ព្រះរាជពិធីបុណ្យអុំទូក តែងប្រារព្ធឡើងនៅត្រង់ទីប្រសព្វគ្នានៃទន្លេបួនមុខ មុខព្រះដំណាក់ផែព្រះបរមរាជវាំង នៅក្នុងរាជធានីភ្នំពេញ។ ព្រះរាជទំនៀមដ៏មានសារៈសំខាន់នេះ ប្រារព្ធជាប្រក្រតីរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃ១៤-១៥កើត និងថ្ងៃ ១រោច ខែកត្តិក ដោយភ្ជាប់នឹងព្រះរាជពិធីបណ្តែតប្រទីបរៀងរាល់រាត្រី និងព្រះរាជពិធីសំពះព្រះខែ អកអំបុក ផ្សងទៀន នៅវេលារាត្រីថ្ងៃ១៥កើត។ ចំពោះវត្តមានទូកដែលបានឱកាសមកចូលរួមប្រណាំងក្នុងព្រះរាជពិធី ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ គឺជាទូកប្រចាំវត្តនានានៅតាមបណ្តាខេត្ត ជាពិសេសខេត្តមួយចំនួនធំដែលស្ថិតនៅតាមដងទន្លេ។ ប៉ុន្តែព្រះរាជទំនៀមនេះ ក៏ធ្លាប់អាក់ខានមិនបានប្រារព្ធដោយហេតុជាប្រការផ្សេងៗម្តងម្កាលផងដែរ។
ជាការពិតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ទូកដែលយកមកប្រណាំង គេហៅថា “ទូកង” ដែលមានពីរប្រភេទ គឺទូកអុំ និងទូកចែវ ហើយជាសម្បត្តិរួមរបស់វត្តណាមួយនៅក្នុងភូមិស្រុក។ ប៉ុន្តែជួនកាលវត្តខ្លះ មានតែទូកអុំ ឬទូកចែវ ហើយវត្តខ្លះទៀតមានទូកទាំងពីរ។ លុះពេលប្រណាំង អ្នកភូមិចំណុះជើងវត្តនោះឯងជាចំណុះទូកចូលរួមប្រណាំង ហើយមុនថ្ងៃបុណ្យអុំទូកមកដល់ ព្រះសង្ឃ ឬចាស់ទុំតែងប្រមូលគា្ន ដើម្បីហ្វឹកហាត់ ដ្បិតអ្នកប្រណាំងពុំមែនជាកីឡាករអាជីពឡើយ គេប្រកបរបររកស៊ីជាធម្មតា ហើយមកហ្វឹកហាត់តែនៅពេលរៀបនឹងប្រណាំងប៉ុណ្ណោះ។
ជាទូទៅ គេសង្កេតឃើញថានៅក្នុងទំនៀមរបស់អ្នកស្រុក មុននឹងយកទូកទៅចូលរួមប្រណាំងនៅក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ គេត្រូវធ្វើពិធីប្រណាំងជម្រុះក្នុងភូមិស្រុកខ្លួនឯងសិន។ វត្ត ឬភូមិស្រុកខ្លះ តែងធ្វើពិធីប្រណាំងទូកជ្រើសរើសក្នុងវេលាភ្ជុំបិណ្ឌ និងខ្លះទៀតប្រណាំងនៅថ្ងៃចេញព្រះវស្សា ដើម្បីឲ្យមនុស្សម្នាបានមើលកម្សាន្តផង និងអបអរពិធីបុណ្យនោះឲ្យអធិកអធមផង។ លុះដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូកមកដល់ គេយកតែទូកដែលឈ្នះប៉ុណ្ណោះ ដើម្បីចាត់ជាតំណាងភូមិស្រុកនីមួយៗទៅប្រណាំងនៅឯរាជធានី។ ទំនៀមនេះគេឃើញមានបន្តប្រារព្ធមករាប់សតវត្សមកហើយ។ តាមប្រភពឯកសារខ្លះបញ្ជាក់ថាមានប្រវត្តិមកតាំងពីសម័យអង្គរ ពោលគឺដោយលើកសម្អាងភ្ជាប់នឹងចម្លាក់នៅលើជញ្ជាំងប្រាសាទ។
ក្នុងព្រះរាជពិធីអុំទូកពីមួយឆ្នាំទៅមួយឆ្នាំ តែងមានទូកចូលរួមប្រមាណពី៤០០ទៅ៦០០ ហើយទូកនីមួយៗត្រូវចាប់ឆ្នោតដើម្បីរើសគូប្រកួត ដែលរៀបចំដោយគណៈកម្មការរៀបចំការប្រណាំង។ ទន្ទឹមនឹងនោះ ទូកដែលជាតំណាងមកពីភូមិស្រុកនីមួយៗតែងមានគណៈកម្មការដឹកនាំពីស្រុកភូមិមកចូលរួម។ ទូកប្រចាំវត្តខ្លះត្រូវធ្វើដំណើរមកចូលរួមមុនថ្ងៃកំណត់ពីរ ឬបីថ្ងៃ ដោយរាប់តាំងពីការដឹកជញ្ជូន ការស្នាក់នៅ និងការហូបចុកប្រកបដោយសាមគ្គីភាព។ មិនតែប៉ុណ្ណោះបើតាមការសង្កេត នៅក្នុងអំឡុងពេលស្នាក់នៅត្រៀមប្រកួត ចំណុះទូកទាំងអស់តែងតែរៀបចំថ្វាយគ្រឿងសក្ការៈបូជាទូករបស់ខ្លួនទៅតាមទំនៀមពុំដែលដាច់។ មកដល់ចំណុចនេះ សូមបញ្ជាក់ថាទូកប្រពៃណីទាំងពីរប្រភេទ ពោលគឺទូកអុំភាគច្រើនមានប្រវែងជាមធ្យមចាប់ពី៣២ទៅ៣៦ម៉ែត្រ សម្រាប់ចំណុះទូកពី៦៥ទៅ៧៥នាក់។ ទូកចែវ (ឬទូកមួង) មានប្រវែងជាធម្យមចាប់ពី២៧ទៅ៣១ម៉ែត្រ សម្រាប់ចំណុះទូកពី២៨ទៅ៤៨នាក់ ឬបច្ចុប្បន្នមានរហូតដល់៥០ទៅ៦០នាក់។ អ្នកស្រុកយល់ថារាល់ទូកនីមួយៗតែងមានបារមី(អ្នកស្រុកខ្លះហៅថា “រក្សាទូក”) ឬអមនុស្សថែរក្សា ជាពិសេសគឺមាន“ព្រាយ”កាន់នៅចាំមើលថែរក្សាជានិច្ច។ គេតែងថ្វាយក្លស់នៅផ្នែកខាងក្បាលទូក ទាំងពេលរក្សាទុកនៅក្នុងរោង និងពេលចុះទឹកសំចតមុន និងក្រោយអុំ។
តាមបច្ចេកទេសរៀបចំការប្រកួត ចំពោះក្នុងទូកមួយគូ ត្រូវប្រណាំងពីរដង ពោលគឺម្តងអុំនៅខ្សែទឹកខាងក្រៅ ហើយម្ដង ទៀតប្តូរមកខ្សែទឹកខាងក្នុងវិញ។ ទីប្រណាំងគឺចាប់ផ្តើមចេញពីក្បែរស្ពានជ្រោយចង្វា ហើយអុំបណ្តោយខ្សែទឹកមកមុខព្រះបរមរាជវាំងត្រង់ដំណាក់ផែ(ឬវេទិកា) ដែលជាទីផ្ដាច់ព្រ័ត្រ និងជាទីដែលព្រះមហាក្សត្រ និងគណអធិបតីគង់ទត និងទស្សនា។ ទូកដែលប្រណាំងឈ្នះនៅថ្ងៃទី១ និងថ្ងៃទី២ ត្រូវទៅប្រណាំងបន្តនៅថ្ងៃទី៣ ដែលជាថ្ងៃផ្តាច់ព្រ័ត្រ។ នៅពេលបញ្ចប់ការប្រណាំង មានកិច្ចសំខាន់មួយហៅថា “កាត់ព្រ័ត្រ” ដែលធ្វើដោយក្រុមព្រាហ្មណ៍បាគូប្រចាំព្រះបរមរាជវាំង។
ដោយឡែក បើបកត្រឡប់ទៅមើលសារបានខ្លះនៃព្រះរាជពិធីបុណ្យអុំទូកនេះវិញ គេឃើញមានការវិវត្តប្រែប្រួលគួរកត់សម្គាល់។ ក្នុងព្រះរាជកំណត់បុណ្យទ្វាទសមាសឆ្នាំ១៩០៧ និងឆ្នាំ១៩៣៧ ជារៀងរាល់ថ្ងៃគឺចាប់ពីម៉ោង៣រសៀល គេតែងចាប់ផ្តើមការប្រណាំងទូក។ លុះម៉ោង៥ ព្រះករុណាជាអម្ចាស់លើត្បូង ស្តេចយាងប្រថាប់ព្រះទីនាំងម្ករធំ រហូតម៉ោង៦ទ្រង់យាងអុជទៀនប្រទីប និងកន្ទោងធំ។ ម៉ោង៨ ស្តេចយាងប្រថាប់ក្នុងព្រះដំណាក់ផែ ទ្រង់ព្រះសណ្តាប់ចម្រៀងសកវារ៍ និងទតរបាំព្រះរាជទ្រព្យ។ នៅរាត្រីថ្ងៃ១៥កើត ស្តេចទ្រង់យាងប្រារព្ធព្រះរាជពិធីសំពះព្រះខែ និងអកអំបុកក្នុងព្រះដំណាក់ផែ។ ប៉ុន្តែបច្ចុប្បន្ន ព្រះរាជពិធីសំពះព្រះខែ អកអំបុកប្រារព្ធនៅប្រាសាទទេវាវិនិច្ឆ័យ ខាងក្នុងបរិវេណព្រះបរមរាជវាំង។
សូមរម្លឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាព្រះរាជពិធីថ្នាក់ជាតិនេះ ក៏ធ្លាប់អាក់ខានមិនបានប្រារព្ធដោយហេតុផ្សេងៗដូចបញ្ជាក់មកខាងលើដែរ។ ក្នុងសម័យសង្រ្គាមរវាងឆ្នាំ១៩៧០ ដល់១៩៧៨ ព្រះរាជទំនៀមនេះបានផ្អាកជាស្ថាពរ រហូតដល់ឆ្នាំ១៩៩០ ទើបរដ្ឋាភិបាលបានចាប់ផ្តើមកសាងប្រទេសជាតិឡើងវិញ ដោយរៀបចំឱ្យមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងទំនៀមពាក់ព័ន្ធឡើងវិញ។ គ្រានោះចំនួនទូកចូលរួមប្រកួតមានចំនួនត្រឹមតែ៤៣ទូកប៉ុណ្ណោះ ដែលជាទូកក្នុងក្រុងភ្នំពេញ និងមកពីបណ្តាខេត្តជាប់ដងទន្លេ។ ព្រះរាជទំនៀមនេះចេះតែបន្តប្រារព្ធ និងរីកចម្រើន មានចំនួនទូកចូលរួមកើនឡើងរហូតរាប់រយគូ។ ប៉ុន្តែមកដល់ឆ្នាំ២០១១ ព្រះរាជទំនៀមថ្នាក់ជាតិនេះក៏ត្រូវផ្អាកវិញដោយសារប្រទេសជាតិជួបគ្រោះទឹកជំនន់។ ឆ្នាំ២០១២ ត្រូវផ្អាកម្តងទៀត ដោយកម្ពុជាត្រូវកំណត់កាន់ទុក្ខនៃការយាងសោយទិវង្គត ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ឆ្នាំ២០១៣ និងឆ្នាំ២០១៥ ត្រូវផ្អាកដោយសារកម្ពុជាជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាបន្តបន្ទាប់។ ឆ្នាំ២០២០ និងឆ្នាំ២០២១ ត្រូវផ្អាកដោយសារវិបត្តិសកលជំងឺកូវីដ-១៩ ហើយនៅឆ្នាំ២០២២ ត្រូវផ្អាកដោយសារកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងឆ្នាំ២០២៥ និងឆ្នាំ២០២៦ រាជរដ្ឋាភិបាលកំណត់ឱ្យផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបញ្ហាប្រជាពលរដ្ឋភៀសសឹក៕












អត្ថបទដោយ៖ ហៀន សុវណ្ណមរកត





