នៅក្នុងអត្ថបទមុន បានបង្ហាញអំពីការរៀបរាប់ ពិពណ៌នាអំពីដំណើរការ និងដំណាក់កាលនៃការផលិតលោហៈនៅសម័យបុរាណរួចមកហើយ។ ចំពោះ អត្ថបទថ្មី នេះ យើងខ្ញុំនឹងបន្ត អំពីដំណើរការនៃការផលិតដែក ករណីសិក្សាក្នុងប្រទេសកម្ពុជាវិញម្តង។ តាមរយៈឯកសារចងក្រង ដោយបណ្តា ជនជាតិបារាំង បានបង្ហាញចាប់ពីឆ្នាំ ១៨៥០ រហូតដល់១៩៤៥ គេប្រទះឃើញនៅមានអ្នកស្លដែកដែលរស់នៅជាសហគមន៌តូចៗនៅតំបន់ខាងជើងនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នក្នុង ខេត្តកំពង់ធំ និងព្រះវិហារ ដូចជានៅតំបន់ ភ្នំដែក រវៀង ឆែប និង ម្លូរព្រៃ ជាដើម ។ ការស្លដែកនោះ មានលក្ខណៈបុរាណ ពោលគឺការស្លរ៉ែដែកដោយរំលាយនៅក្នុងចង្រ្កានទាប។ អ្នកដែលស្លនោះ គឺជនជាតិកួយ ពុំមែនជាខ្មែរ ហើយសហគមន៌របស់កួយទាំងនោះ ស្ថិតនៅក្នុងព្រៃស្រោងដាច់ស្រយាល។ មិនយូរប៉ុន្មាន ក្រោយឆ្នាំ ១៩៤៩មក កួយក៏លែង ស្ល ដែកតាមរបៀបបុរាណនោះ ហើយក៏ បានបោះបង់ ការងាររស្លដែករបស់ខ្លួន នោះដែរ ។ តទៀតទៅ លែងមានតំណែងឆាយថ្មីទៀតហើយ។ វិជ្ជាស្លដែកពុំបានបន្តទៅទៀតទេ ហើយក៏បាត់បង់ជាស្ថាពរទៅ។ កត្តាដែលនាំឲ្យកួយលែងស្លគឺដោយសារតែ លំហូរចូលដែកបរទេស មានតម្លៃថោកជាង ដែលគេនាំចូលមកពី ព្រៃនគរ សិង្ហបុរី និងចិន ជាដើម។ សព្វថ្ងៃនេះ យើងឃើញមានតែ សំណល់នៃការស្លដែក ដូចជា អាចមន៌ដែក, បំពងខ្យល់ ល ដែលបានបន្សល់ទុកនៅទីតាំងផ្ទាល់ ពាសពេញព្រៃ។
ប្រទេសខ្មែរមិនខុសអ្វីពីប្រទេសចាស់ៗនៅលើលោក នេះដែរ គឺគ្រាន់តែថានៅតំបន់បណ្តាប្រទេសមជ្ឈឹមបូព៌ាដូចជា អេហ្ស៊ីប អ៊ីរ៉ាក់ និង អ៊ីរ៉ុងការលេចឡើងនៃការប្រើប្រាស់ដែក ជំនួសសំរិទ្ឋ មានអាយុកាលចំណាស់លើសពី៣០០០ឆ្នាំ មុនគ.ស. រីឯ ការលេចឡើងនៃការប្រើប្រាស់ដែក នៅក្នុងតំបន់អាស៊ីអាគ្នេយន៌ដីគោករួមទាំងនៅ កម្ពុជា គឺស្ថិតនៅយុគដែក ដែលមានអាយុកាលចន្លោះ ៥០០ ឆ្នាំ មុនគ.ស. និង ៥០០ឆ្នាំនៃគ.ស.។ ដែកមានប្រសិទ្ឋិភាពច្រើនជាងសំរិទ្ឋក្នុងការផលិតជាឧបករណ៌កសិកម្ម, ឧបករណ៌ប្រម៉ាញ់, ឧបករណ៌សាងសង់ និងក្លាយជា អាវុធសម្រាប់ចម្បាំង ពង្រីកទឹកដី។
សំណួរដែលអ្នកស្រាវជ្រាវលើប្រធានបទមួយនេះ តែងតែ ចោទសួរតើ ការស្លដែកនៅប្រទេសកម្ពុជាសម័យបុរាណនេះចេញពីណា? តើកើតឡើងដោយជនជាតិ នៅប្រទេសកម្ពុជាផ្ទាល់ ឬមួយក៏នាំមកដោយមនុស្សឥណ្ឌា ដែលមកស៊ីរស់នៅតំបន់នេះ ឬមកពី វៀតណាម ផ្នែកខាងត្បូងតាមឆ្នេរសមុទ្រ នៅ រវាងដើមគ.ស. ឬមួយក៏បច្ចេកទេសនេះចូលមកពីទិសខាងជើងតាមផ្លូវគោកមកពីប្រទេសចិន? សូមរំលឹកដែរថា នៅប្រទេសឥណ្ឌា ដែកចាប់ផ្តើមឃើញមានឡើងនៅសម័យប្រហាក់ប្រហែលគ្នានេះដែរ ហើយដែកនោះ ប្រហែលជាចូលមកពី មជ្ឈឹមបូព៌ា រវាងស.វ.ទី១០ មុនគ.ស.។ រីឯនៅប្រទេសចិន ដែកដែលបានមកពីការរំលាយរ៉ែចាប់មានឡើងនៅរវាងឆ្នាំ ១១០០មុនគ.ស. ពោលគឺប្រហាក់ប្រហែលនឹងនៅឥណ្ឌា ហើយប្រហែលឆ្លងមកពីមជ្ឈឹបូព៌ាដូចគ្នាដែរ។
នៅរវាងដើមគ.ស.ខ្មែរចាប់ផ្តើមទទួលឥទ្ឋិពលពីឥណ្ឌា តាមរយៈមនុស្សឥណ្ឌាដែលមកដល់ហ្វូណន់។ ជាមួយគ្នានោះ កម្ពុជាក៏ទទួលឥទ្ឋិពលពីចិនខាងត្បូងដែរ។ តាមរយៈសម្មតិកម្មដោយ លោក Bernard Dupaigne បានលើកឡើងជាទ្រឹស្តីថា បច្ចេកទេសដែលឃើញមានការប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់ជនជាតិកួយ មានប្រភពមកពីចិន ដោយលើកជជែក អំពីបច្ចេកទេសសិតសំរិទ្ឋ និងបច្ចេកទេសផលិតកុលាលភាជន៌នៅលើភ្នំគូលែនស.វ.ទី១០ អាចជាជនជាតិចិន ប៉ុន្តែក្រោយមក លោកបានពិចារណាឡើងវិញអំពីសម្មតិកម្មរបស់គាត់ស្តីពីប្រភពកំណើតនៃលោហកម្មដែករបស់ជនជាតិកួយ ហើយលើកនេះបានភ្ជាប់វាទៅនឹងការប្រើប្រាស់បច្ចេកទេស ដែលមានឥទ្ធិពលមកពីឥណ្ឌា។ សូម្បីតែពិធីបែបសាសនាដែលពាក់ព័ន្ធនឹងការស្លរបស់ជនជាតិកួយ ក៏មានប្រភពមកពីឥណ្ឌាផងដែរ ដោយឃើញមានការគោរពទេព និងធ្វើរូបពិស្ណុការដែលជាទេពនៃស្ថាបត្យកម្មក្នុងសាសនាហិណ្ឌូ។ សម្មតិកម្មរបស់លោក Bernard Dupaigne គឺគ្រាន់តែជាផ្នែកមួយនៃ ការស្រាវជ្រាវ នរវិទ្យា ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ នៅឡើយ ។
ក្រៅពីនេះ ក៏មានអ្នកស្រាវជ្រាវផ្សេងៗទៀត ដែលបន្តធ្វើការសិក្សាអំពីប្រធានបទនេះ តួយ៉ាងតាមរយៈការសិក្សា និងធ្វើកំណាយស្រាវជ្រាវនៅតំបន់ប្រាសាទព្រះខ័ន្តកំពង់ស្វាយ នៅជុំវិញភ្នំដែក និងនៅឆែប ដែលជា តំបន់ ឧស្សហកម្មសំខាន់នៅ សម័យអង្គរស.វ.ទី១២ និង១៣ នៃគ.ស.។
សរុបជារួមមក ឧស្សាហកម្មដែកដែលមាននៅក្នុងប្រទេសកម្ពុជា លេចឡើងនៅ ចន្លោះ ៥០០ឆ្នាំ មុនគ.ស. និង ៥០០ ឆ្នាំ គ.ស. ប៉ុន្តែពុំដឹងថា នរណាជាអ្នកស្ល និងប្រើប្រាស់បច្ចេកទេសដូចម្តេចនោះទេ។ ក្រោយមកតាមរយៈឯកសារ ដោយបណ្តាជនជាតិបារាំង ចាប់ពីឆ្នាំ ១៨៥០ រហូតដល់១៩៤៥ បានបង្ហាញអំពីការស្លដែកនៅ ភាគខាងជើងប្រទេសកម្ពុជា ដោយជនជាតិកួយប្រើប្រាស់បច្ចេកទេសដែលមានឥទ្ឋិពលមកឥណ្ឌា ទាំងបច្ចេកទេស និងជំនឿសាសនា ប៉ុន្តែបើទោះបី កួយទទួលឥទិ្ឋពលពីឥណ្ឌាមែន ក៏បច្ចេកទេសស្ល និងជំនឿក៏ពុំដូចនៅឥណ្ឌាទាំងស្រុងដែរ។ នេះគឺគ្រាន់ជាសម្មតិកម្មមួយរបស់លោក Bernard Dupaigne ដែលទាមទារការស្រាវជ្រាវជាបន្តបន្ទាប់ឲ្យកាន់តែស៊ីជម្រៅទៀត។
ការស្លដែកនៅកម្ពុជា ចុងក្រោយគេ គឺនៅឆ្នាំ ១៩៤៩ ហើយក្រោយពីឆ្នាំនោះ មកក៏លែងមានកួយស្លដែកទៀតហើយ។ ទាំងបច្ចេកទេស និងវិជ្ជាស្លដែកនោះ ក៏លែងមាន និងបាត់បង់រហូតមក។ បច្ចុប្បន្នយើងនៅឃើញមានតែជាងដែកកួយមួយចំនួនដែលបន្តផលិតឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលដែកប្រើប្រាស់នោះ យកពីបំណែកឡាន ឬឧបករណ៍ចាស់ផ្សេងៗលែងមានដែកមកពីការស្លទៀតហើយ។











អត្ថបទដោយ៖ លោក អេង តុលា





