កំពង់ចាមកៅ ជាឈ្មោះបុរាណដ្ឋានមួយ ស្ថិតនៅភូមិកំពង់ចាម ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី (ពីមុនមកជាដែនដីនៃខេត្តស្ទឹងត្រែង)។ បុរាណដ្ឋានកំពង់ចាមកៅ រកឃើញដោយលោក Louis Klein នៅក្នុងឆ្នាំ១៩១១ ដែលពេលនោះ លោកមានតួនាទីជាប្រធានប្រតិភូប្រចាំតំបន់មុលប៉ាមោក ក្នុងខេត្តស្ទឹងត្រែង។ លោក Henri Parmentier បានប្រែអត្ថន័យឈ្មោះ “កំពង់ចាមកៅ” ថា “ទីក្រុងចាស់របស់ពួកចាម”។ នៅទីនោះ លោកបានប្រទះឃើញបដិមាចំនួន ២ អង្គ គឺបដិមាព្រះសិវក្នុងភាពជាឥសី និងបដិមាព្រះវិស្ណុ ហើយលោកបានបញ្ជូនបដិមាទាំងពីរនេះទៅកាន់សារមន្ទីរជាតិកម្ពុជានាឆ្នាំ១៩១១។ អ្នកស្រាវជ្រាវមុនៗយល់ថា បដិមាព្រះសិវក្នុងភាពជាឥសីនេះ មានអាយុកាលស.វ.ទី៧ ហើយជាបដិមាព្រះសិវដែលមានលក្ខណៈកម្រនៅក្នុងសិល្បៈខ្មែរនាសម័យចេនឡា ព្រោះជាទូទៅគេតែងកសាងលិង្គតំណាងឱ្យព្រះសិវ ជំនួសឱ្យការកសាងរូបបដិមាព្រះសិវក្នុងទម្រង់ដូចមនុស្ស។ តើបដិមានេះមានលក្ខណៈដូចម្តេចខ្លះ?
បដិមានេះកសាងឡើងអំពីថ្មភក់ មានកម្ពស់ ១៧១,៥ ស.ម. ទទឹង ៥០,៥ ស.ម. និងកម្រាស់ ៣១ ស.ម.។ បន្ទាប់អំពីការរកឃើញ និងបានបញ្ជូនមកកាន់សារមន្ទីរជាតិកម្ពុជានៅក្នុងឆ្នាំ១៩១១ លោក Henri Parmentier បានរៀបរាប់ដោយសង្ខេបអំពីបដិមានេះនៅក្នុងអត្ថបទស្រាវជ្រាវរបស់លោកនាឆ្នាំ១៩១៣ ដោយលោកបានហៅរូបបដិមានេះថា “ព្រះសិវក្នុងភាពជាឥសី”។ អ្នកស្រាវជ្រាវសម័យក្រោយមកទៀត មានជាអាទិ៍ លោក George Groslier ១៩២៤ លោក Pierre Dupont ១៩៣៦, ១៩៤១, លោក John Guy ២០១៤ ក៏នៅតែបន្តហៅបែបនេះរហូតមកទល់ពេលបច្ចុប្បន្ន។ លោក Pierre Dupont យល់ថា បដិមានេះមានរូបរាង និងកម្ពស់ មិនសមាមាត្រជាមួយដងខ្លួនទាំងមូលឡើយ ព្រោះដងខ្លួនតូច គ្មានសាច់ដុំ និងជើងទាំងពីរវែងពេក។ បដិមានេះទៀតសោត មិនមានលម្អដោយគ្រឿងអល្លង្ការនៅលើព្រះកាយ មានពុកមាត់ និងបួងសក់វែងៗជាផ្នួងបែបឥសី ហើយមានព្រះនេត្រទីបីនៅលើថ្ងាស ដែលលក្ខណៈទាំងនេះហើយទើបគេអាចសន្និដ្ឋានថាជាព្រះសិវ (ឥសូរ) ក្នុងភាពជាឥសី។ ព្រះហស្តខាងស្តាំបានបាក់អស់មួយកំណាត់ រីឯព្រះហស្តខាងឆ្វេងមានកាន់ថូទឹក (ឃ្លោក) ដែលអាចបញ្ជាក់អំពីឋានៈជា “យោគី” ឬ ជាអ្នកបួសដ៏ខ្ពង់ខ្ពស់។ ចំណុចនេះលោក John Guy យល់ថាជាលក្ខណៈសម្គាល់នៃរូបតំណាងព្រះសិវក្នុងទម្រង់ជាមនុស្ស ដែលចាប់ផ្តើមមានឡើងដំបូងនៅដើមសម័យ គុប្ត នៃភាគខាងជើងប្រទេសឥណ្ឌា។ ប៉ុន្តែ ចំណុចដែលគួរកត់សម្គាល់នោះគឺ នៅលើផ្នួងសក់របស់បដិមានេះ ពុំមានចម្លាក់ចំណិតព្រះចន្រ្ទដូចរូបតំណាងព្រះសិវដែលគេតែងឃើញឡើយ។ រូបភាពបែបនេះ គេមិនធ្លាប់ឃើញនៅក្នុងសិល្បៈខ្មែរនាសម័យជាមួយគ្នាឡើយ ប៉ុន្តែ បដិមានេះបែរជាស្រដៀងទៅនឹងបដិមាមួយអង្គរកឃើញនៅប្រាសាទ A4 ក្នុងតំបន់ប្រាសាទ My Son នៃសិល្បៈចាម្ប៉ានាស.វ.ទី៨ទៅវិញ (សព្វថ្ងៃជាខេត្តក្វាងណាម ប្រទេសវៀតណាម)។ ចំណុចនេះ តើអាចទេដែលបដិមានេះអាចមានទំនាក់ទំនងជាមួយសិល្បៈចាម្ប៉ា? ដ្បិត បុរាណដ្ឋានកំពង់ចាមកៅមានចម្ងាយប្រមាណ ១៩០ គីឡូម៉ែត្រពីតំបន់ប្រាសាទ My Son ។
ក្រៅអំពីនេះ បដិមានេះស្លៀកសំពត់ខ្លីចងក្បិន ភ្ជាប់ជាមួយខ្សែក្រវ៉ាត់ស្តើងមួយដែលមានក្បាលស៊ីឡាំងនៅចំកណ្តាល ដែលមានក្បាលរាងមូល និងមានខ្សែចំណងជាក្រណាត់ធ្លាក់ចុះមកភ្លៅទាំងសងខាង។ ជាទូទៅ ព្រះសិវក្នុងភាពជាឥសី ទំនងត្រូវនឹងឈុតមួយដែលគេស្គាល់ថា “ភិក្សាដនមូត៌ិ” ដែលជាការបង្ហាញព្រះសិវក្នុងភាពជាឥសីកំលោះដ៏ស្រស់សង្ហាដើរសុំទាន និងមានរៀបរាប់នៅក្នុងគម្ពីរស្កន្ទបុរាណ និងសិវបុរាណ។ សាច់រឿងនេះកើតឡើងនៅក្នុងព្រៃ “ដារុកវន” ដែលជាទីកន្លែងឥសីមួយក្រុមធំកំពុងធ្វើតបធម៌។ ពួកឥសីទាំងនោះមានមោទនភាពខ្លាំងណាស់លើតេជៈបារមី និងការធ្វើបូជាយញ្ញរបស់ខ្លួន រហូតភ្លេចខ្លួនថាពួកគេខ្លាំងជាងព្រះជាម្ចាស់ទៅទៀត។ ដើម្បីកម្ចាត់ភាពមានៈរបស់ពួកឥសីទាំងនោះ ព្រះសិវបាននិម្មិតកាយជា “ភិក្សាដន” (ឥសីក្មេងកំលោះសុំទានដ៏សង្ហាបំផុត) ហើយព្រះវិស្ណុបាននិម្មិតកាយជា “មោហិនី” (ស្រ្តីដែលមានសម្រស់ស្អាតលើសគេ)។ នៅពេលយាងដល់ទីកន្លែងធ្វើតបរបស់ពួកឥសី ភាពស្រស់សង្ហារបស់ព្រះសិវបានធ្វើឱ្យភរិយារបស់ឥសីទាំងនោះឈ្លក់វង្វេង បោះបង់ចោលផ្ទះសម្បែង ហើយដើរតាមទ្រង់ទាំងអាការៈរវើរវាយ។ រីឯពួកឥសីក៏ឈ្លក់វង្វេងនឹងសម្រស់នាងមោហិនីដូចគ្នា រហូតធ្វើឱ្យពិធីបូជាយញ្ញរបស់ពួកគេត្រូវអាក់ខាន។ ពួកឥសីខឹងសម្បារយ៉ាងខ្លាំង ក៏ប្រើមន្តអាគមបង្កើតជាសត្វខ្លា ពស់ និងបិសាច ដើម្បីមកវាយប្រហារព្រះភិក្សាដន។ ប៉ុន្តែ ព្រះអង្គបានយកស្បែកខ្លាមកធ្វើជាសំពត់ យកពស់មកធ្វើជាគ្រឿងអល្លង្ការ និងជាន់ឈ្លីបិសាចនោះនៅក្រោមបាតជើង រហូតធ្វើឱ្យពួកឥសីដឹងខ្លួន ហើយសុំខមាទោសព្រះអង្គ។
ដូច្នោះហើយ រូបបដិមាដែលគេស្គាល់ថា “ព្រះសិវក្នុងភាពជាឥសី” ដូចបានរៀបរាប់ខាងលើនេះ ទំនងជារូបតំណាងឱ្យព្រះសិវក្នុងទម្រង់ជាភិក្សាដនមូត៌ិក៏អាចទៅរួចដែរ។ ដ្បិត រឿងនេះជាប់ពាក់ព័ន្ធខ្លាំងទៅនឹងនិកាយបាសុបត ដែលគេដឹងច្បាស់ថាមានប្រណិប័តន៍នៅក្នុងសង្គមខ្មែរ នាស.វ.ទី៧ ដូចមានរៀបរាប់នៅក្នុងសិលាចារឹកនៅសំបូរព្រៃគុក និងសិលាចារឹកប្រាសាទភ្នំព្រះវិហារ ខេត្តកំពង់ឆ្នាំង។ អ្នកបួសនៅនិកាយនេះ ជាអ្នកចូលចិត្តលាបផេះពេញខ្លួនប្រាណ និងឧស្សាហ៍ទៅកាន់ទីស្មសានដើម្បីបូជាដល់ព្រះសិវភៃរវ។ ជារួមមក បដិមាព្រះសិវក្នុងភាពជាឥសីនេះ ប្រហែលជារូបតំណាងព្រះសិវក្នុងទម្រង់មួយដែលហៅថា “ភិក្សាដនមូត៌ិ” និងអាចជាប់ពាក់ព័ន្ធជាមួយនិកាយបាសុបតនៃលទ្ធិសៃវនាស.វ.ទី៧។ បដិមានេះមានលក្ខណៈកម្រខ្លាំងណាស់នៅក្នុងសិល្បៈខ្មែរ ដែលសឹងតែគេមិនធ្លាប់បានឃើញបដិមាព្រះសិវក្នុងទម្រង់ជាមនុស្សនៅស.វ.ទី៧ឡើយ ពោល គឺមានតែចម្លាក់នានានៅលើផ្តែរទ្វារ ឬនៅតាមជញ្ជាំងប្រាសាទតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បដិមានេះគេអាចសម្លឹងទៅវែងឆ្ងាយជាមួយសិល្បៈនៃអាណាចក្រចាម្ប៉ា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងរកឃើញ។






———-
Shiva as Ascetic Statue
This study analyzes a rare 7th-century sandstone sculpture from Kampong Cham Kau, Ratanakiri (Inv. Ka.1636), traditionally identified as Śiva in ascetic form. Characterized by a vertical third eye, a high jaṭā (matted hair), and a kuṇḍikā (water vessel), the icon represents a localized “Khmerised” aesthetic through its unique belt and sampot arrangement. Drawing on comparative iconography with My Son A4 in Champa and scholarly insights from Parmentier, Dupont, and Groslier, this research concludes that the statue specifically represents Bhikshatana-murti (the Supreme Mendicant). This manifestation of Śiva reflects the profound influence of the Pāśupata sect in early Southeast Asia, portraying the deity as the wandering ascetic who subdues ego and purifies the spiritual landscape.
អត្ថបទដោយ៖ លោក ម់ង់ វ៉ាលី





