ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះមហាសទាសិវមានព្រះហស្ត៣០

បដិមាព្រះមហាសទាសិវមានព្រះហស្ត៣០

នៅក្នុងជំនឿព្រហ្មញ្ញសាសនា និកាយសៃវ-សិទ្ធាន្ត ព្រះសទាសិវ គឺជាទម្រង់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសិវ ដែលដើរតួនាទីជាអាទិទេពកំពូលខ្ពស់អស់ព្រះព្រហ្ម និងព្រះវិស្ណុ។ ទម្រង់នេះ គឺជារួមបញ្ចូលគ្នារវាងព្រះសិវ និងកម្លាំងសក្តិ ដែលតំណាងឱ្យភាពអស់កល្បជានិច្ច និងជាប្រភពនៃសកម្មភាពទាំងប្រាំយ៉ាងរបស់ចក្រវាល។​ នៅក្នុងសិល្បៈខ្មែរនាសម័យអង្គរ ព្រះសទាសិវ មានបង្ហាញជាចម្លាក់នៅតាមជញ្ជាំងថ្ម (ប្រាសាទវត្តភូ) និងជាបដិមាទោលធ្វើអំពីថ្ម និងលោហៈជាច្រើន​។ គួរកត់សម្គាល់ជាពិសេស បដិមាទាំងនោះច្រើនតែបង្ហាញទ្រង់ក្នុងទម្រង់មានព្រះភក្រ្ត៥ និងព្រះហស្ត១០ ហើយកម្រឃើញទម្រង់ក្រៅពីនេះណាស់។ ប៉ុន្តែ មានបដិមាមួយអង្គនៅសារមន្ទីរជាតិកម្ពុជា បង្ហាញព្រះសទាសិវក្នុងទម្រង់មានព្រះភក្រ្ត៥ និងព្រះហស្ត៣០ ដែលគេស្គាល់ជាទូទៅតាមគម្ពីរបុរាណថា “មហាសទាសិវ”។ តើបដិមានេះមានលក្ខណៈដូចម្តេចខ្លះ?

បដិមាព្រះសទាសិវមានព្រះភក្រ្ត៥ និងព្រះហស្ត៣០ ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងទូកញ្ចក់ក្នុងសារមន្ទីរជាតិកម្ពុជានេះ ធ្វើឡើងអំពីសំរឹទ្ធ មានលេខបញ្ជី គ.5329/E.819/E.I40.8 និងស្គាល់ប្រភពដើមឡើយ។  បដិមានេះមានកម្ពស់២១,៨ស.ម. ទទឹង១៣,១ស.ម. និងមានទម្ងន់១,៨៣គ.ក.។ ព្រះភក្រ្ត ឬព្រះសិរទាំង៥ របស់បដិមានេះ គឺនៅថ្នាក់ខាងលើមានចំនួន ១ និងថ្នាក់ខាងក្រោមមានចំនួន ៤ ដែលគ្រប់ព្រះភក្រ្តទាំងអស់បង្ហាញឡើងក្នុងទម្រង់ស្មិងស្មាធិ៍ ដោយបិទព្រះនេត្រទាំងសងខាង ចិញ្ចើមវែងជាប់គ្នា ច្រមុះធំ បបូរមាត់ក្រាស់ ពាក់ក្រវិលវែង និងមានពាក់ម្កុដនៅលើព្រះសិរ។ យោងទៅតាមគម្ពីរសិវបុរាណ និងវិស្ណុធម៌ោត្តរបុរាណ ព្រះភក្រ្តនីមួយៗតំណាងឱ្យធាតុ និងលក្ខណៈសម្បត្តិផ្សេងៗពីគ្នា ដែលព្រះភក្រ្តនៅថ្នាក់ខាងលើមានឈ្មោះថា “ឦសាន” (īśāna) ជាព្រះភក្រ្តស្ថិតនៅទិសខាងលើមានពណ៌ផ្ទៃមេឃ តំណាងឱ្យធាតុអាកាស និងការត្រាស់ដឹងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសទាសិវ និងតំណាងឱ្យស្ថានសួគ៌ (ហៅថា៖ “និស្កល”)។ ចំណែក ព្រះភក្រ្តនៅថ្នាក់ខាងក្រោមចំនួន ៤ ផ្សេងទៀត គឺបែរមុខទៅទិសទាំង៤ រួមមាន៖ (១). ទិសខាងកើត មានឈ្មោះថា “តត្បុរុស្ស” (Tatpuruṣa) ជាព្រះភក្រ្តមានពណ៌លឿង តំណាងឱ្យធាតុខ្យល់ និងការលាក់បាំងនូវចំណេះដឹង (មាយា), (២). ទិសខាងលិច មានឈ្មោះថា “សទ្យោជាតិ” (Sadyojāta) ជាព្រះភក្រ្តមានពណ៌ស តំណាងឱ្យធាតុដី និងភាពបរិសុទ្ធនៃចិត្ត, (៣). ទិសខាងជើង មានឈ្មោះថា “វាមទេវ” (Vāmadeva) ជាព្រះភក្រ្តមានពណ៌ក្រហម តំណាងឱ្យធាតុទឹក និងអំណាចនៃការសេចក្តីស្រឡាញ់និងការថែរក្សា, (៤). ទិសខាងត្បូង មានឈ្មោះថា “អឃោរ” (Aghora) ជាព្រះភក្រ្តមានពណ៌ក្រហមក្រម៉ៅ តំណាងឱ្យធាតុភ្លើង និងបំផ្លាញនូវភាពល្ងង់ខ្លៅទាំងឡាយ។ សរុបជារួម ព្រះភក្រ្តទាំង៥នៃព្រះមហាសទាសិវ គឺតំណាងឱ្យតួនាទីចម្បងទាំងយ៉ាងរបស់ទ្រង់ គឺ “ស្ឫស្ដិ” (Sṛṣṭi) មានន័យថា “ការបង្កើត”, “ស្ថិតិ” (Sthiti) មានន័យថា “ការថែរក្សា”, “សំហារ” (Saṃhāra) មានន័យថា “ការរំលាយ”, “តិរោភាវ” (Tirobhāva) មានន័យថា “ការបិទបាំង” និង “អនុគ្រហ” (Anugraha) មានន័យថា “ការប្រោសប្រណី”។

រីឯនៅលើព្រះកាយបដិមាព្រះមហាសទាសិវ មានរចនាខ្សែក និងទំហំដងខ្លួនសមាមាត្រជាមួយផ្នែកខាងលើនិងកម្ពស់ទាំងមូលរបស់បដិមា។ បដិមានេះស្លៀកសំពត់ខ្លីចងក្បិន មានភ្លី និងមានជាយរាងដូចយុថ្កាពីរជាន់ និងខាងចុងរាងដូចកន្ទុយត្រី។ សំពត់បដិមានេះ គេពិបាកចាត់ថ្នាក់ចូលទៅក្នុងរចនាបថណាមួយ​នៃសិល្បៈខ្មែរនាសម័យអង្គរឡើយ ពោល គឺស្រដៀងរចនាបថបាភួន (ស.វ.ទី១១) ខ្លះៗ និងស្រដៀងរចនាបថអង្គរវត្ត (ស.វ.ទី១២) ខ្លះៗដែរ។ ចំណុចពិសេស គួរឱ្យចាប់អារម្មណ៍នោះ គឺបដិមានេះមានព្រះហស្តចំនួន៣០ ដែលព្រះហស្តខាងស្តាំមានចំនួន១៥ និងខាងឆ្វេងមានចំនួន១៥ ហើយគ្រប់ព្រះហស្តសុទ្ធសឹងកំពុងក្តាប់កាន់កេតនភណ្ឌយ៉ាងណែន។ អ្នកស្រាវជ្រាវប្រវត្តិសិល្បៈឥណ្ឌា ជាក់ស្តែងដូចលោក T.A. Gopinatha Rao យល់ថា ព្រះហស្ត៣០ នៃព្រះមហាសទាសិវ គឺតំណាងឱ្យថាមពល “សក្តិ” ឬអំណាចចក្រវាលដែលបំបែកចេញពីព្រះកាយរបស់ទ្រង់ផ្ទាល់។ ស្រដៀងគ្នានេះ អ្នកស្រី Stella Kramrisch បកស្រាយថា ព្រះហស្តព្រះសិវចាប់ពី៣០ឡើងទៅ គឺមិនមែនជាការរាប់ចំនួនព្រះហស្តសម្រាប់ប្រើប្រាស់នោះទេ តែជាការបញ្ចេញកាំរស្មីនៃអំណាចរបស់ព្រះជាម្ចាស់ ហើយព្រះហស្ត៣០ អាចតំណាងឱ្យការគ្រប់គ្រងលើបាតុភូតចក្រវាល ដែលអ្នកស្រីហៅជាភាសាអង់គ្លេសក្នុងសៀវភៅ “The Presence of Siva” ថា “The Multitude of Powers”។ ចំណែក តាមការរៀបរាប់នៅក្នុងគម្ពីរនានានៅក្នុងនិកាយសៃវ-សិទ្ធាន្ត គេច្រើនភ្ជាប់ទម្រង់ព្រះហស្ត៣០នៃព្រះសទាសិវ ទៅនឹងយោគៈ “មន្រ្ត” (Mantras) ដែលតំណាងឱ្យការបែងចែកនៃ “កាល” (ពេលវេលា) និង “អក្ខរ” (សំឡេង) ដែលបង្កើតជាចក្រវាល។ ដូចដែលបានរៀ​បរាប់ខាងលើថា គ្រប់ព្រះហស្តទាំងសងខាងសុទ្ធសឹងមានកាន់កេតនភណ្ឌ ប៉ុន្តែ កេតនភណ្ឌមួយចំនួន គឺយើងពិបាកកំណត់ថាជាអ្វីឱ្យប្រាកដទេ។ ម្ល៉ោះហើយ គឺយើងអាចត្រឹមតែយោងទៅលើគម្ពីរមួយចំនួនដូចជា គម្ពីរឧត្រការណាមគម ដែលរៀបរាប់ថា កេតនភណ្ឌរបស់ព្រះមហាសទាសិវ គឺបែងចែកជាក្រុមៗ ពោល គឺកេតនភណ្ឌប្រភេទជាអាវុធសម្រាប់វាយប្រហារ និងកេតនភណ្ឌប្រភេទជាវត្ថុសម្រាប់ផ្តល់ពរ។ គម្ពីរដដែលនេះបង្ហាញថា ព្រះហស្តខាងស្តាំតំណាងឱ្យថាមពលបុរស ឬការការពារ ដែលមានកេតនភណ្ឌដូចជា ត្រីសូល៍ (តំណាងឱ្យអំណាចនៃកាលទាំងបី) ដាវ (ការកាត់ផ្តាច់មោហៈនិងភាពអវិជ្ជា) វជ្រ (តំណាងឱ្យកម្លាំងស្មារតី)ពូថៅ (ការកំទេចចំណងនៃកម្ម) ដំបង (តំណាងឱ្យច្បាប់និងសណ្តាប់ធ្នាប់) សញ្ញាអភយមុទ្រ (កុំខ្លាច) និងកេតនភណ្ឌផ្សេងៗទៀត ដូចជា​ លំពែង ខ្សែតី និងកាំបិត…។ រីឯព្រះហស្តខាងឆ្វេងវិញ គឺតំណាងឱ្យថាមពលស្រី ឬការបង្កើត ដែលមានកេនភណ្ឌដូចជា ខ្យងស័ង្ខ (សំឡេងនៃចក្រវាលដែលបង្កើតជីវិត) ធ្នូ (ថាមពលនៃការសង្រួមចិត្ត) ផ្កាឈូក (ការរីកដុះដាលនៃវិញ្ញាណ) អង្កាំ (តំណាងឱ្យការសមាធិ) ក្អមទឹក (តំណាងឱ្យទឹកអម្រឹត ឬភាពត្រជាក់ត្រជុំ) កណ្តឹង (សំឡេងដាស់ស្មារតីសត្វលោក) កញ្ចក់ (ការឆ្លុះបញ្ចាំងសច្ចធម៌នៃខ្លួនឯង) សញ្ញវរទមុទ្រ (ការផ្តល់ពរជ័យ)។ ជារួមមក ទោះបីជាបដិមាព្រះមហាសទាសិវនេះមិនដឹងប្រភពច្បាស់លាស់មកពីណាក៏ដោយក្តី យើងអាចទាញសេចក្តីសន្និដ្ឋានថា ការគោរពប្រណិប័តន៍ចំពោះព្រះសិវនៅក្នុងសង្គមខ្មែរនាសម័យបុរាណ គឺមានឫសគល់មុតមាំខ្លាំងណាស់ ហើយជារឿយៗជនជាតិខ្មែរ តែងតែ​បង្កើតជារូបភាពព្រះបដិមាទៅតាមគម្ពីរនានាដែលបានយល់ដឹង។ ជាងនេះទៅទៀត យោងទៅតាមការរកឃើញបដិមានេះ អាចបង្ហាញឱ្យឃើញអំពីនិកាយជាច្រើននៃលទ្ធិសៃវនិយមដែលខ្មែរបានគោរពប្រតិបត្តិតាម ជាក់ស្តែង និកាយសៃវ-សិទ្ធាន្ត ក៏ទំនងមានប្រតិបត្តិដូចគ្នា។

———–

Bronze Statue of Mahasadasiva

This article examines a rare bronze statue of Mahasadasiva featuring five faces and thirty arms, currently preserved at the National Museum of Cambodia. In Shaiva Siddhanta philosophy, Sadasiva represents the supreme form of Shiva, embodying the five cosmic activities: creation, maintenance, destruction, concealment, and grace. While five-faced and ten-armed depictions are more common in Khmer art, this thirty-armed form symbolises “The Multitude of Powers” and the divine control over cosmic phenomena, as interpreted by scholars like T.A. Gopinatha Rao and Stella Kramrisch. The statue’s iconography integrates sacred weapons and symbolic objects divided into masculine protective energies (right arms) and feminine creative energies (left arms). Stylistically blending Baphuon and Angkor Wat elements, this artifact underscores the profound roots of Shaivism and the intricate theological knowledge present in ancient Khmer civilisation.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img