បដិមាព្រះឥសូរនៅប្រាសាទភ្នំក្រោម កំពុងរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា ដែលមានលេខបញ្ជី ក.2533 មានកម្ពស់សរុប ២១០សង់ទីម៉ែត្រ (គិតទាំងមកុដ និងពន្លួញ) និងទទឹងស្មាមានប្រវែង ៦៥សង់ទីម៉ែត្រ។ យោងតាមរបាយការណ៍របស់សាលាបារាំងចុងបូព៌ាប្រទេស ដែលដឹកនាំដោយលោក Maurice Glaize កាលពីឆ្នាំ១៩៣៨ បានរៀបរាប់ថា មុនមានការអភិរក្ស បដិមាព្រះឥសូរនេះបានបាក់បែកដោយសារកំទេចថ្មបាក់បែកនៅប្រាង្គកណ្តាល ហើយទីតាំងបដិមាក៏បានចល័តចេញពីខាងក្នុងប្រាសាទដូចគ្នា។ ក្នុងឆ្នាំដដែលនេះ លោកបានប្រមូលបំណែកនានាមកផ្គុំជាមួយជើងទម្រដែលកំពុងស្ថិតនៅទីតាំងដើមនៅឡើយ។ មកដល់ឆ្នាំ១៩៥៣ បដិមានេះបានដួលដោយខ្លួនឯង ដោយសារតែការជួសជុលនៅត្រង់កជើងបដិមានៅពេលនោះពុំសូវមានបច្ចេកទេសរឹងមាំ។ ក្រោយមក នៅឆ្នាំ១៩៦៨ ដោយសារតែមានសង្រ្គាមស៊ីវិលក្នុងស្រុក គេបានចល័តបដិមានេះទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកទៀតព្រះសិរបដិមានេះ ត្រូវបានគេរត់ពន្ធលួចចេញពីអភិរក្សដ្ឋានអង្គរទៅដល់ក្រៅប្រទេស។

ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយ The Metropolitan Museum of Art នៅក្នុងឆ្នាំ១៩៩៧ ព្រះសិរព្រះឥសូរនេះបានប្រគល់ជូនសារមន្ទីរជាតិកម្ពុជាវិញ ដើម្បីយកមកផ្គុំជាមួយដងខ្លួនឱ្យពេញលក្ខណៈ។ ចំណុចនេះ បានក្លាយជារបត់ថ្មីបំផុតមួយនៃការប្រគល់វត្ថុបុរាណពីបរទេសមកកាន់កម្ពុជា ហើយបានក្លាយជាគំរូសម្រាប់សារមន្ទីរដទៃទៀតនៅបរទេសក្នុងការពិនិត្យមើលបញ្ជីវត្ថុបុរាណរបស់ខ្លួនឡើងវិញ រហូតមកទល់បច្ចុប្បន្នមានវត្ថុបុរាណខ្មែរជាច្រើន បានធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាជាបន្តបន្ទាប់។ នៅក្នុងរបាយការណ៍របស់សារមន្ទីរ The MET នាឆ្នាំ១៩៩៧ លោក Philippe de Montebello នាយកសារមន្ទីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយចំពោះវត្ថុបុរាណដែលមកដល់ដោយមិនមានប្រភពច្បាស់លាស់ ហើយការផ្គុំគ្នារវាងព្រះសិរ និងដងខ្លួននេះ គឺជាភស្តុតាងវិទ្យាសាស្រ្តដែលមិនអាចប្រកែកបាន។ សូមបញ្ជាក់ថា ការទាមទារព្រះសិរបដិមាព្រះឥសូរមកវិញបាននៅពេលនោះ គឺធ្វើឡើងដោយមានការស្រាវជ្រាវផ្ទៃក្នុង និងកិច្ចសហការជាមួយអ្នកជំនាញសាលាបារាំងចុងបូព៌ាប្រទេស ដែលបង្ហាញថា ព្រះសិរនេះ គឺជាផ្នែកដែលបាត់បង់នៃបដិមាព្រះឥសូររកឃើញនៅភ្នំក្រោម និងកំពុងស្ថិតនៅសារមន្ទីរជាតិកម្ពុជា។

លោក Jean Boisselier យល់ថា ព្រះភក្រ្តព្រះឥសូររកឃើញនៅភ្នំក្រោមនេះ មានរាងមូល និងមានលក្ខណៈរឹងមាំជាងបដិមាព្រះឥសូរដែលរកឃើញនៅក្នុងរជ្ជកាលព្រះបាទស្រីឥន្រ្ទវរ្ម័នទី១។ ទ្រង់មានព្រះមស្សុ (ពុកមាត់) ក្រាស់ និងខាងចុងងរឡើងលើ ព្រះភមូ (ចិញ្ចើម) ភ្ជាប់គ្នាវែង ព្រះនេត្របិទក្នុងរបៀបស្មិងស្មាធិ៍ និងព្រះកាណ៌ (ត្រចៀក) វែង។ ចំណែកព្រះនេត្រទី៣ដែលឆ្លាក់បញ្ឈរនៅលើថ្ងាស លោក Jean Boisselier គិតថា មានទម្រង់ច្បាស់លាស់ជាសញ្ញាសម្គាល់នៃអំណាចក្នុងការបំផ្លាញលោករបស់ព្រះឥសូរយ៉ាងពិតប្រាកដ។ ដោយឡែក ផ្នួងសក់វិញ លោកបានកត់សម្គាល់ថា រចនាឡើងជារាងស៊ីឡាំងខ្ពស់ដែលមានចម្លាក់តូចៗបញ្ឈរជាជួរៗ ក្នុងរទម្រង់ជាជដាមកុដ ដោយមានចម្លាក់ចំណិតព្រះចន្រ្ទនៅលើផ្នួងសក់ ដែលបញ្ជាក់ឱ្យឃើញច្បាស់អំពីលក្ខណៈសម្គាល់របស់ព្រះឥសូរ។ ផ្នួងសក់ខ្ពស់ឬវែងបែបនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការផ្លាស់ប្តូរពីផ្នួងសក់ទាបៗនៅសម័យមុន មកជាទម្រង់ផ្នួងសក់ខ្ពស់ជាងមុនច្រើន ដែលអាចបង្ហាញអំពីភាពរុងរឿងនៃសម័យអង្គរ។

ចំពោះដងខ្លួន លោក Jean Boisselier យល់ថា ដងខ្លួនបដិមាព្រះឥសូរនៅភ្នំក្រោម គឺបង្ហាញឱ្យឃើញភាពសមាមាត្ររវាងដងខ្លួន ជាមួយផ្នែកខាងលើ (ព្រះភក្រ្ត) និងផ្នែកខាងក្រោម (ជើង) ដោយមានស្មារីកធំទូលាយ ដើមទ្រូងមាំមួន និងមានការបង្ហាញសាច់ដុំនៅត្រង់ពោះយ៉ាងច្បាស់លាស់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីឧត្តមភាពនៃកម្លាំង។ ឥរិយាបថឈរទៀត គឺឈរត្រង់ក្នុងទម្រង់ជា “សមបាទស្ថានក” (samapādasthānaka) សំដៅដល់ឥរិយាបថឈរដ៏មានលំនឹងរឹងមាំមួយដែលមានជើងស្មើទៅនឹ​ងខ្សែអ័ក្សកណ្តាលនៃរូប (មធ្យសុត្រ) ក្បាល និងដងខ្លួនដាក់ឱ្យត្រង់ ជើង និងដៃនៅជាប់គ្នា រាងកា​យគ្មានការបត់បែនទៅទិសណាមួយ ហើយសម្លឹងឆ្ពោះទៅមុខត្រង់ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពថ្លៃថ្នូរក្នុងនាមជាអាទិទេពកំពូលនៃព្រហ្មញ្ញសាសនា។

ដោយឡែក បដិមានេះស្លៀកសំពត់ខ្លីដែលមានភ្លីតូចល្អិតៗនិងជិតគ្នាបំផុត មានជាយធ្លាក់សំយាកមកគ្របនៅលើភ្លៅខាងឆ្វេង  និងមានជាយរាងជាយុថ្កាពីរជាន់ទម្លាក់ចុះមកចំពីមុខ ដែលជាយខាងក្រៅវែងជាងជាយខាងក្នុង ព្រមទាំងមានជាយតូចៗពីរទៀតអមសងខាងទម្លាក់មកលើភ្លៅសងខាង។ ចុងរបស់ជាយធ្លាក់សំយ៉ុងពីខាងមុខរាងដូចកន្ទុយត្រីត្រួតគ្នា។ លក្ខណៈបែបនេះ គឺជាការវិវឌ្ឍថ្មីដោយឡែកពីសិល្បៈនៅក្នុងរជ្ជកាលព្រះបាទស្រីឥន្រ្ទវរ្ម័នទី១ ដែលត្រូវជា ព្រះបិតារបស់ព្រះបាទស្រីយសោវរ្ម័នទី១ ព្រោះទេវរូបភេទប្រុសនៅក្នុងរចនាបថព្រះគោស្លៀកសំពត់ខ្លីមិនមានភ្លី និងជាយធ្លាក់មកពីរជាន់ចំពីមុខដូចបដិមានេះទេ។

ជារួមមក បដិមាព្រះឥសូររកឃើញនៅប្រាសាទភ្នំក្រោម គឺជាភស្តុតាងបង្ហាញឱ្យឃើញពី របត់នៃការផ្លាស់ប្តូររវាងសិល្បៈរចនាបថព្រះគោ និងសិល្បៈរចនាបថបាខែងជាច្រើនចំណុច ជាពិសេស គឺបង្ហាញឱ្យឃើញការប្រតិស្ថានបដិមាធំជាងសម័យមុន។ បដិមានេះ គឺជាសក្ខីភាពនៃជំនឿព្រហ្មញ្ញសាសនា ក្នុងលទ្ធិសៃវនិយម ដែលបានអនុវត្តនៅក្នុងសង្គមខ្មែរនាសម័យអង្គរ ក៏ហាក់ដូចជាបង្ហាញឱ្យឃើញអំពីមហិច្ឆតារបស់ព្រះបាទស្រីយសោវរ្ម័នទី១ ក្នងការប្រែក្លាយរាជធានីយសោធរបុរ ឱ្យក្លាយទៅចក្រវាលនៃស្ថានរបស់អាទិទេព។

———–

Shiva statue at Phnom Krom

This article examines the historical and iconographic significance of the colossal statue of Shiva recovered from the central sanctuary of Phnom Krom, a mountain temple established during the reign of King Yasovarman I (ca. 889–910 CE). Positioned as the principal deity within a trimurti configuration, this sandstone sculpture serves as a definitive exemplar of the Bakheng style, marking a critical transition from the earlier Preah Ko tradition towards the monumental aesthetic of the Angkorian era. Standing at a height of 210 cm, the statue is characterised by its robust anatomical proportions, including a broad torso with defined musculature and a circular facial structure featuring the vertical third eye (trinetra), symbolising the deity’s transformative power of destruction and renewal. The provenance and preservation history of the sculpture are equally significant. First documented in situ by Maurice Glaize in 1938, the statue suffered considerable damage due to structural collapses within the sanctuary before being relocated to the Angkor Conservation depot for protection. During the period of civil unrest in the 1970s, the head of the statue was illicitly removed and trafficked abroad, eventually appearing in the collection of The Metropolitan Museum of Art (The Met) in New York. Following extensive provenance research and international collaboration involving the École française d’Extrême-Orient (EFEO), the head was formally repatriated to Cambodia in 1997. This high-profile return facilitated the scientific reunification of the head with its original torso at the National Museum of Cambodia, establishing a seminal precedent for the restitution of Khmer cultural heritage. Ultimately, the Phnom Krom Shiva stands not only as a testament to the theological ambitions of Yasovarman I but also as a resilient symbol of the ongoing efforts to reclaim and preserve Cambodia’s artistic legacy.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,000SubscribersSubscribe
- Advertisement -spot_img