ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទត្រពាំងប្រាសាទខាងត្បូង

ប្រាសាទត្រពាំងប្រាសាទខាងត្បូង

ប្រាសាទត្រពាំងប្រាសាទខាងត្បូង មានទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ៣០០ ម៉ែត្រ ភាគខាងត្បូងប្រាសាទត្រពាំងប្រាសាទខាងជើង។ សព្វថ្ងៃ អ្នកស្រុកហៅប្រាសាទត្រពាំងប្រាសាទខាងជើងថា “ប្រាសាទតូធំ” រីឯក្រុមប្រាសាទមួយទៀតដែលស្ថិតនៅខាងជើង អ្នកស្រុកហៅថា “ប្រាសាទតូច” ហើយអ្នកខ្លះទៀតហៅប្រាសាទនេះថា “ប្រាសាទខ្នារចារ”។ តើប្រាសាទត្រពាំងប្រាសាទខាងត្បូង មានតួនាទី និងលក្ខណៈដូចម្តេចខ្លះ?

ក្នុងដំណើរសិក្សាស្រាវជ្រាវ និងចុះបញ្ជីសំណង់បេតិកភណ្ឌខ្មែរនៅរវាងចុងស.វ.ទី១៩ និងដើមស.វ.ទី២០ គេមិនបានចុះសិក្សានិងចុះបញ្ជីប្រាសាទនេះទេ ដែលប្រហែលមកពីកាលពីជំនាន់នោះមានព្រៃក្រាស់ពេក។ រហូតទាល់តែចប់សង្រ្គាមស៊ីវិលនៅចុងទសវត្សរ៍១៩៩០ ទើបមានការសិក្សាថ្មីៗខ្លះ។ ក្នុងនោះ គម្រោងរាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវអំពីប្រាសាទនេះបានច្រើនជាងគេ ដោយការស្រាវជ្រាវនោះធ្វើឡើងនៅឆ្នាំ២០០៩ ដឹកនាំដោយ លោកបណ្ឌិត ផុន កសិកា។

ប្រាសាទត្រពាំងប្រាសាទខាងត្បូង កសាងឡើងអំពីឥដ្ឋនៅលើខឿនរួមមួយធ្វើអំពីថ្មបាយក្រៀមមានប្រវែងពីជើងទៅត្បូង ២៦ ម៉ែត្រ​ និងប្រវែងពីកើតទៅលិច ២០ ម៉ែត្រ។ ប្រាសាទនេះ មានប្រាង្គចំនួនបី តម្រៀបជួរគ្នាពីអ័ក្សជើងទៅត្បូង និងបែរមុខទៅទិសខាងកើត។ ក្នុងនោះ ប្រាង្គកណ្តាល ជាប្រាង្គសំខាន់ជាងគេ មានរាងបួនជ្រុងស្មើ កម្ពស់ប្រវែង ៦,៣ម៉ែត្រ និងកម្រាស់ជញ្ជាំង​ ១,៣​ ម៉ែត្រ។ ប្រាង្គពីរទៀតនៅអមសងខាង មានស្ថាបត្យកម្ម និងទំហំប្រហាក់ប្រហែលគ្នា តែស្ថានភាពបាក់បែក និងទ្រុឌទ្រោមខ្លាំងជាងប្រាង្គកណ្តាល។ នៅឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុល និងពង្រឹងប្រាង្គទាំងបីនេះម្តងរួចមកហើយ។ ប្លង់ជាទូទៅនៃប្រាសាទត្រពាំងប្រាសាទខាងត្បូង គឺមានហោត្រៃមួយនៅទិសអាគ្នេយ៍ធ្វើអំពីឥដ្ឋ និងហ៊ុមព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម​ និងកសិន្ធុទឹកមួយជាន់ទៀត។ កំពែងប្រាសាទមានប្រវែងបណ្តោយពីកើតទៅលិចប្រវែង ៤០ ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ៣៧ ម៉ែត្រ។ រីឯកសិន្ធុមានបណ្តោយពីកើតទៅលិចប្រវែង ១០៨ម៉ែត្រ និងទទឹងពីជើងទៅត្បូងប្រវែង ១០៥ម៉ែត្រ។ ក្រៅពីនេះ  នៅមុខខាងកើតមានត្រពាំងធំមួយ ដែលអ្នកស្រុកហៅថា “ត្រពាំងប្រាសាទ”។ ត្រពាំងនេះមានបណ្តោយប្រវែង ២០០ម៉ែត្រ និងទទឹងប្រវែង ៥១ម៉ែត្រ។

កាលដើមឡើយ ប្រាង្គកណ្តាលនេះទៀតសោត ទំនងតម្កល់សិវលិង្គ ដោយយោងទៅលើការរកឃើញសិវលិង្គមួយនៅបរិវេណជុំវិញកំពែងប្រាសាទ។ សិវលិង្គ បាក់បែកផ្នែកខាងលើ ហើយមានទម្រង់ជាសិវលិង្គសម័យអង្គរដែលចែកជាបីទម្រង់គឺ ខាងក្រោមបួនជ្រុងតំណាងឱ្យព្រះព្រហ្ម កណ្តាលរាងប្រាំបីជ្រុងតំណាងឱ្យព្រះវិស្ណុ និងខាងលើរាងមូលតំណាងឱ្យព្រះសិវ។ បំណែកសិវលិង្គនេះ គេបានយកទៅរក្សាទុកនៅក្នុងឃ្លាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០១៨។ យើងមិនដឹងថាសិវលិង្គនេះប្រសិទ្ធនាមថាដូចម្តេចនោះឡើយ ដោយហេតុគេមិនធ្លាប់រកឃើញសិលាចារឹកណាមួយនៅប្រាសាទត្រពាំងប្រាសាទនេះឡើយ។ បើប្រាង្គកណ្តាលមិនតម្កល់សិវលិង្គដែលបានរកឃើញទេក៏ប្រហែលជាតម្កល់រូបបដិមាព្រះសិវដែរ ព្រោះជាទូទៅប្រាសាទមានប្រាង្គបីរត់ជាជួរ និងមានហោត្រៃមួយនៅទិសអាគ្នេយ៍ដូច្នេះ ច្រើនតែជាការរៀបប្លង់នៃសំណង់ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយបាសុបត នៃលទ្ធិសៃវនិយម។ ហេតុដូច្នោះហើយ ប្រសិនបើប្រាង្គកណ្តាលពិតជាតម្កល់សិវលិង្គ ឬបដិមាព្រះសិវមែន ប្រាង្គខាងត្បូងទំនងតម្កល់ព្រះព្រហ្ម និងប្រាង្គខាងជើងទំនងតម្កល់ព្រះវិស្ណុ។ ទម្រង់ត្រីមូត៌ិបែបនេះ (ការបង្ហាញបី) យើងធ្លាប់ឃើញមានច្រើនណាស់តាំងពីស.វ.ទី៩មកម្ល៉េះ ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូក ប្រាសាទសណ្តាន់ ។ល។

ដោយឡែក ដោយហេតុតែប្រាសាទនេះគ្មានសិលាចារឹក ការកំណត់អាយុកាលគឺពឹងផ្អែកទៅលើការសិក្សាប្លង់ និងគ្រឿងលម្អស្ថាបត្យកម្មដែលបានរកឃើញ។ ក្នុងនោះ គ្រឿងលម្អដែលនៅសល់មានដូចជា ផ្តែរទ្វារ សសរពេជ្រ សសរផ្អោប បំណែកហោជាង ។ល។ ផ្តែរទ្វារដែលរកឃើញមានតែមួយផ្ទាំងប៉ុណ្ណោះ ហើយបាក់បែកជាច្រើនបំណែកទៅហើយ។ ទោះបីបាក់បែកយ៉ាងនេះក្តី ផ្នែកកណ្តាលនៃផ្តែរ មាននៅសល់រូបរាហូ ឬកិត៌ិមុខ ដែលមានអណ្តាតលៀនចេញក្រៅ ដៃទាំងពីរកាន់ដងធ្នូ ហើយឆ្លាធ្លាក់សំយ៉ុងចុះទៅខាងក្រោមខ្លាំង។ លោកបណ្ឌិត ផុន កសិកា សន្និដ្ឋានថាផ្តែរទ្វារនេះទំនងស្ថិតនៅក្នុងរចនាបថកោះកេរ ឬប្រែរូប នារជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧)។ ទោះជាលោកបណ្ឌិតសន្និដ្ឋានយ៉ាងនេះក្តី ខ្ញុំយល់ថា ផ្តែរទ្វារនេះទំនងមានអាយុកាលស្ថិតនៅក្នុងរចនាបថឃ្លាំង ដូចដែលលោក Jean Boisselier កំណត់ថា រចនាបថឃ្លាំងរាប់ចាប់គិតពីឆ្នាំ៩៦៥ ដល់ឆ្នាំ១០១០ ពោលគឺត្រូវនឹងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨-១០០០) និងរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩)។ ការសន្និដ្ឋានបែបនេះ ដោយយោងថា ទម្រង់ទូទៅនៃរចនាបថឃ្លាំង គឺមានចម្លាក់រាហូ ឬកិត៌ិមុខនៅចំកណ្តាល និងដាក់ធ្លាក់ចុះមកខាងក្រោមខ្លាំង ផ្ទុយពីរចនាបថកោះកេរ និងប្រែរូប ដែលគេច្រើនឆ្លាក់រូបរាហូ ឬកិត៌ិមុខចំកណ្តាលដូចគ្នា តែគេដាក់នៅកម្ពស់ពាក់កណ្តាលនៃផ្តែរ ឬមិនធ្លាក់ចុះក្រោមខ្លាំងដូចរចនាបថឃ្លាំងឡើយ។

ជារួមមក ប្រាសាទត្រពាំងប្រាសាទខាងត្បូង ជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយសៃវ តែទំនងកសាងឡើងនៅចុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ ឬដើមរជ្ជកាលព្រះបាទស្រីសូរ្យវរ្ម័នទី១ នាចុងស.វ.ទី១០ ឬដើមស.វ.ទី១១។ ទីតាំងប្រាសាទត្រពាំងប្រាសាទនេះនេះ គឺជាក្រុងបុរាណដ៏សំខាន់មួយចំណុះឱ្យរាជធានីអង្គរ ដែលបន្តការរីកចម្រើនដល់រជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដោយយោងទៅលើ ប៉ែកខាងជើងប្រាសាទនេះប្រមាណ ៣០០ ម៉ែត្រ មានប្រាសាទមួយទៀតដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យ (អរោគ្យសាលា) ដែលកសាងឡើងនៅដើមស.វ.ទី១៣ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧។

————

The Prasat Trapeang Prasat Khang Tbong

Temple is situated in Trapeang Prasat village, Trapeang Prasat commune, Trapeang Prasat district, Ouddor Meanchey province. The temple consists of three towers of bricks that are firmly positioned next to each other on an elevated platform, facing to the east, and surrounded laterite enclosure and a moat. This temple was most likely constructed in the Khleang style in the tenth century, possibly during the reign of King Jayavarman V (968-1000 CE) and King Suryavarman I (1002–1049 CE), according to the carvings on the lintels and the pediments of the temple.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,600SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!