ទំព័រដើមប្រវត្តិសាស្ត្របដិមាព្រះវិស្វកម៌

បដិមាព្រះវិស្វកម៌

នៅក្នុងជំនឿព្រហ្មញ្ញសាសនា ព្រះវិស្វកម៌ ឬហៅតាមខ្មែរថា “ព្រះពិស្ណុការ” គឺជាទេពតំណាងឱ្យការបង្កើតថ្មី និងជំនាញបច្ចេកទេស។ គេស្គាល់ព្រះអង្គថាជា “ស្ថាបត្យករនៃចក្រវាល” ឬ “ទេវបុត្រវិស្វករ” ដែលមានតួនាទីសំខាន់ក្នុងការកសាងលោក និងជាអ្នកឧបត្ថម្ភសព្វបែបយ៉ាងដល់សិល្បករ និងជាងទាំងឡាយ។ គេមិនដឹងច្បាស់ថា ខ្មែរចាប់ផ្តើមគោរពព្រះអាទិទេពអង្គនេះ ចាប់តាំងពីពេលណាមកទេ​។ ប៉ុន្តែ មកដល់សម័យអង្គរ ភស្តុតាងដែលគេអាចដឹងអំពីការគោរពទេពនេះ គឺតាមរយៈសិលាចារឹក (បាសែត K.205, ព្រះខ័ន K.908 B) និងបដិមាមួយចំនួន ដែលយើងនឹងលើកយកមកសិក្សានៅក្នុងអត្ថបទខ្លីនេះ។ តើបដិមាព្រះវិស្វកម៌នៅក្នុងសិល្បៈខ្មែរមានលក្ខណៈដូចម្តេចខ្លះ?

នៅក្នុងគម្ពីរហិណ្ឌូមួយចំនួន គេចាត់ទុកព្រះវិស្វកម៌ជាទេវស្ថាបត្យករ ដែលមានសមត្ថភាពអស្ចារ្យលើសសត្វលោក និងទេពទាំងឡាយនៅក្នុងផ្នែកសិល្បៈ និងវិស្វកម្ម។ តួយ៉ាងនៅក្នុងគម្ពីរវិស្ណុបុរាណ ព្រះអង្គ គឺជាអ្នកបង្កើតអាវុធទិព្វសម្រាប់ទេពផ្សេងៗ ដូចត្រង់ឈុតមួយដែលបានរៀបរាប់ថា៖ “នៅពេល នាងសញ្ញា ដែលជាបុត្រីរបស់ព្រះវិស្វកម៌ និងជាមហេសីរបស់ព្រះសូរ្យ (ព្រះអាទិត្យ) មិនអាចទ្រាំទ្រនឹងកំដៅដ៏ខ្លាំងក្លារបស់ស្វាមីរបស់ខ្លួនបាន ព្រះវិស្វកម៌ក៏បានយកព្រះសូរ្យមកដាក់លើរង្វង់យន្ត ហើយឈូសរំលាយរស្មីចំនួន១ភាគ៨ចេញ។ រីឯកម្ទេចនៃរស្មីដែលធ្លាក់មកលើដី ត្រូវព្រះអង្គយកទៅស្លឱ្យក្លាយទៅជាអាវុធដ៏មានមហិទ្ធិឫទ្ធិសម្រាប់ទេពនានា ដូចជា ចក្រ (សម្រាប់ព្រះវិស្ណុ) ត្រីសូល៍ (សម្រាប់ព្រះសិវ) និង វជ្រ (សម្រាប់ព្រះឥន្រ្ទ)”។ ចំណែក គម្ពីរភគវតបុរាណ (ស្កន្ទទី១០ ជំពូកទី៥០) រៀបរាប់ថា “នៅពេលដែលុំព្រះក្រឹស្ណនាំពូជពង្សយាទវ គេចចេញពីការយាយីរបស់ជរាសន្ធ ព្រះវិស្វកម៌បានប្រើឫទ្ធិអំណាចរបស់ទ្រង់កសាងក្រុងទ្វារកា​ ក្នុងរយៈពេលត្រឹមតែមួយយប់ ដែលមានជញ្ជាំងមាស និងប្រាសាទដ៏ស្កឹមស្កៃ”។ លើសពីនេះទៀត តាមរយៈគម្ពីររាមយណបានរៀបរាប់ថា ព្រះវិស្វកម៌ គឺជាអ្នកកសាងក្រុងលង្កានៅលើកំពូលភ្នំត្រីកុតសម្រាប់ព្រះកុវេរ ប៉ុន្តែក្រោយមកក្រុងរាពណ៍បានវាយដណ្តើមយកទីក្រុងនេះពីព្រះកុវេរមកធ្វើជានគររបស់ខ្លួន។ នៅមានក្រុងពិសិដ្ឋជាច្រើនទៀតដែលព្រះវិស្វកម៌បានកសាង ដូចជា ក្រុងឥន្រ្ទប្រស្ថ (យោងតាមគម្ពីរមហាភារត) ក្រុងអមរាវតី (យោងតាមគម្ពីរព្រហ្មបុរាណ និងស្កន្ទបុរាណ)។

នៅក្នុងបរិបទសង្គមខ្មែរ ព្រះវិស្វកម៌ ដែលគេច្រើនហៅថា “ព្រះពិស្ណុការ” ត្រូវបានគេចាត់ទុកថាជាតួអង្គមេជាងដ៏ស័ក្តិសិទ្ធិ ដូចដែលមានរៀបរាប់នៅក្នុងរឿងព្រេងដែលនិយាយអំពីការ   កសាងប្រាសាទអង្គរវត្ត  ពោល គឺរឿង “ព្រះកេតុមាលា”។ រឿងនោះតំណាលថា “ព្រះឥន្រ្ទបានបញ្ជាឱ្យព្រះវិស្វកម៌ (ព្រះពិស្ណុការ) ចុះមកកសាងប្រាសាទអង្គរវត្ត ដើម្បីឱ្យព្រះកេតុមាលាគង់នៅ។ ព្រះពិស្ណុការបានរៀនសូត្រវិជ្ជាជាងពីស្ថានសួគ៌ ហើយមកមកអនុវត្តដោយការរោយលម្អងថ្មពិសិដ្ឋឱ្យក្លាយជាប្រាសាទអង្គរវត្តភ្លាមៗ។ រហូតមកទល់បច្ចុប្បន្ននេះ ជាងចម្លាក់ ឬជាងសំណង់ក្តី តែងតែរៀបចំពិធី “សែនព្រះពិស្ណុការ” ដើម្បីសុំសេចក្តីសុខ និងសុំឱ្យស្នាដៃរបស់ពួកគេមានភាពប្រណីត និងរឹងមាំបានល្អ។

ជាទូទៅ តាមរយៈគម្ពីរនានារៀបរាប់ថា ព្រះវិស្វកម៌គង់នៅលើសត្វហង្ស ឬសត្វដំរី ដោយមានព្រះសិរ ៤ (តំណាងឱ្យទិសទាំងបួន ឬវេទទាំងបួន) ព្រះបាទ ២ និងព្រះហស្ត ៤ ប្រដាប់ទៅដោយកេតនភណ្ឌសំខាន់ៗដូចជា គម្ពីរ (តំណាងឱ្យចំណេះដឹង និងច្បាប់លោក) ខ្សែរង្វាស់ ឬបន្ទាត់ (តំណាងឱ្យភាពត្រឹមត្រូវក្នុងស្ថាបត្យកម្ម) ក្អមទឹក (តំណាងឱ្យថាមពលនៃការបង្កើតថ្មី និងភាពបរិសុទ្ធ) និងឧបករណ៍សំណង់ផ្សេងៗ ដូចជា ញញួរ ពូថៅ ដែលតំណាងឱ្យការងារសិល្បៈ និងការផលិតអាវុធសម្រាប់ទេព។ លក្ខណៈដែលរៀបរាប់នេះ គេច្រើនឃើញមាននៅក្នុងសិល្បៈឥណ្ឌា។ ប៉ុន្តែ នៅក្នុងសិល្បៈខ្មែរ បដិមាវិស្វកម៌សម័យអង្គរ (ស.វ.ទី១២-១៣) ដែលគេរកឃើញ គឺច្រើននិយមឆ្លាក់ឱ្យមានព្រះសិរ ១ និងព្រះហស្ត ២។ ជាក់ស្តែង បដិមាព្រះវិស្វកម៌មួយអង្គ រកឃើញនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជាមានលេខបញ្ជី គ.5478 គេកសាងឡើងជាបដិមាទោល ធ្វើអំពីសំរិទ្ធិលាបម្រ័ក្សណ៍ ក្នុងទិដ្ឋភាពកំពុងឈរនៅក្នុងជំហរត្រង់ មានព្រះសិរមួយ និងព្រះហស្តពីរ។ ព្រះហស្តខាងស្តាំមិនមានកាន់កេតនភណ្ឌអ្វីមួយឡើយ តែសំដែងឡើងក្នុងកាយវិការវ្យាឃ្យានមុទ្រា (កាយវិការនៃការបកស្រាយ ឬជម្រាបឱ្យដឹង) ដែលអាចក្នុងន័យបង្ហាញថា ព្រះអង្គកំពុងប្រទាននូវចំណេះដឹងផ្នែកវិទ្យាសាស្រ្តនិងសិល្បៈពាក់ព័ន្ធជាមួយការសាងសង់ និងគណនាប្លង់ដ៏ពិសិដ្ឋ។ រីឯព្រះហស្តខាងឆ្វេង ប្រហែលកាន់ដំបងវែង ឬខ្នាតរង្វាស់ ដែលមានលក្ខណៈជាថ្នាំងៗ ដូចដើមអំពៅ ឬដើមឫស្សី តំណាងឱ្យបច្ចេកទេសសម្រាប់វែងវែងឱ្យត្រូវតាមក្បួនខ្នាតនៃការសាងសង់។ បដិមានេះ គេសិតឡើងដោយមានបំពាក់គ្រឿងអលង្ការជាច្រើនតាំងពីព្រះសិររហូតដល់ព្រះបាទ ជាពិសេស គឺនៅត្រង់ថ្ងាសមានរំលេចឱ្យឃើញអំពីតិលកដែលមានរាងមូល បញ្ជាក់ឱ្យឃើញអំពីឋានៈរបស់ទ្រង់ជាទេព និងជាជានិម្មិតរូបតំណាងឱ្យបញ្ញាស្មារតី ការយល់ដឹង និងភាពបរិសុទ្ធ (រូបលេខ១-៣)។ ស្រដៀងគ្នានេះ មានបដិមាមួយអង្គទៀតកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជាដូចគ្នា (លេខបញ្ជី គ.3452) មកពីស្រុកគិរីវង្ស ខេត្តតាកែវ (រចនាបថអង្គរវត្ត ស.វ.ទី១២) ដែលអ្នកជំនាញការសារមន្ទីរសង្ស័យថាជាវិស្វកម៌ដែរ មានលក្ខណៈប្រហាក់ប្រហែលគ្នា តែខុសត្រង់ថាព្រះហស្តស្តាំកាន់ដំ​បងវែង ឬខ្នាតរង្វាស់ និងព្រះហស្តឆ្វេងកាន់ថូទឹក ឬបើមិនដូច្នេះក៏អាចជាឧបករណ៍សំណង់អ្វីមួយផងក៏មិនដឹង (រូបលេខ៤-៥)។

បដិមាព្រះវិស្វកម៌មួយអង្គទៀត ដែលធ្លាប់រត់ពន្ធដោយខុសច្បាប់ពីទីតាំងណាមួយនៃប្រទេសកម្ពុជា និងទើបតែប្រគល់មកពីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤ ហើយកំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា។ បដិមានេះសាងអំពីសំលោហៈលាបទឹកមាស និងមានអាយុកាលស្ថិតនៅរចនាបាយ័ន្ត ចុងស.វ.ទី១២ ឬដើមស.វ.ទី១៣ (រូបលេខ៦-៨)។ បដិមាព្រះវិស្វកម៌អង្គនេះ សិតឡើងដោយមានព្រះសិរមួយនិងព្រះហស្តពីរ អង្គុយក្នុងឥរិយាបថបែបវីរាសន (Vīrāsana) ពោល គឺសំដៅដល់ឥរិយាបថអង្គុយដោយលុតជង្គង់ឆ្វេងចុះទៅដី រីឯជង្គង់ស្តាំបញ្ឈរឡើងលើ ដែលទំនងបង្ហាញអំពីភាពមាំមួន និងតួនាទីរបស់ព្រះវិស្វកម៌ ជា “មេជាង” ដែលកំពុងបំពេញការងារយ៉ាងសកម្មនៅក្នុងការងារកសាង។ ព្រះហស្តឆ្វេង ដាក់ផ្អឹបទៅលើភ្លៅនៅក្នុងឥរិយាបថត្រៀមលក្ខណៈ ឬទប់លំនឹងព្រះកាយ។ រីឯព្រះហស្តស្តាំកាន់វត្ថុអ្វីមួយដែលទំនងជា “ពន្លាក” (គ្រឿងដែកមានមុខមុតសម្រាប់ដាប់) ដែលតំណាងឱ្យតួនាទីព្រះអង្គជាព្រះនៃស្ថាបត្យករ។ បដិមាព្រះវិស្វកម៌សាងអំពីលោហៈនិងអង្គុយក្នុងទម្រង់របៀបនេះ គេធ្លាប់ឃើញមានមួយអង្គទៀតនៅសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន់ សហរដ្ឋអាមេរិក ប៉ុន្តែ ខុសត្រង់ថាព្រះហស្តស្តាំរបស់ទ្រង់កាន់ញញួរដាក់នៅលើស្មា។ ជារួមមក យើងអាចទាញសេចក្តីសន្និដ្ឋានថា ការគោរពប្រណិប័តន៍ចំពោះព្រះវិស្វកម៌នៅក្នុងសង្គមខ្មែរនាសម័យបុរាណ គឺមានជំនឿយ៉ាងមុតមាំដូចអាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនាដែរ។ បើទោះបីមិនមានភស្តុតាងណាមួយនៅសម័យមុនអង្គរ (ស.វ.ទី៦-៨) អំពីការប្រណិប័តន៍ព្រះវិស្វកម៌យ៉ាងណាក្តី ភស្តុតាងប្រវត្តិសិល្បៈ និងសិលាចារឹកដែលមាននៅសម័យអង្គរ ជាពិសេស ស.វ.ទី១២ និងទី១៣ បង្ហាញឱ្យឃើញថា ទ្រង់ គឺជាទេពដ៏សំខាន់មួយដែលមនុស្សខ្មែរគោរពជាប់ជាប្រចាំ ព្រោះទ្រង់ជាព្រះនៃការសាងសង់ ឬទេពនៃស្ថាបត្យករ។ ហេតុដូច្នេះហើយ ទើបបានជាបច្ចុប្បន្ននេះ ទ្រង់នៅតែជាទេពដែលគេមិនបំភ្លេចបានឡើយក្នុងពេល  កសាងសង់សំណង់អ្វីមួយ។

———–

Vishvakarma statue

This study explores the iconography and significance of Vishvakarma (commonly known in Khmer as Preah Pisnukara) within ancient Khmer art. As the “Divine Architect of the Universe” in Hindu mythology, Vishvakarma symbolizes creativity and technical mastery, serving as the patron deity for artists and craftsmen. While his worship in Cambodia traces back to the pre-Angkorian period, it flourished during the Angkorian era, as evidenced by inscriptions such as Prasat Baset (K.205) and Preah Khan (K.908 B). Through a comparative analysis of Brahmanical texts and Khmer artifacts, the research highlights the “Khmerisation” of Vishvakarma’s attributes. Unlike Indian depictions which often feature four heads and four arms, Khmer statues—particularly the bronze figures preserved at the National Museum of Cambodia—typically present him with a single head and two arms. Key iconographic identifiers include the measuring rod (signifying precision) and the trowel (representing the act of sculpting). Furthermore, the study examines specific postures such as the Vīrāsana (heroic pose), which portrays the deity in an active, kneeling position ready for construction. Ultimately, the presence of Vishvakarma in Khmer art reflects the profound cultural value placed on architectural engineering and the spiritual dedication involved in the creation of the great Angkorian temples.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img